ភ្នំពេញៈ ​សមត្ថ​ភាព​ក្នុង​ការ​ថែទាំ​សុខភាព​ជូន​ប្រជា​ជន​ត្រូវ​បាន​ពង្រីក​ និង​បាន​បង្ក​លក្ខណៈ​ងាយ​ស្រួល​កាន់​តែច្រើន​ដល់​ប្រជា​ជន​ក្នុង​ការ​ទទួល​បាន​ ការ​ថែទាំ​សុខភាព​នៅ​ចន្លោះ​ ពី​ឆ្នាំ​ ២០១៨​ ដល់​ឆ្នាំ ២០២២ ​ដោយ​ចំនួន​មណ្ឌល​សុខភាព ​បាន​កើន​ឡើង​ពី ១ ២០៥​ កន្លែង​ ដល់ ​១ ២៨៨​ កន្លែង​ និង​ចំនួន​មន្ទីរ​ពេទ្យ​បាន​កើន​ឡើង​ពី ១២៣​ កន្លែង​ដល់ ១៣២ ​កន្លែង។

លោក​ ម៉ម​ ប៊ុន​ហេង​ រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិ​បាល​ ថ្លែង​ក្នុង​ពិធី​បិទ​សន្និបាត​លើក​ទី​៤២ ស្តីពី​ការ​ «​បូក​សរុប​សមិទ្ធ​ផល​សុខាភិ​បាល​ រយៈ​ពេល ​៥​ ឆ្នាំ​ (២០១៨-២០២២)​ និង​ទិសដៅ​ឆ្នាំ​ ២០២៣​ និង​ឆ្នាំ​បន្ត​»​ របស់​ក្រសួង​សុខាភិ​បាល​ ដែល​ប្រ​ពឹ​ត្ដ​ទៅ​នៅ​សណ្ឋា​គារ​ រ៉េ​ស៊ីដង់ សុខា​ភ្នំពេញ រសៀល​ថ្ងៃទី​ ៧ ​ខែមីនា ឆ្នាំ​ ២០២៣។

លោក​ថ្លែង​ថា៖ «ក្រសួង​សុខាភិ​បាល ​និង​ប្រជា​ជន​កម្ពុជា​ មាន​មោទន​ភាព​ដែល​មាន​មន្ទីរ​ពេទ្យ​ជាតិ​តេ​ជោសន្តិភាព​ចំណុះ ​១​ ម៉ឺន​គ្រែ ​និង​មន្ទីរពេទ្យ​ហ្លួង​ម៉ែ​ សម្រាប់​ព្យាបាល​ជំងឺ​មហា​រីក​ ដែល​ជា​គំនិត​ផ្តួចផ្តើម​របស់​លោកនាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន»។

លោក​បន្តថា ​ក្នុង​រយៈ​ពេល​ ៥​ ឆ្នាំ​មក​នេះ​គុណភាព​ការងារ​គ្រប់គ្រង​ និង​គុណ​ភាព​សេវា​សុខ​ភាព​ត្រូវ​បាន​កែ​លម្អ​ឱ្យ​ប្រសើរ​ឡើង​ជា​លំដាប់ ​តាម​រយៈ​យន្ត​ការ​តាម​ដាន​និង​វាយតម្លៃ​គុណ​ភាព​ទៀង​ទាត់​ ប្រចាំ​ត្រីមាស​ដែល​ផ្តោត​លើ​គុណ​ភាព​ រចនា​សម្ព័ន្ធ​ គុណភាព​បច្ចេកទេស​ និង​លទ្ធផល​សុខ​ភាព។

លោក ​ម៉ម ​ប៊ុន​ហេង ​ថ្លែង​ថា​ គុណភា​ព​ផ្នែក​គ្លីនិក​ចាំ​បាច់​ត្រូវ​កែលម្អ​ ឱ្យ​ប្រសើរ​ឡើង​ថែមទៀត​ ដើម្បី​ឆ្លើយ​តប​ការ​រំពឹង​ទុក​របស់​ប្រជា​ជន។ ក្រសួង​បាន​បង្កើត ១០២ ស្តង់​ដា​មណ្ឌល​សុខ​ភាព​ និង​ ៣៦៥ ស្ត​ង់​ដា​មន្ទីរ​ពេទ្យ​ ដែល​ជា​មូលដ្ឋាន​គ្រឹះ​សម្រាប់​ការ​អភិ​វឌ្ឍ ​និង​ដាក់​ឱ្យ​ដំណើរ​ការ​ ប្រព័ន្ធ​ទទួល​ស្គាល់​គុណ​ភាព​​សេវា​សុខាភិ​បាល​នៅ​ឆ្នាំ​ខាង​មុខ​។​

លោក​ ម៉ម​ ប៊ុន​ហេង​ បាន​ឱ្យ​ដឹង​ដែរ​ថា ​ចំនួន​មន្ត្រី​សុខាភិ​បាល​ទូទាំង​ប្រទេស​នៅ​ក្នុង​ឆ្នាំ​ ២​០១៨​ មាន​ចំនួន​ ២៥​ ៤៣៨​ នាក់​ ក្នុ​ង​នោះ​មាន​ស្ត្រី ​១៣ ៣៩៣​ នាក់​ រហូត​ដល់​ឆ្នាំ​ ២០២២ ​មាន​ចំនួន ​៣២ ២៤០ ​នាក់ក្នុង​នោះ​ស្ត្រី ១​៧ ០៧៩​ នាក់​។ មន្ត្រី​រាជ​ការ​សុខាភិបាល​នៅ​ថ្នាក់​រាជ​ធានី​ខេត្ត​បាន​កើន​ឡើង​ពី ​១៩ ៧១០ នាក់​ នៅ​ឆ្នាំ​២០១៨​ ដល់​ ២៥ ១៧៥ ​នាក់​ នៅ​ឆ្នាំ ​២០២២​។​

ដោយ​ឡែក ​នៅ​ក្នុង​សន្និ​សីទ​ស្តីពី​លទ្ធផល​រយៈ​ពេល​ ៥ ​ឆ្នាំ​ នៃ​ខេត្តពោធិ៍​សាត់​ ធ្វើ​ឡើង​នៅ​ទីស្តី​ការ​គណៈ​រ​ដ្ឋ​មន្ត្រី​ថ្ងៃទី​ ៧​ ខែ​មីនា​ លោក​ ខូ​យ​ រី​ដា ​អភិបាល​ខេត្ត​​ពោធិ៍​សាត់​ បាន​ឱ្យ​ដឹង​ថា ​ខេត្ត​មាន​ការិយា​ល័យ​សុខាភិ​បាល​ស្រុក​ប្រតិ​បត្តិ​ចំនួន ​៤ មន្ទីរ​ពេទ្យ​បង្អែក​ចំនួន​៤ ​មណ្ឌល​សុខភាព​ចំនួន​ ៤៧ ​(​កើន​ ៧ កន្លែង​) មាន​ប៉ុស្តិ៍​ សុខភាព​ចំនួន​ ១ ​និង​ប៉ុស្តិ៍​សុខភាព​ពន្ធនា​គារ ចំនួន ២។

ក្រៅពី​នោះ​ខេត្ត​មាន​គ្លី​និក​ឯកជន​ចំនួន​ ៣៩០​ កន្លែង​ ដែល​បាន​និង​កំពុង​រួម​ចំណែក​ផ្តល់​ សេវា​សុខាភិ​បាល​។​ ចំពោះ​សមិទ្ធ​ផល​សំខាន់ៗ​ដែល​សម្រេច​បាន​ដោយ​ភ្នាក់ងារ​អនុ​វត្តន៍​នៅ​លើ​វិស័យ​សុខាភិបាល​ចាប់​ពី​ឆ្នាំ២​០១៨ ​ដល់​ ឆ្នាំ​២០២២ ​រួមមាន ការ​ផ្តល់​សេវា​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ ចំពោះ​ការ​ពិគ្រោះ​ជំងឺ ​(ករណី​ថ្មី​) ​សរុប​ចំនួន ១​ ៤៩៥ ៨៩៤ ​ករណី​ អត្រា​ប្រើប្រាស់​គ្រែ​ជា​មធ្យម​ចំនួន ១០១% ​រយៈ​ពេល​មធ្យម​នៃ​ការ​សម្រាក​ ព្យាបាល​ចំនួន ​៥ ​ថ្ងៃ​។​​

លោក​ថ្លែង​ថា​ បច្ចុប្បន្ន​ ខេត្ត​នៅមាន​ការ​ខ្វះខាត​អគារ​មន្ទីរ​ពេទ្យ​ ដោយ​សា​រមន្ទីរ​ពេទ្យ​ទទួល​អ្នក​ជំងឺ​ច្រើន ​ពេល​ខ្លះ​រក​កន្លែង​ដាក់​គ្មាន​​ហេតុ​នេះ ​ខេត្ត​កំពុ​ង​​កៀរ​គរ​​សប្បុរសជន​ ដើ​ម្បី​កសាង​អគារ​សង្គ្រោះ​បន្ទាន់​ ១ ​ក្នុង​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ពោធិ៍សា​ត់​​ដែល​មាន​កម្ពស់ ​៨ ​ជាន់​ នេះ​ជា​អគារ​មូល​និធិ​ចេញ​ពី​បេះដូង​មនុស្ស​ធម៌​របស់​ប្រជា​ជន​កម្ពុជា​ ដើម្បី​រួម​ចំណែក​កាត់​បន្ថយ​ភាពក្រីក្រ​ និង​កាត់​បន្ថយ​ភាព​ឈឺ​ចាប់​របស់​ប្រ​ជា​ជន​ទូទៅ។

លោក​ថ្លែង​ថា​៖ «​គ្មាន​អ្នក​ណា​បន់​ឱ្យ​ទៅ​មន្ទី​រពេទ្យ​ទេ​ ប៉ុន្តែ​សួរថា​តើ​អ្នក​ណា​មួយ​គេ​ច​ពី​មន្ទីរ​ពេទ្យ​រួច​រាប់​ទាំង​ខ្ញុំ​ឡើង​ទៅ។​​ គឺ (យើង)​​ គិត​ថា​ ត្រូវ​តែ​មាន​មន្ទីរ​ពេទ្យ​ហ្នឹង ​(ត្រៀម) ​អានេះ​ជា​គុណ​ប្រយោជន៍​មួយ ​សម្រាប់​នៅ​ពេល​ខាង​មុខ​នេះ​ ប្រហែល​ជា​ក្នុង​ឆ្នាំ​២០២៣ ​នេះ អគា​រនេះ​នឹង​ចាប់​ផ្តើម​បុកគ្រឹះ​សាងសង់»៕