
ប្រជាពលរដ្ឋឡើងជិះរថយន្តក្រុងកាលពីឆ្នាំ ២០២២។ ហេង ជីវ័ន
ភ្នំពេញៈ សាលារាជធានីភ្នំពេញ ត្រៀមរថយន្តក្រុង ៤០០ គ្រឿង សម្រាប់ដឹកពលរដ្ឋដោយមិនគិតថ្លៃ ក្នុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខ ដោយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ជំរុញឱ្យដាក់នៅគោលដៅទៅកាន់ខេត្តសៀមរាបឱ្យបានច្រើនដើម្បីកុំឱ្យតាក់ស៊ីឬរថយន្តក្រុងក្រុមហ៊ុនឯកជនឡើងថ្លៃ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជម្រាបជូនលោក ហ៊ុន សែន កាលពីថ្ងៃទី ៦ មីនាថា សាលារាជធានីភ្នំពេញ «ទើបតែបានជំនួយពីសាធារណរដ្ឋកូរ៉េចំនួន ២០០ ឡានទៀតដូចនេះនឹងបន្ថែមជើងទៀតនៅឆ្នាំនេះ ជាពិសេសខ្សែរត់ទៅកាន់ខេត្តសៀមរាប និងបន្ទាយមានជ័យ នៅតាមផ្លូវជាតិលេខ ៥ និងលេខ ៦ ដើម្បីជួយសម្រាលការលំបាករបស់ពលរដ្ឋ ដោយសារការឡើងថ្លៃតាក់ស៊ី»។
នៅក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនសិស្ស និស្សិតវិទ្យាស្ថានខ្មែរជំនាន់ថ្មីជិត ២ ពាន់នាក់នៅថ្ងៃទី ៦ ខែមីនា លោកនាយករដ្ឋមន្ត្រី បានណែនាំថា៖ «ដាក់តម្រង់ទិសទៅសៀមរាបឱ្យបានច្រើនបន្តិច....ដាក់ពង្រាយឡាន ដើម្បីកុំឱ្យតាក់ស៊ី ឬឡានក្រុងអីឡើងថ្លៃ ហើយយើងឧបត្ថម្ភអ្នកបើកបរ។ បញ្ចេញឡានក្រុងប៉ុន្មានរយគ្រឿងមើល ដឹកប្រជាជនដើរលេងចូលឆ្នាំ។ អ្នកដែលអត់មានមធ្យោបាយគឺទៅតាមឡានហ្នឹងទៅ»។
លោក កែវ ចាន់ណារិទ្ធ អភិបាលនៃរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង បានប្រាប់ឱ្យដឹងបន្ថែមថា យោងតាមប្រសាសន៍ណែនាំរបស់លោក ហ៊ុន សែន ខាងរដ្ឋាករស្វយ័តដឹកជញ្ជូនកំពុងរៀបចំផែនការបញ្ចេញរថយន្ត និងកម្លាំងក្នុងការអនុវត្តផែនការឱ្យបានត្រឹមត្រូវដើម្បីត្រៀមដឹកជញ្ជូនប្រជាពលរដ្ឋពីរាជធានីភ្នំពេញទៅកាន់បណ្តាខេត្តមួយចំនួន ដែលមិនខុសពីឆ្នាំកន្លងទៅនោះទេ។
ក្រុមការងារកំពុងសិក្សាមើលថាតើត្រូវបន្ថែមជើង និងខ្សែរត់បន្ថែមទៀត ក្នុងកម្រិតណា ដោយសារតែសាលារាជធានីភ្នំពេញ ទើបតែទទួលបានរថយន្ដក្រុងប្រភេទថ្មីចំនួន ២០០ គ្រឿង ពីក្រុមហ៊ុន ប៊ូយ៉ុង។
លោកបានបញ្ជាក់ថា៖ «ដោយសារតែយើងទើបតែទទួលបានអនុសាសន៍នៅព្រឹកមិញនេះ (ថ្ងៃទី ៦ មីនា) ដូចនេះ ឥឡូវ ក្រុមការងាររបស់យើងកំពុងតែរៀបចំផែនការបច្ចេកទេសឱ្យបានច្បាស់លាស់ ដើម្បីរៀបចំឡានក្រុងសម្រាប់ដឹកបងប្អូនប្រជា
ពលរដ្ឋទៅតាមបណ្តាខេត្តមួយចំនួនដូចឆ្នាំមុនៗដែរ»។
លោក ចាន់ សុភាព ជាបុគ្គលិកក្រុមហ៊ុនឯកជន និងមានទីលំនៅបណ្តោះអាសន្នក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ បានប្រាប់ថា មិនខុសពីឆ្នាំមុនទេ លោកមានគម្រោងនឹងធ្វើដំណើរតាមមធ្យោបាយរថយន្តក្រុងសាធារណៈទៅកាន់ខេត្តបាត់ដំបង ជាថ្មីម្តងទៀត នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ ដោយលោកអាចសន្សំលុយបានមួយចំណែកពីការធ្វើដំណើរនេះ។
លោកបញ្ជាក់ថា៖ «ឆ្នាំនេះ ខ្ញុំដឹងតែទៅជិះឡានក្រុងសាធារណៈទៀតហើយព្រោះថា មិនត្រឹមតែចំណេញលុយទិញសំបុត្រទេ ថែមទាំងរថយន្តថ្មីជិះស្រួលទៀត។ ខ្ញុំ និងអ្នកដំណើរដទៃទៀតសប្បាយចិត្តណាស់ ដែលរដ្ឋាភិបាលបានគិតគូរដល់ពួកយើងដូច្នេះ បើមិនដូច្នេះទេ ខ្ញុំនឹងត្រូវចំណាយច្រើនហើយពេលបុណ្យទានម្តងៗ យ៉ាងហោចណាស់ទៅមកក៏អស់ ៥០ ដុល្លារដែរ ពីព្រោះពេលបុណ្យទានអ៊ីចឹង សំបុត្រឡើងថ្លៃ»។
បើតាមលោកអភិបាលនៃរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង កាលពីអំឡុងពេលបុណ្យភ្ជុំបិណ្ឌឆ្នាំ ២០២២ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុងបានដឹកប្រជាពលរដ្ឋ ៣៥ ០០០ នាក់ ដោយប្រើប្រាស់រថយន្តក្រុងចំនួន ១៧៥ គ្រឿង ដែលបានធ្វើដំណើរតាមផ្លូវជាតិលេខ ១ ដល់ផ្លូវជាតិលេខ ៧។
កាលពីពេលថ្មីៗនេះ រដ្ឋបាលរាជធានីភ្នំពេញ ទើបតែបានទទួលរថយន្ដក្រុងប្រភេទថ្មីចំនួន ២០០ គ្រឿង ពីក្រុមហ៊ុន ប៊ូយ៉ុង គ្រុប របស់សាធារណរដ្ឋកូរ៉េ ខណៈដែលរថយន្តក្រុងសាធារណៈសព្វថ្ងៃ ដែលបានទទួលជំនួយពីប្រទេសចិន និងជប៉ុន មានចំនួនជាង ២០០ គ្រឿងដែលបានផ្តល់សេវាដឹកជញ្ជូនសាធារណៈមាន ១៣ ខ្សែ ជូនពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ៕