ភ្នំពេញៈ លោក កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បាន​ដឹកនាំ​កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​ក្រសួងយុត្តិធម៌ ដើម្បី​ពិនិត្យ និង​ពិភាក្សា​ចុងក្រោយ​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​ការចាត់ចែង​ជា​បណ្តោះអាសន្ន​នូវ​វត្ថុ​ចាប់យក នៅ​ទីស្តីការ​ក្រសួងយុត្តិធម៌ នៅ​ថ្ងៃទី​ ១០ ខែមីនា ឆ្នាំ ២០២៣ នេះ ដោយ​ពិនិត្យ​បាន​ចប់សព្វគ្រប់​ហើយ​លើ​សេចក្តីព្រាងច្បាប់​នេះ​។

​ក្រសួងយុត្តិធម៌​បានឱ្យដឹងថា កិច្ចប្រជុំ​នេះ មានការ​ចូលរួម​ពី លោក លោកស្រី ជា​រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការ អគ្គនាយក និង​អគ្គាធិការ ដើម្បី​ពិនិត្យ និង​ពិភាក្សា​ចុងក្រោយ​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​ការចាត់ចែង​ជា​បណ្តោះអាសន្ន​នូវ​វត្ថុ​ចាប់យក​។

​សេចក្តីព្រាងច្បាប់​នេះ​ត្រូវបាន​រៀបចំឡើង ដើម្បី​កំណត់​អំពី​លក្ខខណ្ឌ សមត្ថកិច្ច និង​នីតិវិធី​ក្នុងការ​ចាត់ចែង​ជា​បណ្តោះអាសន្ន​នូវ​វត្ថុ​ចាប់យក​នៅក្នុង​រឿងក្តី​ព្រហ្មទណ្ឌ ក្នុង​គោលបំណង​រក្សា​តម្លៃ​សេដ្ឋកិច្ច​នៃ​វត្ថុ​ចាប់យក​ទាំងនោះ ព្រមទាំង​ការពារ​ផលប្រយោជន៍​របស់​ម្ចាស់​នៃ​វត្ថុ​ចាប់យក ឬ​របស់​បុគ្គល​ដែលមាន​ផលប្រយោជន៍​ពាក់ព័ន្ធ ឬ​ការពារ​ផលប្រយោជន៍​សាធារណៈ​៕