ភ្នំពេញៈ ​អង្គការ UNESCO និង​មជ្ឈមណ្ឌល​ព័ត៌មាន​ស្ត្រី ប្រកាស​អនុវត្ត​គម្រោង​លើកកម្ពស់​សុវត្ថិភាព​អ្នកសារព័ត៌មាន​ស្ត្រី ដើម្បី​ពង្រឹង​សេរីភាព​នៃ​ការបញ្ចេញមតិ​នៅ​កម្ពុជា បន្ទាប់ពី​មើលឃើញ​បញ្ហា​ប្រឈម​របស់​ស្ត្រី​ក្នុង​វិស័យ​ព័ត៌មាន មានការ​កើនឡើង​នូវ​ការគំរាមកំហែង និង​វាយប្រហារ​ទាំង​ក្រៅ និង​តាម​អុីនធឺណិត​។​

​ គម្រោង​ដែលមាន​រយៈពេល​១​ឆ្នាំ និង​ទទួលបាន​ការសហការ​គាំទ្រ​ពី​ស្ថាន​ទូក​អង់គ្លេស​ប្រចាំ​កម្ពុជា​នេះ ត្រូវបាន​ប្រកាស​ដាក់ឱ្យ​ដំណើរការ កាលពី​ថ្ងៃទី​៧ ខែមីនា នៅ​សណ្ឋាគារ Himawari ដែលមាន​អ្នកចូលរួម​ប្រមាណ​៥០ នាក់ ដែល​ភាគច្រើន​ជា​អ្នក​សារ​ព័ត​មាន និង​អ្នក​បម្រើការ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា​។​

​ លោក Aguirre Idiaquez, Mikel ប្រធាន​ផ្នែក​អភិវឌ្ឍន៍​ប្រព័ន្ធ​ទំនាក់ទំនង និង​សារព័ត៌មាន នៃ​អង្គ​ការអប់រំ វិទ្យាសាស្ត្រ និង​វប្បធម៌​សហប្រជាជាតិ UNESCO ប្រចាំ​កម្ពុជា បាន​និយាយថា នៅ​ទូទាំង​ពិភពលោក អ្នកសារព័ត៌មាន​ស្ត្រី និង​បុគ្គលិក​នៅក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ កំពុង​ប្រឈម​នឹង​ការកើនឡើង​នូវ​ការវាយប្រហារ​ទាំង​ក្រៅ និង​តាម​អុីនធឺណិត​ពាក់ព័ន្ធ​នឹង​ការគំរាមកំហែង​។

​ ជាមួយគ្នានេះ​លោក អះអាងថា ការសិក្សា​ថ្មី​មួយ​ដែល​ធ្វើឡើង​ដោយ​អង្គការ UNESCO រួមបញ្ចូល​អ្នកសារព័ត៌មាន​កម្ពុជា​ផង​នោះ បាន​រកឃើញថា ៧៣ ភាគរយ នៃ​ស្ត្រី​ដែលជា​អ្នកធ្វើការ​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ មានបទពិសោធន៍​ម្តង​ជុំវិញ​អំពើ​ង្សា​តាម​អុីនធឺណិត​។ បន្ថែម​ពីនេះ លោក បន្តថា ស្ត្រី​ក្នុង​វិស័យ​សារ​ព័ត៌មាន ត្រូវ​បានទទួល​អំពើហិង្សា​ផ្អែកលើ​យេនឌ័រ ណាមួយ ដូចជា​ប៉ះពាល់​រា​ងកាយ ការ​មាក់ងាយ និង​ការរំលោភបំពាន​ផ្លូវភេទ​ជាដើម​។ ដូចនេះ លោក ចាត់ទុកថា គម្រោង​លើកកម្ពស់​សុវត្ថិភាព​អ្នកសារព័ត៌មាន​ស្ត្រី ដើម្បី​ពង្រឹង​សេរីភាព​នៃ​ការបញ្ចេញមតិ​នៅ​កម្ពុជា​នេះ នឹងចូលរួម​ចំណែក​លើ​ក​ទឹកចិត្ត​ដល់​ស្ត្រី​ក្នុង​វិស័យ​ព័ត៌មាន​ឱ្យទទួល​បានការ​ការពា​រ និង​គាំពារ​។​

​លោក បាន​បញ្ជាក់ថា​៖«​អង្គការ​យូណេស្កូ​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ដៃគូ​នានា ដើម្បី​តស៊ូ​មតិ​អំពី​សុវត្ថិ​ភារ​បស់​អ្នកសារព័ត៌មាន​ស្ត្រី​។ ជាមួយនឹង​ការគាំទ្រ​នៃ​មូលនិធិ Global Media Defence Fund (GMDF) នេះ មជ្ឈមណ្ឌល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ស្ត្រី​កំពុង​អនុវត្ត​គម្រោង​នេះ នឹង​បង្កើន​យន្តការ​ការពារ លើកកម្ពស់​បណ្តាញ​អ្នកសារព័ត៌មាន​ស្ត្រី តាមរយៈ​ការកែលម្អ និង​ការ​ផ្តល់ជំនួយ​ផ្នែក​ច្បាប់ រួមទាំង​ឯកទេស ដើម្បី​លើកកម្ពស់​សុវត្ថិភាពរ​បស់​ពួកគេ​ផងដែរ​»​។​

​ លោកស្រី អ៊ុង ចាន់ថុល នាយិកា​ប្រតិ​ប​ត្ដិ​មណ្ឌល​ព័ត៌មាន​ស្ដ្រី​កម្ពុជា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ប៉ុស្តិ៍​ថា គម្រោង​នេះ នឹងត្រូវ​អនុវត្ត​រយៈ​ពេល​១​ឆ្នាំ ដែល​ជំហាន​ដំបូង គឺ​ធ្វើយ៉ាងណា ដើម្បី​ចងក្រង​បណ្តាញ​អ្នកសារព័ត៌មាន​ស្ត្រី ឱ្យបាន​ច្រើន​។ លោកស្រី បាន​បន្តថា បន្ទាប់ពី​ការ​កៀរគរ​ស្ត្រី​ឱ្យមាន​ការចូលរួម គម្រោង​នេះ ក៏​នឹង​ផ្តល់​ការគាំទ្រ រួមទាំង​បង្កើត​វេទិកា​សម្រាប់​ស្ត្រី​ក្នុង​វិស័យ​សារព័ត៌មាន ឱ្យ​ពួកគេ អាច​ជជែក និង​បង្ហាញ​បញ្ហា​ប្រឈម ដើម្បី​រួមគ្នា​ដោះស្រាយ​។​

​លោកស្រី បាន​បញ្ជាក់ថា​៖«​គម្រោង​នេះ យើង​អាច​នឹងធ្វើ​យូរអង្វែង ដើម្បី​ឱ្យមាន​និរន្តរភាព​ក្នុង​ការជួយ​អ្នកកាសែត​ស្ត្រី​។ ជា​កិច្ច​ចាប់ផ្តើម យើង​ចាប់ផ្តើម​បង្កើត​បណ្តាញ​អ្នកកាសែត​ស្ត្រី ដែល​យើង​ចាប់ផ្តើម​ពីគ្នា​៤០ នាក់ ក្នុងនោះ ការងារ​ដែល​យើង​ត្រូវធ្វើ​គឺ​ការប្រជុំ​ប្រចាំខែ ដើម្បីឱ្យ​គាត់ អាច​សួរសុខទុក្ខ ឬក៏​អាចជួយ​ជា​មតិយោបល់ ក្នុងការ​បែងចែក​ធន​ធាន ឬ​ព័ត៌មាន​ទៅវិញទៅមក​។ គម្រោង​នេះ ក៏​នឹង​ផ្តល់​វគ្គ​បណ្តុះបណ្តាល​ដល់​ពួកគាត់ នៅពេល​ក្រុម​គាត់ ចង់​រៀន​អ្វី​បន្ថែម គឺ​យើង​នឹង​រៀបចំ​ជូន​គាត់​»​។​

​កញ្ញា ឆន រស្មី អ្នកយក​ព័ត៌មាន នៅ Kiripost បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ក្នុងនាម​កញ្ញា​ជា​អ្នកសារព័ត៌មាន​ស្ត្រី​ម្នាក់ ហើយ​ទើប​ចូលប្រឡូក​ក្នុង​វិស័យ​ព័ត៌មាន កញ្ញា យល់ថា ការ​មានការ​គាំទ្រ គាំពារ និង​ការពារ​ដល់​អ្នកសារព័ត៌មាន​ស្ត្រី គឺជា​រឿង​មួយ​ដែល​សំខាន់ ខណៈដែល​ប្រឡូក​ក្នុង​អាជីព​នេះ​រយៈពេល​ខ្លី ប៉ុន្តែ​កញ្ញា ក៏​ធ្លាប់​ប្រឈម និង​ទទួលរង​បញ្ហា​មួយចំនួន​ផងដែរ ដែល​ធ្វើឱ្យប៉ះពាល់​អារម្មណ៍ និង​ការតាំង​ចិត្ត​របស់​កញ្ញា ដើម្បី​បន្ត​អាជីព​នេះ​ទៅមុខទៀត​។

​កញ្ញា ឆន រស្មី បាន​បញ្ជាក់ថា​៖«​នៅពេល​ជួប​បញ្ហា ខ្ញុំ​ព្យាយាម​ដោះស្រាយ និង​គ្រប់គ្រង​អារម្មណ៍​ខ្លួនឯង ហើយ​ខ្ញុំ​គិតថា តើ​ក្នុងប្រទេស​របស់​យើង មានច្បាប់​ការពារ​អ្នក​សារ​ព័ត៌មាន​ស្ត្រី​ដែរ​ទេ​? ព្រោះ​ស្ត្រី​នៅពេល​ជួប​ស្ថានការណ៍​អ្វី គឺ​តែងតែ​ប៉ះពាល់​ផ្លូវចិត្ត​គាត់​ជាខ្លាំង ទាំង​គេ​ទាំង​ខ្ញុំ មិនដឹងថា ត្រូវ​ប្រឹក្សា ឬក៏​ចែករំលែក​ភាពភ័យខ្លាច​នេះ​ទៅ​អ្នកណា​ទេ ព្រោះ​វា​ជា​រឿង​ដែល​ខ្មាស់អៀន ខ្ញុំ​សុខចិត្ត​លាក់ទុក​ខ្លួនឯង​។ បន្ទាប់ពី​ជួប​ហេតុការណ៍​នោះ​អស់ហើយ នៅពេលនោះ​ខ្ញុំ​ក្មេងខ្ចី​ដែរ ហើយ​បាន​ចូលរួម​ក្នុង​ព្រឹ​ត្ត​ការណ៍​នេះ គឺ​ខ្ញុំ​គិតថា​ល្អ សម្រាប់​ស្ត្រី​អ្នកសារព័ត៌មាន ជាពិសេស​សម្រាប់​ប្អូនៗ ដែល​ចង់​ចាប់យក​អាជីព​នេះ​»​។​

​លោកស្រី ហង្ស ស​ម្ជ​ស្ស ប្រធាន​បណ្តាញ​អ្នកសារព័ត៌មាន​ស្ត្រី បាន​និយាយថា គម្រោង​នេះ នឹង​ជួយ​ឱ្យ​ស្ត្រី​អ្នកសារព័ត៌មាន មាន​បង្អែក​មួយ​ជួយ​ដោះស្រាយ​បញ្ហា​ដែល​ពួកគាត់ បាន​ជួបប្រទះ​ទាំង​បញ្ហា​រូ​បរាងកាយ ផ្លូវចិត្ត និង​បញ្ហា​ផ្លូវច្បាប់​។ លោកស្រី បាន​បន្តថា​៖«​ខ្ញុំ​រំពឹងថា អ្នកពាក់ព័ន្ធ ជាពិសេស​ស្ថាប័ន​មាន​សមត្ថកិច្ច ចូលរួម​កិច្ចសហការ​ផ្តល់​ភាពងាយស្រួល​ដល់​ស្ត្រី​អ្នកសារព័ត៌មាន និង​ផ្តល់ព័ត៌មាន​ទៅកាន់​ពួកគេ​តាម​តម្រូវការ ព្រោះ​អ្នកសារព័ត៌មាន ត្រូវការ​កិច្ចសហការ​ចាំបាច់​ពី​អាជ្ញាធរ បើ​មិនមាន​កិច្ចសហការ​ទេ គឺ​ពួកយើង​ជា​ស្ត្រី មិនអាច​ផ្សាយ​ព័ត៌មាន​បានទេ​»៕