
ជនជាប់ចោទ និងកាំភ្លើង ដែលសមត្ថកិច្ចរឹបអូស កាលពីថ្ងៃទី ៧ ខែមីនា។ រូបថត នគរបាល
កំពង់ចាមៈ ឧកញ៉ាម្នាក់ត្រូវបានកម្លាំងនគរបាលយុត្តិធម៌ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ចាប់បញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តភ្លាមៗ តាមអំណាចសាលដីកាស្ថាពររបស់សាលាឧទ្ធរណ៍ត្បូងឃ្មុំ ពាក់ព័ន្ធសំណុំរឿងចោទប្រកាន់ពីបទ «ឆបោក»។
លោក ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ជនជាប់ចោទឈ្មោះ អ៊ឹម ប្រុស អាយុ ៥៦ ឆ្នាំ ដែលមានងារជាឧកញ៉ា និងមានរហស្សនាមថា គ្រូសីលមានលំនៅភូមិ អណ្តូងច្រុះ ឃុំអំពិល ស្រុកកំពង់សៀម ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ៧ ខែមីនា ពាក់ព័ន្ធសំណុំរឿង «ឆបោក» ដែលបានប្រព្រឹត្តកាលពីឆ្នាំ ២០១៥, ២០១៦ និងឆ្នាំ ២០១៧។
លោកបញ្ជាក់ថា៖ «ក្រោយការឃាត់ខ្លួនជនជាប់ចោទ [អ៊ឹម ប្រុស] ដែលមានពិរុទ្ធភាពជាប់ខ្លួនស្រាប់ ត្រូវបានតំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បង្គាប់ឱ្យនាំយកទៅឃុំខ្លួនភ្លាមៗ នៅពន្ធនាគារខេត្ត»។ ក្នុងប្រតិបត្តិការចុះអនុវត្តសាលដីកាស្ថាពររបស់សាលាឧទ្ធរណ៍ត្បូងឃ្មុំដែលដឹកនាំដោយតំណាងអយ្យការខេត្តកំពង់ចាម បានរកឃើញ និងរឹបអូស អាវុធខ្លី ចំនួន ៥ ដើមរួមមាន ម៉ាកឡុក CF98 ពណ៌ខ្មៅ ៣ ដើម, ម៉ាក K59 ពណ៌ខ្មៅ ១ ដើម និងម៉ាក CZ75 ពណ៌ខ្មៅ ១ ដើម បណ្ណសម្គាល់អាវុធខ្លីផុតសុពលភាព ចំនួន ១៥ សន្លឹក គ្រាប់កាំភ្លើងសរុប ២៥៩ គ្រាប់ រួមនឹងសម្ភារផ្សេងៗមួយចំនួនទៀត។
លោក អ៊ិត ដារ៉ា ស្នងការរងទទួលបន្ទុកផ្នែកព្រហ្មទណ្ឌ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ក្រោយពីរកឃើញជនជាប់ចោទបានបន្តរក្សាទុកនូវអាវុធ និងគ្រាប់កាំភ្លើងទាំងនោះ ជាមួយលិខិតប្រើប្រាស់ផុតសុពលភាព កម្លាំងនគរបាល ក៏បានសម្រេចកសាងសំណុំរឿងចោទប្រកាន់ពីបទ «ប្រើប្រាស់អាវុធខុសច្បាប់» និងបញ្ជូនទៅកាន់ស្ថាប័នអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ដើម្បីមានចំណាត់ការបន្តតាមនីតិវិធី។
ជុំវិញបទចោទថ្មីនេះ លោក តូច ឧត្តម ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា នៅពេលនេះ តំណាងអយ្យការកំពុងបន្តនីតិវិធី ស៊ើបអង្កេត លើសំណុំរឿងថ្មី ដែលទើបត្រូវបានរកឃើញនោះហើយ ប៉ុន្តែការឃុំខ្លួនជនត្រូវចោទនាពេលនេះ គឺជាការអនុវត្តសាលដីកាស្ថាពររបស់សាលាឧទ្ធរណ៍ត្បូងឃ្មុំពាក់ព័ន្ធនឹងសំណុំរឿង «ឆបោក»។
លោក ឧត្តម បញ្ជាក់ថា៖ «តាមអំណាចសាលដីកាស្ថាពររបស់សាលាឧទ្ធរណ៍ត្បូងឃ្មុំ ជនត្រូវចោទឈ្មោះ អ៊ឹម ប្រុស ត្រូវបានតុលាការសម្រេចផ្ទន្ទាទោសជាប់ពន្ធនាគាររយៈពេល ៦ ខែ ពីបទឆបោក តែត្រូវអនុវត្តទោសក្នុងពន្ធនាគាររយៈពេល ៣ ខែ ហើយ ៣ ខែទៀតត្រូវព្យួរ។ ចំណែកសំណុំរឿងថ្មី ដែលទើបត្រូវបានរកឃើញមានជាប់ពាក់ព័ន្ធការរក្សាទុកអាវុធជាតិផ្ទុះនេះ គឺតំណាងអយ្យការយើងកំពុងស៊ើបអង្កេតតាមនីតិវិធី»៕