ភ្នំពេញៈ ​គណៈកម្មាធិការ​ជាតិ​រៀ​ចំការ​បោះឆ្នោត (​គ​.​ជ​.​ប )​បាន​ផ្សព្វផ្សាយ​ឈ្មោះ​ទីតាំង​ការិយាល័យ​បោះឆ្នោត​ចំនួន ២​ ម៉ឺន​កន្លែង​នៅ​ទូទាំង ២៥ រាជធានី​-​ខេត្ត ដើម្បីឱ្យ​ពលរដ្ឋ​ដែលមាន​ឈ្មោះ​នៅក្នុង​បញ្ជី​បោះឆ្នោត​អាច​ស្វែងរក​ការិយាល័យ​របស់ខ្លួន​ដែល​ត្រូវ​ទៅ​បោះឆ្នោត សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​ ២៣ ខែកក្កដា ឆ្នាំ​ ២០២៣​។​

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ​.​ជ​.​ប បាន​ថ្លែងថា ទីតាំង​ការិយាល័យ​បោះឆ្នោត ដែល​បាន​និង​កំពុង​ផ្សព្វផ្សាយ​នៅពេលនេះ មាន​ចំនួន ២៣ ៧៨៩ ការិយាល័យ​នៅ​ទូទាំងប្រទេស ដែលមាន​ការកើនឡើង ប្រមាណ ២៩ ការិយាល័យ ដោយសារតែ​ទិន្នន័យ​នៃ​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត​មានការ​កើនឡើង​ជាង ៦០ ម៉ឺន​នាក់​។​

​លោក​បាន​បន្តថា តាមច្បាប់ ក្នុង​១​ការិយាល័យ អាចដាក់​ច្រើន​បំផុត ៧៥០ នាក់ ដែល​ចំនួន​អ្នកមាន​ឈ្មោះ​នៅក្នុង​បញ្ជី​បោះឆ្នោត មានការ​កើនឡើង ចំនួន​ការិយាល័យ​ក៏​កើនឡើង​ទៅតាម​ហ្នឹង​ផងដែរ​។ ចំពោះ​ការផ្សព្វផ្សាយ​ឈ្មោះ​ទីតាំង​ការិយាល័យ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧ ធ្វើឡើង​ទៅតាម​ជំ​ហាន​នៃ​ការរៀបចំ​ការបោះឆ្នោតរ​បស់ គ​.​ជ​.​ប ។

​លោក ហង្ស ពុទ្ធា បាន​បញ្ជាក់ថា​៖ «​ក្នុងនោះ គ​.​ជ​.​ប មានការ​រៀបចំ​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​បោះឆ្នោត​ប្រចាំឆ្នាំ និង​ការពិនិត្យ​បញ្ជី ព្រមទាំង​ចុះឈ្មោះ​បោះឆ្នោត ដើម្បី​ឱ្យដឹងពី​ចំនួន​ពិតប្រាកដ​នៃ​អ្នកមាន​ឈ្មោះ​នៅក្នុង​បញ្ជី​បោះឆ្នោត រួចហើយ​ត្រូវ​បែងចែក​ទៅតាម​ការិយាល័យ​បោះឆ្នោត​នីមួយៗ​»​។​

​លោក ថ្លែងថា​៖ «​អ្វីដែល គ​.​ជ​.​ប ផ្សព្វផ្សាយ​ឈ្មោះ​ទីតាំង​ការិយាល័យ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧ នេះ ដើម្បី​ផ្តល់​ភាពងាយស្រួល​ដល់​ប្រជាពលរដ្ឋ​អាចមាន​ពេលវេលា និង​លទ្ធភាព​គ្រប់គ្រាន់​ក្នុងការ​ស្វែងរក​ការិយាល័យ​បោះឆ្នោត​របស់ខ្លួន​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ នៅ​កៀក​ថ្ងៃ​បោះឆ្នោត គ​.​ជ​.​ប ក៏​នឹង​បញ្ចេញ​នូវ​ទីតាំង​ការិយាល័យ​បោះឆ្នោត​បន្ថែមទៀត​នៅតាម App របស់​យើង និង​អាច​ស្វែងរក​ទីតាំង​តាមរយៈ​ស្មា​ត​ហ្វូ​ន​ផងដែរ​»​។

​ទាក់ទង​នឹង​ការផ្សព្វផ្សាយ​នេះ នាយក​ប្រតិបត្តិ​របស់​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត Nicfec លោក សំ គ​ន្ធា​មី ក៏បាន​ប្រាប់ឱ្យដឹង​ដែរ​ថា ការផ្សព្វផ្សាយ​ឈ្មោះ​ទីតាំង​ការិយាល័យ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧​នេះ គឺ​ដើម្បីឱ្យ​ពលរដ្ឋ​មាន​ពេលវេលា​គ្រប់គ្រាន់​ក្នុងការ​ស្វែងរក​ទីតាំង​សម្រាប់​ការបោះឆ្នោត ព្រោះ​តាម​ទិន្នន័យ​បញ្ជី​បោះឆ្នោត​របស់ គ​.​ជ​.​ប គឺមាន​ការកើនឡើង​។​ដូច្នេះ ឈ្មោះ​ប្រជាពលរដ្ឋ​មួយចំនួន​អាច​នឹងមាន​ការប្រែប្រួល​ទៅតាម​ការិយាល័យ​។

​លោក​លើកឡើងថា​៖«​ការផ្សព្វផ្សាយ​នេះ គឺមាន​ភាព​ងាយ​ស្រួល​សម្រាប់​ប្រជាពលរដ្ឋ​ដែល​ជាប់រវល់ ក្នុង​ការឱ្យ​ពួកគាត់​មានឱកាស​គ្រប់គ្រាន់​ដើម្បី​ស្វែងរក​ទីតាំង​ការិយាល័យ​បោះឆ្នោត​និង​សម្គាល់​វា​ឱ្យ​ហើយ ងាយស្រួល​ក្នុងពេល​ថ្ងៃ​ទៅ​បោះឆ្នោត កុំឱ្យ​មានការ​ពិបាក​»៕