ភ្នំពេញៈ ​សេចក្តីព្រាងច្បាប់​ស្ដីពី​អត្រានុកូលដ្ឋាន ស្ថិតិ​អត្រា​នុ​កូ​ល​ដ្ឋា​ន និង​អត្តសញ្ញាណ​កម្ម​» ​នឹង​បញ្ចប់​ក្នុងពេល​ឆាប់ៗ​ខាងមុខ​ក្នុង​កម្រិត​អន្តរក្រសួង ដែល​ការ​ធ្វើ​ទំនើបកម្ម​ក្របខ័ណ្ឌ​ច្បាប់​នេះ នឹង​ក្លាយជា​ឧបករណ៍​គតិយុត្ត​ដ៏​សំខាន់​ដើម្បី​ធានាបាន​នូវ​ការ​ចែករំលែក​ទិន្នន័យ​ច្បាស់លាស់ និង​ជា​មូលដ្ឋាន​ក្នុងការ​រៀបចំ​ផែន​ការអភិវឌ្ឍន៍​នៅក្នុង​សង្គម​។​

​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​លោ​ក ស ខេង បាន​ធ្វើជា​អធិបតី​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​ជាតិ​ដឹកនាំ តម្រង់ទិស​ការងារ​អត្រា​នុ​កូ​ល​ដ្ឋា​ន​ស្ថិតិ អត្រានុកូលដ្ឋាន និង​អត្តសញ្ញាណ​កម្ម (​គ​.​ជ​.​ដ​.​អ​) លើក​ទី​៧ ​ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​រដ្ឋលេខាធិការ​ប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និង​ក្រសួង​-​ស្ថា​​ប័ន​ពាក់ព័ន្ធ​នានា អភិបាលខេត្ត​ពាក់ព័ន្ធ ព្រមទាំង​មន្ត្រី​ជំនាញ​ជាច្រើនរូប​នៅ​ថ្ងៃទី ​៩ ខែមីនា ឆ្នាំ​ ២០២៣​។ លោក ស ខេង បាន​ថ្លែង​ដោយ​កត់សម្គាល់ថា ឆ្នាំ​ ២០២១ ជា​ឆ្នាំ​ទី​៥​ នៃ​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ស្តីពី​អត្តសញ្ញាណ​កម្ម បន្ទាប់ពី​បានអនុម័ត​ដោយ​រាជរដ្ឋាភិបាល​កាលពី​ខែមិថុនា ឆ្នាំ​ ២០១៦​។​

​លោក​បន្តថា​៖ «​គោលដៅ​ចម្បង​នៃ​ផែនការ​យុទ្ធសាស្ត្រ​ជាតិ គឺជា​ការបង្កើត​ប្រព័ន្ធ​រួម​អត្ត​សញ្ញា​ណ​កម្ម​ប្រជាជន និង​ការប្រើប្រាស់​ទិន្នន័យ​ក្នុង​ប្រព័ន្ធ​នេះ ដើម្បី​បម្រើ​ជា​ប្រយោជន៍​ជាតិ ដូចជា ការថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ លើកកម្ពស់​គុណភាព​នៃ​ការផ្តល់សេវា និង​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​»​។​

​លោក ស ខេង បន្ថែមថា កិច្ច​ការដែល​ត្រូវខិតខំ​សម្រេច​ឱ្យបាន​ក្នុងដំណាក់កាល​ដំបូង​នេះ​ គឺ​ការ​​រៀបចំ​គោលនយោបាយ និង​ក្របខ័ណ្ឌ​ច្បាប់ ការរៀបចំ​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​អត្រានុកូលដ្ឋាន ស្ថិតិ​អត្រានុកូលដ្ឋាន និង​អត្ត​សញ្ញាណ​កម្ម រួមទាំង​លិខិត​បទ​ដ្ឋា​ន​គតិយុត្ត​ពាក់ព័ន្ធ​សំខាន់ៗ​។

​លោក​ថា​៖ «​ជា​ជំហាន​បន្ត​ត្រូវបង្កើត​ប្រព័ន្ធ​រួម​អត្តសញ្ញាណ​កម្ម​ប្រជាជន​ប្រព័ន្ធ​ចុះបញ្ជី អត្រា​នុ​កូ​ល​ដ្ឋា​ន និង​ស្ថិតិ​អត្រា​នុ​កូ​ល​​ដ្ឋា​ន​ប្រព័ន្ធ​ចុះបញ្ជី​ស្នាក់នៅ​និង​ប្រព័ន្ធគ្រប់គ្រង​ទិន្នន័យ​សញ្ជាតិ​។ ជំហាន​បន្ទាប់​គឺ​ការភ្ជាប់​បណ្តាញ​ទំនាក់ទំនង​រវាង​ប្រព័ន្ធ​ទាំងអស់ ដើម្បី​ប្រមូលផ្តុំ និង​សម្អាត​ទិន្ន​​ន័យ​ចូលក្នុង​ប្រព័ន្ធ​រួមមួយ​ដែលជា​ប្រភពព័ត៌មាន​ដ៏​ចម្បង​ប្រកប​ដោយ​គុណភាព សម្រាប់​បម្រើឱ្យ​ការប្រើប្រាស់​ក្នុង​គោលដៅ​គ្រប់គ្រង​ទិន្នន័យ​ប្រជាពលរដ្ឋ និង​លើកកម្ពស់​គុណភាព​នៃ​ការផ្តល់​សេវាសាធារណៈ​»​។​

​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម និង​ជា​ប្រធាន​លេខាធិការដ្ឋាន គ​.​ជ​.​ដ​.​អ លោក កង សុខន ឱ្យដឹងថា សេចក្តីព្រាងច្បាប់​ស្ដីពី​អត្រានុកូលដ្ឋាន ស្ថិតិ​អត្រានុកូលដ្ឋាន​និង​អត្ត​សញ្ញា​ណ​កម្ម នឹង​ឆ្លង​បញ្ចប់​ក្នុងពេល​ឆាប់ៗ​ខាងមុខ​ក្នុង​កម្រិត​អន្តរក្រសួង មុន​ដាក់​ឆ្លង​ក្នុង​សិក្ខា​សាលា​ពិគ្រោះ​យោបល់​។​

​សម្រាប់​ការងារ​ពង្រឹង​យន្តការ​សេវា​អត្តសញ្ញាណ​កម្ម​លោក​កង សុខន បន្ថែមថា ក្នុង​គោលដៅ​លើកកម្ពស់​ប្រសិទ្ធភាព​ការផ្តល់សេវា​អត្តសញ្ញាណ​កម្ម​ជូន​ប្រជា​ពលរដ្ឋ ក្រសួងមហាផ្ទៃ បានសម្រេច​បង្កើត​ក្រុមការងារ​“​ប្រចាំ​ការ​សេវាកម្ម​អត្តសញ្ញាណ​កម្ម និង​ប្រតិកម្ម​រហ័ស​” ដោយ​ក្រុម​​ប្រចាំការ​មាន​ភារកិច្ច​តាមដាន ស្រង់​មតិយោបល់ សំណូមពរ និង​បញ្ហា​ប្រឈម​នានា​របស់ ពលរដ្ឋ ដើម្បី​យកមក​ពិនិត្យ​ដោះ​ស្រាយ​បានជា​បន្តបន្ទាប់​។​

​ជាមួយគ្នា​នោះ លោកស្រី ចាន់ សុទ្ធា​វី រដ្ឋលេខាធិការ​ប្រចាំការ ក្រសួងយុត្តិធម៌ និង​ជា​ប្រធាន​ក្រុមការងារ​តាក់តែង​សេចក្តី​ព្រាង​ ច្បាប់​នេះ​បានធ្វើ​សេចក្តីរាយការណ៍​សង្ខេប​ចាប់តាំងពី​ការបង្កើត​ក្រុមការងារ​រៀបចំ​សេចក្តីព្រាងច្បាប់រ​ហូត​ដល់​ការបញ្ចប់​សេចក្តីព្រាង និង​ការប្រជុំ​ឆ្លង​ជា​បន្ត​​បន្ទាប់ រហូត​ត្រូវ​បានបញ្ចប់​។​

​ការរៀបចំ​សេចក្តីព្រាង​ច្បាប់​ស្តីពី «​អត្រានុកូលដ្ឋាន ស្ថិតិ​អត្រានុកូលដ្ឋាន​និង​អត្ត​សញ្ញា​​ណ​កម្ម​» នេះ គឺជា​ការឆ្លើយតប​ទៅនឹង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ក្នុង​ការធ្វើ​ទំនើប​​កម្ម​ក្របខ័ណ្ឌ​ច្បាប់ ហើយនឹង​ក្លាយជា​ឧបករណ៍​គតិយុត្ត​ដើម្បី​ធានាបាន​នូវ​ការចែករំលែក​ទិន្នន័យ​ច្បាស់លាស់​តាម​តម្រូវការ​របស់​ស្ថាប័ន​ដែលមាន​សមត្ថកិច្ច​ពា​ក់​​ព័ន្ធ និង​ជា​មូលដ្ឋាន​ក្នុងការ​រៀបចំ​ផែនការអភិវឌ្ឍន៍ និង​តាម​ដាន​ភាព​រីកចម្រើន​នៃ​សង្គម​។

​ធានា​ដល់​កិច្ចការពារ​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​គ្រប់ៗ​រូប ដែល​រស់​នៅក្នុង​ដែន​សមត្ថកិច្ច​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា ធានា​ឱ្យ​ប្រជា​ពលរដ្ឋ​គ្រប់រូប​មាន​អត្តសញ្ញាណ​តាមផ្លូវ​ច្បាប់ តាមរយៈ​ការផ្តល់​លេខ​សម្គាល់​អត្តសញ្ញាណ​បុគ្គល​តែ​ ១ ​គត់​សម្រាប់​មនុស្ស​ម្នាក់​៕