ស្វាយរៀងៈ មន្ត្រី​យោធា​ចូល​និវត្តន៍​ម្នាក់​ត្រូវបាន​នគរបាល​ព្រហ្មទណ្ឌ​ខេត្តស្វាយរៀង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ ដើម្បី​បន្ត​តាម​នីតិវិធី​បន្ទាប់ពី​ឃាត់ខ្លួន​ករណី​បំផ្ទុះ​គ្រាប់បែក​ទៅក្នុង​ផ្ទះ​គូទំនាស់​បណ្ដាលឱ្យ​មនុស្ស​ក្មេង​-​ចាស់ ប្រុស​-​ស្រី ចំនួន​ ៦​ នាក់​រងរបួស ធ្ងន់ និង​ស្រាល​។

​ប្រធានការិយាល័យ​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង លោក កឹម ឡៃ បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ៩ ខែមីនាថា ជនសង្ស័យ​ឈ្មោះ អ៊ុំ ផា អាយុ​ ៦៩ ​ឆ្នាំ ជា​មន្ត្រី​យោធា​ចូលនិវត្តន៍ មាន​លំនៅ​ក្នុងភូមិ​ព្រៃ​គាវ ឃុំ​កំពង់​ចក ស្រុក​រំដួល ត្រូវបាន​នគរបាល​ស្រុក​រំដួល ចាប់ខ្លួនបាន​ភ្លាមៗ​កាលពី​យប់​ថ្ងៃទី​ ៧ ខែមីនា ឆ្នាំ​ ២០២៣ ​បន្ទាប់ពី​គាត់​គប់​គ្រាប់បែកដៃ​ចូលក្នុង​ផ្ទះ​បងថ្លៃ​ជីដូនមួយ​គាត់​បណ្ដាលឱ្យ​ផ្ទុះ​រងរបួស​មនុស្ស​ ៦ ​នាក់​ក្នុងនោះ​មាន​ទាំង​កុមារ អាយុ​ ៣ ​ឆ្នាំ ចំនួន​ ២​ នាក់​ផងដែរ​។​

​លោក​បាន​បញ្ជាក់ថា​៖ «​តាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ​ករណី​បំផ្ទុះ​គ្រាប់បែក​នោះ​គឺ​បណ្ដាលមកពី​គាត់​មាន​គំនុំ​គុំ​កួន​ជាមួយ​បងថ្លៃ​ជីដូនមួយ​របស់គាត់​ពា​ក់​ព័ន្ធ​រឿង​ទំនាស់​ព្រំដី​»​។​

​លោក​ កឹម ឡៃ បាន​បន្តថា ជនសង្ស័យ​បាន​រៀបរាប់ថា មុន​កើតហេតុ​គឺ​នៅ​ព្រឹក​ថ្ងៃទី ​៧ ខែមីនា ជនសង្ស័យ​បាន​ប្រើ​ប្រពន្ធ ឱ្យ​ទៅសុំ​ការអនុញ្ញាត​ពី​បងប្រុស​ជីដូនមួយ​រប​ស់​អ្នកស្រី ឈ្មោះ ជេ​ត ចាន់ថន អាយុ​ ៦៤ ឆ្នាំ ដើម្បី​ប្រើ​ជញ្ជាំង​របង​ផ្ទះ​រួម​​គ្នា ប៉ុន្តែ​ត្រូវបាន​ប្រពន្ធ​បងប្រុស​គាត់ ឈ្មោះ ហ៊ឹង សុវណ្ណ អាយុ​ ៦៣ ​ឆ្នាំ បដិសេធ ហើយក៏​មានការ​ឈ្លោះប្រកែក​គ្នា​ខ្លាំង​។ លុះដល់​ល្ងាច​[​ថ្ងៃ​ដដែល​] ជនសង្ស័យ​បាន​ជួបជុំ​ផឹកស៊ី​ជាមួយ​ក្រុម​ជាង​ដែល​មក​សង់ផ្ទះ​គាត់​។

​បន្ទាប់ពី​ស្រវឹងស្រា​ស្រឿងៗ​គាត់​ក៏​នឹកឃើញ​សម្ដី​ឈ្លោះ​គ្នា​ជាមួយ​បងថ្លៃ​ស្រី​គាត់​ពី​ព្រឹក ក៏​ដើរទៅ​រើ​សាក់​កាដូ​ចាស់ៗ កាលពី​គាត់​នៅ​ធ្វើ​ទាហាន ហើយក៏​ឃើញ​មាន​សល់​គ្រាប់បែកដៃ​ ១​ គ្រាប់ ក៏​យកទៅ​គប់​ចូល​ក្នុងផ្ទះ​បងថ្លៃ​បណ្ដាលឱ្យ​ផ្ទុះ​ត្រូវ​របួសធ្ងន់​ស្រាល​មនុស្ស​ ៦ ​នាក់​។​

​លោក​កឹម ឡៃ បាន​បន្ថែមថា​៖ «​តាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ មន្ត្រីនគរបាល​ជំនាញ​យើង បានសម្រេច​កសាង​សំណុំរឿង​ព្រហ្មទណ្ឌ​ពាក់ព័ន្ធ​បទល្មើស​ឃាតកម្ម ដើម្បី​បញ្ជូនទៅ​តុលាការ ខេត្តស្វាយរៀង ចាត់វិធានការ​បន្ត​តាម​នីតិវិធី ប្រឆាំងនឹង​ជនសង្ស័យ​»​។​

​តាម​ក្រមព្រហ្មទណ្ឌ​កម្ពុជា មាត្រា ​១៩៩ បានកំណត់​និយមន័យ «​បទ​ឃាតកម្ម ថា ជា​អំពើ​សម្លាប់​មនុស្ស​ដោយ​ចេតនា ដោយ​ប្រើ​អាវុធ ឬ​មិន​ប្រើ​អាវុធ ដោយ​គ្មាន​ស្ថាន​ទម្ងន់​ណាមួយ​»​។ មាត្រា​នេះ​បានកំណត់​ផងដែរ​ថា «​បទ​ឃាតកម្ម​ត្រូវ​ផ្ដន្ទាទោស​ដាក់ពន្ធនាគារ​ពី​ ១០ ​ឆ្នាំទៅ​ ១៥ ​ឆ្នាំ​»​។​

​យ៉ាងណាក៏ដោយ នៅ​ល្ងាច​ថ្ងៃទី​ ៩ ខែមីនា ជនសង្ស័យ​កំពុង​ស្ថិតក្រោម​នីតិវិធី​នៃ​ការ​សាក​សួរ​របស់​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តស្វាយរៀង​នៅឡើយ​។​នេះ​បើតាម​លោក ទេព ផល្លា ប្រធាន​លេខាធិការដ្ឋាន​រដ្ឋបាល និង​ជា​អ្នកនាំពាក្យ​សាលាដំបូង​ខេត្តស្វាយរៀង​។

​យោងតាម​របាយការណ៍​របស់​នគរបាល​ស្រុក​រំដួល​ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួលបាន ជន​រង​​គ្រោះ​ក្នុង​សំណុំ​រឿងនេះ រួមមាន ឈ្មោះ ជេ​ត ចាន់ថន អាយុ​ ៦៤ ​ឆ្នាំ ត្រូវជា​បងថ្លៃ​ប្រុស​របស់​ជនសង្ស័យ​, ហ៊ឹង សុវណ្ណ អាយុ​ ៦៣​ ឆ្នាំ ត្រូវជា​បងថ្លៃ​ស្រី​ជន​​សង្ស័យ​,​ជេ​ត សុ​ភ័​ក្រ អាយុ​ ២៥​ ឆ្នាំ ត្រូវជា​ក្មួយ​ស្រី​ជនសង្ស័យ [​ទាំង​ ៣ នាក់​] របួសធ្ងន់​។ ចំណែក​កុមារី នី ម៉ី​ម៉ី អាយុ​ ៣​ ឆ្នាំ និង​កុមារា​បេ ចំណាប់ អាយុ​៣​ឆ្នាំ ព្រមទាំង​ស្ត្រី​វ័យ​៥៦​ឆ្នាំ ឈ្មោះ ប៉ែន សេ​ថា របួសស្រាល ដែល​ទាំង​ ៣ ​នាក់​គឺជា​អ្នកជិតខាង ដែល​បាន​ទៅលេង​ផ្ទះ​ជនរងគ្រោះ​។

​លោក​សូរ អាត អធិការរង​ស្រុក​រំដួល​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ក្នុងចំណោម​ជនរងគ្រោះ​ទាំង ​៦ ​នាក់ មាន​ជនរងគ្រោះ​ម្នាក់​ឈ្មោះ ជេ​ត ចាន់ថន រងរបួស​ធ្ងន់ធ្ងរ​ជាងគេ ហើយ​ត្រូវបាន​ក្រុមគ្រូពេទ្យ​បង្អែក​ស្រុក​រំដួល​បញ្ជូនទៅ​មន្ទីរពេទ្យ​កាល់​ម៉ែត​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​វះកាត់​យក​អំបែង​គ្រាប់​។​

​លោក​បាន​បញ្ជាក់ថា​៖ «​តាម​ការបញ្ជាក់​របស់​គ្រូពេទ្យ​ជំនាញ​ជនរងគ្រោះ​ត្រូវ​អំបែង​គ្រាប់​បែក​មុត​ចូល​ជ្រៅ​ទៅក្នុង​សាច់​ផ្នែក​ខាងក្រោម​ដោះ​ខាងឆ្វេង​ហើយ​ជនរងគ្រោះ​មាន​កំហាប់​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់​ដែលជា​ហេតុនាំឱ្យ​ក្រុមគ្រូពេទ្យ​ជំនាញ​ត្រូវតែ​បញ្ជូន​ជនរងគ្រោះ​ទៅកាន់​មន្ទីរ​ពេ​ទេ​ព្យ​កាល់ម៉ែត​ជាបន្ទាន់ ដើម្បី​ធ្វើការ​វះកាត់​យក​បំណែក​គ្រាប់បែក​នោះ​ចេញ​»​។

​លោក សូរ អាត បានឱ្យដឹង​ទៀតថា ចំណែក​ជនរងគ្រោះ ​៣ ​នាក់ ដែល​របួសស្រាល បាន​ចាក​ចេញពី​មន្ទីរពេទ្យ​វិញ​ហើយ​លើកលែងតែ​ស្ត្រី​ជា​ប្រពន្ធ និង​កូនស្រី​ដែល​រងរបួស​មធ្យម​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​-​ពេទ្យ​បង្អែក​ស្រុក​រំដួល​៕