​ភ្នំពេញៈ សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ មានបន្ទូលថា សុខសន្តិភាព ពិតជា​មាន​សារៈ​​សំខាន់​ណាស់ ដែល​ធ្វើឱ្យ​ប្រជារាស្ត្រ​បានរស់នៅ​ជាមួយ​ភាពសុខដុមរមនា គ្រប់​ជាតិ​សាសន៍ គ្មាន​ការរើសអើង និង​ទទួលបាន​សិទ្ធិ​ពេញលេញ ក្នុង​ការគោរព​ប្រតិបត្តិ​ជំនឿ សាសនា និង​ទំនៀមទម្លាប់​ប្រពៃណី​ដោយ​សេរី និង​ទទួលបាន​នូវ​កិច្ច​គាំពារ​សង្គម​ដ៏​ទូលំទូលាយ និង​ស្មើភាព​គ្នា​។​

​សម្តេចព្រះ​មហាក្សត្រី​មាន​ព្រះ​បន្ទូល​ដូចនេះ​តាមរយៈ​រាជសារ​អបអរ​សាទរ ខួប​លើក​ទី​១១២ ទិវា​អន្តរជាតិ នារី ៨ មីនា ឆ្នាំ ​២០២៣ ដោយ​ព្រះ​​មហាក្សត្រី​បាន​កោតសរសើរ និង​គាំទ្រ​ការ​លើកយក​ប្រធានបទ ​«​ស្ត្រី​រួមគ្នារក្សាសុខ​សន្តិភាព ដើម្បី​កិច្ចអភិវឌ្ឍន៍​ក្នុង​យុគសម័យ​ឌីជីថល​» នេះ​ពិត​ជាមាន​សារៈសំខាន់ ដែលជា​ប្រធានបទ​ឆ្លើយតប​នឹង​បរិបទ​បច្ចុប្បន្ន​ក្នុង​គោល​​បំណង​បន្ត​រំលេច​ពី​តម្លៃ​ការចូលរួម​របស់​ស្ត្រី​ដែល​មិនអាច​កាត់​​ថ្លៃ​បាន​។ ព្រះមហាក្សត្រី​មានបន្ទូលថា​៖ «​ក្រោម​ម្លប់​នៃ​សន្តិ​​ភាព​ និង​កិច្ចអភិវឌ្ឍន៍ ខ្ញុំម្ចាស់ ខ្ញុំព្រះករុណាខ្ញុំ បានកត់សម្គាល់​ឃើញថា ស្ត្រី​កម្ពុជា ជា​កម្លាំង​​ចលករ ដែល​បានរួម​ចំណែក​នៃ​កំណើនសេដ្ឋកិច្ច​កន្លងមក​ហើយ​បច្ចុប្បន្ន​ស្ត្រី​មាន​កាលានុវត្តភាព​ក្នុងការ​អនុវត្ត​សិទ្ធិ អភិវឌ្ឍ​ចំណេះដឹង ជំនាញ និង​បច្ចេកទេស ដែលជា​មូលដ្ឋានគ្រឹះ ក្នុង​ការចូលរួម​ប្រកួតប្រជែង ប្រកបដោយ​សក្តា​​នុព​ល​ក្នុង​ទីផ្សារ​សេដ្ឋកិច្ច​ថ្នាក់​​ជាតិ និង​នៅក្នុង​តំបន់​»​។​

​ព្រះមហាក្សត្រី​បន្តថា ស្ថាន​​ភាព ឋានៈ និង​តួនាទី​របស់​ស្ត្រី​កម្ពុជា ក៏​ត្រូវបាន​លើកកម្ពស់​ជា​បន្តបន្ទាប់ រួមទាំង​នៅក្នុង​ក្របខ័ណ្ឌ​អភិបាលកិច្ច កិច្ច​គាំពារ​សង្គម ការស្ដារ​សេដ្ឋកិច្ច​-​សង្គម​ពី​វិបត្តិ​កូ​រីដ ​១៩ និង​កិច្ចការ​នៅលើ​ឆាក​អន្តរជាតិ​។ ការចូលរួម​របស់​ស្ត្រី​នៅ​គ្រប់​កម្រិត គឺជា​គុណ​តម្លៃ ដើម្បី​ធានាថា ប្រជាជន​គ្រប់រូប​មាន​សិទ្ធិ និង​ឱកាស​ពេញលេញ​ក្នុងការ​ទទួលបាន​ជម្រើស ភាព​​ជា​តំណាង និង​ចូលរួម​ប្រកប​​ដោយ​សក្តានុពល ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គមជាតិ ដែល​បាននិងកំពុង​វិ​វត្ត​ទៅជា​សេដ្ឋ​​កិច្ច និង​សង្គម​ឌីជីថល ប្រកប​ដោយ​ចីរភាព និង​បរិ​យា​ប័ន្ន​។

​ព្រះអង្គ​មានបន្ទូល​ទៀតថា៖ «​ការបន្ត​រក្សាបាន​នូវ​សុខសន្តិភាព នៅតែ​ជា​អាទិភាព​ចម្បង​ទី​១ និង​មានតម្លៃ​មិនអាច​កាត់ថ្លៃ​បាន​​សម្រាប់​ពលរដ្ឋ​កម្ពុជា​គ្រប់រូប​។ កម្ពុជាថែរក្សា​បាន​យ៉ាង​ហ្មត់ចត់ នូវ​សុខសន្តិភាព ស្ថិរភាព​ន​យោ​​បាយ លទ្ធិប្រជាធិបតេយ្យ និង​សម្រេចបាន​សមិទ្ធផល​ថ្មីៗ​ប្រកបដោយ​មោទនភាព ទោះបី​យើង​ត្រូវ​ជួបប្រទះ​បញ្ហា​ប្រឈម​យ៉ាង​​ច្រើន ពិសេស​ការឆ្លង​ជំងឺ​កូ​វីដ​ ១៩ និង​សង្គ្រាម​អ៊ុយ​ក្រែ​ន​-​រុស្ស៊ី​ក្តី​»​។

​ព្រះមហាក្សត្រី​ក៏បាន​កោត​​សរសើរ និង​គាំទ្រ​ក្រសួង​កិច្ចការ​​នារី គណៈកម្មាធិការ​ជាតិ​លើក​​កម្ពស់​សីលធម៌​សង្គម តម្លៃ​ស្ត្រី គ្រួសារ​ខ្មែរ និង​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី ដែល​បាន​និង​​កំពុង​ខិតខំ​ប្រឹងប្រែង​អនុវត្ត​ភារ​​កិច្ច​ដ៏​ថ្លៃថ្លា ដើម្បី​ស្ត្រី​បានទទួល​នូវ​កិច្ចការពារ​សិទ្ធិ និង​ផល​​ប្រយោជន៍ ព្រមទាំង​រក្សាបាន​នូវ​តម្លៃ និង​ភាពថ្លៃថ្នូរ​ផងដែរ​។​

​ព្រះមហាក្សត្រី​មាន​ព្រះបន្ទូល​ថា​៖ «​ជាមួយគ្នានេះ ខ្ញុំ​សូម​​អំពាវនាវ​និង​លើកទឹកចិត្ត​ឱ្យ​រាជ​រដ្ឋាភិបាល និង​ដៃគូ​ពាក់ព័ន្ធ​​បន្ត​អនុវត្ត​ការងារ​នេះ និង​បន្ត​យកចិត្តទុកដាក់ ព្រមទាំង​បង្ក​​ឱកាស​ឱ្យ​ស្ត្រី និង​ក្មេងស្រី បាន​ចូលរួម និង​ទទួលបាន​នូវ​អត្ថ​ប្រ​យោជន៍​ក្នុង​យុគសម័យ​ឌីជីថល ដើម្បី​វិបុលភាព និង​សេចក្តីសុខ​​ចម្រើន របស់​ជនរួមជាតិ​យើង​»​។​

​ដើម្បី​អបអរសាទរ​ទិវា​នារី​អន្តរ​​ជាតិ ៨ ​មីនា លើក​ទី​១១២ នេះដែរ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន​ សែន នា​ថ្ងៃទី​ ៧ ខែមីនា បាន​ចូលរួម​ប្រារព្ធ​ទិវា​នេះ និង​បានប្រកាស​គាំទ្រ​នូវ​មូលបទ ​«​ស្ត្រី​រួមគ្នា រក្សាសុខ​សន្តិភាព​ ដើម្បី​កិច្ច​អភិវឌ្ឍន៍​ក្នុង​យុគសម័យ​ឌីជីថល​» នេះ​ផងដែរ​។

លោក​លើកឡើងថា មូលបទ​នេះ មាន​អត្ថន័យ និង​សារៈសំខាន់​ក្នុង​បរិការណ៍​កម្ពុជា ចាំបាច់​ថែរក្សា​ឱ្យបាន​នូវ​សន្តិភាព និង​ស្ថិរភាព​នយោបាយ ដែលជា​បុ​រេ​លក្ខខណ្ឌ​ដ៏​ចាំបាច់​និង​ជា​មូលដ្ឋានគ្រឹះ​ដ៏​រឹងមាំ សម្រាប់​ការ​អភិវឌ្ឍ​ប្រទេសជាតិ​លើ​គ្រប់​វិស័យ និង​ធានា​សុខុមាលភាព និង​ការរស់នៅ​របស់​ប្រជាជន​ប្រកបដោយ​សុខដុមរមនា​។​

​កន្លងមក រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​ខ្ពស់ លើ​ការលើក​​កម្ពស់​សមភាព​យេនឌ័រ​ និង​បង្កើន​ភាពក្លាហាន​ដល់​ស្ត្រី​ដោយ​ចាត់​​ទុក​ស្រី្ត​ជា​ឆ្អឹងខ្នង​នៃ​សង្គម និង​សេដ្ឋកិច្ចជាតិ​។ ការសម្រេចបាន​ចក្ខុវិស័យ​ឆ្នាំ ​២០៥០ កម្ពុជា​ត្រូវ​សម្រប​តាម​បរិបទ​កម្ម​ឌីជីថល​កំណត់ដោយ​ការធ្វើ​បដិវត្តន៍​ឧស្សាហកម្ម​ទី​១ ​ដោយ​កំណត់​ក្នុង​ក្របខ័ណ្ឌ​គោលនយោបាយ​​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល​កម្ពុជា ២០២១-២០៣៥​។

​លោក ​ហ៊ុន សែន ថ្លែងថា​៖ «​ការ​​ណ៍​នេះ យើង​ត្រូវ​ធានាថា ការ​​ពង្រឹង​សមភាព​យេនឌ័រ នៅតែ​​បន្ត​ជា​កិច្ចការ​អាទិភាព​និង​កាន់​​តែ​ចាំបាច់​ ដើម្បីឱ្យ​ស្ត្រី និង​ក្មេង​ស្រី​គ្រប់រូប​កាន់តែ​ទទួលបាន​នូវ​កាលានុវត្តភាព​ពេញលេញ និង​ប្រកបដោយ​សមភាព​នៅក្នុង​គ្រប់​ទិដ្ឋភាព​ទាំង​ក្នុង​វិស័យ​នយោបាយ សេដ្ឋកិច្ច និង​សង្គម ព្រមទាំង​បាន​អនុវត្ត​នូវ​សិទ្ធិ​ចូល​​រួម​ដោយ​ស្មើភាព​ និង​ជា​ដៃគូ​មិនអាច​ខ្វះ​បាន​ជាមួយនឹង​បុរស ក្នុង​កិច្ចអភិវឌ្ឍន៍​ប្រទេសជាតិ​»​។​

​នាឱកាស​នោះដែរ​លោក​នា​​យក​រដ្ឋមន្ត្រីក៏បាន​អំពាវនាវ​ឱ្យ​បន្ត​ទប់ស្កាត់​រាល់​ទម្រង់​នៃ​អំពើហិង្សា​លើ​ស្ត្រី និង​ក្មេងស្រី​តាម​​រយៈ​ការអនុវត្ត​ផែនការ​សកម្មភាព​ជាតិ​ទប់ស្កាត់​អំពើហិង្សា​លើ​ស្ត្រី ពង្រីក​វិសាលភាព​ និង​គុណភាព​ផ្នែក​សេវា​ឆ្លើយតប​ជា​ពហុ​វិស័យ​ជួយ​ជនរងគ្រោះ​ក្នុង​ការផ្តល់សេវា​ផ្នែក​ច្បាប់​ដោយ​ឥតគិតថ្លៃ និង​ការពង្រឹង​ការអនុវត្ត​ច្បាប់ លិខិតបទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​ផងដែរ​។

លោក​បន្តថា​៖ «​យោង​​តាម​របាយការណ៍ អំពើហិង្សា​មានការ​ធ្លាក់ចុះ ប៉ុន្តែ​ករណី​ធ្ងន់​​ធ្ង​រ​មួយចំនួន​ក៏បាន​កើតមានឡើង​ផងដែរ​ ដូចជា​ការបាញ់សម្លាប់​ប្រពន្ធ ឬ​ទម្រង់​នៃ​អំពើហិង្សា​ធ្ងន់​​ធ្ង​រ​។ ដូចនេះ​គួរតែ​លុបបំបាត់​វា​តាមរយៈ​នៃ​ការធ្វើសកម្មភាព​ព្រម​គ្នា​ទាំង​បុរស និង​ស្ត្រី​»​។​

​ជាមួយគ្នានេះ​រដ្ឋមន្ត្រីក្រសួង​កិច្ចការនារី លោកស្រី អ៊ឹង ក​ន្ថា​ផា​វី ក៏​ថ្លែង​នាឱកាស​នោះដែរ​ថា ស្ត្រី​មួយចំនួន​នៅតែ​ប្រឈម​នឹង​អំពើហិង្សា​ដែល​ដាក់បន្ទុក​ផ្នែក​សេដ្ឋកិច្ច​យ៉ាងធ្ងន់ធ្ងរ​ដល់​គ្រួ​​សារ និង​សង្គមជាតិ​។ លោកស្រី​បន្តថា​៖ «​គ្រួសារ​និង​រដ្ឋ​ត្រូវ​ចំណាយ​លើ​សេវា​សុខភាព ការបាត់បង់​ផលិតភាព​ជម្រក​សុវត្ថិភាព​សម្រាប់​ស្ត្រី​រងគ្រោះ និង​កូនៗ សេវា​សង្គមកិច្ច សេវា​ច្បាប់ និង​សេវា​ចាំបាច់​ផ្សេងៗ​ ដើម្បី​ស្តារ​​នីតិសម្បទា​ស្ត្រី​រងគ្រោះ ដែល​​ក្នុងន័យនេះ​ការលុបបំបាត់​រាល់​ទម្រ​ង់​នៃ​អំពើហិង្សា​លើ​ស្ត្រី​នៅតែ​ជា​កិច្ចការ​អាទិភាព​ចម្បង​ក្នុងការ​អភិវឌ្ឍ​មូលធន​មនុស្ស និង​ភាពសុខដុមរមនា​ក្នុង​គ្រួសារ និង​សង្គមជាតិ​»​។​

​ឆ្នាំ​ ២០២៣​ នេះ​ ទិវា​អន្តរជាតិ​នារី​ ៨​ មីនា ខួប​ទី​១១២ ធ្វើឡើង​ក្នុង​គោលបំណង​បន្ត​រំលេច​ពី​តម្លៃ នៃ​ការចូលរួម​របស់​ស្ត្រី ដែល​មិនអាច​កាត់ថ្លៃ​បានក្នុងការ​ថែ​រក្សាសុខ​សន្តិភាព​ ខណៈ​ពិភព​​លោក​កំពុង​ជួបប្រទះ​ភាព​តាន​​តឹង និង​កម្ពុជា​កំពុងតែ​គ្រប់គ្រង ឱ្យបាន​នូវ​សណ្តាប់ធ្នាប់​ល្អ ក្នុងការ​បោះឆ្នោត​ជ្រើសតាំង​តំណាង​​រាស្ត្រ​នីតិកាល​ថ្មី​ប្រកបដោយ ភាពសេរី និង​យុត្តិធម៌​។ នេះ​បើតាម​លោកស្រីអ៊ឹ​ង កន្ថាផាវី​៕