
លោក ហ៊ុន សែន ថ្លែងក្នុងពិធីបិទសន្និបាតរបស់ក្រសួងសុខាភិបាល ពីថ្ងៃទី ៧ ខែមីនា។ រូបថត SPM
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើឱ្យស្ថាប័នពាក់ព័ន្ធពង្រឹងការត្រួតពិនិត្យលើការនាំចូលចំណីអាហារ និងគ្រឿងឧបភោគបរិភោគ ព្រមទាំងឱសថព្យាបាល ឱ្យបានហ្មត់ចត់ ដើម្បីបញ្ចៀសឱ្យបាននូវផលប៉ះពាល់លើសុខភាពរបស់ប្រជាជន ដោយសារថា អាហារ និងថ្នាំព្យាបាលមួយចំនួន អាចបង្កផលប៉ះពាល់ខ្លាំងដល់សុខភាព និងអាយុជីវិតប្រជាជន។
ប្រមុខរដ្ឋាភិបាលកម្ពុជាថ្លែងបែបនេះក្នុងពិធីបិទសន្និបាតលើកទី៤២ ស្តីពី «ការបូកសរុបសមិទ្ធផលសុខាភិបាល រយៈពេល ៥ ឆ្នាំ (២០១៨-២០២២) និងទិសដៅឆ្នាំ ២០២៣ និងឆ្នាំបន្ត» របស់ក្រសួងសុខាភិបាល ដែលប្រពឹត្ដទៅនៅសណ្ឋាគារ រ៉េស៊ីដង់ សុខាភ្នំពេញ នាថ្ងៃទី ៧ ខែមីនា។
លោកលើកឡើងថា ក្រសួង ស្ថាប័នពាក់ព័ន្ធ និងក្រសួងសុខាភិបាលត្រូវលើកកម្ពស់ និងជំរុញការផ្សព្វផ្សាយ ព្រមទាំងអប់រំពីបញ្ហាម្ហូបអាហារ ឬគ្រឿងឧបភោគបរិភោគ ដើម្បីបញ្ចៀសឱ្យបាននូវផលប៉ះពាល់សុខភាព ព្រោះអាហារមួយចំនួន អាចបង្កផលប៉ះពាល់ខ្លាំងដល់សុខភាព និងអាយុជីវិតប្រជាជន ដែលការណ៍នេះបង្កើនបន្ទុកចំណាយរបស់ប្រជាជន និងការចំណាយបន្ថែមរបស់រាជរដ្ឋាភិបាលលើវិស័យសុខាភិបាល។
លោកបន្តថា ការចាប់ផ្តើមរបស់កម្ពុជា នៅក្រោយរបបប៉ុលពត គឺធ្វើយ៉ាងណាឱ្យតែបានឆ្អែត ក្រោយមកមិនត្រឹមតែប្រជាជនបានឆ្អែតប៉ុណ្ណោះទេ កម្ពុជាបានប្រឹងប្រែងរហូតដល់បានឆ្អែត ហើយឆ្ងាញ់ថែមទៀត។ រហូតមកដល់បច្ចុប្បន្ន កម្ពុជាចង់បានឆ្អែតឆ្ងាញ់ ហើយធានាសុខភាពទៀតផង។ នោះគឺជាបញ្ហាដែលគ្រប់គ្នាត្រូវគិតរួមគ្នា ហើយក្រសួងស្ថាប័នដែលមានការពាក់ព័ន្ធត្រូវមានការទទួលខុសត្រូវលើបញ្ហានេះឱ្យបានហ្មត់ចត់។
លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា បញ្ហាពេលនេះ គឺត្រូវតែរកវិធីដោះស្រាយ ហើយបញ្ហាសុខភាពនេះក៏កើតចេញពីទំនាក់ទំនងជាមួយការផលិតផងដែរ។ ហេតុនេះប្រសិនបើការផលិតសមស្រប នឹងផ្តល់នូវការបង្កើតជាចំណីអាហារ ឱ្យប្រជាពលរដ្ឋមានសុវត្ថិភាពនិងសុខភាពល្អ។
លោកថ្លែងថា៖ «ពីមុនត្រឹមតែ ១ ឆ្អែត ក្រោយមកឱ្យឆ្អែតហើយឱ្យឆ្ងាញ់។ ឥឡូវឆ្អែត ឆ្ងាញ់ និងធានាសុវត្ថិភាព។ អ៊ីចឹង យើងត្រូវដាក់ចេញគោលដៅនៃការដោះស្រាយដែលវាទាក់ទង មិនមែនគ្រាន់តែមកដល់ពេលហូបចុក ពេលសម្រាកព្យាបាលជំងឺទេ គឺវាទាក់ទងតាំងពីការផលិត»។
លោកថា ការកែច្នៃចំណីអាហារខ្លះទាមទារឱ្យមានការពិនិត្យហ្មត់ចត់ មុននឹងឱ្យចរាចរលើទីផ្សារ។ ដោយឡែកក្នុងពេលកន្លងទៅ កម្ពុជាបានធ្វើការផ្សព្វផ្សាយកុំឱ្យប្រើប្រាស់ទឹកសេរ៉ូមួយចំនួន ដែលនាំឱ្យស្លាប់មនុស្សនៅលើប្រទេសជាច្រើន។ ហេតុនេះ មុននាំចូល ផលិតផលម្ហូបអាហារណាមួយចូលមកក្នុងប្រទេសត្រូវតែធ្វើការពិនិត្យឱ្យបានច្បាស់លាស់ និងត្រូវប្រាកដថា មានសុវត្ថិភាព។
ជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា លោកមិនអនុញ្ញាតដាច់ខាតចំពោះ ការនាំចូលថ្នាំព្យាបាលពីប្រទេសដទៃក្នុងបំណង យកមកធ្វើតេស្តលើប្រជាជនកម្ពុជា។
លោកបញ្ជាក់ថា៖ «សុំកុំឱ្យប្រជាជនកម្ពុជាក្លាយទៅជាអ្នកដែលត្រូវគេធ្វើតេស្តថ្នាំរបស់ប្រទេសណាមួយឱ្យសោះ។ គេប្រើប្រាស់មានប្រសិទ្ធភាពហើយ ច្បាស់ហើយចាំបញ្ជាទិញយកមកប្រើប្រាស់នៅប្រទេសរបស់យើង»។
នាឱកាសនោះប្រមុខរាជរដ្ឋាភិបាល ថ្លែងលើកទឹកចិត្តដល់មន្ត្រីសុខាភិបាល គ្រូពេទ្យ និងបុគ្គលិកថែទាំវេជ្ជសាស្ត្រទាំងអស់ឱ្យបង្កើនការយកចិត្តទុកដាក់ខ្ពស់ ជាពិសេសផ្តោតអាទិភាពលើការសង្គ្រោះជីវិតលើសអ្វីៗទាំងអស់ ដោយប្រកាន់ខ្ជាប់ក្រមសីលធម៌ អាជីព។
លោកថា មុខងារអាជីពជាចម្បងរបស់ មន្ត្រីសុខាភិបាល គ្រូពេទ្យ និងបុគ្គលិកថែទាំវេជ្ជសាស្ត្រទាំងអស់ គឺការសង្គ្រោះជីវិតប្រជាជនទូទៅ ដែលតម្រូវឱ្យមានការព្យាបាលសុខភាពដោយទឹកចិត្តបរិសុទ្ធ និងគោរពស្រឡាញ់អ្នកជំងឺ និងអ្នកទទួលសេវាសុខាភិបាល។
ពាក់ព័ន្ធនឹងបញ្ហាសុវត្ថិភាពចំណីអាហារនេះ កាលពីឆ្នាំ ២០១៩ ក្រសួងសុខាភិបាលបានចេញប្រកាសប្រាប់ទៅភោជនីយដ្ឋានខ្នាតធំនៅព្រះរាជាណាចក្រកម្ពុជា ត្រូវមានវិញ្ញាបនបត្របញ្ជាក់គោលការណ៍អនាម័យល្អ និងត្រូវដាក់ពាក្យសុំនៅក្រសួងសុខាភិបាល។
សម្រាប់ភោជនីយដ្ឋាន និងអាហារដ្ឋានខ្នាតធំទាំងអស់ត្រូវមានអ្នកទទួលខុសត្រូវផ្នែកអនាម័យ និងសុវត្ថិភាពចំណីអាហារ យ៉ាងតិច ១ រូប ដែលមានវិញ្ញាបនបត្របញ្ជាក់ការសិក្សាពីអនាម័យ សុវត្ថិភាពចំណីអាហារ ដែលទទួលស្គាល់ពីក្រសួងសុខាភិបាល។
ដោយឡែក ប្រតិបត្តិករធុរកិច្ចចំណីអាហារ នឹងត្រូវផ្តល់ជូនវិញ្ញាបនបត្របញ្ជាក់គោលការណ៍អនុវត្តអនាម័យល្អ ដោយផ្អែកតាមកម្រិតនៃភាពអនុលោមតាមតារាងលក្ខណៈវិនិច្ឆ័យសុវត្ថិភាពចំណីអាហារ។
ចំពោះបញ្ហាឱសថ ក្រសួងសុខាភិបាល ក៏បានចេញប្រកាសស្តីពីការគ្រប់គ្រងការនាំចូល-នាំចេញ និងចែកចាយវត្ថុធាតុដើម សារធាតុគីមីផ្សំ ឱសថញៀននិងឱសថមានឥទ្ធិពល លើប្រព័ន្ធសរសៃប្រសាទ ឬឱសថព្យាបាលជំងឺផ្លូវចិត្ត កាលពីឆ្នាំ ២០២២ ដែលមានវិសាលភាពគ្របដណ្តប់លើគ្រឹះស្ថានផលិតវត្ថុធាតុដើម គ្រឹះស្ថានផលិតឱសថ គ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ គ្រឹះស្ថានលក់ដុំឱសថ មូលដ្ឋានសុខាភិបាលសាធារណៈ និងឯកជនក្នុងព្រះរាជាណាចក្រកម្ពុជា៕