ភ្នំពេញៈ ក្រសួងមហាផ្ទៃ​កម្ពុជា និង​ក្រសួង​នគរបាល​វៀតណាម​ចុះ​ហត្ថ​លេខា​លើ​ផែនការ​សហប្រតិបត្តិកា​រ​ឆ្នាំ​ ២០២៣ សម្រាប់​អនុវត្ត​បន្ត​ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី​រវាង​ក្រសួង​ទាំង​ ២​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទី​ភ្នា​ក់​ងារ​សារព័ត៌មាន​វៀតណាម ​(VNA)​។​

VNA បាន​ចុះផ្សាយ​ពីថ្ងៃ​ទី ​៤ ខែមីនា​ថា ​«​ក្រសួងមហាផ្ទៃ​កម្ពុជា និង​ក្រសួង​​នគរបាល​វៀតណាម​បាន​ពិនិត្យ​វាយ​តម្លៃ​លទ្ធផល​នៃ​កិច្ចសហប្រតិបត្តិការ​ឆ្នាំ​ ២០២២ និង​បាន​ចុះហត្ថលេខា​លើ​ផែនការ​សហប្រតិបត្តិកា​រ​ថ្មី​សម្រាប់​ឆ្នាំ​នេះ​»​។

​ផែនការ​សហប្រតិបត្តិ​ការ​ថ្មី​នេះ​ត្រូវបាន​ចុះហត្ថលេខា​រវាង​លោក​តូ ឡឹម រដ្ឋមន្ត្រីក្រសួង​នគរបាល​វៀតណាម​និង​លោ​កស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​កម្ពុជា​។​

​ការចុះហត្ថលេខា​នេះ ធ្វើឡើង​ក្នុងឱកាស​ដែល​លោក ស ខេង ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​កម្ពុជា​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​វៀត​​ណា​ម​រយៈពេល​ ៣ ​ថ្ងៃ ចាប់ពី​ថ្ងៃទី​ ៣ ដល់ទី ​៥ ខែមីនា ដើម្បី​អនុវត្ត​បន្ត​ក្នុង​ក្របខ័ណ្ឌ​នៃ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​នានា រវាង​ក្រសួង​ទាំង ​២ តប​តាម​ការអញ្ជើញ​របស់លោក​តូ ឡឹម​។​

VNA បាន​ផ្សាយ​ថា ក្នុង​ឆ្នាំ​ ២០២២ ទោះបី​មានការ​លំបាក​មួយចំនួន​បណ្តាលមកពី​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ ​១៩ ក៏ដោយ ក៏​កងកម្លាំង​នគរបាល​នៃ​ក្រសួង​ទាំង ​២ បាន​បង្កើន​កិច្ចសហប្រតិបត្តិការ​ក្នុងការ​ទប់ស្កាត់ និង​ត្រួត​​ពិនិត្យ​ឧក្រិដ្ឋកម្ម ដូចជា​ការផ្លាស់ប្តូរ​ព័ត៌មាន និង​ផ្ទៀងផ្ទាត់​សំណើ​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋជន​ដែល​ស្ថិតក្នុង​បញ្ជី​ស្វែង​​រក​ចាប់ខ្លួន​អន្តរជាតិ​ដោយ​ទទួលបាន​លទ្ធផល​សំខាន់ៗ​មួយចំនួន ក្នុងការ​ប្រយុទ្ធប្រឆាំង​បទល្មើស​។​

​ក្នុងជំនួប​ជាមួយ​ប្រធានាធិបតី​វៀត​ណា​ម លោក Vo Van Thuong កាលពី​ថ្ងៃទី ​៤ មីនា​ លោក ស ខេង បាន​អំពាវ​​នាវ​ឱ្យ​វៀតណាម​ចែករំលែក​បទ​ពិសោធន៍ និង​គាំទ្រ​ប្រទេស​កម្ពុជា​ឱ្យទទួល​បាន​ជោគជ័យ​ក្នុងការ​រៀបចំ​ព្រឹត្តិការណ៍​ធំៗ​មួយចំនួន​នៅ​ឆ្នាំ​ ២០២៣ រួមមាន ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ។

​លោក ​Thuong បញ្ជាក់ថា វៀតណាម​បាន​ត្រៀមខ្លួន​រួចជាស្រេច​ក្នុងការ​ចែករំលែក​បទ​ពិសោធន៍​នេះ​។ នេះ​បើតាម ​VNA​។​

​បើតាម ​VNA លោក ស ខេង ក៏បាន​ស្នើឱ្យ​វៀតណាម​សម្របសម្រួល​ជាមួយ​កម្ពុជា​ក្នុង​ការរៀបចំ​កិច្ចប្រជុំ​តាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន និង​បើក​ច្រកព្រំដែន​ថ្មី​ចំនួន ​២ លើ​ខ្សែបន្ទាត់​ព្រំដែន​រួម ដើម្បី​ជំរុញ​ការកសាង​ព្រំដែន​សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និង​ការ​អភិវឌ្ឍ​។ លោក​ Thuong បាន​ឯកភាព​ជាមួយ​លោ​កស ខេង លើ​បញ្ហា​នេះ​។​

​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​សិក្ខាកាម​កំពុង​សិក្សា​តាម​បណ្ដា​គ្រឹះស្ថាន​បណ្ដុះបណ្ដាល​នៅ​ភូមិភាគ​ខាងជើង នៃ​ប្រទេស​វៀតណាម​នៅ​មហាវិទ្យាល័យ​បង្ការ និង​ពន្លត់​អគ្គិ​ភ័យ​កាលពី​ថ្ងៃទី​ ៥ មីនា លោក ស ខេង បាន​កោតសរសើរ និង​លើកទឹកចិត្ត​ខ្ពស់​ចំពោះ​សិក្ខាកាម​នគរបាលជាតិ​កម្ពុជា​ដែល​បាន​ខិតខំ​សិក្សា​រៀនសូត្រ​ទាំង​ទ្រឹស្ដី និង​អនុវត្ត​ការហ្វឹកហាត់​ជាក់​ស្ដែង​លើ​មុខជំនាញ​ដែល​សាលា និង​សាស្ត្រាចារ្យ​វៀតណាម​បាន​អប់រំ និង​បណ្ដុះបណ្ដាល​។

​ហ្វេ​ស​ប៊ុ​កលោក ស ខេង បញ្ជាក់ថា លោក​បាន​ណែនាំ​សិក្ខាកាម​ទាំងអស់ ឱ្យ​បង្កើន​ការគោរពវិន័យ​សាលា​ឱ្យបាន​ត្រឹមត្រូវ បន្ត​រក្សា​ភាព​អត់ធ្មត់ តស៊ូ និង​ព្យាយាម​សិក្សា​រៀនសូត្រ​ឱ្យបាន​ពូកែ និង​ស្ទាត់ជំនាញ​ទាំង​ទ្រឹស្ដី និង​ការហ្វឹកហាត់​ជាក់ស្ដែង​។ លោក​បានបង្ហាញ​ក្ដីសង្ឃឹម​ថា សិក្ខាកាម​ទាំងអស់​នឹង​ក្លាយជា​ធនធានមនុស្ស​ដ៏​មាន​សក្ដានុពល​ក្នុង​ជួរ​កងកម្លាំង​នគរបាលជាតិ បន្ទាប់ពី​បញ្ចប់​ការ​​សិក្សា​ដោយ​ជោគជ័យ​នៅ​ប្រទេស​វៀតណាម​។​

​លោ​ក ស ខេង បាន​ថ្លែងអំណរគុណ​រដ្ឋាភិបាល និង​ក្រសួង​នគរបាល​វៀត​ណា​ម ព្រមទាំង​សាស្ត្រាចារ្យ និង​គ្រូ​នគរបាល​នៃ​ប្រទេស​វៀតណាម​ដែល​បានផ្ដល់​ការគាំទ្រ​សម្រាប់​កិច្ចសហប្រតិបត្តិការ និង​បណ្ដុះបណ្ដាល​នគរបាល​ជាតិ​កម្ពុជា​ទាំង​ពេលកន្លងមក នាពេលនេះ និង​គម្រោង​នាពេល​អនាគត​។

​មុខជំនាញ ដែល​សិក្ខាកាម​នគរបាល​កម្ពុ​ជា​កំពុង​សិក្សា​តាម​បណ្ដា​គ្រឹះស្ថាន​បណ្ដុះបណ្ដាល​នៅ​ភូមិភាគ​ខាងជើង​នៃ​ប្រទេស​វៀតណាម​នេះ រួមមាន​ផ្នែក​សន្តិសុខ ផ្នែក​បច្ចេកវិទ្យា​ព័ត៌មាន ផ្នែក​បច្ចេកទេស​អេឡិចត្រូនិក ផ្នែក​បង្ការ និង​ពន្លត់​អគ្គិភ័យ ផ្នែក​ពន្ធ​នាគារ និង​ផ្នែក​បច្ចេកវិទ្យា និង​ទូរ​គមនាគមន៍ ដែលមាន​សិក្ខាកាម​សរុប​ចំនួន​ចំនួន​ ៧៦​ នាក់​៕