ភ្នំពេញៈ ក្នុង​ខែកុម្ភៈ សមត្ថកិច្ច​បាន​បង្រ្កាប​បទ​ល្មើស​គ្រឿងញៀន​ចំនួន ៥៨០ ករណី ដោយ​ឃាត់​ខ្លួន​មនុស្ស​ចំនួន ១ ៤០០ នាក់។ នេះបើយោងតាម​របាយការណ៍​របស់​មន្ទីរ​ប្រឆាំង​បទ​ល្មើស​គ្រឿងញៀន ដែល​ផ្សព្វផ្សាយ​នៅលើ​គេហទំព័រ​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ នាថ្ងៃ​ទី១០ ខែមីនា នេះ។

លោក ម៉ក់ ជីតូ អគ្គ​ស្នងការរង​នគរបាល​ជាតិ នៅក្នុង​កិច្ចប្រជុំ​មួយ នាថ្ងៃទី១០ ខែមីនា បានដាក់​ចេញ​នូវ​គោលការណ៍​ដល់​មន្ត្រី ថា រាល់ការ​ចុះបង្រ្កាប​បទ​ល្មើស​គ្រឿងញៀន ត្រូវ​មាន​វិធានការ​ជំនាញ​ដាច់ខាត ហើយការចុះ​ប្រត្តិបត្តិការ​បង្រ្កាប​គ្រឿងញៀន ត្រូវ​អនុវត្ត​តាមបទ​បញ្ជា​របស់​កង​កម្លាំង​នគរបាល​ជាតិ។ នេះបើ​យោងតាម​គេហទំព័រ​ដដែល។

លោកបាន​ដាក់​ចេញ​នូវ​គោលការណ៍​ថា៖ «ការចុះ​ប្រតិបត្តិការ​បង្រ្កាប​គ្រឿងញៀន ត្រូវ​មាន​នាយករង​មន្ទីរ​ដឹកនាំ​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់។ ការិយាល័យ​អន្តរាគមន៍​ត្រូវធ្វើ​បញ្ជី​ឈ្មោះ​ជនសង្ស័យ​ឱ្យបាន​ច្បាស់លាស់។ ពេល​បញ្ជូន​ជន​ប្រើប្រាស់​គ្រឿងញៀន ទៅមណ្ឌល​អប់រំ​កែប្រែ ដាច់​ខាត​ត្រូវធ្វើ​នីតិវិធី​តាមច្បាប់​ប្រគល់​សម្ភារ​ប្រើប្រាស់​ឱ្យទៅ​ខាង​ក្រុមគ្រួសារ​វិញ​ជាដាច់ខាត»។

ក្រៅពី​នេះ លោក ម៉ក់ ជីតូ ក៏បាន​ដាក់ចេញ​នូវ​គោលការណ៍​ដល់​មន្ត្រី​ឱ្យ​ពង្រឹង​ការអនុវត្ត​វិន័យ ក្រម​សីលធម៌ មនសិការ​វិជ្ជាជីវៈ​ដល់​កងកម្លាំង​អនុវត្ត​ច្បាប់​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន និង​ស្នើ​ឱ្យ​បើក​វគ្គ​ខ្លី​បំពាក់​បំប៉ន​ជំនាញ​អនុវត្តន៍​ច្បាប់ នៅតាម​ការិយាល័យ និង​បើក​វគ្គ​មន្ត្រី​នគរបាល​យុត្តិធម៌​ដល់​មន្ត្រី​នៃ​មន្ទីរ​ប្រឆាំង​បទ​ល្មើស​គ្រឿងញៀន៕