
ពលរដ្ឋមកពីបណ្ដាខេត្តនានាពេលនាំគ្នាតវ៉ាសុំឱ្យសមត្ថកិច្ចឃាត់ខ្លួនជនឆបោកពីថ្ងៃទី៨ មីនា ។ រូបថត សហការី
ភ្នំពេញៈ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យ បានឃាត់ខ្លួនបុរសម្នាក់ បន្ទាប់ពីមានពលរដ្ឋជាង ១០០ នាក់ ផ្ទុះការតវ៉ា និងចោទប្រកាន់ថា បានបោកប្រាស់ពួកគេក្នុងម្នាក់ៗយ៉ាងតិច ៨០០ ដុល្លារ ជាថ្នូរនឹងការដឹកនាំពួកគេទៅធ្វើការងារនៅប្រទេសកូរ៉េខាងត្បូង។
លោក ជា សុវណ្ណ អធិការរងខណ្ឌពោធិ៍សែនជ័យទទួលបន្ទុកផ្នែកព្រហ្មទណ្ឌបានប្រាប់ភ្នំពេញប៉ុស្តិ៍ នៅរសៀលថ្ងៃទី ៨ ខែមីនា ឆ្នាំ ២០២៣ ថា ជនសង្ស័យឈ្មោះ តាំ ចាន់ឌី អាយុ ២៧ ឆ្នាំ មានលំនៅក្នុងភូមិត្រពាំងទឹម ឃុំទ្រាល ស្រុកកញ្ជៀច ខេត្តព្រៃវែង ត្រូវបានឃាត់ខ្លួនកាលពីយប់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ នៅក្នុងផ្ទះសំណាក់ នាគទេព ស្ថិតក្នុងភូមិត្រពាំងល្វា១ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ជាទីដែលមានពលរដ្ឋប្រមាណជាង១០០នាក់មកពីបណ្ដាខេត្តនានាបានផ្ទុះការតវ៉ា និងសុំឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ ចាប់ខ្លួនជនសង្ស័យ ដោយចោទថា ជាមេខ្យល់បោកប្រាស់លុយពួកគាត់ក្នុងម្នាក់ៗយ៉ាងតិច៨០០ដុល្លារជាថ្នូរនឹងការដឹកនាំទៅធ្វើការងារនៅប្រទេសកូរ៉េខាងត្បូង។
លោកសុវណ្ណ បានបញ្ជាក់ថា៖«តាមការសាកសួរ ជនសង្ស័យ ធ្លាប់បានទៅបម្រើការងារនៅប្រទេសកូរ៉េ ខាងត្បូងកាលពីអំឡុងឆ្នាំ២០០៧ ប៉ុន្តែពេលនេះ ពុំមានការងារពិតប្រាកដនោះទេ។ ជនសង្ស័យ ក៏បានសារភាពថា ខ្លួនពិតជាបានឆបោក និងយកលុយពីពលរដ្ឋរងគ្រោះទាំងនោះមែន ហើយថា ពួកគេមានគ្នា៣នាក់ ដែល២នាក់ទៀតកំពុងរត់គេចខ្លួន»។
បើតាមលោក សុវណ្ណ នៅពេលនេះ ជនសង្ស័យកំពុងត្រូវបានជនរងគ្រោះប្ដឹងចោទប្រកាន់ពីបទ«ឆបោក»និងទាមទារឱ្យផ្ដល់សំណងជាទឹកប្រាក់ដល់ពួកគេវិញព្រមទាំងស្នើសុំឱ្យសមត្ថកិច្ចចាត់វិធានការទៅតាមផ្លូវច្បាប់ដោយគ្មានការលើកលែង។
លោកបានបន្ថែមថា៖«តាមបណ្ដឹងចោទប្រកាន់របស់ជនរងគ្រោះ និងចម្លើយសារភាពរបស់ជនសង្ស័យ មន្ត្រីនគរបាលជំនាញយើង ក៏បានសម្រេចកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅតុលាការ នៅល្ងាចថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣ ដើម្បីចាត់វិធានការបន្តតាមនីតិវិធី»។
ជុំវិញករណីនេះ អ្នកស្រី យ៉ាង ផាន់ណា ជាជនរងគ្រោះម្នាក់មកពីស្រុកបន្ទាយមាស ខេត្តកំពត បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ជនសង្ស័យបានព្យាយាមបញ្ចុះបញ្ចូលគាត់ដោយនិយាយថា ខ្លួនមានបណ្ដាញក្រុមការងារនៅប្រទេសកូរ៉េដែលអាចជួយផ្ដល់ការងារដល់ពលរដ្ឋខ្មែរក្រីក្រដែលចង់ទៅបម្រើការងារនៅប្រទេសកូរ៉េ។
អ្នកស្រីនិយាយថា៖«គេ [ជនសង្ស័យ]បានប្រាប់ខ្ញុំថា នៅប្រទេសកូរ៉េគេស្គាល់ម្ចាស់កសិដ្ឋានដាំដំណាំភ្លៅកង្កែប ហើយថា ម្ចាស់កសិដ្ឋាននោះត្រូវការពលករជាង១០០នាក់ដើម្បីទៅបម្រើការងារនៅក្នុងកសិដ្ឋានរបស់គេដោយសន្យាផ្ដល់ប្រាក់ឈ្នួល ១ ២០០ដុល្លារក្នុង១ខែ»។
អ្នកស្រីបន្ថែមថា៖«ដោយចង់បានការងារមានប្រាក់ខែខ្ពស់ ខ្ញុំក៏បានសុំឱ្យឈ្មោះ សីហា [ជនសង្ស័យ] ជួយទទួលដាក់ឈ្មោះខ្ញុំដើម្បីទៅបម្រើការងារនៅក្នុងកសិដ្ឋាននោះ ហើយគាត់ក៏បានប្រាប់ឱ្យខ្ញុំបង់ប្រាក់៧០០ដុល្លារដល់គាត់ បន្ទាប់មកគឺនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ គាត់ក៏បានប្រាប់ឱ្យខ្ញុំបង់លុយ៦៥០ដុល្លារបន្ថែមទៀតទៅឱ្យគាត់ សម្រាប់ថ្លៃសំបុត្រយន្តហោះទៅធ្វើការនៅប្រទេសកូរ៉េ ហើយខ្ញុំក៏បានបង់តាមការទាមទាររបស់គាត់ គឺសរុបទាំងអស់ ខ្ញុំបានបង់ទៅឱ្យគាត់ចំនួន ១ ៣៥០ដុល្លារ» ។
បើតាមអ្នកស្រី ផាន់ណា នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៣ ជនសង្ស័យបានណាត់ឱ្យគាត់ និងពលរដ្ឋពីបណ្ដាខេត្តដទៃទៀត ដូចជា កណ្ដាល ព្រៃវែង ស្វាយរៀង កំពង់ឆ្នាំង កំពង់ចាម សរុបជាង១០០នាក់ មកជួបជុំគ្នានៅរាជធានីភ្នំពេញ ដើម្បីឡើងយន្តហោះទៅកាន់កសិដ្ឋានក្នុងប្រទេសកូរ៉េ។ ប៉ុន្តែនៅពេលដែលពួកគាត់ទៅដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ស្រាប់តែឈ្មោះ សីហា បានព្យាយាមកុហកពួកគាត់ថា នៅយប់នេះជើងហោះហើរទៅប្រទេសកូរ៉េ ត្រូវបានគេផ្អាកការហោះហើរ រួចឱ្យពួកគាត់រង់ចាំដល់យប់ថ្ងៃអង្គារទី៧ ខែមីនា ឆ្នាំ២០២៣ ហើយបាននាំពួកគាត់ទាំងអស់មកសម្រាកនៅផ្ទះសំណាក់នាគទេព។ លុះដល់ថ្ងៃកំណត់ គឺនៅយប់ថ្ងៃទី ៧ខែមីនា ឆ្នាំ២០២៣ ស្រាប់តែឈ្មោះសីហា បានប្រាប់ពួកគាត់ទាំងអស់គ្នាថា ឥឡូវនេះខាងម្ចាស់កសិដ្ឋាននៅក្នុងប្រទេសកូរ៉េនោះ គេផ្អាកការទទួលយកពលករហើយ និងបានប្រាប់ឱ្យពួកគាត់ រង់ចាំដល់ក្រោយបុណ្យចូលឆ្នាំខ្មែររួច គេនឹងផ្ដល់ដំណឹងជាថ្មី។
អ្នកស្រីបានបន្តថា ក្រោយពីជនសង្ស័យបានព្យាយាមលើកពេលម្ដងហើយម្ដងទៀត និងបកស្រាយជូនពួកគាត់មិនមានភាពច្បាស់លាស់ ពួកគាត់ក៏ចាប់ផ្ដើមបាត់ទំនុកចិត្ត ក៏នាំគ្នាតវ៉ាទាមទារឱ្យជនសង្ស័យបង់ប្រាក់ជូនពួកគាត់វិញ។ ភ្លាមៗនោះ ក៏មានការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ច ចុះមកជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យបានទាន់ពេលវេលា៕