ភ្នំពេញៈ ឧបនាយករដ្ឋមន្ត្រី​និង​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម និង​សំណង់ លោក ជា សុផារ៉ា បាន​ជំរុញ​ដល់​ក្រសួង​ស្ថាប័ន អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​ពិនិត្យ​និង​ព​ន្លឿ​ន​ការរៀបចំ​ហេ​ដ្ឋា​រចនាសម្ព័ន្ធ​ផ្សេងៗ​ឱ្យបាន​ឆាប់រហ័ស ក្រោយ​រាជរដ្ឋាភិបាល​បានអនុញ្ញាត​ឱ្យប្រើ​ប្រា​ស់ដី​ជាង​៦០០​ហិកតា​ជា​ដី​សម្បទាន​សង្គមកិច្ច​ស​ម្រា​ប់​ចែកជូន​គ្រួសារ​អតីត​កងកម្លាំង ដែល​ស្ថិត​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា​-​វៀតណាម​ក្នុងភូមិ​សាស្ត្រ​ខេត្តស្វាយរៀង​។​

​ ការជំរុញ​នេះបាន​ធ្វើឡើង​ក្នុងពេល​ដឹកនាំ​ប្រតិភូ​អន្តរក្រសួង​ចុះ​ពិនិត្យ​ទីតាំង​ដី​សម្រាប់​សាងសង់​លំនៅឋាន ចែកជូន​គ្រួសារ​កងទ័ព នគរបាល​ឈរជើង អតីត​កងកម្លាំងប្រដាប់អាវុធ និង​គ្រួសារ និង​ប្រជាពលរដ្ឋ​ក្រីក្រ​ទូទៅ នៅតាម ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​វៀតណាម ក្នុងភូមិ​សាស្ត្រ​ស្រុក​ចន្ទ្រា ខេត្តស្វាយរៀង កាលពី​ថ្ងៃទី​៥ ខែ​មីនា ឆ្នាំ​២០២៣​។​

​លោក ជា សុផារ៉ា បានឱ្យដឹងថា កាលពី​ថ្ងៃទី​១៧ ខែកុម្ភៈ ​ឆ្នាំ​២០២៣ រាជរដ្ឋាភិបាល​បានអនុញ្ញាត​ឱ្យប្រើ​ប្រា​ស់ដី​តាម​បណ្ដោយ​ព្រំដែន​បន្ទាប់ពី​រាជរដ្ឋាភិបាល​បាន​បោះបង្គោល​ខណ្ឌសីមា​ព្រំដែន​រវាង​ខេត្តស្វាយរៀង​-​ខេត្ត​ឡុង​អាន​និង​ខេត្ត​តៃនិញ​នៃ​ប្រទេស​វៀតណាម ដែលមាន​ផ្ទៃដី​សរុប ៦៥៣ ហិកតា​២៥​អា សម្រាប់​អនុវត្ត​កម្មវិធី​សម្បទាន​ដី​សង្គមកិច្ច​។​

លោ​កថា ​សម្រាប់​ជំហាន​ទី​១ រដ្ឋបាលខេត្ត​ស្វាយរៀង​បានកំណត់​យក​ផ្ទៃដី​ទំហំ ៣០០​ហិកតា ៨​អា ដើម្បី​អនុវត្ត​នៅក្នុង​ស្រុក​កំពង់រោទ៍និង​ស្រុក​ចន្ទ្រា ដោយ​បែង​ចែកជា​តំបន់​លំនៅឋាន​នៅ​ចន្លោះ​បង្គោល​ព្រំដែន​លេខ ២០០​ចាប់ពី​ចំណុច​ស្រុក​ចន្ទ្រា រហូតដល់​បង្គោល​ព្រំដែន​លេខ ២០២/២ ក្នុង​នោះបាន​បែងចែក​ដី​ឡូត៍​លំនៅឋានជូន​ប្រជាពលរដ្ឋ​បាន ១២៣៦​ឡូ​។​

​ លោក​បន្តថា​៖«​ក្រៅពី​បាន​បែងចែក​ដី​ឡូ​ត៍លំនៅឋាន​រដ្ឋបាលខេត្ត​ក៏​បែង​ចែកជា​ហេដ្ឋារចនាសម្ព័ន្ធ​បម្រើឱ្យ​តំបន់​រដ្ឋបាល​សាធារណៈ​ដូចជា ផ្សារ សាលារៀន វត្ត​អារាម ដី​រួម​ភូមិ ប៉ុស្តិ៍​ការពារ​ព្រំដែន​ទាំង​ខាង​កងទ័ព​និង​នគរបាលជាតិ ក្នុងនោះ​ក៏មាន​រៀបចំ​ដី​សមាគមនារី​ចំនួន ៣ ហិកតា និង​ដី​ផ្សារ​ចំនួន ៣ ហិកតា ២៩​អា និង​មាន​រៀបចំ​ជា​សួន​សាធារណៈ​បង្កើន​ភាព​បៃតង និង​ដី​ការិយាល័យ​ទី​២ កងទ័ពជើងគោក​៥​ហិកតា ហើយ​សម្រាប់​ដី​លំនៅឋាន​ជូន​ប្រជាពលរដ្ឋ​រស់នៅក្នុង​១​គ្រួសារ​គឺមាន​ទំហំ ៣០​ម៉ែត្រ​គុណ​នឹង ៤០ ម៉ែត្រ​»​។​

​ លោក ជា សុផារ៉ា អះអាង​ទៀតថា ទីតាំង​ស្រុក​កំពង់រោទ៍ និង​ស្រុក​ចន្ទ្រា​នេះដែរ ក៏បាន​ទទួល​ការគាំទ្រ​ពី​រាជរដ្ឋាភិបាល​នូវ​លំនៅឋាន​ចំនួន​១០០ ខ្នង ក្នុងនោះ​លំនៅឋាន ៥០ ខ្នង​នៅក្នុង​ស្រុក​ចន្ទ្រា​ និង៥០ខ្នង​ទៀត​នៅ​ស្រុក​កំពង់រោទ៍។​

លើសពីនេះ​ទៀត ដោយ​ទទួលបាន​បទបញ្ជា​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ ដើម្បីឱ្យ​អន្តរក្រសួង​បានរៀបចំ​ទីតាំង​នេះ រដ្ឋមន្ត្រីក្រសួងរៀបចំ​ដែនដី​រូបនេះ ក៏បាន​ជំរុញ​ទៅកាន់​ក្រសួង​ស្ថាប័ន អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​ពិនិត្យ​និង​ព​ន្លឿ​ន​ការរៀបចំ​ហេ​ដ្ឋា​រចនាសម្ព័ន្ធ​ផ្សេងៗ​ដូចជា​ ផ្លូវ ទឹកស្អាត​សម្រាប់​ប្រើប្រាស់ ភ្លើងអគ្គិសនី ព​ន្លឿ​ន​បោសសម្អាត​មីន​និង​យុទ្ធ​ភណ្ឌ​មិនទាន់​ផ្ទុះ​ជាដើម ក្នុងនោះ​ការសាងសង់​សំណង់​លំនៅឋាន​ត្រូវ​ធានា​នូវ​គុណភាព​តាម​លក្ខណៈ​បច្ចេកទេស​ផងដែរ​។

​ ក្រៅពី​បានស្នើ​សុំឱ្យ​មានការ​គាំទ្រ​ពី​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​រៀបចំ​តំបន់​នេះ​ឱ្យក្លាយ​ទៅជា​តំបន់​មាន​សក្តានុពល មានការ​អភិវឌ្ឍ​និង​លើកស្ទួយ​ដល់​ជីវភាព​រស់នៅ របស់​ប្រជាពលរដ្ឋ​ហើយ​នោះ លោក ជា សុផារ៉ា ក៏បាន​ស្នើឱ្យ​លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី ជួយ​សម្របសម្រួល​រៀបចំ​ក្នុងការ​សាងសង់​ផ្សារ នៅលើ​ផ្ទៃដី​ប្រមាណ ៣​ហិកតា នៅ​តំបន់​នេះ​ថែមទៀត​។​

​លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង បានថ្លែង ដោយបង្ហាញ​ក្តី​រីករាយ និង​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល​ដែល​បាន​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​ការរស់នៅ​របស់​គ្រួសារ​យោធិន នគរបាល និវត្តជន គ្រួសារ​ពលី មរណៈ និង​គ្រួសារ​ទី​ទ័លក្រ​ឱ្យមាន​លំនៅឋាន​សមរម្យ​និង​មាន​ជីវភាព​ល្អប្រសើរ​។ ជាមួយគ្នានេះ ក្នុងនាម​ខេត្តស្វាយរៀង លោក​បានបង្ហាញ​ការប្តេជ្ញាចិត្ត និង​ខិតខំ​សហការ​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ដើម្បីឱ្យ​ដំណើរការ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ដំណើរការ​រលូន​។​

​ បើតាម​របាយការណ៍រ​បស់​ក្រសួង​រៀបចំ​ដែនដី​បានបង្ហាញ​ដែរ​ថា កន្លងមក​ខេត្តស្វាយរៀង​បាន​អនុវត្ត​គម្រោង​ដី​សម្បទាន​សង្គមកិច្ច​បា​ន​ចំនួន​២ទីតាំង​ហើយ​ដែល​ក្នុងនោះ​មាន​គម្រោង​ចាស់​១មាន​ទីតាំង​ស្ថិតនៅ​ក្នុងភូមិ​ជីកដី ឃុំ​អណ្ដូង​ត្របែក ស្រុក​រមាសហែក មាន​ក្រឡា​ផ្ទៃ​១៥៣ ហិកតា ៦៥​អា ដោយបាន​បែងចែក​ផ្ទៃដី​លំនៅឋាន​ទំហំ​៤០ ម៉ែត្រ​គុណ​នឹង ៥០ ម៉ែត្រ​ក្នុង​១​គ្រួសារ​ជូន​ប្រជាពលរដ្ឋ ៤០០​គ្រួសារ​ដែល​ចេញពី​អតីត​កងកម្លាំងប្រដាប់អាវុធ​ចំនួន ៣៣១ គ្រួសារ និង​ចេញពី​គ្រួសារ​កងទ័ព​និង​នគរបាលជាតិ​ចំនួន ៦៩ គ្រួសារ និង​បាន​ស្ថាបនា​ផ្លូវ​ប្រវែង​១០ គីឡូម៉ែត្រ ៤០០ ម៉ែត្រ សាងសង់​លូ​កាត់​ផ្លូវ​ចំនួន ២០ កន្លែង ដាក់​បង្គោល​ភ្លើង​និង​ត​ភ្ជាប់​បណ្ដាញ​អគ្គិសនី​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​បាន​ចំនួន ៤០០ ខ្នង​ផ្ទះ បាន​ជីក​អណ្ដូងស្នប់​ចំនួន ៣៤​អណ្ដូង និង​ធ្វើ​បង្គន់​អនាម័យ​ចំនួន ១៨០ បង្គន់​។​

​ដោយឡែក​ចំពោះ​គម្រោង​ថ្មី​ដែល​ខេត្តស្វាយរៀង​ទើប​ទទួលបាន​តាមរយៈ​លិខិត​ សជណ លេខ​១៩៥ ចុះ​ថ្ងៃទី១៧ ខែកុម្ភៈ​ ឆ្នាំ២០២៣ ​ដែល​រាជរដ្ឋាភិបាល​បានអនុញ្ញាត​ឱ្យប្រើ​ប្រា​ស់ដី​តាម​បណ្ដោយ​ព្រំដែន​មាន​ផ្ទៃដី​សរុប ៦៥៣ ហិកតា​២៥​អា សម្រាប់​អនុវត្ត​កម្មវិធី​សម្បទាន​ដី​សង្គមកិច្ច​ជូន​គ្រួសារ​កងទ័ព នគរបាលជាតិ​ឈរជើង​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា​វៀតណាម អតីត​កងកម្លាំងប្រដាប់អាវុធ​និង​គ្រួសារ និង​ប្រជាពលរដ្ឋ​ក្រីក្រ​ទូទៅ​៕