ភ្នំពេញៈ ​ផ្ដើម​ពី​ពាក្យ​ ១​ ឃ្លា​ថា ស្ត្រី​វិល​ចង្ក្រាន​មិន​ជុំ បន្ត​មកដល់​ពាក្យ «​ការងារ​នេះ​ជា​ការងារ​មនុស្ស​ប្រុស​» ឬ «​កុំ​រៀន​អី​វា​ជា​ជំនាញ​សិស្ស​ប្រុស​» បានធ្វើ​ឱ្យយុវតី​ជាច្រើនរូប​បាត់បង់​ឱកាស​ក្នុង​វិស័យ​ការងារ​មួយចំនួន និង​ធ្វើ​ឱ្យយុវតី​មួយចំនួនធំ​ងាក​ទៅ​ចាប់​ជំនាញ​ដែល​ខ្លួន​ពុំ​ចូលចិត្ត​តែ​ស្របតាម​និន្នាការ​នៃ​សង្គម​ការងារ​​។​

យ៉ាងណាមិញ ផ្ទុយ​ពី​ការដើរតាម​ទំនោរ​សង្គម​ក៏មាន​យុវតី​ក្លាហាន​មួយចំនួន​តូច​ដែល​ជម្នះ​ផ្នត់គំនិត​ទាំងនេះ ចាប់​រៀន​ជំនាញ​ដែល​ខ្លួន​ស្រឡាញ់ពេញចិត្ត និង​ឱកាស​ការងារ​ខ្ពស់​បើ​ទោះ​សង្គម​យល់ថា​ ជា​ជំនាញ​សម្រាប់​បុរស​ក៏ដោយ​។​

កញ្ញា ធា សុជាតិ​តា ជា​យុវតី​ម្នាក់ដែលមាន​ទស្សនៈ​ថា៖ «​ស្ត្រី​ក៏​អាច​រៀន ឬ​ធ្វើការ​ដូច​បុរស​» បាន​ដើរ​តាម​ក្ដី​ស្រឡាញ់​របស់ខ្លួន​ចាប់​រៀន​ជំនាញ​ដ៏​កម្រ​មួយ​គឺ​ជំនាញ វិស្វកម្ម​រថយន្ត នៅ​វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម​។

យុវតី​វ័យ ១៨ ​ឆ្នាំ​រូបនេះ​បាន​ឱ្យដឹង​ពី​ការយល់ឃើញ​របស់ខ្លួន និង​ការចាប់​ជំនាញ​សិក្សា​ដែល​កម្រ​មាន​សិស្សស្រី​ចាប់យក​នេះ​ថា «​បានជា​ខ្ញុំ​ជ្រើសរើស​ជំនាញ​វិស្វកម្ម​រថយន្ត​ព្រោះ​ក្ដី​ស្រឡាញ់​ខាង​រថយន្ត ចង់​ទទួលយក​បទពិសោធន៍​ថ្មី និង​ងាយស្រួល​រក​ការងារ​ធ្វើ​»​។

សុជាតិ​តា បានបញ្ជាក់​បន្ថែមថា​ ដោយសារតែ​ប្រទេស​កម្ពុជា​រីកចម្រើន​ សម្បូរ​អ្នកជិះរថយន្ត​ច្រើន ​ធ្វើឱ្យការងារ​នេះ​មាន​ទីផ្សារ​ខ្ពស់ ហើយ​ក្រៅពីនេះ​ជំនាញ​នេះ​ក៏​អាច​ធ្វើជា​គ្រូបង្រៀន​បានដែរ​។​

​ដ្បិតជំនាញ​ដែល​ខ្លួន​កំពុង​សិក្សា​ជួប​ផល​វិបាក​មួយចំនួន​ដូចជា មាន​សំឡេងឮខ្លាំង​ពេល​អនុវត្ត ត្រូវ​ធ្វើការ​ជាមួយនឹង​ម៉ាស៊ីន​ធ្ងន់ និង​ពិបាក​ធ្វើការ​ជាមួយ​ប្រុសៗ​បន្តិច តែ​យុវតី សុជាតិ​តា នៅតែ​ចង់​ជំរុញ​ឱ្យយុវតី​ដទៃទៀត​រៀន​ជំនាញ​ដូច​ខ្លួន​នេះ​ព្រោះ​ខ្លួន​យល់ថា សិស្សស្រី​នឹងមាន​អាទិភាព​ការងារ​ខ្ពស់ជាង​បុរស ​ហើយ​ថែមទាំង​ទទួលបាន​ការលើកទឹកចិត្ត​ពី​លោកគ្រូ​អ្នកគ្រូ មិត្ត​ភក្ដិ ក៏ដូចជា​នៅ​កន្លែង​ការងារ​ផង​។​

​ សុជាតិ​តា បន្ត​ថ្លែងថា​៖ «​ខ្ញុំ​យល់ថា​ ការរៀន​ជំនាញ​នេះ​មាន​អត្ថប្រយោជន៍​ចំពោះ​ស្ដ្រី​ព្រោះ​ពេលដែល​ចេញទៅ​ធ្វើការ យើង​មិន​ត្រូវតែទៅ​ជួសជុល​ដូចជា​បុរស​នោះទេ យើង​អាច​នៅក្នុង Office ជា​អ្នកបច្ចេកទេស​ទំនាក់ទំនង និង​ផ្ដល់ព័ត៌មាន​ផ្សេងៗ​»​។​

​ចំណែកឯ​យុវតី​ម្នាក់ទៀត​គឺ​កញ្ញា ឈុំ សុគន្ធា​រី ដែលជា​និស្សិត​ឆ្នាំ​ទី​២ នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ ជំនាញ​ស្ថាបត្យកម្ម ដែលជា​ជំនាញ​សិក្សា​១​ប្រភេទ​ដែល​កម្រ​មាន​សិស្សស្រី​រៀន​នោះ ក៏បាន​រៀបរាប់​ស្រដៀង​គ្នា​នេះ​ថា ដោយសារតែ​ក្ដីស្រឡាញ់​ចំពោះ​ជំនាញ​មួយ​នេះ និង​មិន​ចង់​ឱ្យមាន​ពាក្យ​ថា ​ជំនាញ​នេះ​មិន​សម​នឹង​មនុស្ស​ស្រី​រៀន ទើប​ខ្លួន​សម្រេច​ជម្នះ​ដើរ​តាម​បេះដូង​របស់ខ្លួន​។​

​កញ្ញា សុគន្ធា​រី បាន​ឱ្យដឹងថា​៖ «​ទី​១ ដោយសារតែ​ចំណង់​ចំណូលចិត្ត ខ្ញុំ​ស្រឡាញ់ជំនាញ​នេះ​តាំងពី​ថ្នាក់​ទី​១០ មកម្ល៉េះ ទី​២ គឺ​ដោយសារ​ខ្លួន​ចង់​បំបាត់​ពាក្យ​ថា ​ជំនាញ​ស្ថាបត្យកម្ម​មិន​សម​នឹង​មនុស្ស​ស្រី ហើយ​ចង់បង្ហាញ​ពី​ភាព​ច្នៃប្រឌិត និង​ទេពកោសល្យ​ដែល​មនុស្ស​ស្រី​មាន និង​កត្តា​សំខាន់បំផុត​ក៏ដោយ​សារ​ខ្ញុំ​ទទួលបាន​ការលើកទឹកចិត្ត​ពី​ក្រុមគ្រួសារ និង​លោកពូ​ដែលជា​ស្ថាបត្យករ​ស្រាប់​»​។​

​ យុវតី​វ័យ ២០​ឆ្នាំ​រូបនេះ​ក៏បាន​រៀបរាប់​ពី​ផល​វិបាក​មួយចំនួន​ក្នុងការ​សិក្សា​ជំនាញ​ទាំងនេះ តែ​ក៏​នៅតែ​ចង់​ជំរុញ​យុវតី​ដទៃ​រៀន​ជំនាញ​ស្ថាបត្យកម្ម​ដូច​ខ្លួន​។ សុគន្ធា​រី បន្តថា ដូច​ជាគ្រប់គ្នា​ដឹង​ស្រាប់​ថា ​ជំនាញ​នេះ​មិនសូវមាន​និស្សិត​ស្រី​រៀន​នោះទេ បើ​ពួកគាត់​ចូលរួម​នោះ​អាច​នឹង​ផ្ដល់​សិទ្ធ​អំណាច​ដល់​ស្ត្រី​ដទៃ​ឱ្យ​ហ៊ាន​ចូលរៀន និង​អាច​បំបាត់​ពាក្យ​ថា​ ជំនាញ​សម្រាប់​បុរស​ជាដើម​។

​កញ្ញា សុគន្ធា​រី ថែមទាំង​បាន​លើកទឹកចិត្ត​ទៅដល់​ស្ត្រី​ដែល​រៀន ឬ​ធ្វើការ​លើ​ជំនាញ​ដែល​គេ​យល់ថា ​ជា​ជំនាញ​បុរស​បែបនេះ «​បើតាម​គំនិត​ខ្ញុំ យើង​ជា​ស្ត្រី​យើង​មាន​ភាពខ្លាំង ហើយ​គួរ​ហ៊ាន​ធ្វើ​អ្វីដែល​ខ្លួន​ស្រឡាញ់ចង់​ធ្វើ និង​ត្រូវ​គិតថា​ បុរស​ធ្វើបាន​យើង​ក៏​អាច​ធ្វើបាន​ដូចគ្នា ព្រោះ​ខ្ញុំ​គិតថា​ វា​ដូច​មិនមាន​អ្វី​ខុសឆ្គង​ទេ ហើយ​ខ្ញុំ​ចង់​ឱ្យបុរស​ចូលរួម​លើក​ទឹក​ចិត្តស្ត្រី​ដែល​ធ្វើការ ឬ​រៀន​លើ​ជំនាញ​ទាំងនេះ​»​។​

​ក្នុង​ពិធី​អបអរសាទរ​ទិវា​អន្តរជាតិ​នារី ៨មីនា ខួប​លើក​ទី​១១២ នៅ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​អង្គារ ទី​៧ ខែមីនា ឆ្នាំ​២០២៣ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ជំ​រុញឱ្យ​គ្រប់ភាគី​ពាក់ព័ន្ធ​អនុវត្ត​ការងារ​អាទិភាព ៨​ចំណុច ផ្ដោតលើ​ការបញ្ជ្រាប​យេនឌ័រ និង​លើក​តម្លៃ​ស្ត្រី​ ហើយ​ក្នុងនោះ​ចំណុច​អាទិភាព​ទី​៤ ជា​ចំណុច​មួយ​ដែល​ជំរុញ​ស្ត្រី និង​យុវតី​ចូលរួម​ក្នុង​វិស័យ​ដែលមាន​គម្លាត​យេនឌ័រ​ខ្ពស់​។​

​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ឱ្យដឹងថា​៖ «​ចំណុច​ទី​៤ បង្កើន​ការចូលរួម​របស់​ស្ត្រី និង​ក្មេងស្រី ក្នុង​វិស័យ​ឌីជីថល វិទ្យាសាស្ត្រ បច្ចេកវិទ្យា ​វិស្វកម្ម សិល្បៈ ច្នៃប្រឌិត និង​គណិតវិទ្យា STEM ដើម្បី​កាត់បន្ថយ​គម្លាត​យេនឌ័រ​ក្នុង​វិស័យ​ឌីជីថល និង​ការពង្រីក​កម្មវិធី​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​ដល់​ស្ត្រី​»៕