ភ្នំពេញៈ ក្រសួង​មុខងារ​សាធារណៈ ​ប្រកាស​ដាក់ឱ្យ​ប្រើប្រាស់​ជាផ្លូវការ​នូវ​កម្មវិធី​ Mobile App ​របស់​ក្រសួង ​ដើម្បី​អនុញ្ញាតឱ្យ​មន្ត្រី​រាជការ​ស៊ីវិល​ទាំងអស់​អាច​ប្រើប្រាស់​ជាមធ្យោបាយ ​សម្រាប់​ត្រួតពិនិត្យ​ផ្ទៀងផ្ទាត់​ព័ត៌មាន​ផ្ទាល់ខ្លួន ​រួមទាំង​មុខតំណែង ​និង​ប្រាក់​បៀវត្សរ៍ ​ហើយ​ការធ្វើ​ទំនើបកម្ម​នេះ ​ក៏​ដើម្បី​ឱ្យ​មាន​ប្រសិទ្ធភាព​ក្នុង​ការគ្រប់គ្រង​មន្ត្រីរាជការ​ស៊ីវិល​ផងដែរ។

សេចក្តី​ជូនដំណឹង​របស់​ក្រសួង​មុខងារ​សាធារណៈ ​ចុះ​ថ្ងៃទី​៧ ​ខែមីនា ​ឱ្យដឹងថា ​បន្ទាប់ពី​បានបោះពុម្ព ​និង​ដាក់​ឱ្យ​ប្រើ​ប្រាស់​ជាផ្លូវការ​នូវ​អត្តសញ្ញាណប័ណ្ណ​មន្ត្រីរាជការ​ស៊ីវិល​ប្រភេទ​ថ្មី ​ក្រសួង​មុខងារ​សាធារណៈ ​បានរៀបចំ​ និង​ដាក់ឱ្យ​ដំណើរការ​នូវ​កម្មវិធី​ Mobile App ​របស់​ក្រសួង​មុខងារ​សាធារណៈ ​ដែល​មាន​ឈ្មោះ​ថា ​MCS Mobile។

សេចក្តី​ជូនដំណឹង​បញ្ជាក់ថា​៖«កម្មវិធី​នេះ​ អនុញ្ញាត​ឱ្យ​មន្ត្រីរាជការ ​អាច​ប្រើប្រាស់​ជាមធ្យោបាយ​ សម្រាប់​ត្រួតពិនិត្យ​ ផ្ទៀង​ផ្ទាត់​ព័ត៌មាន​ផ្ទាល់​ខ្លួនបាន ​រួមមាន ​ព័ត៌មាន​ទាក់ទង​នឹង​ប្រវត្តិរូប ​ប្រវត្តិការងារ​ មុខតំណែង ​ប្រភេទ​ក្របខ័ណ្ឌ ​ឋានន្តរស័ក្តិ​និង​ថ្នាក់​ប្រាក់បៀវត្សរ៍ ​រួមទាំង​ទិន្នន័យ ​និង​ព័ត៌មាន​សំខាន់​ដទៃ​ទៀត»។

តាម​រយៈ​កម្មវិធី ​MCS Mobile ​នេះ ​មន្ត្រីរាជការ​ក៏​អាច​ទទួលបាន​ទាន់​ពេលវេលា​រាល់​ព័ត៌មាន​ពី​ក្រសួង​មុខងារ​សាធារណៈ​ផង​ដែរ។ ដើម្បី​ប្រើប្រាស់​កម្មវិធី ​MCS Mobile ​មន្ត្រីរាជការ​ស៊ីវិល​នៃ​ក្រសួង-​ស្ថាប័ន​ថ្នាក់ជាតិ ​និង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ទាំង​អស់​អាច​ទាញយក​(Download) ​ពី​ App Store ​សម្រាប់​ប្រព័ន្ធ​iOS ​ឬ​ពី​ Play Store ​សម្រាប់​ប្រព័ន្ធ​ Android។

ប្រធាន​មជ្ឈមណ្ឌល​បណ្តុះ​បណ្តាល​បច្ចេកវិទ្យា​ព័ត៌មាន ​និង​គមនាគមន៍ ​នៃ​អគ្គនាយកដ្ឋាន​ផែនការ​ស្ថិតិ ​និង​គ្រប់គ្រង​មន្រ្តី​រាជការ​ស៊ីវិល​តាម​ប្រព័ន្ធ​ព័ត៌មានវិទ្យា ​នៃ​ក្រសួង​មុខងារ​សាធារណៈ ​លោក​ងន់ ម័រ ​បញ្ជាក់ថា ​ការធ្វើ​ទំនើបកម្ម​នេះ​ដើម្បី​ឱ្យ​មាន​ប្រសិទ្ធភាព​ក្នុង​ការគ្រប់គ្រង​មន្រ្តីរាជការ​ស៊ីវិល ​ជាពិសេស​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ឌីជីថល ​ដើម្បី​ដើរ​ឱ្យទាន់​ជាមួយ​គោល​នយោបាយ​សេដ្ឋកិច្ច ​និង​រដ្ឋាភិបាល​ឌីជីថល​នៅ​កម្ពុជា។

លោក​ថ្លែងថា​៖«ការដាក់​ឱ្យ​ប្រើប្រាស់​App​នេះ ​សម្រាប់​ផ្តល់​មធ្យោបាយ​បន្ថែម​ទៀត​ដល់​មន្រ្តីរាជការ​ស៊ីវិល​ក្នុង​ការផ្ទៀង​ផ្ទាត់​ផ្សេងៗ ​ព្រោះ​កន្លងមក​ យើង​អាច​មើល​ឃើញថា ​នៅតាម​អង្គភាព​នីមួយៗ ​គាត់​[មន្ត្រីរាជការ]​ តែង​សួរ​ទៅ​ខាង​ការិយាល័យ​បុគ្គលិក ​ឬ​នាយកដ្ឋាន​បុគ្គលិក ​ដើម្បី​សួរនាំ​ព័ត៌មាន​ទាក់ទង​ការងារ​មន្រ្តីរាជការ​ស៊ីវិល។ ប៉ុន្តែ​ឥឡូវ​នេះ​ យើង​បន្ថែម​មុខងារ​នេះ​ទៀត ​ដើម្បី​ធ្វើទំនើបកម្ម​ឱ្យមាន​ប្រសិទ្ធភាព​ក្នុង​ការគ្រប់គ្រង​មន្រ្តីរាជការ​ស៊ីវិល»។

បើ​តាម​លោក​ងន់ ម័រ ​គិត​ត្រឹម​ខែមីនា ​ឆ្នាំ២០២៣ ​មន្រ្តីរាជការ​ស៊ីវិល​កំពុង​បម្រើការ​នៅតាម​ស្ថាប័ន ​និង​ក្រសួងនានា​មាន​ជាង​២០ម៉ឺន​នាក់។

មន្រ្តី​ការិយាល័យ​នីតិកម្ម​សម្របសម្រួល​វិវាទ​មូលដ្ឋាន​នៅ​សាលាខណ្ឌ​ជ្រោយចង្វារ ​ដែល​មាន​បរិញ្ញាបត្រ​នីតិសាស្រ្ត​ថ្លែ​ក្នុង​លក្ខ​ខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ថា ​ការធ្វើ​ទំនើបកម្ម​របស់​ក្រសួង​មុខងារ​សាធារណៈ​នាពេល​ចុងក្រោយ​នេះ ​ពិតជា​មាន​សារៈ​សំ​ខាន់ ​និង​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​មន្រ្តីរាជការ​ក្នុង​ប្រើប្រាស់​ជាមធ្យាបាយ​ផ្សេងៗ ​និង​ផ្ទៀងផ្ទាត់​ប្រាក់​បៀវត្សរ៍​ផង​ដែរ។

មន្រ្តី​រូបនេះ​ថ្លែងថា​៖«ការធ្វើ​ទំនើបកម្ម​នេះ​ល្អ ​សព្វថ្ងៃ​នេះ ​កាត​មន្រ្តី​ត្រូវមាន ​QR code ​គ្រាន់តែ​ស្កេន​ចេញ​ប្រវត្តិរូប​មក ​ស័ក្តិ​ប៉ុន្មាន ​ក្របខ័ណ្ឌ​ណា ​គឺ​បង្ហាញ​មក​តែម្តង ​វា​ងាយ​ស្រួល​ក្នុង​ការគ្រប់គ្រង​មន្រ្តី ​ណាមួយ​គេ​ចង់​បំបាត់​មន្រ្តី​ក្លែង​ក្លាយ​ផង»។

រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ ​លោក​ព្រុំ សុខា ​កាលពី​ថ្ងៃទី២៨ ​ខែធ្នូ ​ឆ្នាំ២០២២ ​បានរៀបចំ​ពិធីប្រកាស​ដាក់ឱ្យ​ដំណើរ​ការ​ជាផ្លូវការ​នូវ​អត្តសញ្ញាណប័ណ្ណ​មន្ត្រីរាជការ​ស៊ីវិល​ប្រភេទ​ថ្មី។ លោក​ថ្លែងថា ​បណ្ណ​ថ្មី​នេះ​នឹង​ត្រូវ​ប្រើប្រាស់​ជាបណ្ណ​សម្គាល់​ខ្លួន​ផង ​ជាបណ្ណ​អេ​ធី​អឹម ​សម្រាប់​ដក​ប្រាក់​បៀវត្ស​រ៍ពី​ធនាគារ​ផង ​ហើយ​នឹង​អាច​ប្រើប្រាស់​ជាមធ្យោបាយ​ចាំបាច់​ផ្សេង​ទៀត។

លោក​បន្ថែមថា​ ជាមួយ​គ្នា​នោះ ​អត្តសញ្ញាណប័ណ្ណ​ប្រភេទ​ថ្មីនេះ ​អាច​ដក​ប្រាក់​នៅ​ធនាគារ​ចំនួន៣​ ដែល​ជាដៃគូ​សហការ​ជាមួយ​ក្រសួង​មុខងារ​សាធារណៈ ​រួមមាន ​ធនាគារ​អេស៊ីលីដា ​ធនាគារ​កាណាឌីយ៉ា ​និង​ធនាគារ​វីង​ជាដើម៕