ភ្នំពេញៈ​ គិត​ចាប់ពី​ឆ្នាំ ​២០១៨ ​ដល់​ត្រឹម​ត្រីមាស​ទី​ ១​ ឆ្នាំ ​២០២៣ មានកម្ម​ការិនី​ឆ្លងទន្លេ​សរុប​ជាង ​៣៥ ​ម៉ឺន ​៦​ ពាន់​នាក់ ដែលមាន​ចំនួន​កូនជាង​ ៣៥ ​ម៉ឺន​ ៨ ​ពាន់​នាក់ បានទទួល​ប្រាក់ឧបត្ថម្ភ​សរុប​ជាង​ ១៤៣​ ប៊ី​លាន​រៀល ឬ​ស្មើនឹង​ប្រមាណ​ជាង​ ៣៥​ លាន​ដុល្លារ​អាមេរិក​។ នេះ​បើតាម​ការប្រកាស​របស់​លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជា​ជីវៈ កាល​ថ្ងៃទី​​ ​៨ ខែមីនា ឆ្នាំ ​២០២៣​។​

​លោក អ៊ិត សំហេង បានលើកឡើង​នៅក្នុង​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់លោក​ថា គិត​ចាប់ពី​ថ្ងៃទី​​ ១ ខែមករា ឆ្នាំ​ ២០១៨ ដល់​ថ្ងៃទី​ ៨ ខែមីនា ឆ្នាំ​ ២០២៣ មានកម្ម​ការិនី​ឆ្លងទន្លេ​ចំនួន​សរុប​ជាង​ ៣៥ ​ម៉ឺន ​៦ ​ពាន់​នាក់ ដែលមាន​កូន​សរុប​ចំនួន​ជាង​ ៣៥​ ម៉ឺន​ ៨ ​ពាន់​នាក់ ត្រូវបាន​ផ្តល់ប្រាក់​ឧបត្ថម្ភ​សរុប​ជាង​ ១៤៣ ប៊ី​លាន​រៀល ឬ​ស្មើនឹង​ប្រមាណ​ជាង​ ៣៥​ លាន​ដុល្លារ​អាមេរិក​។​

​លោក​រដ្ឋមន្ត្រីក្រសួង​ការងារ​បាន​បញ្ជាក់ថា​៖ «​វឌ្ឍនភាព​នៃ​ការអនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់​ប្រាក់​ជូន​កម្មករនិយោជិត​នារី ក្នុងពេល​មាន​បុត្រ តាម​ស្ថិតិ​កម្មការិនី​ឆ្លងទន្លេ​នៅ​ថ្ងៃទី​ ៨ ខែមីនា ឆ្នាំ ​២០២៣ មាន​ចំនួន​ ១៦៤​ នាក់ ចំនួន​កូន ១៦៥​ នាក់ បានផ្តល់​ប្រាក់ឧបត្ថម្ភ​សរុប ៦៦ ​លាន​រៀល​»​។​

​លោក ​អ៊ិត សំហេង ធ្លាប់បាន​ឱ្យដឹង​ដែរ​ថា យោងតាម​អនុ​សាសន៍​របស់​លោកនាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន កម្មវិធី​នេះ​នឹង​បន្ត​អនុវត្ត​ដើម្បី​គាំពារ​មាតា និង​ទារក ក្នុងចំណោម​បងប្អូន​កម្មករនិយោជិត​សេដ្ឋកិច្ច​ក្នុង និង​ក្រៅ​ប្រព័ន្ធ​ជានា​រី​ផងដែរ​។​

​ពាក់ព័ន្ធ​នឹង​រឿងនេះ​ដែរ លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា​បានឱ្យដឹងថា កន្លងមក​ឃើញថា ការអនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​កម្មករនិយោជិត​នារី ក្នុងពេល​មាន​បុត្រ​របស់​រាជរដ្ឋាភិបាល​មាន​សកម្មភាព ជា​ហូរហែ​។ លោក​ថា នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ រាជរដ្ឋាភិបាល​កម្ពុជា​បាន​យក​ចិត្ត​ទុកដាក់​ទៅលើ​ប្រព័ន្ធ​សន្តិ​សុខ​សង្គម​បាន​ច្រើន​។

​យ៉ាងណាក្ដី លោក អាត់ ធន់ បាន​ជំរុញ​ឱ្យ​ក្រសួង​ផ្តោត​ការ​យកចិត្តទុកដាក់​លើ​ការងារ​ផ្សេងៗ​ទៀត ដោយ​លោក​បញ្ជាក់ថា ៖ «​រដ្ឋាភិបាល​គួរ​ផ្តោតទៅលើ​សិទ្ធិ​កម្មករ និង​ប្រាក់ខែ​កម្មករ​បន្ថែមទៀត ពិសេស​ត្រូវអនុវត្ត​លើ​របប​សន្តិសុខ​សង្គម​ឱ្យបាន​ទូទាំងប្រទេស និង​កាន់​តែមាន​ប្រសិទ្ធភាព​ថែមទៀត ព្រោះ​កន្លងមក​ការអនុវត្ត​ប្រព័ន្ធ​នេះ​នៅមានកម្រិត​តិចតួច​នៅឡើយ​»​។​

​បើតាម​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បេឡា​ជាតិ​សន្តិសុខ​សង្គម​បាន​ដាក់ឱ្យអនុវត្ត​កម្មវិធី​ផ្តល់ប្រាក់​ឧបត្ថម្ភ​បន្ថែម​សម្រាប់​កម្មករនិយោជិត​ជា​ស្ត្រី​នៅពេល​សម្រាលកូន ក្នុង​គោលដៅ​ពង្រឹង និង​ពង្រីក​ការ​អនុវត្ដ​របប​សន្ដិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព ពិសេស​រួម​ចំណែក​កាត់បន្ថយ​អត្រា​មរណ​ភាព​មាតា និង​ទារក​។​

​ក្រសួង​បាន​បញ្ជាក់ដែរថា​​ ការបើក​ផ្តល់ប្រាក់​ឧបត្ថម្ភ​ដល់​ស្ត្រី​សម្រាលកូន​នេះ សម្រាប់​ស្ត្រី​សម្រាលកូន​​ ១ (​ទោល​)​ ទទួលបាន​ប្រាក់​ចំនួន​ ៤០ ​ម៉ឺន​រៀល​,​កូនភ្លោះ​ ២ (​ពីរ​នាក់​)​ ទទួលបាន​ ៨០ ​ម៉ឺន​រៀល​,​កូនភ្លោះ​ ៣ ទទួលបាន​ ១២០​ ម៉ឺន​រៀល​។​លើសពីនេះ​ទៀត ចំពោះ​កូនភ្លោះ​ ៣​ នាក់​ជា​កូន​របស់លោក​ហ៊ុន សែន និង​លោកស្រី ប៊ុន រ៉ានី ដោយ​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ចំនួន​ ៥ ​លាន​រៀល​បន្ថែម​ផងដែរ​។​

​គួរ​បញ្ជាក់ដែរថា បើតាម​លទ្ធផល​ការងារ​ឆ្នាំ​ ២០២២ និង​ទិសដៅ​ការងារ​ឆ្នាំ​ ២០២៣ របស់​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ដែល​ចេញផ្សាយ​កាលពី​ថ្ងៃទី​ ២៣ ខែកុម្ភៈ ឆ្នាំ​ ២០២៣ បានឱ្យដឹងថា កាលពី​ឆ្នាំ​ ២០២២ ​កន្លងទៅ​បេឡា​ជាតិ​សន្តិសុខ​សង្គម ​(​ប​.​ស​.​ស​.)​ បាន​បន្ត​ផ្តល់ប្រាក់​ឧបត្ថម្ភ​ដល់​ស្ត្រី​ក្រោយ​សម្រាលកូន និង​ស្ត្រី​សម្រាលកូន​សរុប​ចំនួន ៥៥ ៨០១ នាក់ ស្មើនឹង​ចំនួន​កូន ៥៦ ១៨៨ ​នាក់ ដែល​គិត​ជា​ទឹកប្រាក់​អស់​ប្រមាណ ២២,៤៨ ​លាន​រៀល​ឬ​ស្មើ​ប្រមាណ​ ៥,៤៨​ លាន​ដុល្លារ​អាមេរិក​៕