​ភ្នំពេញៈ រដ្ឋាភិបាល​ជប៉ុន​នឹង​ផ្តល់​ថវិកា​សរុប​ចំនួន​ ៣០០ ៧៧៩​ ដុល្លារ​អាមេរិក​ដល់​ស្ថាប័ន​ចំនួន ​៣ ​ក្រោម​គ្រោងការជំនួយឥតសំណង​សម្រាប់​គម្រោង​ទ្រង់ទ្រាយ​តូច​សន្តិសុខ​មនុស្សជាតិ​ (​ជំនួយឥតសំណង​គូ​សាណូ​ណិ​)​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា​បានឱ្យដឹងថា កិច្ចសន្យា​ផ្តល់ជំនួយ​ត្រូវបាន​ចុះហត្ថលេខា​នៅ​ថ្ងៃទី​៦ ​ខែមីនា​ ឆ្នាំ២០២៣ ដោយ​លោក​អ៊ូ​អិ​ណុ អាត់​ស៊ូ​ស៊ី​ឯកអគ្គរាជទូត​វិសាមញ្ញ និងពេញ​សមត្ថភាព​របស់​ប្រទេស​ជប៉ុនប្រចាំ​កម្ពុជា និង​អ្នកតំណាង​ស្ថាប័ន​ទទួល​ជំនួយ​ទាំង៣​ដើម្បី​អនុវត្ត​គម្រោង​។

​ គម្រោង​ទី​១​គឺ​សាងសង់​អគារសិក្សា​នៅ​សាលាបឋមសិក្សា​ក្នុង ស្រុក​បន្ទាយ​អំពិល ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ មាន​ថវិកា​ចំនួន ១២០ ៧៦៨​ដុល្លារ​អាមេរិក ដែល​ស្ថាប័ន​ទទួល​ជំនួយ​គឺ​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។ ក្នុង​គម្រោង​នេះ អគារសិក្សា​ចំនួន​១​ខ្នង ៥​បន្ទប់ បំពាក់​ដោយ​គ្រឿង​សង្ហា​រិម​សាលារៀន នឹង​ត្រូវបាន​សាងសង់​នៅ​សាលាបឋមសិក្សា​រំដួល​។

​សេចក្តីប្រកាស​ព័ត៌មាន​បាន​បញ្ជាក់ថា​៖«​បច្ចុប្បន្ននេះ សិស្ស​នៅ​សាលា​នេះ​មានការ​លំបាក​ក្នុងការ​សិក្សា​ដោយសារ​អគារសិក្សា​ថ្ម និង​គ្រឿង​សង្ហា​រិម​ធ្វើ​ពី​ឈើ ដែលមាន​សព្វថ្ងៃ​មាន​សភាព​ទ្រុឌទ្រោម​។​គម្រោង​នេះ​មាន​គោលបំណង​នាំមក​នូវ​បរិស្ថាន​សិក្សា​ដែលមាន​សុវត្ថិភាព និង​ផាសុកភាព​ជាង​មុន​ហើយ​យើង​រំពឹងថា គម្រោង​នេះ​នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​សិស្ស​ប្រមាណ​២២០​នាក់ និង​គ្រូបង្រៀន​ចំនួន​៩​នាក់ តាមរយៈ​ការកែលម្អ​គុណភាព​អប់រំ​»​។​

​ គម្រោង​មួយទៀត គឺ​សាងសង់​អគារសិក្សា​នៅ​សាលាបឋមសិក្សា​ភ្នំ​រអិល​ក្នុងស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ មាន​ថវិកា​ចំនួន​៩១ ០១០​ដុល្លារ​អាមេរិក ដែល​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្តក្រចេះ​ជាន​ស្ថាប័ន​ទទួល​។ ក្នុង​គម្រោង​នេះ អគារសិក្សា​ចំនួន​១​ខ្នង ៥​បន្ទប់ និង​បង្គន់​អនាម័យ​ចំនួន​១​ខ្នង ៣​បន្ទប់ នឹង​ត្រូវបាន​សាងសង់​នៅ​សាលាបឋមសិក្សា​ភ្នំ​រអិល​។ ជាមួយគ្នានេះ​ផងដែរ គ្រឿង​សង្ហា​រិម​សាលារៀន ដូចជា​តុ កៅអី និង​ក្តារខៀន នឹងត្រូវ​បាន​ដំឡើង​។

​សាលា​នេះ​បាននិងកំពុង​ជួប​បញ្ហា​ប្រឈម​មួយចំនួន​ដោយសារ​ការ​ខូច​ទ្រុឌទ្រោម​នៃ​អគារសិក្សា​ឈើ និង​គ្រឿង​សង្ហា​រិម​ដែលមាន​បច្ចុប្បន្ន​។ តាមរយៈ​ការសាងសង់​អគារសិក្សា​ដែល​សមរម្យ និង​ការដំឡើង​គ្រឿង​សង្ហា​រិម​សាលារៀន​ថ្មី ហើយ​ស្ថានទូត​រំពឹងថា​គម្រោង​នេះ​នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​សិស្ស​សរុប​ចំនួន ២៦៦​នាក់ និង​គ្រូបង្រៀន​ចំនួន​៧​នាក់​តាមរយៈ​ការកែលម្អ​គុណភាព​អប់រំ​។​

​ គម្រោង​ចុងក្រោយ គឺជា​គម្រោង​ទិញ​ម៉ាស៊ីន​ផលិត​ឧបករណ៍​សិប្បនិម្មិត​និង​ឧបករណ៍​ព្យាបាល​ដោយ​ចលនា​នៅ​មជ្ឈមណ្ឌល​ជាតិ​ស្តារ​លទ្ធភាព​ពលកម្ម​ជនពិការ​កៀន​ឃ្លាំង ដែលមាន​ថវិកា​ចំនួន​៨៩ ០០១​ដុល្លារ​អាមេរិក តាមរយៈ​មជ្ឈមណ្ឌល​ជាតិ​ស្តារ​លទ្ធភាព​ពលកម្ម​ជនពិការ​កៀន​ឃ្លាំង​។

​ឧបករណ៍​សម្រាប់​ផលិត​ឧបករណ៍​សិប្បនិម្មិត និង​ឧបករណ៍​ព្យាបាល​ដោយ​ចលនា​ចំនួន ១១​ប្រភេទ នឹងត្រូវ​បាន​ដំឡើង​នៅ​មជ្ឈមណ្ឌល​ជាតិ​ស្តារ​លទ្ធភាព​ពលកម្ម​ជនពិការ​កៀនឃ្លាំង​(PRC)​ក្នុង​រាជធានី​ភ្នំពេញ​។ PRC នេះ​បាននិងកំពុង​ជួប​បញ្ហា​ប្រឈម​មួយចំនួន​ដោយសារតែ​ការ​ខូច​ទ្រុឌទ្រោម​នៃ​ឧបករណ៍​ចាំបាច់​សម្រាប់​ផលិត​ឧបករណ៍​សិប្បនិម្មិត​និង​រណប និង​កង្វះ​ឧបករណ៍​ព្យាបាល​ដោយ​ចលនា​ដែល​ប្រើ​សម្រាប់​ការ​ស្តារនីតិសម្បទា​។​

​តាមរយៈ​ការផ្តល់​ឧបករណ៍​ទាំងនេះ PRC នេះ​នឹង​អាច​ផលិត​ឧបករណ៍​សិប្បនិម្មិត និង​រណប ក្នុង​រយៈពេល​ខ្លី​ជាង​មុន ហើយ​ផ្តល់​សេវា​ស្តារនីតិសម្បទា​ដែល​ប្រសើរ​ជាង​មុន​។

​ សេចក្តីប្រកាស​ដដែល​បានឱ្យដឹងថា ជំនួយឥតសំណង​គូ​សាណូ​ណិ​របស់​ជប៉ុន​បានចាប់ផ្តើម​នៅ​ប្រទេស​កម្ពុជា​នៅ​ឆ្នាំ​១៩៩១​ដើម្បី​គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​កម្ពុជា​ក្នុងការ​អភិវឌ្ឍ​និង​ស្ថាបនា​ប្រទេស​ឡើងវិញ​នៅតាម​កម្រិត​មូលដ្ឋាន​។ ជំនួយឥតសំណង​នេះ មាន​គោលបំណង​ការពារ​ជន​ងាយ​រងគ្រោះ​ពី​កត្តា​មួយចំនួន​ដូចជា ភាពក្រីក្រ និង​/​ឬ ភាព​អកុសល​នានា ដែល​អាច​គំរាមកំហែង​ដោយផ្ទាល់​ដល់​អាយុជីវិត ជីវភាព​រស់នៅ និង​សេចក្តីថ្លៃថ្នូរ​របស់​ពួកគេ ព្រមទាំង​ជួយ​ជំរុញ​នូវ​ភាពម្ចាស់ការ​លើ​ខ្លួនឯង​របស់​ប្រជា​សហគមន៍​។ ចាប់តាំងពី​ឆ្នាំ​១៩៩១ រដ្ឋាភិបាល​ជប៉ុន​បានផ្តល់​ថវិកា​ជាង​៦៦​លាន​ដុល្លារ​អាមេរិក​ដល់​អាជ្ញាធរ​មូលដ្ឋាន និង​អង្គការក្រៅរដ្ឋាភិបាល ដើម្បី​អនុវត្ត​គម្រោង​គូ​សាណូ​ណិ​ចំនួន​៧០២​គម្រោង​នៅ​ទូទាំងប្រទេស​កម្ពុជា​៕