
ផ្សែងហុយចេញពីរោងចក្រកាត់ដេរសម្លៀកបំពាក់តុងហ្វាងដែលមានទីតាំងស្ថិតនៅភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣។ រូបថត FB
ភ្នំពេញៈ សមត្ថកិច្ចនគរបាលជំនាញ កំពុងបន្តនីតិវិធីស្រាវជ្រាវលើករណីភ្លើងឆេះរោងចក្រកាត់ដេរសម្លៀកបំពាក់តុងហ្វាងដែលមានទីតាំងស្ថិតនៅភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី ៦ ខែមីនា ឆ្នាំ ២០២៣។
លោក ព្រហ្ម យ៉ន ប្រធានការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ថ្វីបើមានការអះអាងពីកម្មករមួយចំនួនថា ករណីគ្រោះអគ្គិភ័យនេះ បានផ្ដើមចេញពីការផ្ទុះឆ្លងចរន្តអគ្គិសនីពីម៉ាស៊ីនម៉ូទ័រ នៅផ្នែកតុកាត់ក្រណាត់សម្លៀកបំពាក់ ហើយរាលដាលឆេះពេញក្នុងរោងចក្រប៉ុន្តែសមត្ថកិច្ចនគរបាលជំនាញនៅតែបន្តស្រាវជ្រាវលើករណីនេះ ដើម្បីស្វែងរកការពិត។
លោកថ្លែងថា៖«នៅពេលនេះ ក្រុមមន្ត្រីនគរបាលជំនាញយើង កំពុងបន្តពិនិត្យអង្កេតនៅកន្លែងកើតហេតុ និងសាកសួរសាក្សី ដែលបានឃើញហេតុការណ៍នៃគ្រោះអគ្គិភ័យនេះផ្ទាល់ភ្នែក ដើម្បីប្រមូលទិន្នន័យនិងវត្ថុតាងបន្ថែម សម្រាប់យកទៅវិភាគនិងឈានទៅធ្វើការសន្និដ្ឋានមួយ ឱ្យបានត្រឹមត្រូវនិងច្បាស់លាស់តាមលក្ខណៈវិទ្យាសាស្ត្រ»។
បើតាមលោកយ៉ន កម្មករនៅផ្នែកតុកាត់ក្រណាត់សម្លៀកបំពាក់ម្នាក់ បាននិយាយថា មុនពេលកើតហេតុ ពួកគេបម្រើការងារជាធម្មតា។ លុះដល់វេលាម៉ោងប្រមាណជា៣រសៀល [ថ្ងៃទី៦ខែមីនា ឆ្នាំ២០២៣] ខណៈកំពុងតែដំណើរការកាត់ក្រណាត់សម្លៀកបំពាក់ ស្រាប់តែមានការផ្ទុះឆ្លងចរន្តអគ្គិសនីចេញពីម៉ូទ័រនៃម៉ាស៊ីនកាត់នោះ លេចចេញជាអណ្ដាតភ្លើងឆាបឆេះក្រណាត់ដែលនៅលើតុកាត់ បណ្ដាលឱ្យកម្មករមួយចំនួនភ័យស្លន់ស្លោរត់ចេញមកក្រៅរោងចក្រ ហើយមួយចំនួនទៀតបានព្យាយាមយកបំពង់ពន្លត់អគ្គិភ័យទៅជួយបាញ់ពន្លត់ តែភ្លើងនៅតែបន្តឆាបឆេះកាន់តែខ្លាំងឡើងៗ។ បន្ទាប់មកពួកគេ ក៏បានរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានឱ្យជួយអន្តរាគមន៍ហៅក្រុមរថយន្តពន្លត់អគ្គិភ័យមកជួយ។
លោកបានប្រាប់ឱ្យដឹងទៀតថា ក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យឆេះរោងចក្រកាត់ដេរតុងហ្វាងនេះដែរ កម្លាំងការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យរាជធានីភ្នំពេញ បានសហការជាមួយកម្លាំងអន្តរាគមន៍ពីអង្គភាពពាក់ព័ន្ធមួយចំនួនទៀត ដូចជាកម្លាំងពីនាយកដ្ឋានបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃក្រសួងមហាផ្ទៃ, កងរាជអាវុធហត្ថ, កងពលតូចលេខ៧០ (៧១១), ក្រុមហ៊ុនOCIC ជ្រោយចង្វារ, ក្រុមហ៊ុនស្រាបៀរកម្ពុជា និងពីក្រុមហ៊ុន ជីប ម៉ុង បានប្រើរថយន្តពន្លត់អគ្គិភ័យសរុប២១គ្រឿង និងប្រើប្រាស់ទឹកអស់៣៣៦ម៉ែត្រគុប។
លោកយ៉នបានបញ្ជាក់ថា៖«ក្នុងហេតុការណ៍ភ្លើងឆេះរោងចក្រកាត់ដេរសម្លៀកបំពាក់នេះ ពុំមានកម្មករណាម្នាក់រងរបួស ឬស្លាប់ទេ ប៉ុន្តែសំណង់រោងចក្រទំហំ៣៥មx១០០ម ធ្វើពីដែកប្រក់ស័ង្កសី និងសម្ភារ ព្រមទាំងក្រណាត់ សម្លៀកបំពាក់ ជាច្រើនទៀត ត្រូវបានឆេះខូចខាតស្ទើរទាំងស្រុង»។
យ៉ាងណាក៏ដោយ គិតមកទល់ពេលនេះ សមត្ថកិច្ច នៅមិនទាន់អាចប៉ាន់ប្រមាណពីទំហំនៃការខាតបង់សរុប ពីករណីគ្រោះអគ្គិភ័យនេះបាននៅឡើយទេ។ ជុំវិញករណីនេះ អ្នកស្រី ឈីង អ៊ី អាយុ៤៩ឆ្នាំ ជាម្ចាស់រោងចក្រកាត់ដេរសម្លៀកបំពាក់ តុង ហ្វាង មិនអាចទាក់ទងស្នើសុំការអធិប្បាយបានទេ កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣៕