
សកម្មភាពមន្ត្រីចូលរួមដាំដើមឈើក្នុងពិធីបុណ្យទន្លេនៅខេត្តកំពង់ធំ។ រូបថត FB
កំពង់ធំៈ ក្រសួងទេសចរណ៍លើកទិសដៅទេសចរម្នាក់ដើមឈើ ១ ដើមក្នុងបុណ្យទន្លេនៅខេត្តកំពង់ធំ។ ក្នុងទិសដៅនេះមន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍សហការជាមួយអាជ្ញាធរពាក់ព័ន្ធដាំដើមឈើប្រណីតជាង ១០០ ដើម នៅសួនអាពាហ៍ពិពាហ៍ខេត្តកំពង់ធំ ដើម្បីអបអរសាទរពិធីបុណ្យទន្លេលើកទី៧ នៅខេត្តកំពង់ធំ។
លោកតុប សុភ័ក រដ្ខលេខាធិការក្រសួងទេសចរណ៍ឱ្យដឹងថា ៖«ការដាំដើមឈើនេះ ពិតជាមានសារៈសំខាន់ក្នុងការផ្តល់នូវធនធានវប្បធម៌ និងធម្មជាតិ ក្នុងកាជំរុញកំណើនសេដ្ឋកិច្ច វប្បធម៏ បរិស្ថាន និងវិស័យទេសចរណ៍នៅកម្ពុជា។ ជាងនេះទៀត ក្រសួងទេសចរណ៍ក៏បានដាក់ចេញនូវយុទ្ធនាការ “ទេសចរម្នាក់ ដើមឈើ១ដើម” “គូស្រករ១គូ ដើមឈើ១ដើម” សំដៅទាក់ទាញទេសចរជាតិ និងអន្តរជាតិ (រួមទាំងគូស្វាមីភរិយា) ឱ្យមកទស្សនាតំបន់នោះបានច្រើនដង និងសប្បាយរីករាយជាមួយនឹងការរីកលូតលាស់នៃដើមឈើដែលពួកគាត់បានដាំ»។
លោកក៏បានលើកឡើងនូវខ្លឹមសារសំខាន់ៗទាក់ទងនឹងធនធានធម្មជាតិ និងដើមឈើដូចជាដើមឈើជាជីវិតរបស់មនុស្សទាំងអស់គ្នាដើមឈើអាចរស់នៅដោយគ្មានមនុស្សបាន តែមនុស្សមិនអាចរស់នៅដោយគ្មានដើមឈើបានទេ ដើមឈើដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីដើមឈើ។
លោកក៏បានអំពាវនាវដល់រដ្ឋបាលខេត្ត មន្ទីរ អង្គភាព សមត្ថកិច្ចពាក់ព័ន្ធ សិស្សានុសិស្ស ផ្នែកឯកជន និងប្រជាពលរដ្ឋ ចូលរួម គាំទ្រ និងសហការគ្នាក្នុងការជំរុញចលនាដាំដើមឈើ និងថែរក្សាការពារ និងអភិរក្សធនធានវប្បធម៏ និងធម្មជាតិ ដើម្បីជាប្រយោជន៍សម្រាប់មនុស្សនាពេលបច្ចុប្បន្ន និងមនុស្សទៅអនាគត។
ពាក់ព័ន្ធបុណ្យទន្លេនេះ ដែរ គណៈកម្មការអន្តរក្រសួងដើម្បីរៀបចំពិធីបុណ្យទន្លេលើកទី៧ និងក្រសួងទេសចរណ៍នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ និងណែនាំដល់ម្ចាស់និងតំណាងមូលដ្ឋានអាជីវកម្មទេសចរណ៍ឱ្យចូលរួមពង្រឹងគុណភាពសេវាកម្មទេសចរណ៍ជូនភ្ញៀវទេសចរ។
មន្ទីរទេសចរណ៍ខេត្តកំពង់ធំ បានណែនាំនិងវាយតម្លៃផ្ដល់បណ្ណសរសើរ និងលិខិតសរសើរដល់សេវាកម្មទេសចរណ៍ដែលបានខិតខំរៀបចំទីតាំង និងបម្រើសេវាកម្មប្រកបដោយគុណភាពទាំង៩០អាជីវកម្ម ក្នុងនោះបណ្ណសរសើរចំនួន៣៦អាជីវកម្ម និងលិខិតសរសើរចំនួន៥៤អាជីវកម្ម។
បុណ្យទន្លេលើកទី៧នៅខេត្តកំពង់ធំប្រារព្ធធ្វើចាប់ពីថ្ងៃទី៨-១០ ខែមីនា ឆ្នាំ២០២៣ ដោយពិធីបើកជាផ្លូវការធ្វើឡើងក្រោមអធិបតីភាពលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយាទៅចូលរួមទៀតផង៕