
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្ញើសារអបអរសាទរលោក ស៊ី ជីនពីង ជាប់ឆ្នោតជាប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិនអាណត្តិទី៣។ រូបថត SPM
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ នេះបានផ្ញើសារអបអរសាទរ លោក ស៊ី ជីនពីង ប្រធានាធិបតីសាធារណរដ្ឋប្រជាមានិតចិន ដែលបានជាប់ឆ្នោតសាជាថ្មីជាប្រធានាធិបតី នៃ សាធារណរដ្ឋប្រជាមានិតចិន សម្រាប់អាណត្តិទី៣។
លោកថ្លែងថា៖«ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង សូមចូលរួម អបអរសាទរយ៉ាងស្មោះស្ម័គ្រចំពោះ ឯកឧត្តម ដែលត្រូវបានជាប់ឆ្នោតសាជាថ្មីជាប្រធានាធិបតី នៃ សាធារណរដ្ឋប្រជាមានិតចិន សម្រាប់អាណត្តិទី៣»។
លោកបន្តថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ លោក ស៊ី ជីនពីង ប្រទេសចិនសម្រេចបាននូវសមិទ្ធផលធំធេង ជាច្រើន ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនចិន ព្រមទាំងសម្រេចបាននូវការអភិវឌ្ឍជាប្រវត្តិសាស្ត្រលើគ្រប់វិស័យ ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ។
លោកថ្លែងថា៖«ខ្ញុំជឿជាក់យ៉ាងមុតមាំថា ឯកឧត្តម នឹងបន្តជំរុញឱ្យប្រទេសចិនសម្រេចនូវសមិទ្ធផលដ៏វិសេសវិសាលកាន់តែច្រើនថែមទៀត និងបោះជំហានទៅមុខប្រកបដោយទំនុកចិត្ត ឆ្ពោះទៅសម្រេចគោលដៅ ១០០ឆ្នាំ ទី២ ដើម្បីក្លាយជាប្រទេសសង្គមនិយម ទំនើបដ៏អស្ចារ្យ នៅឆ្នាំ២០៤៩ ខណៈដែលដើរតួនាទីកាន់តែសំខាន់លើឆាកអន្តរជាតិ ដើម្បីសន្តិភាព និងវិបុលភាពពិភពលោក»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងទៀតថា កម្ពុជា និងចិន បាននិងកំពុងទទួលបានការរីកចម្រើនគួរឱ្យកត់សម្គាល់នូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងរក្សាបានការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់ជាញឹកញាប់។ ការឯកភាពគ្នា ដែលសម្រេចបានក្នុងអំឡុងកិច្ចប្រជុំកម្ពុជាចិនកន្លងមក បានបន្ថែមនូវកម្លាំងចលករថ្មីទៀត ដើម្បីលើកកម្ពស់កិច្ច សហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់ប្រទេសទាំង២។
លោកថ្លែងថា៖«ក្នុងនាមជាមិត្តដែកថែប កម្ពុជា ត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយចិន ដើម្បីអភិវឌ្ឍ «ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ ត្បូងពេជ្រ» និងធ្វើឱ្យស៊ីជម្រៅនូវការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ដើម្បីប្រយោជន៍រួមរបស់ ប្រទេស និងប្រជាជនយើងទាំងពីរ ក៏ដូចជាដើម្បីស្ថិរភាព សន្តិភាព និងការអភិវឌ្ឍនៅក្នុងតំបន់ និងពិភពលោក»៕