​យូ​នី​សេ​ហ្វ​កម្ពុជា និង​អង្គការ Save the Children ប្រចាំ​កម្ពុជា បានរួម​គ្នា​រៀបចំ​វេទិកា​មួយ ដើម្បី​ប្រា​រ​ឰ​ខួប​លើក​ទី​១០ នៃ​ការប្រកាស​ដាក់ឱ្យ​ប្រើប្រាស់​ជា​សកល​នូវ​គោលការណ៍​សិទ្ធិ​កុមារ និង​ធុរកិច្ច ដែល​វេទិកា​នេះ​ ដើម្បី​ផ្តល់​ការណែនាំ​ដល់​ធុរកិច្ច ដោយ​ដាក់បញ្ចូល​សិទ្ធិ​កុមារ​ទៅក្នុង​យុទ្ធសាស្ត្រ និង​សកម្មភាព​អាជីវកម្ម​របស់​ពួកគេ​។

​វេទិកា​នេះ ត្រូវបាន​រៀបចំឡើង​នៅ​ថ្ងៃទី​១០ ខែមីនា ឆ្នាំ ២០២៣ នៅ​រាជធានី​ភ្នំពេញ ដោយមាន​តំណាង​ចំនួន​៥០​រូប មកពី​វិស័យ​ឯកជន រាជរដ្ឋាភិបាល​កម្ពុជា និង​ដៃគូ​អភិវឌ្ឍន៍ បាន​ចូលរួម​ក្នុង​វេទិកា​នេះ ដើម្បី​ពិភាក្សា​អំពី​ទំនួល​ខុសត្រូវ​របស់​ធុរកិច្ច​ទាក់ទង​នឹង​សិទ្ធិ​កុមារ អបអរសាទរ​វឌ្ឍនភាព​ដែល​សម្រេចបាន​កន្លងមក និង​ឯកភាពគ្នា​លើ​អាទិភាព​សម្រាប់​រយៈពេល ១០ ឆ្នាំ​ខាងមុខ​។

​វាគ្មិន​សំខាន់ៗ​នៅក្នុង​វេទិកា​នេះ រួមមាន​អនុរដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​លោក ហួត ពុំ លោក វី​ល ផាក​ស៍ នាយក​យូ​នី​សេ​ហ្វ​ប្រចាំ​កម្ពុជា និង​លោក ហុង រស្មី នាយក​អង្គការ Save the Children ប្រចាំ​កម្ពុជា​។

​អនុរដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​លោក ហួត ពុំ បាន​មានប្រសាសន៍ថា រាជរដ្ឋាភិបាល​កម្ពុជា​បានផ្តល់​សច្ចាប័ន​លើ​អនុសញ្ញា​អង្គការសហប្រជាជាតិ​ស្តីពី​សិទ្ធិ​កុមារ​ក្នុង​ឆ្នាំ​១៩៩២ ហើយ​នៅតែ​បន្ត​ប្តេជ្ញាចិត្ត​ក្នុងការ​ការពារ និង​បំពេញ​នូវ​សិទ្ធិ​កុមារ​គ្រប់រូប​។

​លោក​បន្តថា កុមារ​ទាំងអស់​ស្ថិតក្រោម​ផលប៉ះពាល់​ពី​សកម្មភាព​នៃ​វិស័យ​ធុរកិច្ច មិន​ត្រឹមតែ​ក្នុងនាម​ជា​អ្នកប្រើប្រាស់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​បុគ្គលិក និង​អ្នកដឹកនាំ​ធុរកិច្ច​នាពេល​អនាគត​ផងដែរ​។ លោក​បញ្ជាក់ថា​៖«​គោលការណ៍​ធុរកិច្ច និង​សិទ្ធិ​កុមារ បានផ្តល់​ជាម​គ្គុ​ទេ្ទ​សក៍​ដ៏​សំខាន់ ខណៈ​រដ្ឋាភិបាល​បានធ្វើការ​ជាមួយ​វិស័យ​ឯកជន ដើម្បី​ដាក់បញ្ចូល​សិទ្ធិ​កុមារ​ជា​ស្នូល​នៃ​សេដ្ឋកិច្ចកម្ពុជា​។ ថ្ងៃនេះ យើង​ទទួលស្គាល់​វឌ្ឍនភាព​ដែល​សម្រេចបាន​ក្នុង​រយៈពេល​១០​ឆ្នាំ​ចុង​ក្រោយនេះ ហើយ​បញ្ជាក់​ជាថ្មី​នូវ​ការប្តេជ្ញាចិត្ត​របស់​យើង​ក្នុងការ​ធ្វើឱ្យមាន​វឌ្ឍន​ភាព​បន្ថែមទៀត​ក្នុង​រយៈពេល​១០​ឆ្នាំ​ខាងមុខ​»​។

​លោក​យល់ថា វេទិកា​នេះ គឺជា​ឱកាស​ដើម្បី​លើកទឹកចិត្ត និង​ជំរុញ​ធុរកិច្ច​ឱ្យទទួល​យក​ការអនុវត្ត​ប្រកបដោយ​ការទទួលខុសត្រូវ ដោយ​ដាក់​សិទ្ធិ​កុមារ​ជា​អាទិភាព​របស់គេ​។

​លោក វី​ល ផាក​ស៍ នាយក​យូ​នី​សេ​ហ្វ​កម្ពុជា បាន​មានប្រសាសន៍ថា ជីវិត​របស់​កុមារ​រង​ផលប៉ះពាល់​ពី​វិស័យ​ឯកជន​ជា​រៀងរាល់ថ្ងៃ ហើយ​ជាការ​សំខាន់​ខ្លាំងណាស់​ដែល​ធុរកិច្ច​ត្រូវធ្វើ​សកម្មភាព​យ៉ាងណា​ដើម្បី​ផ្តល់​តម្លៃ គោរព និង​គាំទ្រ​ដល់​សិទ្ធិ​របស់​កុមារ​”​។ លោក​បន្តថា ការបំពេញ​កិច្ចសន្យា​របស់​គោលការណ៍​ស្តីពី​សិទ្ធិ​កុមារ និង​ធុរកិច្ច អាច​សម្រេចបាន​លុះត្រា​ណា​តែមាន​កិច្ចសហការ​គ្នា​យ៉ាង​ជិតស្និទ្ធ​រវាង​ធុរកិច្ច រាជរដ្ឋាភិបាល និង​ដៃគូ​អភិវឌ្ឍន៍​។

​លោក​ថា​៖«​យើង​អាចមាន​មោទនភាព​ចំពោះ​វឌ្ឍនភាព​ដែល​យើង​សម្រេចបាន​កន្លងមក ដូចជា​ការរៀបចំ​សេចក្តី​ព្រាង​ច្បាប់​ថ្មី​ស្តីពី​កិច្ចការពារ​កុមារ​ដោយ​រាជរដ្ឋាភិបាល ប៉ុន្តែ​យើង​ក៏​ត្រូវតែទទួលស្គាល់​ផងដែរ​ថា យើង​នៅមាន​កិច្ចការ​ជាច្រើន​ទៀត​ដែល​ត្រូវធ្វើ​បន្ត​»​។

​បន្ថែម​ពីនេះ លោក​អំពាវនាវ​ដល់​វិស័យ​សាធារណៈ និង​ឯកជន​ឱ្យ​បង្កើន​ទ្វេដង​នូវ​ការប្តេជ្ញាចិត្ត​របស់​ពួកគេ​ក្នុងការ​ដាក់បញ្ចូល​សិទ្ធិ​កុមារ ជា​បញ្ហា​ស្នូល​នៃ​ប្រតិបត្តិការ​ធុរកិច្ច​។

​លោក រស្មី ហុង នាយក​អង្គការ Save the Children ប្រចាំ​កម្ពុជា បាន​ថ្លែង​ចំណាប់អារម្មណ៍​បិទ​វេទិកា​នេះ ដោយ​លោក​បានកត់សម្គាល់​ពី​ផល​វិជ្ជមាន​ពី​កំណើនសេដ្ឋកិច្ច​របស់​ក​ម្ពុ​ជា​មកលើ​កុមារ ប៉ុន្តែ​ក៏បាន​គូសបញ្ជាក់​ផងដែរ​ថា ពួកគេ​នៅតែ​ប្រឈមមុខ​នឹង​បញ្ហា​ជាច្រើន ជាពិសេស​បន្ទាប់ពី​មាន​ជំងឺ​រាតត្បាត​ជាស​កល​។ ជាមួយគ្នានេះ​លោក អំពាវនាវ​ដល់​លោក លោកស្រី ឱ្យ​បន្ត​ការប្តេជ្ញាចិត្ត​ក្នុង​ការគោរព​សិទ្ធិ​កុមារ​នៅក្នុង​គ្រប់​ទិដ្ឋភាព​នៃ​យុទ្ធសាស្ត្រ និង​ប្រតិបត្តិការ​ធុរកិច្ច​របស់លោក​អ្នក​។

​លោក​ថា​៖«​សូម​ចងចាំ​ថា ការគាំទ្រ​របស់​អ្នក​ចំពោះ​និយោជិត​និង​សហគមន៍​របស់​អ្នក​និង​ការផ្លាស់ប្តូរ ​ដែល​អ្នក​បាន​បង្កើត​នៅក្នុង​ការងារ​របស់​អ្នក និង​នៅក្នុង​ទីផ្សារ អាច​ផ្តល់​ផល​វិជ្ជមាន​មកលើ​ជីវិត​របស់​កុមារ​។ យូ​នី​សេ​ហ្វ និង​អង្គការ Save the Children នឹង​បន្ត​គាំទ្រ​កុមារ គ្រួសារ និង​សហគមន៍​របស់​ពួកគេ ហើយ​យើង​នឹងមាន​វត្តមាន​នៅទីនេះ​ជានិច្ច​សម្រាប់​អ្នកផង​ដែរ ក្នុងនាម​ជា​ដៃគូ ពីព្រោះ​យើង​អាចបង្កើត​លទ្ធផល​កាន់តែច្រើន នៅពេល​យើង​សហការគ្នា​»​។​

​គោលការណ៍​សិទ្ធិ​កុមារ និង​ធុរកិច្ច ត្រូវបាន​បង្កើតឡើង​ដោយ​យូ​នី​សេ​ហ្វ អង្គការ Save the Children និង UN Global Compact ក្នុង​ឆ្នាំ​២០១២ ដើម្បី​ផ្តល់​ការណែនាំ​សម្រាប់​ធុរកិច្ច​ស្តីពី​ការដាក់​សិទ្ធិ​កុមារ​ជា​ស្នូល នៃ​គោលនយោបាយ និង​ប្រតិបត្តិការ​របស់​ពួកគេ​។ កុមារ​ទទួលរង​ឥទ្ធិពល​ពី​វិស័យ​ឯកជន​ក្នុងនាម​ជា​អ្នកប្រើប្រាស់​ផលិតផល និង​សេវាកម្ម តាមរយៈ​ការទទួល​ព័ត៌មាន​ពី​ការផ្សព្វផ្សាយ​លក់ និង​ការផ្សាយពាណិជ្ជកម្ម​ក្នុងនាម​ជា​អ្នកប្រើប្រាស់​ប្រព័ន្ធ​ឌីជីថល ឬ​តាមរយៈ​បរិស្ថាន​ដែល​ពួកគេ​រស់នៅ និង​លេង​កម្សាន្ត​៕