សៀមរាបៈ លោក ឃឹម ហ្វី​ណង់ អភិបាលរង​ខេត្តសៀមរាប បាន​ជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ​ប្រតិភូ​ខេត្ត​Yunnan ប្រទេស​ចិន​ដឹកនាំ​ដោយ​លោកស្រី Wang Yu ប្រធាន​សមាគម​ប្រជាជន​ខេត្ត​ Yunnan សម្រាប់​កិច្ចសហប្រតិបត្តិកា​បរ​ទេស នា​ព្រឹក​ថ្ងៃទី ​១០ ខែមីនា ឆ្នាំ ​២០២៣​។

​លោក អភិបាលរង​ខេត្ត បាន​សម្ដែង​នូវ​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​ប្រតិភូ​សមាគម​ប្រជាជន​ខេត្ត​Yunnan សម្រាប់​កិច្ចសហប្រតិបត្តិការ​បរទេស​ដែល​បាន​អញ្ជើញ​ជួបពិភាក្សា​ការងារ​ដោយផ្ទាល់ ក្រោយពី​វិបត្តិ​ជំងឺ​កូ​វីដ​១៩​បាន​ស្រាកស្រាន្ត​។ ក្នុងនោះដែរ ភាគី​ទាំងពីរ បានលើកឡើង​អំពី​ចំណង​សម្ព័ន្ធមេត្រីភាព​រវាង​ខេត្ត Yunnan ប្រទេស​ចិន និង​ខេត្តសៀមរាប នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ព្រមទាំង​ផលប្រយោជន៍ ដែល​ទទួលបាន​ពី​កិច្ចសហប្រតិបត្តិការ​ក​ន្ល​ង​មក​។

​រដ្ឋបាល​ខេត្តសៀមរាប​បានឱ្យដឹងថា​៖«​ភាគី​ទាំងពីរ បាន​ពិភាក្សា​អំពី​កិច្ចសហប្រតិបត្តិការ​ឱ្យ​កាន់តែ​ស៊ីជម្រៅ ដោយ​បន្ត​ជំរុញ​ការផ្លាស់ប្ដូរ​បន្ថែមទៀត​ទាក់ទង​នឹង​វិស័យ​មួយចំនួន​ដូចជា វិស័យ​អប់រំ វប្បធម៌ ទេសចរណ៍ និង​កសិកម្ម ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​ខេត្ត​ទាំងពីរ​អាច​រួមគ្នា​អភិវឌ្ឍ​កាន់តែ​រីកចម្រើន​ទាំង​ផ្នែក​សេដ្ឋកិច្ច និង​ធនធានមនុស្ស​»​។

​ជាមួយគ្នានេះ ភាគី​ប្រតិភូ​ខេត្ត​Yunnan ក៏បាន​ស្នើសុំ​រដ្ឋបាលខេត្ត​សៀមរាប​សហការ និង​ជំរុញ​កិច្ចសហប្រតិបត្តិការ ដើម្បីឱ្យ​ក្រុង​តា​លី នៃ​ខេត្ត​Yunnan និង​ក្រុង​សៀមរាប នៃ​ខេត្តសៀមរាប អាច​ក្លាយជា​ក្រុង​សម្ព័ន្ធមេត្រីភាព តាមរយៈ​ការចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា នាពេល​ឆាប់ៗ​ខាងមុខនេះ​។​

​ទន្ទឹមនឹងនេះ ភាគី​ទាំងពីរ​សង្ឃឹមថា​នឹងមាន​ការផ្លាស់ប្ដូរ​ដំណើរ​ទស្សនកិច្ច​បន្ថែម​ទៀត ក្នុង​រូបភាព​គាំទ្រ​ដល់​វិស័យ​ទេសចរណ៍ វប្បធម៌ និង​អប់រំ ព្រមទាំង​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ឱ្យ​កាន់តែ​រឹងមាំ និង​ស៊ីជម្រៅ​ខ្លាំង​ឡើង​ថែមទៀត​៕