
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សូមសម្តែងការអបអរសាទរចំពោះ ឯកឧត្តម លី ឈាង ក្នុងឱកាសដែលត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន។ រូបថត ក្រសួងព័ត៌មាន
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី១១ ខែមីនានេះ បានផ្ញើសារអបអរសាទរចំពោះលោក លី ឈាង ដែលត្រូវបានតែងតាំងជានាយករដ្ឋមន្តី្រ នៃសាធារណរដ្ឋប្រជាមានិតចិន។
ក្នុងលិខិតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្ញើជូនលោក លី ឈាង ដែលភ្នំពេញប៉ុស្តិ៍ទទួលបាននៅថ្ងៃនេះបានឱ្យដឹងថា ការតែងតាំង លោក លី ឈាង ក្នុងតួនាទីដ៏ឧត្ដុង្គឧត្តម និងមានសារៈសំខាន់នេះ គឺជាការឆ្លុះបញ្ចាំងយ៉ាងច្បាស់ អំពីការជឿជាក់ និងទំនុកចិត្ត ដែលរដ្ឋាភិបាល និងប្រជាជនចិន មានចំពោះលោក។
លោក ហ៊ុន សែន ថ្លែងថា៖«ខ្ញុំជឿជាក់យ៉ាង មុតមាំថា តាមរយៈភាពជាអ្នកដឹកនាំ ប្រកបដោយសមត្ថភាព និងបទពិសោធន៍ច្រើនឆ្នាំរបស់ ឯកឧត្តម ប្រទេសចិននឹងសម្រេចបាននូវគោលដៅអភិវឌ្ឍន៍យូរអង្វែងរបស់ខ្លួន ជំរុញភាពរុងរឿងដ៏អស្ចារ្យ និងដើរតួនាទីកាន់តែសំខាន់ថែមទៀត នៅលើឆាកអន្តរជាតិ»។
លោកនាយករដ្ឋមន្ត្រីកម្ពុជា បន្តថា ខណៈដែលប្រទេសទាំងពីរកំពុងប្រារព្ធខួបអនុស្សាវរីយ៍លើកទី ៦៥ នៃការបង្កើតទំនាក់ទំនងការទូត ជា ប្រពៃណីយូរអង្វែង ដែលបាននិងកំពុងបន្តរីកចម្រើនកាន់តែរឹងមាំថែមទៀត ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសូមធានាជាថ្មីជូនចំពោះ លោក លី ឈាង នូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយចិន សំដៅអភិវឌ្ឍកិច្ចសហប្រតិបត្តិការត្បូងពេជ្ររបស់ប្រទេសទាំង២ ពង្រឹងកិច្ចសហប្រតិបត្តិការភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងលើកកម្ពស់ការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ដើម្បីប្រយោជន៍ ទៅវិញទៅមករបស់ប្រទេស និងប្រជាជនប្រទេសទាំងពីរ ក៏ដូចជាដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាព ក្នុងតំបន់ និងពិភពលោក៕