
វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដឹកមកពីប្រទេសចិន កាលពីខែមីនា ឆ្នាំ២០២២។ ហេង ជីវ័ន
ភ្នំពេញៈ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងនារសៀលថ្ងៃទី ៧ ខែមីនាថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្ទេរវ៉ាក់សាំងកូវីដ ១៩ ចំនួន ១៥ លានដូស ទៅដល់សាធារណរដ្ឋប្រជាមានិតចិនវិញ ដែលវ៉ាក់សាំងនេះមិនទាន់ដឹកមកដល់កម្ពុជានៅឡើយទេ ដើម្បីឱ្យចិនផ្តល់ជូនទៅប្រទេសផ្សេងៗទៀត។
លោក ហ៊ុន សែន បានលើកឡើងដូចនេះ ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅ ការងារឆ្នាំថ្មីរបស់ក្រសួងសុខាភិបាល ដែលរៀបចំធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ ដោយលោកបានបញ្ជាក់ប្រាប់ថា លោកបានសម្រេចតាមសំណើរបស់លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ក្នុងការបញ្ជូនវ៉ាក់សាំងកូវីដ ១៩ ទៅខាងប្រទេសចិនវិញ។
លោកមានប្រសាសន៍ថា ៖ «ខ្ញុំបានសម្រេចផ្ទេរជូនទៅមិត្តចិនវិញនូវវ៉ាក់សាំងចំនួន១៥លានដូសដែលមិនទាន់បានដឹកមកកាន់កម្ពុជា ដោយសារសព្វថ្ងៃយើងនៅមានក្នុងស្តុកចំនួនប្រមាណជា៦លានដូស ហើយមនុស្សចាក់របស់យើងក៏កាន់តែថយទៅ។ បើសិនជាយើងបន្តទុក១៥លានដូសនោះទៀតក៏លំបាក ដូចនេះយើងសម្រេចផ្ទេរទៅឱ្យមិត្តចិនដើម្បីមិត្តចិនអាចចែករំលែកទៅកាន់ប្រទេសនានាដែលគេកំពុងតែមានការខ្វះខាត»។
លោកនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ៖ «យើងមិនអាចរក្សាទុកនូវវ៉ាក់សាំងនោះដែលនឹងអស់សុពលភាព មិនយូរប៉ុន្មាននោះទេ។ ដូច្នេះខ្ញុំបានអនុម័តរួចហើយ បន្ទាប់ពីត្រឡប់មកពីកម្មវិធីទិវានារីព្រឹកមិញនេះ»។
នាឱកាសនោះដែរ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានផ្ដល់នូវទស្សនទានមួយចំនួនផងដែរ ដើម្បីរួមចំណែក ក្នុងការលើកកម្ពស់វិស័យសុខាភិបាល និងគុណភាពនៃការផ្តល់សេវាសុខាភិបាលនៅកម្ពុជា ផងដែរ។
លោកបានថ្លែងថា ជំងឺកូវីដ១៩ក្នុងពេលបច្ចុប្បន្ន និងជំងឺឆ្លងផ្សេងទៀតដែលកើតឡើងជាយថាហេតុ និងព្រឹត្តិការណ៍គ្រោះអាសន្នសុខភាពសាធារណៈ ដូចជាភាពសុំានៃមេរោគ និងឱសថ រួមនឹងជំងឺឆ្លងពីសត្វមកមនុស្ស ហានិភ័យសាធារណៈបន្ទាប់ពីការប្រែប្រួលអាកាសធាតុ គ្រោះមហន្តរាយដូចជាគ្រោះទឹកជំនន់ និងភាពរាំងស្ងួតជាដើមដែលទាំងនេះនៅតែគំរាមដល់សុខភាពសាធារណៈ។
លោកបានថ្លែងថា ៖ «ក្នុងបរិការនេះ ក្រសួងសុខាភិបាល និងសមត្ថកិច្ចពាក់ព័ន្ធត្រូវបន្តពង្រឹងប្រព័ន្ធសុខភាព ឱ្យមានសមត្ថភាពគ្រប់គ្រាន់ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីឆ្លើយតបទាន់ពេលវេលា និងមានប្រសិទ្ធភាព ក្នុងការអង្កេតតាមដាន ស្រាវជ្រាវរកករណី និងវាយតម្លៃស្ថានការណ៍ ព្រមទាំងលើកកម្ពស់សមត្ថភាព ក្នុងការទប់ស្កាត់កាត់បន្ថយហានិភ័យ និងស្តារឡើងវិញក្រោយវិបត្តិនៃការរាតត្បាតនៃជំងឺឆ្លង ឬគ្រោះអាសន្ននៃសុខភាពសាធារណៈ»។
ការកែលម្អគុណភាពសេវាសុខាភិបាលក៏ត្រូវបានលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន លើកឡើងផងដែរ ដោយលោកថា កែលម្អនេះត្រូវធ្វើឡើងជាប្រចាំ សំដៅលើកកម្ពស់គុណភាពសេវា ថែទាំសុខភាព និងសេវាពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្លើយតបនឹងការរំពឹងទុករបស់អ្នកជំងឺ ឬអតិថិជន និងដើម្បីបង្កើនជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ មកលើប្រព័ន្ធសុខាភិបាលសាធារណៈ ក្នុងនោះ ចាំបាច់ត្រូវពង្រឹងប្រសិទ្ធភាពនៃយន្តការតាមដាន និង វាយតម្លៃគុណភាពសេវា ដែលកំពុងអនុវត្តក្នុងពេលបច្ចុប្បន្ន៕