
បំណែកគ្រោងឆ្អឹងរបស់សាកសពមនុស្សបុរាណ ដែលមានអាយុកាលជាង ២ ៤០០ ឆ្នាំ នៅស្រុកអង្គរបុរី ខេត្តតាកែវ។ រូបថត ហ្វេសប៊ុក
ភ្នំពេញៈ បំណែកគ្រោងឆ្អឹងរបស់សាកសពខ្លះ ដែលបានរកឃើញពីកំណាយត្រូវបានមន្រ្តីនៃក្រសួងវប្បធម៌ និងវិចត្រសិល្បៈអះអាងថា ជាសាកសពរបស់បុព្វបុរសខ្មែរពីជំនាន់ដើម ហើយជាទិន្នន័យសំខាន់ដល់អ្នកសិក្សាស្រាវជ្រាវសម្រាប់ធ្វើការប្រៀបធៀបគ្នារវាងមនុស្សជំនាន់មុន និងមនុស្សជំនាន់ក្រោយ។
លោក ប្រាក់ សុវណ្ណារ៉ា អគ្គនាយកបេតិកភណ្ឌនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៨ មីនាថា មានសំណាកនៃបំណែកសាកសពរបស់បុព្វបុរសខ្មែរពីបុរាណមាន ២ សាកសព ដែលគេរកឃើញពីកំណាយនៅភូមិស្នាយក្នុងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ហើយត្រូវបានគេរក្សាទុក និងដាក់ក្នុងទូកញ្ចក់យ៉ាងត្រឹមត្រូវ សម្រាប់ដាក់តាំងឱ្យភ្ញៀវទស្សនានៅក្នុងវត្ត ប៉ុន្តែលោកមិនបានចាំឈ្មោះវត្តនោះទេ។ រីឯនៅខេត្តសៀមរាប ក៏មានដែរ ហើយត្រូវបានយកទៅរក្សាទុកនៅវត្តទេពពោធិវង្ស ហៅវត្តថ្មី ស្ថិតនៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុង-ខេត្តសៀមរាប។
លោកបន្តថា ចំពោះនៅវត្តគំនូរ ស្រុកអង្គរបុរី ខេត្តតាកែវ ក៏ត្រូវបានគេរកឃើញដែរ នៅពេលជាងសំណង់ពុះជញ្ជាំងវត្តហើយធ្វើកំណាយទៅ ក៏បានរកឃើញបំណែកគ្រោងឆ្អឹងរបស់សាកសពមនុស្សបុរាណមែន ហើយអ្នកជំនាញស្រាវជ្រាវទៅ គឺបំណែកឆ្អឹងនោះវាខុសគ្នានឹងមនុស្សបច្ចុប្បន្នដែលគិតទៅមានអាយុកាលជាង ២ ៤០០ ឆ្នាំហើយ។
លោកថ្លែងថា៖ «នៅខេត្តបន្ទាយមានជ័យ រកឃើញ ២ ដែលសាកសព ១ តូច និងសាកសព ១ ជាមនុស្សធំ ហើយនៅខេត្តសៀមរាប ១ ដែរ»។
លោក ឆាយ វិសុទ្ធ ប្រធាននាយកដ្ឋានសារមន្ទីរនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៨ មីនាដែរ ថានៅក្នុងភូមិស្នាយ ស្រុកព្រះនេត្រព្រះ ដែលជាស្ថានីយបុរេប្រវត្តិសាស្រ្ត គឺក្រោយពីអ្នកជំនាញធ្វើកំណាយបានរកឃើញបំណែកគ្រោងឆ្អឹងសាកសពមនុស្សបុរាណ ហើយបានដាក់តាំងក្នុងសារមន្ទីរខេត្តបន្ទាយមានជ័យ សម្រាប់ឱ្យភ្ញៀវជាតិ និងអន្តរជាតិចូលទស្សនា។
លោកប្រាប់ថា៖ «ខ្ញុំជឿថា គេគ្រាន់តែអាចយកលំនាំសាកសពណាមួយ ដែលមានព័ត៌មានច្រើនអ៊ីចឹងទៅ ដើម្បីយកមកបង្ហាញភ្ញៀវ។ កំណាយនេះគេបានធ្វើយូរដែរហើយ ប៉ុន្តែធម្មតា គេមិនបង្ហាញទាំងអស់ទេ»។
បើតាមលោក វិសុទ្ធ ចំណែកនៅស្រុកអង្គរបុរី កាលនោះអ្នកជំនាញបានធ្វើកំណាយ គាត់បានរកឃើញប្រភេទឆ្អឹងសត្វផ្សេងៗជាមួយនឹងបំណែកឆ្អឹងរបស់មនុស្សសម័យដើមដែរ ប៉ុន្តែមិនមែន ១ តួខ្លួនតែម្តងទេ។ ចំពោះសាកសពនេះ វាជាទិន្នន័យ ១ ដ៏សំខាន់ ដែលអាចយកទៅធ្វើវិភាគបាន។ គេអាចវិភាគរកមើលអាយុកាល ឬក៏អាចវិភាគដឹងថា សាកសពហ្នឹងគាត់ប្រុស ឬក៏ស្រីក្មេង ឬក៏ចាស់ ហើយអាចដឹងថា តើពេលដែលគាត់ស្លាប់នៅក្នុងអាយុប្រហែលប៉ុន្មានឆ្នាំ។
លោកថ្លែងថា៖ «បន្ទប់មក យើងអាចកំណត់រកប្រភេទជំងឺ ដែលគាត់បានស្លាប់នោះមកពីបញ្ហាអី? គឺ យើងអាចរកឃើញបាន។ ដូចពេលថ្មីៗនេះ មានខាងបារាំងគាត់ស្រាវជ្រាវលើសាកសពបុរាណពីសម័យអង្គរ រហូតដល់ឥឡូវហ្នឹង ដឹងថា គាត់បានស្លាប់ដោយសារជំងឺ។ អ៊ីចឹងសាកសព គឺសំខាន់ ជាទិន្នន័យ ១ សំខាន់»។
លោកពន្យល់ថា ចំពោះសំណាកសាកសពបុរាណ ប្រសិនបើសណ្ឋានដីនៅតំបន់នោះមានអាស៊ីដខ្ពស់ គឺគ្រោងឆ្អឹងសាកសពគ្មាននៅសេសសល់ទេ ព្រោះជាតិអាស៊ីដវាស៊ីឆ្អឹងសាកសពនោះអស់។ ហេតុដូច្នេះហើយ ធ្វើឱ្យអ្នកជំនាញមានការលំបាកក្នុងការរុករកឆ្អឹងសាកសពបុរាណនៅតាមតំបន់មួយចំនួន។ ករណីនេះ ទៅថ្ងៃក្រោយ គេអាចធ្វើជាទិន្នន័យ DNA ស្រាវជ្រាវ សម្រាប់ការរកឃើញសាកសពបន្តទៀត ដើម្បីធ្វើការប្រៀបធៀបគ្នាថា តើអម្បូរមនុស្សនៅជំនាន់នោះ និងមនុស្សជំនាន់ក្រោយ មានទំនាក់ទំនងគ្នា ឬអត់ខាងផ្នែកប្រវត្តិសាស្រ្ត៕