
លោកឌិត ទីណា ថ្លែងទៅកាន់មន្ត្រីរដ្ឋបាលព្រៃឈើ នៅក្នុងពិធីបើកកិច្ចប្រជុំបូកសរុបការងារព្រៃឈើឆ្នាំ២០២២ និងលើកទិសដៅឆ្នាំ២០២៣ នៅថ្ងៃទី៧មីនា។ រូបថត ក្រសួងកសិកម្ម
ភ្នំពេញៈ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជំរុញលើកទឹកចិត្ត ដល់មន្ត្រីក្រោមឱវាទ បន្តកិច្ចខិតខំប្រឹងប្រែងក្នុងការបំពេញបេសកកម្មការងារឱ្យបានល្អប្រសើរថែមទៀត ដោយត្រូវប្រកាន់ខ្ជាប់នូវស្មារតីទទួលខុសត្រូវខ្ពស់ ជាពិសេត្រូវធ្វើការងារប្រកបដោយសតិសម្បជញ្ញៈ ដោយត្រូវតិ្រះរិះពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយ ទាំងទិដ្ឋភាពបច្ចេកទេស និងនយោបាយ។
ការលើកឡើងរបស់លោករដ្ឋមន្ត្រី បានធ្វើឡើងកាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ នៅក្នុងពិធីបើកកិច្ចប្រជុំបូកសរុបការងារព្រៃឈើឆ្នាំ២០២២ និងលើកទិសដៅឆ្នាំ២០២៣ នៅឯមជ្ឈមណ្ឌលបណ្តុះបណ្តាលវិស័យព្រៃឈើ និងសត្វព្រៃ។
កិច្ចប្រជុំនេះមានរយៈពេល២ថ្ងៃ ដោយចាប់ផ្ដើមពីថ្ងៃទី៦ ដល់ថ្ងៃទី៧ មីនា។ នេះបើយោងតាមការផ្សព្វផ្សាយរបស់រដ្ឋបាលព្រៃឈើ។
នៅក្នុងពិធីនោះ លោកបានសម្ដែងការកោតសរសើរដ៏ខ្ពង់ខ្ពស់ ដល់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់នៃរដ្ឋបាលព្រៃឈើ ដែលបានខិតខំបំពេញការងារយ៉ាងសស្រាក់សស្រាំកាលពីឆ្នាំ២០២២កន្លងទៅ។
ជាមួយគ្នានេះ លោកបានលើកទឹកចិត្តឱ្យមានកិច្ចពិភាក្សាផ្លាស់ប្តូរយោបល់គ្នាឱ្យបានស៊ីជម្រៅ ទៅលើប្រធានបទសំខាន់ៗនៃកិច្ចប្រជុំនេះ ដើម្បីត្រួតពិនិត្យឡើងវិញពីរបៀបរបបធ្វើការប្រកបដោយសម្បជញ្ញៈ មនសិការវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់ តាមរយៈការប្រមូលទិន្នន័យច្បាស់លាស់ ការដាក់ចេញផែនការជាក់លាក់ ដោយគិតគូរទាំងទិដ្ឋភាពបច្ចេកទេស និងនយោបាយ។
លោកមានប្រសាសន៍ថា៖«យើងត្រូវបើកសករាជថ្មីនៃការបង្កើតទម្លាប់ធ្វើការងារដោយមានទំនួលខុសត្រូវខ្ពស់ប្រកបដោយមនសិការវិជ្ជាជីវៈ និងត្រូវចេះតិ្រះរិះពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយ ទាំងទិដ្ឋភាពបច្ចេកទេស និងនយោបាយ»។
ជាទិដ្ឋភាពរួមនៃសកម្មភាពការងារ ដែលរដ្ឋបាលព្រៃឈើបានអនុវត្តកន្លងមក គឺបានឆ្លុះបញ្ចាំងពីប្រសិទ្ធិភាពការងារយ៉ាងម៉ឺងម៉ាត់របស់មន្ត្រីរដ្ឋបាលព្រៃឈើ គ្រប់លំដាប់ថ្នាក់ ក្នុងការអនុវត្តគោលនយោបាយកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ដោយបានដាក់ចេញនូវបទបញ្ជាសំខាន់៣រួមមាន ការគ្រប់គ្រងធនធានព្រៃឈើ ព្រៃបម្រុងទុក សម្រាប់ការប្រើប្រាស់ក្នុងស្រុក ការត្រួតពិនិត្យ និងគ្រប់គ្រងការធ្វើអាជីវកម្មព្រៃឈើ។
ការពារធនធានធម្មជាតិ ជីវចម្រុះ និងប្រភេទឈើជិតផុតពូជ និងលើកកម្ពស់ការគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ព្រៃឈើដោយឆន្ទៈម្ចាស់ការ និងតម្លាភាព។ នេះបើយោងតាម របាយការណ៍សង្ខេបរបស់លោក កែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកប្រធានរដ្ឋបាលព្រៃឈើ ។
លោកបានបន្តថា ជាលទ្ធផលនៃកិច្ចប្រជុំពិភាក្សាក្នុងរយៈពេល២ថ្ងៃនេះ ក្រុមការងាររដ្ឋបាលព្រៃឈើ បានប្ដេជ្ញាថា នឹងបន្តពង្រឹងការអនុវត្តច្បាប់ស្តីពីព្រៃឈើ ដោយបន្តពង្រឹងការចុះល្បាតស្រាវជ្រាវ ទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើឱ្យមានប្រសិទ្ធភាព ៕