
រូបភាពបង្ហាញពីកម្មវិធី ChatGPT ជាភាសាខ្មែរ។ រូបថត ក្រសួងប្រៃសណីយ៍
ភ្នំពេញៈ គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល គ្រោងដាក់ឱ្យប្រើប្រាស់កម្មវិធី ChatGPT ទៅដល់ស្ថាប័នរដ្ឋ និងឯកជន រួមទាំងសាធារណជនទាំងអស់អាចប្រើប្រាស់បានទូលំទូលាយ នៅពេលអាចប្រើប្រាស់បានជាភាសាខ្មែរ ក្រោយបានសាកល្បងប្រើប្រាស់កម្មវិធីនេះជាង ៦ ខែ ដើម្បីសម្រួលដល់ការបំពេញការងារប្រចាំថ្ងៃ។
អស់រយៈពេលជាង ៦ ខែកន្លងមកហើយ ដែលគណៈកម្មាធិការរដ្ឋាភិបាលឌីជីថលបានប្រើប្រាស់ ChatGPT ដើម្បីសម្រួលដល់ការបំពេញការងារប្រចាំថ្ងៃរបស់ខ្លួន និងការងារផ្នែកខ្លះរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ឱ្យកាន់តែមានប្រសិទ្ធភាពស្របតាមការវិវឌ្ឍនៃបច្ចេកវិទ្យា។ នេះបើតាមការអះអាងរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
ក្រសួង បានឱ្យដឹងថា ទន្ទឹមនឹងនេះ គណៈកម្មាធិការរដ្ឋាភិបាលឌីជីលថលបាននិងកំពុងសិក្សាស្វែងយល់អំពីប្រព័ន្ធនេះបន្ថែមទៀត និងបានពិភាក្សាជាមួយក្រុមហ៊ុន ដើម្បីធ្វើយ៉ាងណាឱ្យ ChatGPT អាចប្រើប្រាស់បានជាភាសាខ្មែរ បន្ទាប់មកនឹងដាក់ឱ្យស្ថាប័នរដ្ឋ និងឯកជន រួមទាំងសាធារណជនទាំងអស់អាចប្រើប្រាស់បានទូលំ-ទូលាយ។
ក្រសួងនេះបញ្ជាក់ថា៖ «ChatGPT គឺជាប្រព័ន្ធបញ្ញាសិប្បនិម្មិត (Artificial Intelligence-AI) បានអភិវឌ្ឍកាលពីឆ្នាំ ២០១៨ ដោយក្រុមហ៊ុន Open AI នៅទីក្រុងសាន ហ្រ្វានស៊ីស្កូ សហរដ្ឋអាមេរិក និងប្រកាសដាក់ឱ្យដំណើរការជាផ្លូវការក្នុងឆ្នាំ ២០២២។ GPT (Generative Pre-Trained Transformer) គឺជាគំរូភាសាដែលជាក្បួនដោះ ស្រាយប្រើប្រាស់ AI ហើយត្រូវរចនាឡើងដើម្បីស្វែងយល់ និងបង្កើតភាសាឱ្យដូចមនុស្ស»។
ក្រសួងអះអាងថា ChatGPT ពិតជាមានសមត្ថភាពខ្ពស់ក្នុងការសម្រួលដល់ការងារប្រចាំថ្ងៃដូចជាការងាររដ្ឋបាល ការងារគ្រប់គ្រងធនធានមនុស្ស ការឆ្លើយតបនឹងសំណួរ សរសេរអត្ថបទ បកប្រែ វិភាគ សរសេរកូដ និងការងារផ្សេងជាច្រើនទៀត ដែលប្រៀបបានទៅនឹងជំនួយការម្នាក់។
ក្រសួងបានបញ្ជាក់ថា៖ «ChatGPT បានប្រើប្រាស់ Large Language Model (មានជាង ១៧៥ ប៊ីលានមាត្រដ្ឋាន) ដែលត្រូវបានអភិវឌ្ឍឡើងឱ្យមានសមត្ថភាពយល់ដឹងពីភាសារបស់មនុស្សយើង ហើយឆ្លើយតបវិញបានឆាប់រហ័សដូចជាមនុស្សដែរ។ មិនតែប៉ុណ្ណោះ ChatGPT ក៏អាចរៀនពីសារចាស់ៗដែលយើងបាន Chat ជាមួយ ដើម្បីឆ្លើយឆ្លងត្រូវបរិបទជាមួយមនុស្សម្នាក់ៗដោយឡែកពីគ្នា»។
តាមគេហទំព័រផ្លូវការរបស់ក្រុមហ៊ុន Open AI បានពិពណ៌នាអំពី ChatGPT ថា៖ «យើងបានបណ្តុះបណ្តាលគំរូមួយហៅថា ChatGPT ដែលធ្វើអន្តរកម្មតាមរបៀបសន្ទនា។ ទម្រង់ការសន្ទនាធ្វើឱ្យវាអាចទៅរួចសម្រាប់ ChatGPT ដើម្បីឆ្លើយសំណួរ តាមដាន ការទទួលស្គាល់កំហុសរបស់ខ្លួន ការជំទាស់នឹងកន្លែងមិនត្រឹមត្រូវ និងបដិសេធសំណើមិនសមរម្យ»។
គេហទំព័រនេះក៏បានឱ្យដឹងបន្ថែមថាការចេញផ្សាយការស្រាវជ្រាវនៃកម្មវិធី ChatGPT នៅថ្ងៃនេះគឺជាជំហានចុងក្រោយបំផុតនៅក្នុងការដាក់ឱ្យប្រើប្រាស់ឡើងវិញរបស់ OpenAI នៃប្រព័ន្ធ AI ដែលកាន់តែមានសុវត្ថិភាព និងមានប្រយោជន៍។
ក្រុមហ៊ុន បានបញ្ជាក់ថា៖ «តាមរយៈការបង្កើតកម្មវិធី ChatGPT នេះក្រុមហ៊ុនក៏នឹងទទួលរាល់មតិកែលម្អរបស់អ្នកប្រើប្រាស់ និងស្វែងយល់អំពីចំណុចខ្លាំង និងចំណុចខ្សោយរបស់កម្មវិធីនេះផងដែរ។ ក្រុមហ៊ុនបានប្រកាសថា ក្នុងអំឡុងពេលនៃការស្រាវជ្រាវសាកល្បង ការប្រើប្រាស់ ChatGPT គឺឥតគិតថ្លៃ»៕