កំពង់ស្ពឺៈ រុក្ខជាតិ​ខ្មែរ​ជាច្រើន​ប្រភេទ ត្រូវបាន​គេ​យកមក​ធ្វើជា​ឱសថ​ព្យាបាល​ជំងឺ​ផ្សេងៗ​ដូចជា​ដើម​វ​ល្លិ៍​ពេជ្រ ​(​បណ្តូល​ពេជ្រ​) ​ប្រស់ស្វា វ​ល្លិ៍​ជុ​យ និង​ដើម​ក្រពាត់ជ្រូក​ជាដើម​។​ល​។ ហើយ​ក្នុងនោះ ក៏មាន​រុក្ខជាតិ​ម្យ៉ាង​ឈ្មោះ​ផ្កាថ្ម ដែលមាន​ដុះ​ដោយ​កម្រ​តែ​នៅលើ​ភ្នំ​ឱ​រ៉ា​ល់​ក៏​ជា​ឱសថ​ ១ ​ប្រភេទ​ដែរ ដែល​ត្រូវបាន​គេ​លក់​ក្នុងតម្លៃ​ចន្លោះ​ពី​ ៤៥ ​ម៉ឺន​ទៅ​ ៥០ ​ម៉ឺន​រៀល​ក្នុង​ ១ ​គីឡូក្រាម​។​

​ដៃ​ម្ខាង​លូក​វែក​ស្លឹកឈើ ខណៈ​ដៃ​ម្ខាង​ទៀត​កាន់ដំបង​ឈើ​ដោល​ដើម្បី​រុញ​ខ្លួន​ឡើងទៅ​លើ​ទួល​ភ្នំ​ដែលមាន​សភាព​ថ្ម​រដិបរដុប លោក ឡយ តា​សៃ គឺជា​អ្នករុករក​រុក្ខជាតិ​ផ្កាថ្ម​ម្នាក់ រស់នៅ​ភូមិ តាំង​បំពង់ ឃុំ តា​សាល ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ​។

​លោក​ ឡយ តា​សៃ បាន​និយាយប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ថា លោក​មាន​របរ​ធ្វើស្រែ ហើយ​ផុតពី​ការធ្វើ​ស្រែ លោក​អាចរ​ករបរ​បន្ទាប់បន្សំ​ផ្សេងៗ​ទៀត ដូចជា​ដាំ​ដំណាំ​ដើម្បី​រក​ចំណូល​បន្ថែម សម្រាប់​ផ្គត់ផ្គង់​គ្រួសារ​។ ប៉ុន្តែ​ពេល​ដល់​រដូវភ្លៀង​ធ្លាក់​លោក​ត្រូវ​ចំណាយពេល ​១​ សប្តាហ៍​ឬ​ច្រើនជាង​នេះ ដើម្បី​ឡើងទៅ​លើ​ភ្នំ​ឱ​រ៉ា​ល់ រុករក​រុក្ខជាតិ​ម្យ៉ាង​ឈ្មោះ​ផ្កាថ្ម​យកមក​លក់​ឱ្យ​ឈ្មួញ​ដែលជា​ជនជាតិ​ចិន និង​ជនជាតិ​ថៃ​ចាំ​ទិញ នៅក្នុង​ភូមិ​របស់លោក​ក្នុង​ ១ ​គីឡូក្រាម​មានតម្លៃ​ពី ​៤៥ ម៉ឺន​ទៅ​ ៥០ ​ម៉ឺន​រៀល​។ រុក្ខជាតិ​ផ្កាថ្ម​នេះ មិនមាន​ដុះ​នៅ​លើដី​ធម្មតា​ឡើយ ហើយ​ទោះ​គេ​ដាំ​ក៏​មិន​ដុះ​ដែរ​។​

​ដោយសារតែ​វា​មានតម្លៃ​ថ្លៃ​បែបនេះហើយ ទើបបានជា​អ្នក​​ភូមិ​របស់លោក​នាំគ្នា​សម្រុក​ឡើង​ទៅលើ​ភ្នំ​ដើម្បី​រក​រុក្ខជាតិ​ផ្កាថ្ម​នេះ​មក​លក់​។ ប្រជាពលរដ្ឋ​មួយចំនួន​ដែល​រស់នៅ​ភូមិ​តាំង​បំពង់ ឃុំ តា​សាល ស្រុក​ឱ​រ៉ា​ល់​ហាក់​ដូចជា​ទទួលបាន​អំណោយផល​ពី​ធម្មជាតិ ឬ​ជា​អំណោយផល​ពី​ទេវតា​ប្រទាន​ឱ្យ ព្រោះ​ប្រជា​ពលរដ្ឋ​មួយចំនួនធំ​អាច​រកចំណូលបាន​ពី​រុក្ខជាតិ​ផ្កាថ្ម គ្រាន់​ដោះ​ស្រាយ​ជីវភាព​បាន​ខ្លះៗ​ដែរ បើទោះបីជា​ក្នុង​ ១​ ឆ្នាំ លោកតា​សៃ ក៏ដូចជា​អ្នកភូមិ​ដទៃទៀត​មានឱកាសរ​កវា​បានតែ​ក្នុង​រដូវរ​ស្សា​ក្តី​។

​លោក​ ឡយ តា​សៃ និយាយទៀតថា​៖ «​គ្រួសារ​ខ្ញុំ​មានកូន ​៥ ​នាក់​ខ្ញុំ​មិនមាន​ជីវភាព​ធូរធារ​ទេ​ដោយ​សារ​តែ​បាន​ចំណូល​ពី​រុក្ខជាតិ​ផ្កា​ថ្ម​នេះ​ខ្ញុំ​អាច​ដោះ​ទាល់​បាន ​១​ គ្រាៗ​ដែរ​។ យើង​លំបាក​ដែរ​ដើម្បី​ដើរ​រុករ​កវា ទម្រាំ​តែ​បាន ​១ ​គីឡូៗ តែ​យើង​ក៏​សប្បាយចិត្ត​ដែល​ធម្មជាតិ​ស្រុក​យើង បានផ្តល់​ទ្រព្យសម្បត្តិ​នេះ​មកឱ្យ​ពួកយើង​»​។​

​បើតាម​លោក​ ឡយ តា​សៃ រុក្ខ​​ជាតិ​ផ្កាថ្ម​នេះ​មិនមែនជា​លក្ខណៈ​ដើមឈើ ហើយក៏​វា​មិន​ដូចដើម​ជីរអង្កាម​ឬ​ជីរនាងវង​អី​ដែរ វា​មាន​កម្ពស់​តែ​ ១ ​ច​ង្អា​ម ឬ​ ១ ​ចង្អុលដៃ​ពី​ដី​តែប៉ុណ្ណោះ​។ រីឯ​ទំហំ​ស្លឹក​របស់​វា​ប៉ុន​ស្លឹកម្លូ ឬ​អាច​ធំ​ជាង​នេះ​បន្តិច​។ វា​ដុះ​ជា​កញ្ចុំៗ នៅ​កន្លែង​ណា​ដែលមាន​ស្លឹកឈើ​គរ​លើដី​ច្រើន​ឬ​នៅតាម​កន្លៀត​ផ្ទាំង​ថ្មភ្នំ ដែលមាន​សំណើម​ឬ​កន្លៀត​ថ្ម​ណា​ដែលមាន​ដុះ​ស្លែ​ច្រើន​។​

​លោក​ថា របរ​ ១​ នេះ លោក និង​អ្នកភូមិ​ដទៃទៀត​មិនបាន​ចំណាយ​ដើមទុន​អ្វី​ទេ គឺ​ចំណាយ​តែ​កម្លាំង​ដើររក​វា ​[​ផ្កាថ្ម​]​ ប៉ុណ្ណោះ តែ​ទម្រាំ​បេះ​បាន​ ១ ​គីឡូក្រាមៗ គឺ​ពិបាក​រក​ដែរ​។ ប៉ុន្តែ​បើ​បេះ​បាន​លោក​ ឡយ តា​សៃ ចុះ​ពី​ភ្នំ​វិញ​យកមក​លក់​ឱ្យ​ជនជាតិ​ចិន​បាន​ក្នុង ១ ​គីឡូក្រាម​ថ្លៃ​ចន្លោះ​ពី​ ៤៥​ ម៉ឺន​ទៅ ​៥០​ ម៉ឺន​រៀល​។​

​ជុំវិញ​របរ​ដើរ​ឡើង​ភ្នំ​កាត់​ព្រៃ​រុករក​រុក្ខជាតិ​ផ្កាថ្ម​នេះដែរ កញ្ញា ផេង ស្រី​ស ប្រធាន​ផ្នែក​សហ​គម​ន៍​អេកូ​ទេសចរណ៍​ខ្នង​ផ្សារ​នៃ​តំបន់​រលាក់​កងជើង បានឱ្យ​ ភ្នំពេញ ​ប៉ុស្តិ៍​ ដឹងថា ករណី​ដែលថា​ប្រជាពលរដ្ឋ​នាំគ្នា​ឡើង​ភ្នំ​ខ្នង​ផ្សារ ទៅរក​រុក្ខជាតិ​ផ្កាថ្ម​នេះ គឺមាន​មែន ហើយ​រុក្ខជាតិ​ប្រភេទ​នេះ​អ្នកភូមិ​រកបាន​យកមក​លក់​ក្នុង​ ១ ​គីឡូក្រាម​តម្លៃ​ពី ​៤៥ ទៅ​ ៥០ ​ម៉ឺន​រៀល​។ ប៉ុន្តែ​អ្នក​ដែល​ឡើង​ភ្នំ​ត្រូវ​ចំណាយពេល​ពី​ ៥ ​ថ្ងៃ​ឬ​អាច​យូរ​ជាង​នេះ​ព្រោះ​វា​ជា​រុក្ខ​ជាតិ​កម្រ​ហើយ​ប្រសិនជា​វា​ធ្លាក់​ថ្លៃ​ក៏​យ៉ាងហោចណាស់​នៅសល់​ ៤០​ ម៉ឺន​រៀល​ដែរ ដែលមាន​ឈ្មួញ​ចិន​ជា​អ្នក​ចាំ​ទិញ​ច្រើនជាង​ឈ្មួញ​ថៃ​។

​កញ្ញា​បន្តថា រុក្ខជាតិ​ផ្កាថ្ម​អាច​ដុះ​បាន​មានតែ​នៅ​រដូវវស្សា​ទេ វា​ជា​ប្រភេទ​រុក្ខជាតិ​ដែល​ដុះ​នៅតាម​ស្លឹកឈើ​ដែល​ជ្រុះ​គរ​នៅ​លើដី ពោលគឺ​កន្លែង​ណា​មាន​ស្លឹកឈើ​ច្រើន ទើប​មាន​រុក្ខជាតិ​នេះ​។ ចំពោះ​អ្នក​ដែល​ទៅរក​ផ្កា​​ថ្ម​នេះ ភាគច្រើន​ជាម​នុស្ស​ប្រុស​។

រុក្ខជាតិ​នេះ​នៅ​កម្ពុជា​គេ​កែច្នៃ​សម្រាប់​ធ្វើជា​ឱសថ​ថ្នាំ​ប៉ូវ​កម្លាំង ប៉ូវ​សុខភាព គេ​ធ្វើជា​ប្រភេទ​ថ្នាំ​ព្យាបាល​ជំងឺ​ទឹកនោមផ្អែម និង​យកទៅ​ធ្វើជា​តែ​សម្រាប់​ហូប​។ ប៉ុន្តែ​នៅ​ប្រទេស​ចិន គេ​ត្រូវការ​ខ្លាំង​សម្រាប់​យកទៅ​កែច្នៃ​ធ្វើជា​អ្វី​ផ្សេងៗ​ទៀត​។ «​សម្រាប់​រដូវ​ដែល​រុករក​រុក្ខជាតិ​ផ្កាថ្ម​បាន​គឺ​ចាប់ពី​ខែកក្កដា សីហា និង​កញ្ញា​ឬ​អាច​ដល់​ខែតុលា​ក៏មានដែរ​។ វា​មាន​ដុះ​តែ​ខែ​ធ្លាក់ភ្លៀង​ខ្លាំង​ទេ រីឯ​ខែប្រាំង​មាន​មួយៗ​ទេ​»​។​

​ពាក់ព័ន្ធ​បញ្ហា​នេះ ត្រូវបាន​លោក ​អើ​ល សា​រ៉ា មេឃុំ តា​សាល បាន​និយាយថា ប្រជាពលរដ្ឋ​ដែល​ទៅរក​រុក្ខជាតិ​ផ្កាថ្ម​គឺ​ក្រោយពី​ពួកគាត់​ស្ទូង​ស្រែ​រួចរាល់ ព្រោះ​រុក្ខជាតិ​ប្រភេទ​នេះ​ច្រើន​មានតែ​នៅ​រដូវវស្សា​ទេ​។ ពេល​ឡើង​ភ្នំ​ម្តងៗ​គឺ​អ្នកភូមិ​តែងតែ​វេច​អង្ករ និង​ម្ហូបអាហារ​ក្រៀមៗ សម្រាប់​ទុក​ហូប​ព្រោះ​គាត់​ត្រូវ​ចំណាយពេល​ពី ​១ ​សប្តាហ៍​ទៅ ​១០ ​ថ្ងៃ​ឬ​ជួនកាល​រហូតដល់​កន្លះ​ខែ​ក៏មាន​។ រុក្ខ​ជាតិ​ផ្កាថ្ម​នេះ​វា​តូចៗ​ហើយ​មាន​ដើម​ខ្ចី​ឯ​ស្លឹក​របស់​វា​មាន​ពណ៌​ឈាមជ្រូក​ក្រឡាៗ​ស្អាត​ណាស់​។​

​លោក​ថា នេះ​ជា​របរ​បន្ទាប់បន្សំ ក្រៅពី​របរ​ធ្វើស្រែ ហើយ​របរ​នេះ អាចជួយ​ដោះស្រាយ​ជីវភាព​ប្រជាពលរដ្ឋ​បាន​ ១​ គ្រាៗ​ដែរ ព្រោះ​វា​មានតម្លៃ​ថ្លៃ​គួរសម​។ បច្ចុប្បន្ន​មាន​ប្រជាពលរដ្ឋ​ ៣-៤​ ភូមិ​ដែរ ដែល​នាំគ្នា​ឡើង​ភ្នំ​រុករក​បេះ​ផ្កាថ្ម​នេះ​មក​លក់​។ «​វា​មិនមែន​តែ​អ្នកភូមិ​តាំង​បំពង់​មួយ​ទេ ដែល​ទៅរក​ដក​រុក្ខជាតិ​ផ្កាថ្ម នៅមាន​ភូមិ​ក្បែរៗ​នោះ​ទៀត​។ គាត់​ឃើញ​ម្នាក់​រកបាន​ហើយ​លក់បាន​ថ្លៃ ក៏​នាំគ្នា​ជ្រួល​ទៅតាម​គ្នា តែ​ទម្រាំ​រកបាន​ ១ ​គីឡូ​គឺ​យូរថ្ងៃ​ដែរ​»​។​

​ភ្នំពេញ ​ប៉ុស្តិ៍​ មិនអាច​ទាក់ទង​មន្ត្រី​នៅ​មជ្ឈមណ្ឌល​ជាតិ​ស្រាវ​​ជ្រាវ​វេជ្ជសាស្ត្រ​បុរាណ ដើម្បី​សុំ​ធ្វើការ​បញ្ជាក់បន្ថែម​ពី​បញ្ហា​រុក្ខ​ជាតិ​ផ្កាថ្ម​យកមក​ធ្វើជា​ឱសថ​នេះ​បានទេ ដោយ​ទូរស័ព្ទ​គ្មាន​អ្នកទទួល​៕