
ខេត្តកែបៈ លោកស្រី មាន សំអាន ប្រធានគណៈកម្មាធិការទី៨ នៃព្រឹទ្ធសភា និងជាអនុប្រធានទី១ នៃសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និង សោម ពិសិដ្ឋ អភិបាលខេត្តកែប ព្រមទាំងលោកស្រី ស ម៉ាលីដា ប្រធានកិត្តិយសសមាគមនារីខេត្តកែប បានចូលរួមក្នុងពិធីចែកចង្ក្រានសន្សំសំចៃថាមពល ជូនដល់ប្រជាពលរដ្ឋចំនួន ១ ៤០៥នាក់ មកពីភូមិចំនួន៧ នៃក្រុងកែប នៅថ្ងៃទី១០ ខែមីនានេះ។។
លោកស្រី មាន សំអាន ប្រធានគណៈកម្មាធិការទី៨ នៃព្រឹទ្ធសភា និងជាអនុប្រធានទី១ នៃសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានមានប្រសាសន៍ថា ការផ្ដល់សម្ភារនេះ ក្នុងគោលបំណងចូលរួមចំណែកក្នុងការលើកកម្ពស់ជីវភាពរស់នៅ និងសុខភាពរបស់ប្រជាពលរដ្ឋនៅសហគមន៍ និងរួមចំណែកគាំទ្រការពារបរិស្ថាន ព្រមទាំងកាត់បន្ថយការប្រែប្រួលអាកាសធាតុនៅកម្ពុជា។
លោកស្រីថ្លែងថា៖«នេះជាចំណែកមួយ របស់សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការគិតគូរពីសុខទុក្ខ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ ពិសេសរួមចំណែកក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋមិនថានៅទីជនបទឬក៏ទីប្រជុំជនឡើយ»។
លោក សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប បានថ្លែងអំណរគុណដល់ក្រុមហ៊ុន SIPCO ដែលបានជួយឧបត្ថម្ភដោយឥតគិតថ្លៃនូវចង្ក្រានសន្សំសំចៃថាមពល ជូនដល់ប្រជាពលរដ្ឋទូទាំងខេត្តកែប តាមរយៈសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍។
លោកអភិបាលខេត្តកែប បានបញ្ជាក់ថា៖«តាមរយៈសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ដោយបានកៀរគរ ពីដៃគូអភិវឌ្ឍន៍ សំដៅជួយសម្រួលដល់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅតាមទីជនបទ ដាច់ស្រយាល ក៏ដូចជាបងប្អូនដែលនៅបន្តប្រើប្រាស់នូវថាមពលអុសឬធ្យូង ដែលសម្ភារ ត្រូវប្រគល់ជូននេះនឹងជួយសន្សំសំចៃលើការចំណាយប្រចាំថ្ងៃ រហូតដល់៧០%»៕