
ស្ត្រីជាមន្ត្រីរាជការនៅក្រសួងកសិកម្ម ក្នុងពិធីប្រារព្ធទិវាអន្តរជាតិនារី ៨មីនា។ រូបថត ក្រសួងកសិកម្ម
ភ្នំពេញៈលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសាទរទិវាអន្តរជាតិនារី ៨ មីនា លើកទី១១២ ឆ្នាំ ២០២៣ ដោយលោកលើកឡើងថា ទិវានេះត្រូវបានប្រារព្ធឡើងនៅទូទាំងសកលលោក ដើម្បីរំឭកពីប្រវត្តិនៃការតស៊ូទាមទារសិទ្ធិសេរីភាព និងឆ្លុះបញ្ចាំងពីសមិទ្ធផល បញ្ហាប្រឈម ការប្តេជ្ញាចិត្ត និងវិធានការវិជ្ជមាននានា។
ទិវាអន្តរជាតិនារី ឬទិវាសិទ្ធិនារីអន្តរជាតិ ត្រូវបានមហាសន្និបាតអង្គការសហប្រជាជាតិប្រកាសនៅឆ្នាំ១៩៧៧ ជា «ថ្ងៃអង្គការសហប្រជាជាតិ ស្តីពីសិទ្ធិស្ត្រី និងសន្តិភាពពិភពលោក»។
លោកហ៊ុន សែន បានសរសេរលើបណ្តាញសង្គមហ្វេសប៊ុករបស់លោកនៅថ្ងៃទី៨ ខែមីនា ថា ទិវាអន្តរជាតិនារី៨មីនា ឆ្នាំនេះ គឺជាគម្រប់ខួបលើក១១២ ដែលប្រារព្ធធ្វើឡើងក្រោមប្រធានបទ «ស្រ្តីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍន៍ក្នុងយុគសម័យឌីជីថល»។
លោកបញ្ជាក់ថា ៖ «ទិវានេះត្រូវបានប្រារព្ធឡើងនៅទូទាំងសកលលោក ដើម្បីរំឭកពីប្រវត្តិនៃការតស៊ូទាមទារសិទ្ធិសេរីភាព និងឆ្លុះបញ្ចាំងពីសមិទ្ធផល បញ្ហាប្រឈម ការប្តេជ្ញាចិត្ត និងវិធានការវិជ្ជមាននានា សំដៅបន្តលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចក្លាហានដល់ស្ត្រី និងក្មេងស្រី»។
ជាមួយគ្នានេះ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃទី៨ មីនា បានចូលរួមជាគណៈអធិបតី ក្នុងពិធីអបអរសាទរខួបលើកទី១១២ ទិវានារីអន្តរជាតិ ៨ មីនា នៅទីស្តីការក្រសួងកសិកម្ម ។
ស្ថិតក្រោមមូលបទ “ស្រ្តីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍន៍ ក្នុងយុគសម័យឌីជីថល”នេះ លោកឌិត ទីណា បានសូមឧទ្ទិសឱ្យខ្លឹមសារនៃមូលបទថ្ងៃនេះ ក្លាយជាវត្ថុស័ក្តិសិទ្ធិ ជ្រាបចូលដល់អារម្មណ៍បុរសគ្រប់រូប និងសូមឱ្យការរើសអើងគ្រប់រូបភាពមកលើស្រ្តី បានសាបរលាបពីចិត្ត រាងកាយនៃទុទិ្ទដ្ឋិជនទាំងឡាយជារៀងរហូតតទៅ និងសូមឱ្យបុរសគ្រប់រូប មានជំនឿជឿជាក់ថា“ការជួយស្រ្តីគឺជួយខ្លួនឯង ភាពរីកចម្រើនរបស់ស្រ្តី គឺជាភាពរីកចម្រើនរបស់សង្គមជាតិយើងទាំងមូល”។
ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី បានធ្វើការផ្តាំផ្ញើដល់មន្ត្រីនៅក្នុងពិធីថា គ្រប់ការងារទាំងអស់ ត្រូវធ្វើការវាយតម្លៃ ស្មើគ្នារវាងបុរស និងស្រ្តី ហើយក្នុងយុគសម័យឌីជីថលនេះ ត្រូវជួយស្ត្រី សម្រាលបន្ទុកស្ត្រី និងលើកទឹកចិត្តជំរុញឱ្យស្ត្រីក្លាយជាអ្នកដឹកនាំ។
ក្នុងឱកាសនេះដែរ លោកឌិត ទីណា បានពាំនាំនូវការ«ផ្តាំផ្ញើសាកសួរសុខទុក្ខ និងមនោសញ្ចេតនានឹករឭកដ៏ជ្រាលជ្រៅ ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសម្តេចគតិព្រឹទ្ធបណ្ឌិត ជូនចំពោះបងប្អូននារីជាមន្រ្តីរាជការ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលកំពុងប្រារព្ធខួបលើកទី១១២ នៃទិវាអន្តរជាតិនារី៨ មីនា ដ៏ថ្លៃថ្លានេះ»។
បើតាមក្រសួងកសិកម្ម រាជរដ្ឋាភិបាល បាននិងកំពុងផ្តោតលើការដោះស្រាយ គម្លាតយេនឌ័រក្នុងវិស័យ ឌីជីថល ជាពិសេសលើការបង្កើនការចូលរួមរបស់ស្រ្តី ក្នុងធ្វើទីផ្សារកសិកម្ម តាមប្រព័ន្ធឌីជីថល ការប្រើប្រាស់បច្ចេកវិទ្យាដោយប្រសិទ្ធភាព ការអប់រំចំណេះដឹង និងជំនាញផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យាផ្សេងៗជាដើម។
លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានលើកឡើងនាទិវាអន្តរជាតិនារី៨មីនា ថា លោកនាយករដ្ឋមន្ត្រី តែងតែគាំទ្រនូវគោលនយោបាយ និងយុទ្ធសាស្រ្តក្នុងការលើកកម្ពស់សមភាពយេនឌ័រ ដោយមានទស្សនៈវែងឆ្ងាយ តាមរយៈការបង្កើនការចូលរួមរបស់ស្រ្តីដែលមានចំនួនជាង៥០% នៃប្រជាពលរដ្ឋសរុប។
លោកបានថ្លែងថា៖ «ក្រោមម្លប់នៃសន្តិភាព និងកិច្ចអភិវឌ្ឍន៍ ស្រ្តីកម្ពុជាជាកម្លាំងចលករ ដែលបានរួមចំណែកក្នុងកំណើនសេដ្ឋកិច្ច ហើយបច្ចុប្បន្ន ស្ត្រីមានកាលានុវត្តភាព ក្នុងការអនុវត្តសិទ្ធិ អភិវឌ្ឍចំណេះដឹង ជំនាញ និងបច្ចេកទេស»។
ក្នុងទិវានេះដែរ លោក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងលោកស្រីបានជួបសំណេះសំណាលជាមួយនគរបាលនារី ចំណុះមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។
លោកបានលើកឡើងថា ទិវានេះជាព្រឹត្តិការណ៍ដែលមានអត្ថន័យជាប្រវត្តិសាស្ត្រ សម្រាប់នារីទូទាំងពិភពលោក ក៏ដូចជានារីនៅក្នុងប្រទេសកម្ពុជា។ ដោយឡែកសម្រាប់កងកម្លាំងនគរបាលជានារីនៅក្នុងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ជាការរំឭកពីតួនាទីដ៏សំខាន់របស់នារី ក្នុងការចូលរួមប្រកបដោយវីរភាពក្នុងបុព្វហេតុបម្រើសង្គម និងមនុស្សជាតិប្រកបដោយមោទនភាព។
លោក ឃឹង សារ៉ាត់ មានប្រសាសន៍ថា ៖ «សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវគោលនយោបាយ និងទស្សនវិស័យ លុបបំបាត់នូវការរើសអើង ដោយផ្តល់សិទ្ធិស្មើភាពរវាងបុរសនិងនារី ព្រមទាំងចាត់ទុកថា ស្ត្រីជាឆ្អឹងខ្នងនៃការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមជាតិ ហើយការបញ្ជ្រាបយេនឌ័រ គឺជាកិច្ចការអន្តរវិស័យក្នុងការធានាចីរភាពនៃសុខសន្តិភាព និងពន្លឿនល្បឿនការអភិវឌ្ឍក្នុងយុគសម័យឌីជីថល»។
ជាមួយគ្នានេះដែរ ក្រុមអង្គការ សង្គមស៊ីវិល សហជីព និងសមាគមមួយចំនួន ក៏បានរៀបចំនូវយុទ្ធនាការ៨មីនា គាំពារស្រ្តីនិងក្មេងស្រី ដើម្បីយុត្តិធម៌ទាំងអស់គ្នា ដែលធ្វើឡើងនៅទីលានប្រជាធិបតេយ្យ នាថ្ងៃទី៨ ខែមីនា ដែលមានអ្នកចូលរួមជាច្រើនរូប។
លោកស្រី ចក់ សុភាព នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ដែលបានចូលរួមក្នុងទិវានេះលើកឡើងថា ទិវានេះជាការរំឭកឡើងវិញនូវសមិទ្ធផល នៃការចូលរួមរបស់សកម្មជនជាស្រ្តី ព្រោះនៅពេលដែលប្រារព្ធទិវាអន្តរជាតិនារីនេះ គឺជាចលនាសកលមួយ ហើយស្រ្តីទាំងឡាយនៅលើសកលលោកបានពុះពារ ជម្នះនូវឧបសគ្គជាច្រើនដែលធ្វើឱ្យគ្រប់គ្នាទទួលបាននៅថ្ងៃនេះ។
លោកស្រីបានថ្លែងថា ៖ «ថ្វីដ្បិតតែថ្ងៃនេះ យើងជជែកពីបញ្ហាប្រឈមនានាដែលស្រ្តីនៅតែទទួលរងគ្រោះ នៅតែប្រឈមនៅក្នុងពេលបច្ចុប្បន្នក្តី ប៉ុន្តែយ៉ាងហោចណាស់ យើងទាំងអស់គ្នាអាចក្រឡេកមើលនូវសមិទ្ធផល នូវសិទ្ធិមួយចំនួនដែលស្រ្តីពីមុន គាត់អត់អាចទទួលបាននោះទេ ដូចជាសិទ្ធិក្នុងការបោះឆ្នោត សិទ្ធិការប្រកបការងារជាដើម»។
លោកស្រី ចក់ សុភាព បានបន្តថា ស្រ្តីមិនមែនមានសិទ្ធិតែ១ថ្ងៃនៅថ្ងៃទី៨ មីនានោះទេ ប៉ុន្តែទិវានេះគឺជាការក្រើនរំឭកដល់រដ្ឋាភិបាល ស្ថាប័នពាក់ព័ន្ធ និងគ្រប់គ្នាឱ្យដឹងពីបញ្ហាប្រឈមរបស់ស្រ្តី របស់ក្មេងស្រី ដែលបញ្ហាប្រឈមខ្លាំងរបស់ស្រ្តីគឺការប្រើហិង្សា ដោយលោកស្រីស្នើឱ្យសាធារណជនត្រូវចូលរួមគាំពារដល់ជនរងគ្រោះ គាំទ្រ និងដោះស្រាយដល់ជនរងគ្រោះផងដែរ។
ទាក់ទងនឹងអំពើហិង្សានេះដែរ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានលើកឡើងកាលពីថ្ងៃទី៧ ខែមីនា ដោយលោកបានអំពាវនាវឱ្យបន្តទប់ស្កាត់រាល់ទម្រង់នៃអំពើហិង្សាលើស្រ្តី និងក្មេងស្រីតាមរយៈការអនុវត្តផែនការសកម្មភាពជាតិទប់ស្កាត់អំពើហិង្សាលើស្រ្តី ពង្រីកវិសាលភាព និងគុណភាពផ្នែកសេវាឆ្លើយតបជាពហុវិស័យជួយជនរងគ្រោះ ការផ្តល់សេវាផ្នែកច្បាប់ដោយឥតគិតថ្លៃ និងការពង្រឹងការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផងដែរ៕