
គ្រាប់មិនទាន់ផ្ទុះដែលរុករកឃើញ និងត្រៀមកម្ទេចចោលនាពេលកន្លងមក។ រូបថត CMAC
ភ្នំពេញៈ អគ្គនាយកមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានរៀបចំពិធីប្រកាសបើកការដ្ឋានប្រតិបត្តិការបោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទះពីសង្គ្រាម ក្រោមគម្រោងជំនួយចិនលុបបំបាត់គ្រាប់មីននៅកម្ពុជាដំណាក់កាលទី៣ ដើម្បីគាំទ្រអង្គភាព CMAC ក្នុងឆ្នាំ ២០២៣ សម្រាប់ប្រតិបត្តិការនៅក្នុងភូមិសាស្ដ្រខេត្តកំពង់ធំ សៀមរាប និងខេត្តព្រះវិហារ។
ពិធីប្រកាសបើកការដ្ឋានប្រតិបត្តិការបោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌពីសង្គ្រាម ត្រូវបានធ្វើឡើង នាថ្ងៃទី ៩ ខែមីនា ក្រោមអធិបតីភាពលោក ទៀ បាញ់ ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា។
លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា បានលើកឡើងនាពិធីនោះថា ជំនួយនេះជាឆ្នាំទី១ នៃគម្រោងកម្មវិធីមានរយៈពេល៣ឆ្នាំ (២០២៣-២០២៥) ដែលមានថវិកាសរុបចំនួន១៣,២លានដុល្លារអាមេរិក ដែលត្រូវរំដោះផ្ទៃដីមានបញ្ហាគ្រាប់មីន និងសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះពីសង្គ្រាមនៅខេត្តទាំង៣ ដែលមានជាង១០០គីឡូម៉ែតក្រឡា។
លោកបន្តថា គម្រោងជំនួយឥតសំណងរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋចិននេះ បានផ្ដល់ជូនអង្គភាពស៊ីម៉ាក់ចំនួន២ដំណាក់កាលរួចមកហើយ ចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២២ មានថវិកាសរុបចំនួន១០លានដុល្លារ អាមេរិក។
បើតាមលោក ហេង រតនា ជាលទ្ធផលទាំង២ដំណាក់កាលនេះ អង្គភាពស៊ីម៉ាក់បានធ្វើការបោសសម្អាតផ្ទៃដីចម្ការមីន និងចម្ការគ្រាប់សរុបចំនួន៧៤ ៩២២ ៧៨៤ម៉ែត្រក្រឡា រុករកឃើញនិងកម្ទេចចោលគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះសរុបចំនួន៧១ ៥៥៨គ្រាប់។ គម្រោងនេះក៏បានរួមចំណែកក្នុងការអភិវឌ្ឍសហគមន៍ ផ្តល់សុខសុវត្ថិភាព និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋសរុបចំនួន២១៤ ៦៦១គ្រួសារ។
លោកបានបញ្ជាក់ថា៖«ចំពោះសមិទ្ធផលក្នុងខេត្តសៀមរាប អង្គភាពស៊ីម៉ាក់បានចាប់ផ្ដល់ប្រតិបត្តិការបោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះពីសង្គ្រាមគិតត្រឹមចុងឆ្នាំ២០២២កន្លងទៅនេះសម្រេចបានលទ្ធផលមានជាអាទិ៍ដូចជា បោសសម្អាតរំដោះផ្ទៃដីចម្ការមីន និងចម្ការគ្រាប់សរុបចំនួន៥១ ៧៩០ ៨៦៥ ម៉ែត្រក្រឡា ដោយរុករកឃើញកម្ទេចចោលគ្រាប់មីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទសរុបចំនួន២៩ ១៨៥គ្រាប់»។
គម្រោងជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិននេះ សំដៅបោសសម្អាតសំណល់ជាតិផ្ទុះពីសង្គ្រាមគ្រប់ប្រភេទដែលជំនួយមនុស្សធម៌នេះ មិនត្រឹមតែលុបបំបាត់ការភ័យខ្លាចចំពោះគ្រោះថ្នាក់ដោយសារគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះសំណល់សង្គ្រាមបង្កើនសុខសន្តិភាពផ្លូវកាយផ្លូវចិត្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយជំរុញការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារនិងសង្គមកម្ពុជាកាន់តែរីកចម្រើនខ្លាំងក្លាថែមទៀត។ នេះបើតាមការបញ្ជាក់បន្ថែមពីលោក ហេង រតនា។
គួរបញ្ជាក់ផងដែរថា គម្រោងជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិននេះ គឺធ្វើការសម្អាតសំណល់ជាតិផ្ទុះពីសង្គ្រាមគ្រប់ប្រភេទ ដែលរួមមានគ្រាប់មីន គ្រាប់បែកចង្កោម និងគ្រាប់បែកទម្លាក់ពីយន្តហោះ ដើម្បីឈានទៅបញ្ចប់សំណល់ យុទ្ធភណ្ឌសង្គ្រាមទាំងស្រុងតែម្តង។
នាឱកាសនោះ លោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ ក៏បានថ្លែងឱ្យដឹងដែរថា ការបើកការដ្ឋានប្រតិបត្តិការបោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមនាពេលនេះ ក្រោមគម្រោងជំនួយចិនលុបបំបាត់គ្រាប់មីននៅកម្ពុជា គឺជាចក្ខុវិស័យផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន «កម្ពុជាមួយគ្មានមីនឆ្នាំ២០២៥»។
លោកក៏បានថ្លែងអំណរគុណចំពោះប្រទេសចិន ដែលបានផ្តល់ជំនួយក្នុងការបោសសម្អាតមីននៅកម្ពុជា ដោយលោកបានបញ្ជាក់ដែរថា ៖ «នៅពេលផ្ទៃដីនេះត្រូវបានបោសសម្អាតគ្រាប់មីនរួចហើយនោះភ្ញៀវទេសចរអាចមកទស្សនា និងឈ្វេងយល់ពីប្រាសាទបុរាណក្នុងខេត្តសៀមរាបបាន ហើយប្រជាពលរដ្ឋក៏អាចធ្វើស្រែនៅលើផ្ទៃដីដែលបានរំដោះគ្រាប់មិនទាន់ផ្ទុះនេះប្រកបដោយសុវត្ថិភាពផងដែរ»៕