
នាយនាវីកងទ័ពជើងទឹកកម្ពុជា ទទួលស្វាគមន៍នាយនាវិកកងទ័ពជើងទឹកកម្ពុជា កាលពីថ្ងៃទី៦មីនា។ រូបថត កងទ័ពជើងទឹកកម្ពុជា
ព្រះសីហនុៈ នាវាឆ្មាំសមុទ្រឥណ្ឌា ICGS SAMUDRA PAHREDAR បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងដំណើរទស្សនកិច្ចរយៈពេល ៦ ថ្ងៃ ពីថ្ងៃទី ៦ ដល់ថ្ងៃទី ១១ ខែមីនា ដើម្បីប្រតិបត្តិការរួមក្នុងកិច្ចការសម្អាតបរិស្ថានតំបន់ឆ្នេរ និងមានលំហាត់ល្បាតរួមខ្នាតតូចជាមួយកងទ័ពជើងទឹកកម្ពុជា។
មន្ត្រីជាន់ខ្ពស់យោធាកម្ពុជាចាត់ទុកដំណើរទស្សកិច្ចនេះ ជាផ្នែកនៃការរឹតចំណងមិត្តភាពនិងសហប្រតិបត្តិការរវាងកម្ពុជា និងឥណ្ឌា។
នៅថ្ងៃទី៦ ខែមីនា កងទ័ពជើងទឹកឥណ្ឌា និងនាវាឆ្មាំសមុទ្រ១គ្រឿង ឈ្មោះ ICGS SAMUDRA PAHREDAR ដែលដឹកនាំដោយលោក PRAMOD POKHRIYAL វរនាវីឯក បានចូលសំចតនៅកំពង់ផែអន្តរជាតិស្វយ័តក្រុងព្រះសីហនុ ក្នុងដំណើរទស្សនកិច្ចរយៈពេល ៦ថ្ងៃនៅកម្ពុជា ចាប់ពីថ្ងៃទី៦ ខែមីនា ដល់ថ្ងៃទី១១ ខែមីនា។
យោងតាមការឱ្យដឹងពីលេខាធិការដ្ឋានមូលដ្ឋានសមុទ្រ ដំណើរទស្សនកិច្ចនៃនាវាឆ្មាំសមុទ្រ និងកងទ័ពជើងទឹកឥណ្ឌានៅកម្ពុជានេះ ក្នុងគោលដៅដើម្បីធ្វើប្រតិបត្តិការរួមក្នុងការសម្អាតបរិស្ថានឆ្នេរ ដោយសហការជាមួយយុវជនក្នុងស្រុក។ ក្រៅពីនេះ ក៏មានការធ្វើលំហាត់ល្បាតរូមគ្នាខ្នាតតូច(PASSEX) រវាងកងនាវាឥណ្ឌាជាមួយកងទ័ពជើងទឹកកម្ពុជា។
ជាមួយគ្នានេះ នៅថ្ងៃដដែល លោក អ៊ិន សុខេមរា នាយរងសេនាធិការទទួលទំនាក់ទំនងកិច្ចសហប្រតិបត្តិការអន្តរជាតិ មូលដ្ឋានសមុទ្រ រួមជាមួយនាយនាវីកងទ័ពជើងទឹក កងកម្លាំងសមត្ថកិច្ច កំពង់ផែអន្តរជាតិ ក្រុងព្រះសីហនុ ក៏បានទៅទទួលស្វាគមន៍ការអញ្ជើញមកដល់នូវវត្តមានកងទ័ពជើងទឹកឥណ្ឌានេះដែរ។
លោក អ៊ិន សុខេមរា លើកឡើងដូច្នេះថា៖ «ក្នុងដំណើរទស្សនកិច្ចរបស់នាវាកងទ័ព ជើងទឹកឥណ្ឌា នៅពេលនេះ ក្នុងនាមលោកតំណាងឱ្យមេបញ្ជាការកងទ័ពជើងទឹក មូលដ្ឋានសមុទ្រ សូមស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងល្អ រវាងកងទ័ពជើងទឹកឥណ្ឌា ជាពិសេសការទំនាក់ទំនងអន្តរជាតិ រឹតចំណងសាមគ្គីភាព ឱ្យកាន់តែល្អ ប្រសើរ និងសូមឱ្យដំណើរទស្សនកិច្ច របស់កងនាវាកងទ័ពជើងទឹកឥណ្ឌា នៅកម្ពុជាទទួលបានសុខសុវត្ថិភាព និងកិច្ចសហការល្អ រវាងកងទ័ពទាំង២»។
តាមការបញ្ជាក់ពី វរនាវីឯក PRAMOD POKHRIYAL បានឱ្យដឹងថា ដំណើរទស្សកិច្ចរបស់នាវាឆ្មាំសមុទ្រ ICGS SAMUDRA PAHREDAR នៅកម្ពុជាលើកនេះ មានគោលដៅ ៣យ៉ាង ដែលទី១ ជាការឆ្លើយតបទៅនឹងសកម្មភាពបំពុល និងសម្អាតបរិស្ថាន។
គោលដៅទី២ ដើម្បីចូលរួមជាមួយនគរបាលការពារព្រំដែនទឹកកម្ពុជា និងទី៣ បង្កើនសកម្មភាពចូលរួមរបស់នាយទាហានឥណ្ឌា ក្នុងប្រតិបត្តិការសម្អាតឆ្នេរ ជាមួយយុវជនក្នុងស្រុក និងមានលំហាត់ល្បាតខ្នាតតូចរួមមួយ ជាមួយកងទ័ពជើងទឹកកម្ពុជា។
ជុំវិញបញ្ហានេះ លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាយល់ថា ការចូលសំចតនៃនាវាជើងទឹកឥណ្ឌា រួមនឹងដំណើរទស្សនកិច្ចរបស់កងទ័ពជើងទឹកឥណ្ឌា ជាការបង្ហាញពីកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំង២។
លោកថា មួយរយៈចុងក្រោយនេះ កម្ពុជាតែងមានសកម្មភាពសហប្រតិបត្តិការយោធាច្រើនជាមួយបណ្តាប្រទេសនានា ដែលជាសញ្ញាវិជ្ជមាន ដើម្បីបង្ហាញទៅកាន់សហគមន៍អន្តរជាតិ ជុំវិញការលើកឡើងថា កម្ពុជាមានតែកិច្ចសហប្រតិបត្តិការនឹងចិន។
សម្រាប់លោកសេង វណ្ណលី សាស្ត្រាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិ និងជាអ្នកតាមដានភូមិសាស្រ្តនយោបាយ ក៏បានលើកឡើងដែរថា ដំណើរទស្សនកិច្ចរបស់នាវាឆ្មាំសមុទ្រឥណ្ឌានេះ ធ្វើឡើងក្រោយមានកិច្ចព្រមព្រៀងនិងសហប្រតិបត្តិការយោធា រវាងកម្ពុជា និងឥណ្ឌា កាលពីប៉ុន្មានសប្តាហ៍កន្លងទៅ ដែលជាលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកឧត្តមសេនីយ៍ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ។
លោកបានបន្តថា ការចូលសំចតរបស់នាវាឥណ្ឌានេះ ជាការបង្ហាញពីឥទ្ធិពលរបស់ឥណ្ឌាសម្រាប់ប្រទេសនៅក្នុងតំបន់។ ចំណែកសម្រាប់កម្ពុជាវិញ ជាការបង្ហាញពីការធ្វើពិពិធកម្មផ្នែកការទូត ជាអំណះអំណាងសម្រាប់សហគមន៍អន្តរជាតិថា កម្ពុជាមិនមែនសហការតែជាមួយចិននោះទេ។
លោកសេង វណ្ណលី បានបញ្ជាក់ថា៖ «នេះជាការជោគជ័យមួយរបស់កម្ពុជា ក្នុងការធ្វើពិពិធកម្មទំនាក់ទំនងយោធាជាមួយបណ្តាប្រទេសមហាអំណាចក្នុងតំបន់ និងក្រៅតំបន់ ដើម្បីបង្ហាញទៅកាន់លោកសេរី ថា កម្ពុជាមិនមែនផ្តោតសំខាន់តែទៅលើទំនាក់ទំនងជាមួយចិននោះទេ ដែលកម្ពុជាមិនមែនកូនអុករបស់ចិនឡើយ»។
សូមជម្រាបផងដែរថា នាវាឆ្មាំសមុទ្រឈ្មោះ ICGS SAMUDRA PAHEREDAR (202) របស់ឥណ្ឌានេះ មានបណ្តោយសរុប ៩០,១០ ម៉ែត្រ ទទឹង ១៥,៥ ម៉ែត្រ ចរក្នុងជម្រៅទឹក ៤,៥ ម៉ែត្រ ដែលអាចផ្ទុកទម្ងន់បាន ៣ ១៧៨ តោន ដោយមាននាវិកប្រចាំការចំនួន ១១៤ នាក់៕