
សមត្ថកិច្ចបាញ់ទឹកពន្លត់ភ្លើងឆេះរថយន្តក្នុងគ្រោះថ្នាក់ចរាចរណ៍។ រូប សហការី
កណ្តាលៈ រថយន្ត ៣ គ្រឿងរួមទាំងទំនិញមួយចំនួនទៀត បានរងការឆេះខូចខាតទាំងស្រុងក្នុងគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង កាលពីយប់ថ្ងៃទី ៤ ខែមីនា ឆ្នាំ ២០២៣ នៅចំណុចទល់មុខផ្សារគគីរ ក្នុងស្រុកកៀនស្វាយ។
លោក ហង្ស ផាណារ៉ា អធិការរងស្រុកកៀនស្វាយទទួលបន្ទុកផ្នែកចរាចរណ៍ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា មុនពេលកើតហេតុ គេឃើញរថយន្តកុងតឺន័រធុនធំ ១ គ្រឿង ដឹកស្តុកពេញទៅដោយថ្នាំបាញ់មូស ដែលបើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ បានបើករថយន្តយ៉ាងលឿន ក្នុងទិសដៅពីកើតទៅលិច[ពីកៀនស្វាយ ទៅភ្នំពេញ]។ លុះដល់ចំណុចកើតហេតុ គេឃើញរថយន្តនោះបានរេចង្កូតជ្រុលទៅបុកនឹងរថយន្ត ២ គ្រឿង ដែលកំពុងចតក្នុងទិសដៅស្របគ្នាលើបណ្ដោយផ្លូវជាតិលេខ ១ បណ្តាលឱ្យក្រឡាប់ និងផ្ទុះកំប៉ុងថ្នាំបាញ់មូស បង្កការឆាបឆេះរថយន្តទាំង៣គ្រឿងយ៉ាងសន្ធោសន្ធៅតែម្តង។
លោកបន្តថា ក្នុងហេតុការណ៍នេះ កម្លាំងសមត្ថកិច្ចចម្រុះមកពីស្នងការដ្ឋាននគរបាលខេត្តកណ្ដាលនិងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រួមទាំងពីនាយកដ្ឋានបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះនៃអគ្គស្នងការនគរបាលជាតិ បានចុះជួយអន្តរាគមន៍ពន្លត់ ដោយប្រើរថយន្តពន្លត់អគ្គិភ័យសរុប ២០ គ្រឿង និងប្រើប្រាស់ពេលវេលាជាង ៤ ម៉ោងទើបអាចពន្លត់អគ្គិភ័យនោះបាន។
លោកបញ្ជាក់ថា៖ «ករណីនេះ ពុំមានជនណាម្នាក់រងរបួស ឬស្លាប់នោះទេ ប៉ុន្តែ រថយន្ត ៣ គ្រឿង និងទំនិញជាច្រើនដែលនៅក្នុងរថយន្ត បានរងការឆេះខូចខាតទាំងស្រុង។ មិនតែប៉ុណ្ណោះបានឆេះប៉ះពាល់សំយាបផ្ទះប្រជាពលរដ្ឋ ដែលនៅក្បែរនោះចំនួន ៦ ខ្នង និងឆេះប៉ាណូផ្សាយពាណិជ្ជកម្មរបស់ក្រុមហ៊ុនទូរស័ព្ទដៃម៉ាក Vivo និងម៉ូតូហុងដាមួយចំនួនទៀត»។
បើតាមលោក ផាណារ៉ា មកទល់ពេលនេះ កម្លាំងសមត្ថកិច្ចនៅពុំទាន់ស្គាល់អត្តសញ្ញាណអ្នកបើកបររថយន្តបង្ក និងម្ចាស់ទំនិញថ្នាំបាញ់មូសរថយន្តកុងតឺន័រនោះ នៅឡើយទេ។ ម្ចាស់រថយន្តរងគ្រោះ ២ គ្រឿងទៀត និងពលរដ្ឋក្នុងមូលដ្ឋានបានស្នើឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ស្រាវជ្រាវរកអត្តសញ្ញាណម្ចាស់រថយន្តបង្ក ឬម្ចាស់ទំនិញថ្នាំបាញ់មូស ១ កុងតឺន័រនោះ ចេញមុខមកទទួលខុសត្រូវ ផ្ដល់សំណងខូចខាតដល់ពួកគេ ដែលជាជនរងគ្រោះ។
លោកថ្លែងថា៖ «យើងសង្ស័យថា អ្នកបើកបររថយន្តកុងតឺន័របង្កហេតុនោះបានរត់គេចខ្លួនក្នុងអំឡុងពេលរថយន្តរបស់គេកំពុងផ្ទុះឆេះ។ ទោះយ៉ាងណានៅពេលនេះកម្លាំងសមត្ថកិច្ចយើងកំពុងបន្តការស្រាវជ្រាវរកអត្តសញ្ញាណអ្នកបើកបររថយន្តបង្កនោះ ដើម្បីកោះអញ្ជើញឱ្យចូលខ្លួនមកដោះស្រាយតាមនីតិវិធី»។
ជនរងគ្រោះម្នាក់នៅក្នុងហេតុការណ៍លើនេះ គឺលោក អឹង ស៊ីធួន រថយន្តរបស់គាត់ម៉ាក Toyota Camry បានឆេះខូចខាតទាំងស្រុង ព្រមទាំងឆេះប៉ះពាល់ដល់់សំយាបផ្ទះផងនោះ បានទាមទារឱ្យអាជ្ញាធរជួយអន្តរាគមន៍ស្វែងរកអ្នកបើកបររថយន្តកុងតឺន័រ មកដោះស្រាយសំណងការខូចខាតតាមភាពជាក់ស្ដែង។
លោកថ្លែងថា៖ «ខ្ញុំសង្ឃឹមថា សមត្ថកិច្ចអាចរកឃើញអ្នកបើកបររថយន្តបង្កឬម្ចាស់ទំនិញដែលបានជួលអ្នកបើករថយន្តកុងតឺន័រនោះ ដើម្បីឱ្យពួកគេមកទទួលខុសត្រូវលើករណីនេះ»៕