ភ្នំពេញៈ ​ក្រសួងសុខាភិបាល​កម្ពុ​ជា និង​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ពាណិជ្ជកម្ម​នៃ​សាធារណរដ្ឋ​អុិស្លាម​អុីរ៉ង់ មាន​គោលបំណង​សហការ​លើ​វិស័យ​ឱសថ​វ៉ាក់សាំង សម្ភារ​បរិក្ខា​ពេទ្យ និង​ការចុះ​អនុស្សរណៈ នៃ​ការយោគយល់​គ្នា (MoU)​ លើ​វិស័យ​សុខាភិបាល​ជាមួយ​កម្ពុជា​។​

​គោលបំណង​នេះ ត្រូវបាន​លើកឡើង​ក្នុងជំនួប​រវាង​លោកស្រី ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល ជាមួយនឹង​លោក Mohsen Rezaie Pour អគ្គនាយករង​ទទួលបន្ទុក​កិច្ចការ​អាស៊ី និង​អូ​សេ​អា​នី ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ពាណិជ្ជកម្ម​នៃ​សាធារណរដ្ឋ​អុិស្លាម​អុីរ៉ង់ កាលពី​ថ្ងៃទី​១០ ខែមីនា កន្លងទៅនេះ​។​

​ យោងតាម​ក្រសួងសុខាភិបាល​បានឱ្យដឹងថា​៖ «​គណៈប្រតិភូ​បាន​ជម្រាប​អំពី​គោលបំណង​នៃ​ដំណើរ​ទស្សនកិច្ច​នេះ ដើម្បី​រឹតចំណង​សហប្រតិបត្តិការ​ទ្វេភាគី​រវាង​ប្រទេស​ទាំង​២ ហើយ​គណៈប្រតិភូ បាន​ជម្រាបជូន​អំពី​គោលបំណង​សហការ​លើ​វិស័យ​ឱសថ​វ៉ាក់សាំង សម្ភារ​បរិក្ខា​ពេទ្យ​ព្រមទាំង​មានបំណង​ចុះ MoU​លើ​វិស័យ​សុខាភិបាល​ជាមួយ​កម្ពុជា​»​។​

ក្នុងជំនួប​នោះដែរ​លោកស្រី ឱ វណ្ណឌី​ន ក៏បាន​លើកឡើងថា​៖ «​ជំហរ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក៏ដូចជា​ក្រសួងសុខាភិបាល​ផ្ទាល់​គឺ​ស្វាគមន៍​រាល់​ការវិនិយោគ​ក្នុង​វិស័យ​សុខាភិបាល ដើម្បី​ផ្តល់នូវ​សេវា​សុខភាព​ដែលមាន​គុណភាព​ដល់​ប្រជាពលរដ្ឋ​ទូទៅ ហើយ​លោកស្រី ក៏បានផ្តល់​ជា​អនុសាសន៍​ក្នុង​នីតិវិធី​ដើម្បី​នាំចូល និង​ការវិនិយោគ ទាក់ទង​លើ​វិស័យ​ឱសថ នៅ​កម្ពុជា​ផងដែរ​»​។​

​នា​ពិធី​បិទ​សន្និបាត​សុខាភិបាល លើក​ទី​៤២ កាលពី​ថ្ងៃទី​៦ ខែមីនា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើកឡើងថា ភាពរឹងមាំ​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​អាស្រ័យ​លើ​ការអភិវឌ្ឍ​ធនធានមនុស្ស​ប្រកបដោយ​គុណវុឌ្ឍិ ហើយ​ការអភិវឌ្ឍ​ធនធានមនុស្ស​គឺ​អាស្រ័យ​លើ​សុខ​ភាពល្អ​របស់​ប្រជាជន ដោយ​ជំរុញ​នូវ​ការផ្តល់សេវា​សុខ​ភាពល្អ​ពេញលេញ គ្រប់គ្រាន់ និង​ប្រកបដោយ​ប្រសិទ្ធភាព​។​

​ នា​ពិធី​នោះ លោក​ក៏បាន​កោតសរសើរ​ចំពោះ​ក្រសួងសុខាភិបាល​ដែល​បាន​ខិតខំ​ប្រឹងប្រែង ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត​ជំងឺ​កូ​វីដ​១៩ ដែល​ធ្វើឱ្យ​កម្ពុជា​អាច​បើក​ប្រទេស​បម្រើ​សេដ្ឋកិច្ច និង​សង្គម​ឡើងវិញ​យ៉ាង​ពេញលេញ ដោយ​លោក​ក៏បាន​ជំរុញ​ឱ្យ​ក្រសួងសុខាភិបាល​ពង្រឹង​បន្ថែមទៀត​លើ​ការត្រួតពិនិត្យ​តាមដាន​កត្តា​ដែល​នឹង​នាំទៅដល់​ហានិភ័យ​ដល់​សុខភាព​សាធារណៈ​។​

​ជាមួយគ្នា​នោះដែរ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ក៏បាន​លើកឡើង​ផងដែរ​ថា សមិទ្ធផល​ជាច្រើន​ដែល​ក្រសួង​ទទួលបាន​ក្នុង​រយៈពេល​៥​ឆ្នាំ​កន្លងមកនេះ ប៉ុន្ដែ​នៅតែ​ប្រឈម​នឹង​បញ្ហា​ដែល​លោក​ទាមទារ​ឱ្យមាន​ការខិតខំ​ប្រឹងប្រែង​បន្ដទៀត ជាពិសេស​ការពង្រឹង​នូវ​សេវា​សុខាភិបាល ធនធានមនុស្ស និង​មន្ទីរពិសោធន៍​ព្រមទាំង​ការបន្ដ​ប្រយុទ្ធ​នឹង​ជំងឺ​រ៉ាំរ៉ៃ និង​ជំងឺឆ្លង​ផ្សេងៗ​រួមទាំង​ជំងឺ​កូ​វីដ​១៩​។​

​លោក ម៉ម ប៊ុនហេង ក៏បាន​សម្តែង​នូវ​ការកោតសរសើរ​ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ បុគ្គលិក​សុខាភិបាល​គ្រប់លំដាប់​ថ្នាក់ ដែល​បាន​ខិតខំ​បំពេញភារកិច្ច​ក្នុង​រយៈពេល​កន្លងមក​នេះ យ៉ាង​យកចិត្តទុកដាក់ និង​ទទួលបាន​សមិទ្ធផល​ដ៏​គួរ​ជាទី​មោទនៈ​៕