
លោកហេង សំរិន ប្រធានរដ្ឋសភា និងលោក ផាក ជុងវ៉ូក (Park Jung Wook) ឯកអគ្គរដ្ឋទូតថ្មីសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា។ រូបថត NA
ភ្នំពេញៈ លោក ហេង សំរិន ប្រធានរដ្ឋសភា បានលើកឡើងថា រដ្ឋសភាកម្ពុជាពេញចិត្ត និងគាំទ្រ ចំពោះកិច្ចសហប្រតិបត្តិការរដ៏ល្អ រវាងរដ្ឋាភិបាលប្រទេសកម្កុជា និងកូរ៉េដែលបានធ្វើនាពេលកន្លងមក និងបានផ្តល់ផលប្រយោជន៍ វឌ្ឍនភាព និងវិបុលភាពសម្រាប់ប្រជាជាតិនៃប្រទេសទាំង២។
ការបង្ហាញការពេញចិត្ត និងគាំទ្រនេះលោក ហេង សំរិន បានធ្វើឡើងក្នុងពេល អនុញ្ញាតឱ្យ លោក ផាក ជុងវ៉ូក (Park Jung Wook) ឯកអគ្គរដ្ឋទូតថ្មីសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ នៅវិមានរដ្ឋសភា។
លោក ហេង សំរិន ថ្លែងថា សាធារណរដ្ឋកូរ៉េ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងដំណើរការស្វែងរកសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជាសព្វថ្ងៃ តាមរយៈការឧបត្ថម្ភគាំទ្រ ការផ្តល់ជំនួយឥតសំណង និងកម្ចីឥណទានសម្បទាន ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងកិច្ចសហប្រតិបត្តិការលើវិស័យនានា រួមមាន សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ អប់រំ វប្បធម៌ សុខាភិបាល និងវិស័យផ្សេងៗទៀត។
លោកថ្លែងថា៖«រដ្ឋសភាកម្ពុជាពេញចិត្ត និងគាំទ្រ ចំពោះកិច្ចសហប្រតិបត្តិការរដ៏ល្អ រវាងរដ្ឋាភិបាលប្រទេសទាំង២ ដែលបានផ្តល់ផលប្រយោជន៍ វឌ្ឍនភាព និងវិបុលភាពសម្រាប់ប្រជាជាតិយើងទាំងសងខាង»។
ចំពោះកិច្ចសហប្រតិបត្តិការ លើវិស័យការទូតសភាវិញ លោកបានលើកឡើងថា រដ្ឋសភាប្រទេសទាំង២បានរួមចំណែកយ៉ាងសកម្ម ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ រវាងរដ្ឋាភិបាលទាំង២ តាមរយៈការចែករំលែកបទពិសោធន៍ ពីការងារនីតិកម្ម ការផ្លាស់ប្តូរទស្សនកិច្ចថ្នាក់ដឹកនាំ និងគណៈកម្មការជំនាញនានា នៃសភាទាំង២។ សភាទាំង២តែងគាំទ្រគ្នា ទៅវិញទៅមក លើវេទិកាអន្តរសភានានា ទាំងក្នុងតំបន់ និងសកលលោក។
ជាមួយគ្នានេះ លោក ហេង សំរិន បានសម្តែងក្តីសង្ឃឹមយ៉ាងមុតមាំថា ក្នុងអាណត្តិបេសកកម្មការទូតថ្មីរបស់ឯកឧត្តម នៅកម្ពុជា កិច្ចសហប្រតិបត្តិការនានា នឹងបន្តពង្រឹងពង្រីកឥតឈប់ឈរ លើគ្រប់វិស័យ ឱ្យកាន់តែស្អិតល្មួតបន្ថែមទៀត។
លោក ផាក ជុងវ៉ូក(Park Jung Wook) ឯកអគ្គរដ្ឋទូតថ្មីសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជាថ្លែងថា កម្ពុជា-សាធារណរដ្ឋកូរ៉េ បានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នា ក្នុងខែតុលា ឆ្នាំ១៩៩៧ ដែលរហូតដល់ពេលនេះ មានរយៈពេលជាង ២ទសវត្សរ៍មកហើយ។
លោកថ្លែងថា៖ «ថ្នាក់ដឹកនាំប្រទេសទាំង២មានទស្សនៈដូចគ្នា គឺជំរុញលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំង២ឱ្យដល់កម្រិតជាដៃគូយុទ្ធសាស្ត្រ»៕