
សកម្មភាពចូលរួមបរិច្ចាគឈាមកាលពីថ្ងៃទី៨ មីនា ។ រូបថត Chip Mong page
ភ្នំពេញៈលោក សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាមបានឱ្យដឹងថាក្នុងថ្ងៃទិវានារីអន្តរជាតិ៨ មីនា ឆ្នាំនេះ មានអ្នកចូលរួមពិនិត្យសុខភាពដើម្បីបរិច្ចាគឈាមសង្គ្រោះជីវិតដោយស្ម័គ្រចិត្តប្រមាណ៤០០ នាក់ហើយជាលទ្ធផលមជ្ឈមណ្ឌលជាតិផ្តល់ឈាមបានទទួលឈាមជាង ២០០ ប្លោក ទុកសម្រាប់ជួយសង្គ្រោះជីវិតមនុស្ស។
ថ្លែងប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី៩ ខែមីនា ប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាមលោក សុខ ប៉ូ បានឱ្យដឹងថាក្នុងថ្ងៃទិវានារីអន្តរជាតិ៨មីនាមានយុទ្ធនាការ «បរិច្ចាគឈាមសង្គ្រោះជីវិត» ១ កន្លែង នៅផ្សារទំនើបជីបម៉ុង ២៧១ រៀបចំឡើងដោយក្រុមហ៊ុនជីបម៉ុងនិងសមាគមធនាគារជាតិ។យុទ្ធនាការនេះធ្វើឡើងដើម្បីផ្តល់ក្តីសង្ឃឹមនិងជីវិតទី២ ទៅកាន់អ្នកដែលត្រូវការឈាមសង្គ្រោះជីវិតបន្ទាន់។
លោកបញ្ជាក់ថា ក្រៅពីយុទ្ធនាការនៅផ្សារទំនើបជីបម៉ុង២៧១មានប្រជាពលរដ្ឋមួយចំនួនបានទៅផ្តល់ឈាមនៅមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដែលសរុបទាំង២ ទីតាំងនេះមជ្ឈមណ្ឌលជាតិផ្តល់ឈាមទទួលបានឈាមជាង២០០ប្លោកក្នុងនោះ១៩០ប្លោកបានមកពីយុទ្ធនាការ«បរិច្ចាគឈាមសង្គ្រោះជីវិត» នៅផ្សារជីបម៉ុង។
លោកថ្លែងថា៖ «ចំនួនប្លោកដែលយើងទទួលបាននេះមានមនុស្សចូលរួមយ៉ាងតិច ៣០០ ទៅ ៤០០ នាក់ ដែរ។ យើងអត់គិតរឿងអ្នកចូលរួមហែហមទេយើងគិតតែអ្នកដែលចូលរួមពិនិត្យសុខភាពហើយអ្នកមិនជាប់គឺធ្លាក់ដោយសារសុខភាព ដោយសារទម្ងន់ដោយសារបញ្ហាផ្សេងៗយើងអត់យកប៉ុន្តែយើងបានប៉ុនហ្នឹងមិនតិចជាង ៤០០ នាក់ទេចូលរួម»។
លោកប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាមបានឱ្យដឹងថា ក្នុងខែមីនានេះ មានយុទ្ធនាការបរិច្ចាគឈាមសង្គ្រោះជីវិតប្រមាណ ១៦ កន្លែង ក្នុងនោះ មានដូចជានៅធនាគារអេស៊ីលីដាផ្សារទំនើបជីបម៉ុងនិងតាមបណ្តាខេត្តមួយចំនួនដូចជាខេត្តពោធិ៍សាត់ជាដើម។
លោក សុខ ប៉ូ បានឱ្យដឹងថា តម្រូវការឈាមជួយសង្គ្រោះជីវិតមនុស្សរៀងរាល់ថ្ងៃគឺរៀងរាល់ ៦ នាទី ត្រូវការ ១ ប្លោក។ នៅរាជធានីភ្នំពេញត្រូវការ ២៥០ ទៅ ៣០០ ប្លោក ក្នុង ១ ថ្ងៃ បើគិតទាំងនៅតាមខេត្តផង គឺកម្ពុជាត្រូវការឈាមជាង ៣០០ ប្លោក ក្នុង ១ ថ្ងៃ សម្រាប់ជួយសង្គ្រោះជីវិតមនុស្ស។ជាមួយគ្នានេះលោកបានអំពាវនាវបន្ថែមទៀតដល់ជនរួមជាតិទាំងអស់ ឱ្យចូលរួមបរិច្ចាគឈាមដើម្បីជួយសង្គ្រោះជីវិតមនុស្សព្រោះឈាមមិនមានរោងចក្រណាផលិតបានទេ។
លោកបញ្ជាក់បន្ថែមថា ឈាមដែលមជ្ឈមណ្ឌលជាតិផ្តល់ឈាមប្រមូលបានគឺបានបែងចែកផ្តល់ជូនទៅមន្ទីរពេទ្យរដ្ឋទាំងអស់ ២០០ ទៅ ៣០០ ប្លោក គ្រប់មន្ទីរពេទ្យសម្រាប់ស្តុកទុកជួយសង្គ្រោះជីវិតមនុស្ស។
លោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដាថ្លែងក្នុងពេលប្រកាសការចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្តរបស់កម្មករនិយោជិតធនាគារអេស៊ីលីដាភីអិលស៊ីគ្រប់លំដាប់ថ្នាក់កាលពីថ្ងៃទី៦ ខែមីនា ថា ការបរិច្ចាគឈាមពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការជួយសង្គ្រោះជនរងគ្រោះនិងអ្នកជំងឺដែលត្រូវការឈាមដើម្បីព្យាបាលជំងឺ។
លោកថ្លែងថា៖ «ការចូលរួមចំណែកក្នុងកិច្ចការសង្គមដ៏មានសារៈសំខាន់មួយនេះកម្មករនិយោជិតធនាគារអេស៊ីលីដាបានចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្តចំនួន៥ដងរួចមកហើយរាប់តាំងពីឆ្នាំ២០១២ ដល់ ឆ្នាំ២០១៩»។
លោកបន្តថា នេះជាលើកទី៦ ហើយដែលកម្មករនិយោជិតធនាគារអេស៊ីលីដាគ្រប់លំដាប់ថ្នាក់នៅការិយាល័យកណ្តាល និងសាខាជុំវិញរាជធានីភ្នំពេញសរុបចំនួន ២៣១ នាក់ ដោយក្នុងនោះ ស្ត្រីមានចំនួន ៧៧ នាក់ បានបន្តចូលរួមបរិច្ចាគឈាម ដើម្បីរួមចំណែកក្នុងសកម្មភាពសង្គមនិងមនុស្សធម៌សម្រាប់បំពេញតម្រូវការកង្វះឈាមក្នុងការជួយសង្គ្រោះអាយុជីវិតជូនដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាមសម្រាប់ជួយសង្គ្រោះជនរងគ្រោះនិងអ្នកជំងឺដែលត្រូវការឈាមជាចាំបាច់ជាពិសេសសម្រាប់ជួយជីវិតមនុស្សដែលត្រូវការសង្គ្រោះបន្ទាន់។
ដោយឡែក សម្រាប់កម្មករនិយោជិតធនាគារអេស៊ីលីដា នៅតាមបណ្តាសាខាខេត្តសរុបចំនួន ៣៧២ នាក់ក្នុងនោះស្ត្រីមានចំនួន ១០៦ នាក់ក៏បានចូលរួមបរិច្ចាគឈាមនៅតាមមន្ទីរពេទ្យបង្អែកនៃខេត្តនីមួយៗផងដែរ៕