​ពោធិ៍សាត់ៈ អភិបាលខេត្ត​ពោធិ៍សាត់​លោក​ ខូ​យ រី​ដា ថ្លែងថា បច្ចុប្បន្ននេះ​ពលរដ្ឋ​ក្នុង​ខេត្ត​ប្រមាណ​ ៩៨​ ភាគរយ​ មាន​អគ្គិ​ស​នី​ប្រើប្រាស់ ខណៈ​ខេត្ត​កំពុង​សាងសង់​ទំនប់​វា​រី​អគ្គិសនី​ស្ទឹង​ពោធិ៍សាត់ ​១ ដែល​នឹង​ផ្តល់​ប្រភព​អគ្គិសនី​បន្ថែម​ក៏ដូចជា​ផ្តល់​ប្រភពទឹក​ផលិត​ស្រូវប្រាំង​បាន​កាន់តែច្រើន និង​ផលិត​បានជា​កន្លែង​ទេសចរណ៍ធម្មជាតិ​ដ៏​ប្រណីត​ទៀតផង​។

​លោក​ ខូ​យ រី​ដា ថ្លែង​បែបនេះ​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី​ «​ភាពជោគជ័យ​ក្នុង​រយៈពេល​ ៥ ​ឆ្នាំកន្លងមក​» ​របស់​រដ្ឋបាល​ខេត្តពោធិ៍សាត់​ ដែល​រៀបចំ​ដោយ​អង្គភាព​អ្នកនាំពាក្យ​រាជ​​រដ្ឋាភិបាល​នៅ​ទីស្តីការ​គណៈ​​រដ្ឋមន្ត្រី​នា​ព្រឹក​ថ្ងៃទី ​៧ ខែមីនា​។​

លោក​បាន​ថ្លែងថា ចំពោះ​វិស័យ​ថាមពល ខេត្តពោធិ៍សាត់​មាន​វា​រី​អគ្គិសនី ​២ រួមមាន វា​រី​អគ្គិ​ស​នី​ស្ទឹង​អា​តៃ នៅ​ភូមិ​ឆាយ​លូក ឃុំ​អូរ​សោម ស្រុក​វាលវែង មាន​អានុភាព ​១២០ ​មេ​ហ្គា​វ៉ា​ត់ ​(MW) ​កំពុងដំណើរការ និង​វា​រី​អគ្គិសនី​ស្ទឹង​ពោធិ៍សាត់​ ១ នៅ​ភូមិ​ស្ទឹង​ថ្មី ឃុំ​ប្រមោយ ស្រុក​វាលវែង មាន​អានុភាព​ ៨០ ​មេ​ហ្គា​វ៉ា​ត់ ​(MW) ​ដែល​ក្រុមហ៊ុន​កូរ៉េខាងត្បូង ​កំពុង​សាងសង់​ដោយមាន​ទឹកប្រាក់​វិនិយោគ​ជាង​ ២៣១​ លាន​ដុល្លារ ដែល​​នឹង​ដាក់ឱ្យ​ដំណើរការ​ក្នុង​ឆ្នាំ ២០២៦ ខាងមុខ​។

​លោក​ ខូ​យ រី​ដា បានឱ្យដឹង​​ថា វា​រី​អគ្គិសនី​ស្ទឹង​ពោធិ៍សាត់​ ១ ប្រៀបបាន​នឹង​ព្រួញ​ ១​ បាញ់​បាន​សត្វ​ច្រើន ទី​១ ​គឺ​ថាមពល​អគ្គិសនី​បន្ថែម​សម្រាប់​ប្រជា​ពលរដ្ឋ​ប្រើប្រាស់ ទី​២ ​គឺ​បន្ថែម​ទឹក​ផលិត​ស្រូវ​រដូវប្រាំង​របស់​កសិក​រ និង​ពង្រីក​ផ្ទៃដី​ស្រូវ ​៣ ​រដូវ កាន់តែច្រើន ហើយ​វា​រី​អគ្គិសនី​នេះ ​មាន​ថាមពល​រាល់ថ្ងៃ​មិន​គិត​​រដូវវស្សា​រដូវប្រាំង​នោះទេ និង​ទី​៣​ ផលិត​បានជា​តំបន់​ទេស​​ចរណ៍​ធម្មជាតិ​ដ៏​ប្រណីត​ ដែលមាន​ទំហំ​ផ្ទៃ​អាង​បរិមាត្រ​ព័ទ្ធជុំវិញ​ ១៨៧​ គីឡូម៉ែត្រ កម្ពស់​ទឹក​អាង​នៅ​ចំណុច​ទាប​ ៨ ​ម៉ែត្រ និង​ចំណុច​ខ្ពស់ ១០០​ម៉ែត្រ​។

​លោក​បន្តថា​៖ «​នៅក្នុង​តំបន់​ព្រៃភ្នំ​តំបន់​ជួរ​ភ្នំក្រវាញ​កណ្តាល ​គឺ​ខេត្ត​មាន​យន្តការ​តែ​ ១​ ទេ ក្រោយ​​ពី​បង្កើត​ចេញ​វា​រី​អគ្គិសនី​ត្រូវការ​ពារ​ធនធានធម្មជាតិ​នៅ​ទីនោះ​ឱ្យបាន​ គឺ​ទាក់ទាញ​វិស័យ​ទេស​​ចរណ៍ ហើយ​ប្រជាជន​ដែល​រង​ផលប៉ះពាល់​ត្រូវ​ទទួល​ប្រាក់ ​ដី ​និង​ផ្ទះ​គោលនយោបាយ​»​។

​ក្រសួង​រ៉ែ និង​ថាមពល បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​នៅ​ថ្ងៃទី ​៤ មីនា​ថា លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ​ និង​ថា​ម​ពល​ និង​មន្ត្រី​ក្រសួង និង​អាជ្ញា​ធរ​ខេត្តពោធិ៍សាត់ ​បាន​ចុះ​ពិនិត្យ​ទីតាំង​ត្រៀម​រៀបចំ​ពិធី​សំណេះ​​សំ​ណា​ល​ជាមួយ​ពលរដ្ឋ​ដែល​រង​ផលប៉ះពាល់​ និង​ពិនិត្យ​ការ​​ដ្ឋា​ន​សាងសង់​គម្រោង​វា​រី​អគ្គិ​ស​នី​ស្ទឹង​ពោធិ៍សាត់​ ១ ​ដែល​នឹង​ធ្វើឡើង​ក្រោម​វត្តមាន​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពេល​ឆាប់ៗ​ខាងមុខ​។

​លោក ​ខូ​យ រី​ដា បានឱ្យដឹង​ដែរ​ថា ក្នុង​ខេត្តពោធិ៍សាត់​មាន​អនុ​ស្ថានីយ​ចំនួន ​៣ រួមមាន​​អនុ​ស្ថានីយ​អូរ​សោម អនុ​ស្ថា​នី​យ​ពោធិ៍សាត់ និង​អនុ​ស្ថានីយ​ស្វាយស​។ ចំណែក​ថាមពល​ពន្លឺព្រះអាទិត្យ និង​ថាមពល​ផ្សេងៗ រួមមាន ស្ថានីយ​អគ្គិ​ស​នី ដើរ​ដោយ​ពន្លឺព្រះអាទិត្យ​មាន​អានុភាព​ ៩០​ មេ​ហ្គា​វ៉ាត់ ​១ កន្លែង អានុភាព​ ១០​ គីឡូវ៉ាត់ម៉ោង​ ១​ កន្លែង អានុភាព ៧ ​គីឡូវ៉ាត់ម៉ោង ​១ ​កន្លែង និង​ស្ថានីយ​សាក​អាគុយ​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ ថាមពលខ្យល់ និង​ប្រេង​ខ្មៅ​មាន​អានុភាព ​៥១៩ ​គីឡូវ៉ាត់ម៉ោង​ ១​ កន្លែង​។​

​ក្រៅពីនេះ នៅមាន​មូលនិធិ​កម្មវិធី​ថាមពល​អូស្ត្រាលី​ (ODA) សាងសង់ឡើង​ដោយ​សាធារណ​​រដ្ឋ​កូរ៉េ​ចំនួន ​៤ នៅ​ស្រុក​ភ្នំ​ក្រ​​វា​ញ មានដូចជា កម្លាំង ​៣៤,៦ ​គីឡូវ៉ាត់​ ១​ កន្លែង​, ​កម្លាំង ​១៣,៩ ​គីឡូវ៉ាត់​ ១ ​កន្លែង​, ​កម្លាំង ​៦,៩ ​គីឡូវ៉ាត់ ​១ ​កន្លែង និង​កម្លាំង​ ១៣,៩ ​គីឡូវ៉ាត់ ​១ ​កន្លែង​។​

​លោក​អភិបាលខេត្ត​ពោធិ៍​​សាត់​បានឱ្យដឹង​ផងដែ​រថា ក្នុង​ខេត្តពោធិ៍សាត់ មាន​ប្រព័ន្ធ​ធារាសាស្ត្រ​ខ្នាត​ធំ មធ្យម និង​តូច​សរុប​ចំនួន ​៥១ ​ប្រព័ន្ធ​។ ​ប្រព័ន្ធ​​ធារាសាស្ត្រ​ខ្នាត​ធំ មធ្យម និង​តូច​បាននិងកំពុង​ដំណើរកា​រ​ចំនួន​ ៣៣​ ប្រព័ន្ធ លើ​ ៥១​ ប្រព័ន្ធ ក្នុងនោះ​មាន​សំណង់​ធំៗ​កាត់​ស្ទឹង​ចំនួន ​៧ ​កន្លែង និង​សំណង់​សិល្បការ​ចំនួន ​៣៩០ ​កន្លែង ដែលមាន​ខ្នាត​ធំ​ចំនួន​ ៥​ កន្លែង ខ្នាត​មធ្យម​ចំនួន​ ៣៩ កន្លែង ខ្នាតតូច​ចំនួន​ ៥​ កន្លែង និង​អាង​ស្តុក​ទឹក ​២ ​កន្លែង និង​ប្រឡាយ​មេ​ចំនួន ​៧​ ខ្សែ​ ស្មើនឹង​ប្រវែង ៨១ ០០០ ​ម៉ែត្រ និង​ប្រឡាយ​​រង​ចំនួន ​១៧២ ​ខ្សែ ស្មើនឹង​ប្រវែង ​៩៦ ០០០ ​ម៉ែត្រ និង​ប្រឡាយ​​ជើង​ក្អែប​ចំនួន​ ៨៦៣​ ខ្សែ​ ស្មើនឹង​ប្រវែង ៧៣៩ ៣៥០ ​ម៉ែត្រ ដែល​អាច​ស្រោចស្រព​ក្នុង​រដូវ​​វស្សា​លើ​ផ្ទៃដី​ចំនួន ៩៧ ៧០១ ហិកតា​។

ស្រោចស្រព​រដូវប្រាំង​រួម​ដល់​ដំណាំ​ផ្សេងៗ​លើ​ផ្ទៃដី​ចំនួន ២០ ០០០ ​ហិកតា និង​មាន​ទំនប់​អាង​ទី​៣ និង​ទំនប់​​អាងទឹក​ទី​៥ ដែល​អាច​ផ្ទុក​ទឹកបាន​ចំនួន ​៥០ ​លាន​ម៉ែត្រគុប ​ដែលជា​អាង​ស្តុក​ទឹក​សម្រាប់​ផ្គត់ផ្គង់​ដល់​ការស្រោចស្រព​ និង​ការប្រើប្រាស់​តាម​ដងស្ទឹង​​ពោធិ៍សាត់ ជាពិសេស​សម្រាប់​ស្រុក​ភ្នំក្រវាញ ស្រុក​បាកាន ក្រុង​ពោធិ៍សាត់ និង​ស្រុក​កណ្តៀង ខេត្តពោធិ៍សាត់​៕