ភ្នំពេញៈ ក្រសួងបរិស្ថាន​បានរៀបចំ​ផែនការ​ប្រព័ន្ធ​ត្រជាក់​នៅ​កម្ពុជា ខណៈ​ភ្នាក់ងារ​អង្គការ​សហប្រជាជាតិ (UN) បាន​ចាត់ទុក​កម្ពុជា​ថាជា​ប្រទេសមួយ​ដែល​ងាយ​ទទួលរង​ផលប៉ះពាល់​ខ្លាំង​បំផុត​បណ្ដាល​មកពី​កំណើន​សីតុណ្ហភាព។​

​កាលពី​ថ្ងៃទី ៩ ខែមីនា ក្រសួងបរិស្ថាន សហការ​ជាមួយ​គណៈកម្មការ​សង្គម​និង​សេដ្ឋកិច្ច​សម្រាប់​អាស៊ី​និង​ប៉ាស៊ីហ្វិក នៃ​អង្គការ​សហប្រជាជាតិ (UN-ESCAP) និង​កម្មវិធី​បរិស្ថាន​សហប្រជាជាតិ (UNEP) បាន​រៀបចំ​សិក្ខាសាលា​ស្ដីពី «​ផែនការ​សកម្មភាព​ប្រព័ន្ធ​ត្រជាក់​នៅ​កម្ពុជា»។​

​លោក ប៉ាក សុខា​រ៉ាវុត អនុរដ្ឋលេខាធិការ​ក្រសួងបរិស្ថាន ថ្លែង​ក្នុង​ពិធី​នេះ​ថា កម្ពុជា ជា​ប្រទេស​មួយ​ដែល​ងាយ​រងគ្រោះ​ពី​ផលប៉ះពាល់​បណ្ដាល​មក​ពីការ​ប្រែប្រួល​អាកាសធាតុ និង​បានដាក់​ការប្ដេជ្ញា​ខ្ពស់​ក្នុងនាម​ជា​ប្រទេស​ឈានមុខ​ក្នុង​សកម្មភាព​ប្រយុទ្ធ​ប្រឆាំង​នឹងការ​ប្រែប្រួល​អាកាសធាតុ។

​លោក​បន្តថា កម្ពុជា​បានរៀបចំ​ផែនការ​នេះ​ឡើង ស្របទៅនឹង​របាយការណ៍​បច្ចុប្បន្នភាព​ការចូលរួម​ចំណែក​របស់​ជាតិ ដើម្បី​អនុវត្ដ​អនុសញ្ញា​ក្របខ័ណ្ឌ​សហប្រជាជាតិ​ស្ដីពី​ការប្រែប្រួល​អាកាសធាតុ (Updated NDC)​។​ Updated NDC នេះ​បង្ហាញ​ពី​ការប្តេជ្ញា​ចិត្ត និង​តម្រូវការ​សម្រាប់​ទសវត្សរ៍​បន្ទាប់ ដើម្បី​ធ្វើឱ្យ​សម្រេចបាន​នូវ​ចក្ខុវិស័យ​នៃ​សង្គម​មួយ​ដែល​មានការ​បញ្ចេញ​កាបូន​តិច មាន​ភាពធន់​ទៅ​នឹងការ​ប្រែប្រួល​អាកាសធាតុ និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព។​

​លោក ប៉ាក សុខា​រ៉ាវុត ថ្លែងថា កំណើន​សីតុណ្ហភាព គឺជា​ផលប៉ះពាល់​មួយ​ដ៏​សំខាន់​ក្នុង​ចំណោម​ផលប៉ះពាល់​ដែល​បណ្ដាល​មក​ពីការ​ប្រែប្រួល​អាកាសធាតុ​។ ភ្នាក់ងារ​អង្គការ​សហប្រជាជាតិ (UN Agencies) បាន​ចាត់ទុក​កម្ពុជា​ថាជា​ប្រទេសមួយ​ដែល​ងាយ​ទទួលរង​ផលប៉ះពាល់​ខ្លាំង​បំផុត​បណ្ដាល​មកពី​កំណើន​សីតុណ្ហភាព។

​លោក​បន្ថែមថា​៖ «​ក្នុងនោះ ការកើនឡើង​សីតុណ្ហភាព នឹង​ជះ​ផល​អវិជ្ជមាន​ទៅលើ​សុខភាព​និង​ផលិតភាព​ការងារ​របស់​ពលរដ្ឋ ដោយ​ជា​លទ្ធផល វា​នឹង​ជះ​ផល​អវិជ្ជមាន​ទៅលើ​ចរន្ត​សេដ្ឋកិច្ច​កម្ពុជា ដែល​ត្រូវបាន​ប៉ាន់​ស្មានថា​ស្មើនឹង​ជាង​ពាក់កណ្តាល​នៃ​ការបាត់បង់​និងការ​ខូចខាត​ទាំងមូល​បណ្ដាល​មក​ពីការ​ប្រែប្រួល​អាកាសធាតុ​។ ហេតុដូចនេះ ផែនការ​សកម្មភាព​ប្រព័ន្ធ​ត្រជាក់​នេះ គឺជា​ឧបករណ៍​ដ៏សំខាន់​សម្រាប់​ការអភិវឌ្ឍ​របស់​ប្រទេស​កម្ពុជា»៕​