ភ្នំពេញៈ​កម្ពុជា​ស្នើ​អូស្ត្រា​លី ​ជួយ​គាំទ្រ​បន្ថែម​ទៀ​ត​ទៅលើ​ការ​បណ្តុះ​បណ្តាល​ជំនាញ​ប្រយុទ្ធ​ប្រឆាំង​បទ​ល្មើស​បច្ចេក​វិទ្យា​ ដល់​មន្ត្រី​នគរ​បាល​កម្ពុជា ​ខណៈ​ប្រភេទ​បទ​ល្មើស​នេះ ​កំពុង​មាន​និន្នា​ការ​កើន​ឡើង​នៅ​ក្នុង​បណ្តា​ប្រទេស​តំបន់​អាស៊ី​។

​ការ​ស្នើ​នេះ ​ធ្វើ​ឡើង​ក្នុងជំ​នួប​រវាង​លោក នេ​ត​ សាវឿន អគ្គ​ស្នងការ​នគរ​បាល​ជាតិនិង​លោក Peter Sykora មេ​បញ្ជា​ការ​ទទួល​កិច្ចការ​នគរ​បាល​សហ​ព័ន្ធ​អូស្ត្រា​លី​ ប្រចាំ​តំបន់​អាស៊ី​ កាលពី​​ថ្ងៃទី​៨ ​ខែមីនា នៅឯ​អគ្គ​ស្នង​ការ​ដ្ឋាន​​នគរ​បាល​ជាតិរាជ​ធានី​ភ្នំពេញ​។​

​គេហទំព័រ​អគ្គ​ស្នងការ​ដ្ឋាន​នគរ​បាល​ជាតិ​បញ្ជាក់ថា ​​លោកនេ​ត សាវឿន បាន​វាយត​ម្លៃ​ខ្ពស់​ចំពោះ​ទំនាក់​ទំនង «​ដ៏​ជិត​ស្និទ្ធ​» រវាង​អគ្គ​ស្នង​ការ​នគរ​បាល​ជាតិក៏​ដូចជា​​ថ្នាក់​ដឹក​នាំ​នគរបាល​ជាតិនៃ​ប្រទេស​ទាំង​២ ​និង​បាន​ថ្លែង​​អំណរ​គុណ​ចំពោះ​ការ​ជួយ​ជ្រោម​ជ្រែង​របស់​នគរបាល​អូស្ត្រាលី​រយៈ​កាល​កន្លង​មក​មាន​ដូច​ជាការ​ផ្តល់​ទីប្រឹក្សា​ក្នុង​ការ​ដាក់​ចេញ​យុទ្ធ​សាស្ត្រ​គោល​នយោ​បាយ​នគរបាល​ជាតិ​កម្ពុជាជួយ​គាំទ្រ​បង្កើត​ក្រុម​ការងារ​ TCT និង​ការ​ជួយ​បណ្តុះ​បណ្តាល​ទាំង​ការ​កសាង​សមត្ថ​ភាព​មន្ត្រីការ​ជួយ​មធ្យោបា​យសម្ភារ​និង​គម្រោង​ធំៗ​ដទៃ​ទៀត​។​

​ប្រភព​ដដែល​បញ្ជា​ក់នៅថ្ងៃទី​៨ ខែមីនា ថា​៖ «​ឯកឧត្តម [​លោក នេ​ត សាវឿន​] ក៏បាន​ថ្លែង​​ការ​កោត​សរសើរនិង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​កិច្ច​សហ​ប្រតិ​ប​ត្តិ​ការនិង​ការជួយ​គាំទ្រ​ទាំងនេះនិង​ស្នើឱ្យ​ភាគី​អូស្ត្រាលី​ជួយ​គាំទ្រ​បន្ថែម​ទៀត​​ជា​ពិសេស ​​ការ​បណ្តុះ​បណ្តាល​ជំនាញ​ប្រយុទ្ធ​ប្រឆាំង​បទ​ល្មើស​បច្ចេក​វិទ្យា ដែលជា​ប្រភេទ​បទ​ល្មើស​កំពុង​មាន​និន្នា​ការ​កើន​ឡើង​ជារួម​នៅក្នុង​បណ្តា​ប្រទេស​តំបន់​អាស៊ី​»​។​

​បើតាមគេហទំព័រ​ដដែល​ភាគី​នគរ​បាល​សហព័ន្ធ​អូស្ត្រាលីបាន​កោត​សរសើរ​ចំពោះ​លទ្ធផល​នៃ​កិច្ច​សហ​ប្រតិ​ប​ត្តិ​ការ​រវាង​នគរ​បាល​សហព័ន្ធ​អូស្ត្រាលី និង​នគរបា​លជាតិ​កម្ពុជា តា​មរយៈ​ក្រុម​បង្ក្រាប​បទល្មើស​ឧក្រិដ្ឋ​ឆ្លង​ដែន (TCT) និង​អរគុណ​លោក នេ​ត សា​វឿ​ន ដែល​តែង​តែ​គាំទ្រ​ដល់​នគរបាល​សហព័ន្ធ​អូស្ត្រាលី​ នៅ​ក្នុង​មជ្ឈ​មណ្ឌល​ TCT ផង​ដែរ​។

​គេហ​ទំព័រ​នេះ​បន្ត​ថា​ «​ភាគី​អូស្ត្រាលីក៏បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ក្រុមកា​រងារ TCTកម្ពុជា​ធ្វើជា​គំរូ ​ដែល​អាច​យក​ទៅ​បង្កើត​នៅ​ប្រទេស​ដទៃ​ផ្សេង​ទៀត​នៅពេល​ខាងមុខ​។ក្នុងនោះភាគី​នគរ​បាល​សហព័ន្ធ​អូស្ត្រាលី​បាន​សន្យា​បន្ត​គាំទ្រ​នគរបាល​ជាតិ​កម្ពុជា លើ​ការបើក​វគ្គ​បណ្តុះប​ណ្តាល​ជំនាញ​ជូន​ដល់​មន្ត្រី​សិក្ខា​កាមដើម្បី​យក​ទៅ​បំពេញ​ភារ​កិច្ច​ឱ្យចំ​គោល​ដៅ​»​។​

​ប្រភពដដែល​បន្ត​ទៀត​ថា ​លោក Peter​ ក៏បាន​អបអរ​សាទរ ​ចំពោះ​ការដក​កម្ពុជា​ ចេញពី​បញ្ជី​ប្រផេះ​របស់​អង្គ​ការ​ឃ្លាំមើល​ការ​លាង​លុយ និង​ឧក្រិដ្ឋ​កម្ម​ហិរញ្ញ​វត្ថុ​អន្តរ​ជាតិ (FATF) ​និង​បាន​កោត​សរសើរ​លើកិច្ច​ខិត​ខំ​ប្រឹង​ប្រែង​រប​ស់​នគរបាលជា​តិ​កម្ពុ​ជាដែល​ជា​ផ្នែក​សំខាន់មួយ ​ដែល​នាំ​ឱ្យ​កម្ពុជា​សម្រេច​បាន​លើ​កា​រងារ​នេះ​។​

​លោក ​ថុង ម៉េង​ដា​វិត អ្នក​សិក្សា​ស្រាវ​ជ្រាវ​នៅ​មជ្ឈ​មណ្ឌល​មេគង្គ​សម្រាប់​ការ​សិក្សា​យុទ្ធ​សាស្ត្រ​នៃ​វិទ្យា​ស្ថាន​ចក្ខុ​វិស័យ​អាស៊ី (AVI) ប្រាប់ភ្នំពេញប៉ុស្តិ៍នៅ​ថ្ងៃទី៩ ​ខែមីនា ​ថា​ ឌី​ជី​ថ​លូ​ប​នីយ​កម្ម​គឺ​ចាំបាច់​ណាស់ ​សម្រាប់​ការ​លើក​កម្ពស់​ការ​អភិវឌ្ឍ​ជាតិ​ និង​សន្តិសុខ​របស់​រដ្ឋ​។បច្ចុប្បន្ន​​ស្ថានភា​ព​នៃ​សន្តិសុខ​ពិភព​លោក​កំពុង​វិវឌ្ឍ​កាន់​តែមាន​គ្រោះ​ថ្នាក់កាន់តែ​ទំនើបនិង​អាច​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់បាន ​តាមរយៈ​ការប្រើប្រា​ស់​ប​ច្ចេ​វិទ្យា​សន្តិ​សុខ​តាម​ប្រព័ន្ធ​អ៊ីនធឺ​ណិតនិង​សង្គ្រាម​ដោយ​ប្រើ​យន្ត​ហោះ​គ្មាន​អ្នក​បើក (drone)​។​

​លោក​បន្តថា​ សន្តិសុខ​តាម​ប្រព័ន្ធ​អ៊ីន​ធឺណិត​គឺជា​កត្តា​ដ៏​សំខាន់​មួយ​ហើយ​អាចជា​ការគំរាម​កំហែង​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​សន្តិ​សុខ​របស់​រដ្ឋ​និង​អាយុ​ជីវិត​មនុស្ស​ ដោយ​សារភាព​ប៉ិនប្រសប់​ជំនាញ និង​ការ​ស្ថិតក្នុង​ទី​ងងឹត​មាន​កម្រិត​ខ្ពស់​។ ​ប្រទេស​អូស្ត្រាលី ​អាច​ជា​ដៃគូ​ដ៏​មាន​តម្លៃ​ក្នុងការ​ពង្រឹង​នាយកដ្ឋា​ន​នគរបា​លជាតិ​កម្ពុជា ​ដើម្បី​ទទួល​បាន​ជំនាញ​ចាំ​បាច់​ដើម្បី​វិភាគ​ពី​ចំណុច​ខ្លាំងចំណុច​ខ្សោយឱកាស និង​ការ​គំរា​មកំហែង​នៃ​បញ្ហា​សន្តិ​សុខ​តាម​​អ៊ីន​ធឺណិត​ដើម្បី​ពង្រឹង​សមត្ថ​ភាពនិង​ចំណេះ​ដឹង​បន្ថែម​ទៀតដើម្បី​ជំរុញ និង​ការពារ​សន្តិសុខ​ជាតិ និង​តំបន់​។​

​លោក ​ម៉េង ដា​វិត បាន​បញ្ជាក់​ថា៖ «ដោយសារ​លក្ខណៈ​ឆ្លង​ដែននិង​ការគំរាម​កំហែង​កម្រិត​ខ្ពស់​ដល់​សន្តិសុខ​ជាតិ និង​តំបន់កម្ពុជា​តិច​ ឬ​ច្រើន​ស្ថិតក្នុង​ការ​គំរាម​កំហែង​នៃ​បញ្ហា​សន្តិសុខ​តាម​អ៊ីន​ធឺណិត​នេះ ហើយ​ឥឡូវ​នេះ​ត្រូវការ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​បន្ថែម​ទៀត​ជាមួយ​ដៃគូ​អន្តរ​ជាតិ​ផ្សេង​ទៀត​សម្រាប់​ការគាំទ្រ​ផ្នែក​បច្ចេក​ទេសនិង​ជំនាញ​»៕