ភ្នំពេញៈ ប្រមុខ​រាជរដ្ឋា​ភិ​បាល​កម្ពុជា​បាន​ចុះ​ហត្ថ​លេខា​សម្រេច​ផ្តល់​ប្រាក់ឧបត្ថម្ភ​ដល់​កម្មករ​-កម្មកា​រិនី​ចំនួន​ជាង​ ៣២ ០០០ ​នាក់ ​ដែល​ត្រូវ​រោង​ចក្រ​ពួកគេ​ព្យួរកា​រងារ​នឹង​ទទួល​បានប្រាក់​ឧបត្ថម្ភ​ពី​រាជ​រដ្ឋាភិ​បាល​ដូច​អំឡុង​នៃ​ការ​ឆ្លង​រាលដាល​មេរោគ​កូ​វីដ​ ១៩​ ដោយ​ចាប់​ផ្ដើម​ពី​ខែ​មេសា​តទៅ​។​

​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន​ សែន បាន​ថ្លែង​បញ្ជាក់​នៅថ្ងៃទី​៧​ ខែមីនា ក្នុង​ពិធី​អបអរ​សាទរ​ទិវា​អន្តរ​ជាតិ​នារី៨​ មីនា ខួប​លើក​ទី​១១២ដោយ​លោក​បាន​លើ​កឡើង​ថា ត្រូវ​បន្ត​អនុវត្ត​កម្ម​វិធី​គាំពារ​សង្គម​ប្រកប​ដោយ​បរិ​យា​ប័ន្ន​តាម​រយៈ​ការ​ពង្រីក​វិសាល​ភាព​អនុវត្ត​ក្រប​ខ័ណ្ឌ​គាំពារ​សង្គម​ឱ្យ​ដល់​ក្រុម​ជន​ងាយ​រង​គ្រោះ និ​ង​បាត់​បង់​ឱកាស​ផ្សេងៗ​នៅក្នុង​សង្គម ទាំង​វិស័យសេ​ដ្ឋកិ​ច្ច​ក្នុង​ប្រព័ន្ធ ​និង​ក្រៅ​ប្រព័ន្ធ​។​

​លោក​បានប​ញ្ជាក់ថា​​៖«​ខ្ញុំ​សូម​បញ្ជូន​សារ​នេះទៅ​កាន់​ស្ត្រី​ចំនួន​ជាង​២៦ ​០០០នាក់ ក្នុង​ចំណោម​កម្ម​ករក​ម្ម​ការិនី​ដែល​កំពុង​បាត់​បង់​ការ​ងារ​ធ្វើ​ចំនួន​៣​ម៉ឺន​២​ពាន់​នាក់ ដែល​ម្សិល​មិញ​នេះ​ ខ្ញុំ​បាន​ចុះហត្ថ​លេខា​ពាក់ព័​ន្ធ​ទៅលើ​ការផ្តល់​ប្រាក់​ឧបត្ថម្ភ​ក្នុង​ស្ថានភាព​ដែល​រោង​ចក្រ​ត្រូវ​បាន​ព្យួរ​»​។

​រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋ​កិច្ច ​និង​ហិរញ្ញ​វត្ថុ លោក​ឧប​នាយក​រដ្ឋ​មន្ត្រី អូន ព័ន្ធមុនីរ័ត្ន បាន​បញ្ជូន​សំណើ​មក​ដល់​លោក​នា​យក​រដ្ឋមន្ត្រី ហ៊ុន ​សែន ​បន្ទាប់​ពី​មាន​អនុ​សាសន៍​ក្នុង​ការ​ឧបត្ថម្ភ​សាច់​ប្រាក់​ដល់ក​ម្មក​រ-ក​ម្ម​ការិនី​ទាំង​នេះ​។​

​លោក​ហ៊ុន​ សែន បាន​ថ្លែង​ថា៖«​ដូច្នេះ ខ្ញុំ​បាន​សម្រេច​រួច​ហើយដែ​ល​កម្មករ​-កម្មកា​រិនី​របស់​យើង​នឹង​ទទួល​បាន​ប្រាក់​ដូច​កាលពី​សម័យ​កូ​វី​ដដែល​រោង​ចក្រ​ត្រូវ​ព្យួរ ប៉ុន្តែ​ក្នុង​ពេល​ដែល​យើង​បាត់​បង់​ការងារ​ធ្វើ​នៅ​តាម​រោង​ចក្រ​ចំនួន​៧១​រោង​ចក្រ​ ដែល​មាន​កម្មករ​ប្រមាណ​ជា​៣​ម៉ឺន​២​ពាន់​នាក់ ​បែរ​ជា​នៅ​ខេត្ត​កំពង់​ស្ពឺ​ខ្វះ​កម្មករ​ប្រហែល​ជា​៣​ម៉ឺន​នាក់​ទៅ​វិញ​»​។​

​ចំណុច​នេះ លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន បាន​ណែនាំ​ឱ្យ​ក្រសួង​ការងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈយក​ចិត្ត​ទុក​ដាក់​ថា តើ​ត្រូវ​ធ្វើ​ការ​ជ្រើស​រើស​របៀប​ណា​ដើម្បី​ឱ្យ​ស្ត្រី​ជា​កម្ម​ការិនី​ទទួល​បាន​​ផល​ប្រយោជន៍​ទាំង​នេះ​។ ជា​មួយ​គ្នា​នោះដែរ ​លោក ​ហ៊ុន សែន ក៏បាន​ណែនាំ​ឱ្យ​មាន​ការ​បង្កើន​ប្រាក់​ឧបត្ថម្ភ​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​ ឆ្លង​ទន្លេ ​និង​កូន​ដល់​អាយុ​២​ឆ្នាំ ដែល​ស្ត្រី​ត្រូវ​ទទួល​បានដើម្បី​ធ្វើយ៉ា​ងណា​ស្ត្រី​មាន​សុខ​ភាព​ល្អ ហើយ​កូន​ដែល​កើត​មក​មាន​សុខភាព​តាម​រយៈ​ការ​ជួយ​ជន​ក្រីក្រ​ដែល​ជួប​ការ​លំបាក​។​

​សូម​រំ​ឭ​ក​ផង​ដែរ​ថា កាលពី​ថ្ងៃទី​៦ ​ខែមីនា លោក ហ៊ុន សែន បាន​បញ្ជា​ឱ្យ​លោក ​អ៊ិត សំហេង រដ្ឋ​មន្ត្រី​ក្រសួង​ការងា​រ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ និង​លោក ​អូន ព័ន្ធមុ​នីរ័ត្ន រ​ដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ពិភាក្សា​គ្នា និង​ឆ្លើយត​ប​ជា​បន្ទាន់ ​ដើម្បី​ដាក់​ចេញ​​កម្ម​វិធី​ឧបត្ថម្ភ​សាច់​ប្រាក់​ជួយ​កម្មករ​-​កម្ម​ការិនី ដែល​រង​គ្រោះ​ដោយ​រោង​ចក្រ​ព្យួរ​ការ​ងារ​។​

​បើ​តាម​អ្នកនាំ​ពាក្យ​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ លោក ​ហេង សួរ បាន​ឱ្យ​ដឹង​ថា គិត​ត្រឹម​ថ្ងៃទី២៨​ ខែកុម្ភៈ ឆ្នាំ ២០២៣ ​រោង​ចក្រ​ដែល​កំពុង​ព្យួរ​កិច្ច​សន្យា​ការងារ​សរុប​មាន​ចំនួន​ ៧១​រោង​ចក្រ ស្មើនឹង​កម្មក​រនិយោ​ជិត​សរុប ​៣២ ០២៣នាក់ ក្នុ​ងនោះ​ស្រី​ចំនួន ​២៦ ​០៥៥​នាក់ ដែល​រោងចក្រ​ទាំង​នោះ​មាន​នៅ​រាជ​ធានី​ភ្នំពេញ​មាន៣៤​រោងច​ក្រ ស្មើ​នឹង​កម្មករ​-​និយោ​ជិត​សរុប​ ១២​ ០១០​នាក់ (​ស្រី ៩ ៨៣៦នាក់​)​។ ចំណែក​តាម​បណ្តា​ខេត្ត​មាន ​៣៧​រោងចក្រ​ ស្មើនឹង​កម្មក​រនិយោ​ជិត​សរុប ២០ ០១៣​នាក់ (​ស្រី ១៦​ ២១៩នាក់​)​។​

​អនុវត្ត​តាម​អនុ​សាសន៍​ណែនាំ​របស់លោ​ក​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន​, នៅ​ថ្ងៃទី​៧ ខែមីនា លោក អ៊ិត សំហេង បាន​ដឹកនាំ​កិច្ចប្រជុំ​ជា​មួយ​តំណាង​ក្រសួង​សេដ្ឋ​កិច្ច និង​ហិរញ្ញ​វត្ថុ និង​តំណាង​សមា​គម​និយោ​ជកដែល​ពាក់​ព័ន្ធ​នឹង​វិស័យ​កាត់​ដេរសម្លៀក​បំពាក់ ផលិត​ស្បែក​ជើង និង​សម្ភារ​ធ្វើ​ដំណើរ និង​កាបូប​ដើម្បី​ពិ​ភា​ក្សាគ្នា​ក្នុង​ការ​សហ​ការ​រៀប​ចំការ​បើក​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ជូន​កម្មករ​និយោ​ជិត​ដែល​ត្រូវ​បាន​រោង​ចក្រ​ព្យួរ​កិច្ច​សន្យា​ការងារ​ក្នុង​អំឡុង​ពេល​វិបត្តិ​សេដ្ឋ​កិច្ច​ជា​ស​កល​។

​យោង​តាម​ក្រសួង​ការងារ​បាន​ឱ្យដឹង​ថា កិច្ចប្រជុំ​បាន​លើក​បង្ហាញ​និន្នាការ​នៃ​ការធ្លា​ក់ចុះ​ការប​ញ្ជាទិញ​ដោយសា​រ​កត្តានៃ​ការចា​ប់ផ្តើម​​វិបត្តិ​សេដ្ឋកិច្ច​សកល​ បង្ក​មកពី​បញ្ហា​សង្គ្រាម​រុស្ស៊ី អ៊ុយ​ក្រែ​ន បន្ថែម​ទៅលើ​ផល​ប៉ះពា​ល់​កន្លង​មកពី​វិបត្តិ​ជំងឺ​កូ​វីដ​១៩​ ​។

​ក្រសួង​បាន​បន្ត​ថា ​ស្ថាន​ភាព​នៃ​ការព្យួរ​កិច្ច​សន្យាកា​រងារ​បាន​ និង​កំពុង​បន្ត​កើន​ឡើង​ ហើយ​ស្ថិតក្នុង​ស្ថាន​ភាព​មួយ​មិន​ប្រា​កដ​ប្រជា ដែល​អាច​នឹង​វិល​ទៅ​ប្រក្រតី​ភាព​នៅ​ពេល​ណា​នោះ​ឡើយ។​ បន្ថែម​ពីនេះ​ការ​ចំណាយ​ផ្សេងៗ​ក៏​មិន​ទាន់​អាច​កាត់​បន្ថយ​បាន​សម្រាប់​ការ​ផលិត ​និង​ការ​នាំ​ចេញ​។

​នៅក្នុង​កិច្ច​ប្រជុំ​នោះដែ​រ តំ​ណាង​វិស័យ​ឯក​ជន ​បាន​ថ្លែង​អំណរ​គុណ​ចំពោះ​លោក​នាយក​រដ្ឋ​មន្ត្រីដែល​តែងតែ​ផ្តល់នូ​វ​ការគិត​គូ​រខ្ពស់​ជួយ​សម្រួល​ដល់​វិស័យ​ឯក​ជន​ដើម្បី​អាច​រក្សា​លំនឹង​អាជីវ​កម្ម​ផលិត​កម្ម​របស់​ខ្លួនហើយ​ជួយ​ដល់​កម្មករ​និយោជិ​ត​អាច​រក្សា​ការងារ​របស់​ខ្លួន​ និង​ប្រាក់​ចំណូល​ដោះ​ស្រាយ​ជីវ​ភាព​ក្នុង​ពេល​គ្រា​មាន​វិបត្តិ​កើត​ឡើង​​។

​បន្ទាប់ពី​ខាង​តំណាង​ភាគី​ពាក់​ព័ន្ធលើក​ឡើង​ពីបញ្ហា​ប្រឈម និង​ដំណោះស្រា​យ ​រួច​មក លោក អ៊ិត ​សំហេង បាន​ទទួល​យក​សំណូម​ពរ​ដែល​ខាង​វិស័យ​ឯក​ជន​ជួប​ប្រទះ​ដើម្បី​ពិភាក្សា​ដោះស្រាយ​​ជាមួយ​ក្រសួង ​ស្ថាប័ន​ពាក់ព័​ន្ធ​។

​លោក​បាន​ថ្លែង​ថា៖ «​យើង​សូម​សម្ដែង​ការ​អរ​គុណ​ចំពោះ​វិស័យ​ឯកជន​ ជាពិសេ​ស​ដៃគូ​សមា​គម​និយោ​ជក ដែល​បាន​ផ្តល់​កិច្ច​សហការ​យ៉ាង​ល្អ ក្នុង​អំឡុង​ពេល​អនុវត្ត​​កញ្ចប់​វិធានកា​រ​របស់​រដ្ឋាភិ​បាល១០​ជុំ​កន្លងម​ក ក្នុង​ពេល​មាន​វិបត្តិ​ជំងឺ​កូ​វីដ​១៩»​។

​ក្រសួង​ការ​ងារបាន​ឱ្យដឹង​ថាកិច្ច​ប្រជុំ​ក៏បាន​ឯកភាព​គ្នា​លើ​សេណា​រី​យោ​នៃ​ការអ​នុវត្ត​នូវ​កិច្ច​អ​ន្តរាគមន៍​ជួយ​ផ្តល់​សាច់​ប្រាក់​ដល់​ក​ម្មករ កម្ម​ការិនីដែល​ត្រូវ​ព្យួរការ​ងារចាប់ពី​ខែមេសា ​ឆ្នាំ​២០២៣​តទៅ ដោយ​អនុវត្ត​ដូចដែ​ល​ក្រសួង​បាន​ផ្តល់​ជូន​ក្នុងអំ​ឡុង​វិបត្តិ​ជំងឺ​កូ​វីដ​១៩ ដើម្បី​សម្រួល​ដល់​ជីវភា​ព​រ​ស់នៅ​របស់​ក​ម្មករ​និយោ​ជិត​។

​ក្រសួង​បញ្ជាក់ថា«​អំឡុង​​ពេល​ដែល​រោង​ចក្រ​បាន​ព្យួរ​កិច្ច​សន្យាការ​ងារ​នេះ​រាជរ​ដ្ឋាភិបា​ល​នឹងចូ​លរួម​ឧបត្ថម្ភ​ជា​ទឹកប្រាក់​ចំនួន​៤០​ដុល្លារ ​និង​ខាង​រោងច​ក្រ​ឧបត្ថ​ម្ភ​ចំនួន​៣០​ដុល្លារ​»៕