រាជរដ្ឋាភិបាល​កម្ពុជា តំណាង​ដោយ​ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន​អូស្ត្រាលី ដែល​បាន​បន្ត ​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង និង​ជំនួយ​បច្ចេកទេស ព្រមទាំង​គាំទ្រ​ដល់​ការអភិវឌ្ឍ​ធនធាន​មនុស្ស​ដល់​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា។​

​ការលើកឡើង​នេះ ធ្វើឡើង​ក្នុងអំឡុងពេល ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ទទួល​ជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ក្នុង​ក្របខ័ណ្ឌ​ហិរញ្ញប្បទាន​សហប្រតិបត្តិការ​ទ្វេភាគី កម្ពុជា–អូស្ត្រាលី ជាមួយ​ឯកអគ្គរដ្ឋទូត​វិសាមញ្ញ​និង​ពេញ​សមត្ថភាព​នៃ​ប្រទេស​អូស្ត្រាលី​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​លោក Justin Kevin Whyatt ដែល​ទើប​ចូលកាន់​តំណែង កាលពី​ថ្ងៃទី ៩ ខែមីនា ឆ្នាំ ២០២៣។

​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ស្តីពី​ជំនួប​នោះ បានឱ្យដឹង​ថា នាឱកាស​នោះ​លោក អូន ព័ន្ធមុនីរ័ត្ន បាន​រំឭក​ឡើងវិញ​ពី​សមិទ្ធផល​នានា​ដែល​សម្រេចបាន កើតចេញ​ពី​ចំណងមិត្តភាព​នៃ​កិច្ចសហ​ប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ​នាពេល​កន្លងមក​។ លោក​ថា​៖ «​ទំនាក់ទំនង​ដ៏​ល្អ​រវាង​ប្រទេស​ទាំងពីរ​នេះ បានផ្តល់​ផ្លែផ្កា​គួរ​ជាទី​ពេញចិត្ត​ទាំង​ក្នុង​ក្របខ័ណ្ឌ​ហិរញ្ញប្បទាន​សហប្រតិបត្តិការ កិច្ចសហ​ប្រតិបត្តិការ​តាម​វិស័យ​រវាង​រដ្ឋ និង​រដ្ឋ និង​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ​ដែល​ត្រូវបាន​ពង្រឹង និង​ពង្រីក​ឥតឈប់ឈរ»។​

​ជាក់ស្តែង មានកម្ម​វិធី និង​គម្រោង​ជាច្រើន​ដែល​បាន និង​កំពុង​អនុវត្ត​ក្នុង​ក្របខ័ណ្ឌ​ហិរញ្ញប្បទាន​ឥតសំណង​ពី​រដ្ឋាភិបាល​អូស្ត្រាលី​ដូចជាៈ កម្មវិធី​ខ្សែ​ច្រវាក់​តម្លៃ​កសិកម្ម​កម្ពុជា–អូស្ត្រាលី (CAVAC) កម្មវិធី​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ (3i) កម្មវិធី​ភាពជា​ដៃគូ​សម្រាប់​ហេដ្ឋារចនាសម្ព័ន្ធ (P4I) កម្មវិធី​ភាពជា​ដៃគូ​មេគង្គ–អូស្ត្រាលី (MAP) និង​កម្មវិធី​សហប្រតិបត្តិការ​អូស្ត្រាលី-កម្ពុជា ដើម្បី​ផ្តល់​សេវា​ប្រកបដោយ​និរន្តរភាព និង​សមធម៌ (ACCESS)​។ ចុងក្រោយ​នេះ​គឺ កម្មវិធី​ភាពជា​ដៃគូ​កម្ពុជា–អូស្ត្រាលី សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ប្រកបដោយ​ភាពធន់ (CAP RED) ដែលមាន​ទំហំ​ហិរញ្ញប្បទាន​ឥត​សំណង​ប្រមាណ ៦៥ លាន​ដុល្លារអាមេរិក។ ទន្ទឹមនេះ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ​បាន​កើន​ឡើងជា​លំដាប់​ពី​ចំនួន ២០៥ លាន ដុល្លារ​អាមេរិក ក្នុង​ឆ្នាំ ២០១៩ ដល់ ៥២៣ លាន ដុល្លារ​អាមេរិក ក្នុង​ឆ្នាំ ២០២២។

សេចក្តីប្រកាស​បន្តថា​៖ «​ជាមួយគ្នានេះដែរ ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ ឧបនាយក​រដ្ឋមន្ត្រី​ក្នុង​នាម​រាជរដ្ឋាភិបាល​កម្ពុជា បាន​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន​អូស្ត្រាលី ដែល​បាន​បន្ត​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង និង​ជំនួយ​បច្ចេកទេស ព្រមទាំង​គាំទ្រ​ដល់​ការអភិវឌ្ឍ​ធនធាន​មនុស្ស​ដល់​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា​។ ជាពិសេស ជំនួយ​ជា​វ៉ាក់សាំង​ប្រឆាំងនឹង​ជំងឺ​កូវីដ ១៩ ដែល​បានរួម​ចំណែក​យ៉ាង​ធំធេង​ដល់ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​នៅ​កម្ពុជា ស្របតាម​យុទ្ធសាស្ត្រ និង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត ភាព​ប៉ិនប្រសប់ និង​ចក្ខុវិស័យ​វែងឆ្ងាយ​របស់​សម្តេច​អគ្គមហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា»។​

​ជាការ​ឆ្លើយតប ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​លោក Justin Kevin Whyatt មានក្តី​សោមនស្ស​រីករាយ​ដែល​ត្រូវបាន​តែងតាំង​ជា​ឯកអគ្គរដ្ឋទូត​អូស្ត្រាលី ប្រចាំ​នៅ​ប្រទេស​កម្ពុជា។

​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​ដដែល​បញ្ជាក់ថា​៖ «​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​សមិទ្ធផល​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​សម្រេច​បាន ជាពិសេស ឯកឧត្តម​បាន​មើលឃើញ​ជាក់ស្តែង​អំពី​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ ការគ្រប់គ្រង​ម៉ាក្រូសេដ្ឋកិច្ច ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូវីដ ១៩ និង​ការអនុវត្ត​កម្មវិធី​គាំពារ​សង្គម​ប្រកបដោយ​ជោគជ័យ ទោះបី​ស្ថិតក្នុង​បរិការណ៍​នៃ​ការរីក​រាលដាល​ជំងឺ​កូវីដ ១៩ និង​ផលវិបាក​នៃ​សង្គ្រាម​រវាង​ប្រទេស​រុស្ស៊ី និង​អ៊ុយក្រែន»។

​លោក Justin Kevin Whyatt បញ្ជាក់ថា​នឹង​បន្ត​ពូន​ជ្រុំ​ចំណងមិត្តភាព និង​កិច្ចសហ​ប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ កម្ពុជា–អូស្ត្រាលី ឱ្យ​កាន់តែ​រឹងមាំ និង​ជ្រាលជ្រៅ​ថែមទៀត សំដៅ​រួមចំណែក​ដល់​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​នៅ​កម្ពុជា។

​ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បាន​ថ្លែងអំណរគុណ​ចំពោះ ឯកអគ្គរដ្ឋទូត Justin Kevin Whyatt ដែល​បន្ត​គាំទ្រ​ការអភិវឌ្ឍ​នៅ​កម្ពុជា និង​ជំរុញ​កិច្ចសហ​ប្រតិបត្តិការ​ដ៏ល្អ​ប្រពៃ​រវាង​ប្រទេស​ទាំងពីរ កម្ពុជា–អូស្ត្រាលី និង​ជូនពរ​ចំពោះ ឯកអគ្គរដ្ឋទូត សូម​មាន​សុខភាព​ល្អ និង​បំពេញ​បេសកកម្ម​ការទូត​នៅ​កម្ពុជា​ប្រកបដោយ​ជោគជ័យ៕​