ភ្នំពេញៈ ក្រុមមន្ត្រី​បរិស្ថាន និង​អាជ្ញាធរ​ខេត្តព្រះវិហារ កំពុង​ស៊ើបអង្កេត​លើ​ករណី​ភ្លើង​ឆេះ​ព្រៃ​ក្នុង​តំបន់​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ត្នោត​​ភ្នំ​ពក នា​ប៉ុន្មាន​ថ្ងៃ​ជាប់​គ្នា​កន្លងមកនេះ ដែល​បង្ក​ផលប៉ះពាល់​និង​ខូចខាត​ដល់​ព្រៃឈើ ប្រមាណ​ជាង​ ៤ ០០០ ​ហិកតា​។ នេះ​បើ​យោងតាម​សម្ដី​មន្ត្រី​ពាក់ព័ន្ធ​កាលពី​ថ្ងៃទី ​៦ ខែមីនា ឆ្នាំ​ ២០២៣​។​

​លោក Benjamin Joseph Davis ដែលជា​អ្នក​ស្រឡាញ់ និង​ការពារ​ធនធានធម្មជាតិ ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​​ត្នោត​-​ភ្នំ​ពក បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា ក្នុង​រយៈពេល​ជាង​ ១​ សប្ដាហ៍​កន្លងមកនេះ ភ្លើង​ឆេះ​ព្រៃ​ដែល​បង្កឡើង​ពី​សកម្មភាព​មនុស្ស​ដែល​ទាំង​ស្របច្បាប់ និង​មិន​ស្របច្បាប់​ក្នុងការ​រុករក​អនុផល​ព្រៃឈើ ដូចជា ទឹកឃ្មុំ​ព្រៃ ជ័រទឹក ឬ​ជ័រចុង រុក្ខជាតិ​ឱសថ និង​សត្វព្រៃ [​អណ្ដើក​] ហើយ​ប្រើប្រាស់​ភ្លើង​ដោយ​ខ្វះ​ការប្រុងប្រយ័ត្ន បាន​បង្ក​ឱ្យ​ឆេះ​រាលដាល ប៉ះពាល់ និង​ខូច​ខាត​ដល់​ធនធាន​ព្រៃឈើ និង​ជីវចម្រុះ ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ត្នោត​-​ភ្នំ​ពក ជាង ​៤ ០០០​ ហិកតា​។​

​លោក​ថ្លែងថា​៖ «​ថ្វីដ្បិតតែ​ការឆេះ​នេះ មិន​បង្ក​ឱ្យស្លាប់​ជីវិត​មនុស្ស និង​សត្វ​ព្រៃធំៗ ប៉ុន្តែ​វា​បាន​បំផ្លិចបំផ្លាញ​ធន​ធាន​ព្រៃឈើ និង​ជីវចម្រុះ​យ៉ាងធ្ងន់ធ្ងរ​។ ជាពិសេស ពូជឈើ​ប្រណីតៗ​រាប់ពាន់​ដើម ដែល​សហគមន៍​បានរួម​គ្នា​ដាំ​ដុះ ក្នុង​រយៈពេល ​២-៣ ​ឆ្នាំ​កន្លងមកនេះ ត្រូវបាន​ឆេះ​ខូចខាត​ស្ទើរ​គ្មាន​សល់​»​។​

​លោក Benjamin ថ្លែងថា ដោយសារ​រដូវក្ដៅ និង​កង្វះ​ទឹក​សន្សើម​នៅពេល​យប់ ស្មៅ និង​រុក្ខជាតិ​តូចៗ ជាច្រើន​បាន​ក្រៀម​ស្វិត ដែល​ងាយ​បង្កឱ្យមាន​ភ្លើង​ឆេះ​ព្រៃ​នេះ​។ នៅពេលនេះ រូបលោក​កំពុង​សហការ​ជាមួយ​ក្រុមមន្ត្រី​ឧ​ទ្យា​នុ​រក្ស នៃ​មន្ទីរ​បរិស្ថាន និង​អាជ្ញាធរខេត្ត​ព្រះ​វិហារ ធ្វើការ​ស្រាវជ្រាវ​រកមុខ​​សញ្ញា​ក្រុម​ជនបង្ក​ឱ្យ​កើតមាន​ករណី​ភ្លើង​ឆេះ​ព្រៃ​ដ៏​ធ្ងន់ធ្ងរ​នេះ ដើម្បី​ចាត់វិធានការ​តាម​នីតិវិធី​ច្បាប់​ផង និង​បានដាក់​ពង្រាយ​កម្លាំង​នៅតាម​គោលដៅ​សំខាន់ៗ​មួយចំនួន​ក្នុង​តំបន់​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ត្នោត​-​ភ្នំ​ពក ដើម្បី​ឃ្លាំមើល ការពារ និង​បង្ក្រាប​បទល្មើស​សត្វព្រៃ ដែល​អាច​នឹង​កើតមានឡើង ខណៈ​សត្វ​ព្រៃ​ជាច្រើន កំពុង​ភ័យខ្លាច​ហើយ​រត់គេច​ចេញពី​កន្លែង​ដែលមាន​ភ្លើង​ឆេះ​ព្រៃ ទៅកាន់​កន្លែង​ដែលមាន​សុវត្ថិភាព​។​

​លោក​ថ្លែងថា ការស្វែងរក​មុខសញ្ញា​ជនបង្ក​ភ្លើង​ឆេះ​ព្រៃ នៅ​មិនទាន់​ទទួលបាន​តម្រុយ​ណាមួយ​នៅឡើយ​ទេ​មកទល់ពេលនេះ ប៉ុន្តែ​ក្រុមមន្ត្រី​ពាក់ព័ន្ធ កំពុង​បន្តធ្វើ​ការស្រាវជ្រាវ និង​ចុះ​ផ្សព្វផ្សាយ​អប់រំ​ពី​សារាចរ​ណែនាំ​ស្ដី​ការបង្ការ​ភ្លើង​ឆេះ​ព្រៃ​។

​ជុំវិញ​ករណីនេះ លោក សុង​ច័ន្ទ​សុជាតិ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តព្រះវិហារ និង​លោក មាស ញឹម អនុប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តព្រះវិហារ មិនអាច​ទាក់ទង​ស្នើសុំ​ការអធិប្បាយ​បានទេ កាលពី​ថ្ងៃទី​ ៦ ខែមីនា ឆ្នាំ​ ២០២៣​។

​លោក សុខ សាន្ត​តា​រ៉ា អភិ​បាល​រង​ខេត្តព្រះវិហារ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃទី ​៦ ខែមីនា​ថា ករណីនេះ រដ្ឋ​​បាល​ខេត្ត​បាន​ចាត់​កម្លាំង​បញ្ជាការ​ឯកភាព​ខេត្ត​ចុះ​សហ​ការ​ជាមួយ​លោក Benjamin និង​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៃ​មន្ទីរ​បរិ​ស្ថាន​ខេត្តព្រះវិហារ ធ្វើការ​ស្រាវជ្រាវ​លើ​ករណីនេះ​ផង និង​បន្ត​អប់រំ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​មូលដ្ឋាន​ផង អំពី​ការបង្ការ​ទប់​ស្កាត់​ភ្លើង​ឆេះ​ព្រៃ​។​

​លោក​បាន​ថ្លែងឱ្យដឹងថា​៖ «​យើង​ជឿថា ករណី​ភ្លើង​ឆេះ​ព្រៃ​នេះ ក្រៅពី​ការដុត​ភ្លើង​ដើម្បី​យក​ជ័រទឹក ទឹកឃ្មុំ​ព្រៃ គឺ​ពិត​ជាមាន​ជន​ទុច្ចរិត ធ្វើ​សកម្ម​ភាព​លួច​ដុត​ព្រៃ​ដើម្បី​ស្ទាក់ចាប់​សត្វព្រៃ​ខុសច្បាប់​»​។

​លោក​បន្តថា ជន​ដែល​បង្កឱ្យមាន​ភ្លើង​ឆេះ​ព្រៃ ឬ​ភ្លើង​ឆេះ​ព្រៃ​លិច​ទឹក​ដោយ​ចេតនា​ត្រូវ​ផ្ដន្ទាទោស​ក្រោម​បទល្មើស​ព្រៃឈើ​ថ្នាក់​ទី​១ ឬ​បទល្មើស​ជលផល​ថ្នាក់​ទី​ ១ ដែល​ត្រូវ​ជាប់ពន្ធនាគារ​ពី​ ៣-៥ ឆ្នាំ ឬ​ពី ៥-១០ ​ឆ្នាំ​៕