ភ្នំពេញៈ ស្ថានទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា បាន​វាយតម្លៃ​ខ្ពស់​ក្នុង​ភាពជា​ដៃគូ​ជាមួយ​កម្ពុជា​ក្នុង​កិច្ចការ​បង្ក្រាប​ឧក្រិដ្ឋកម្ម​ឆ្លងដែន ជាមួយនឹង​ការផ្តល់​វគ្គ​បណ្តុះបណ្តាល និង​សកម្មភាព​ជួយ​អភិវឌ្ឍ​សមត្ថភាព​មន្ត្រីនគរបាល អ្នកអនុវត្ត​ច្បាប់​កម្ពុជា​នានា​ទៀត​ក្នុង​ការងារ​ប្រយុទ្ធប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន និង​បញ្ហា​ក្តីបារម្ភ​រួម​។

​ការលើកឡើង​នេះ ធ្វើឡើង​បន្ទាប់ពី​មានដំណើរ​ទស្សនកិច្ចរ​ប​ស់លោក Peter Sykora​ មេបញ្ជាការ​ទទួល​កិច្ចការ​នគរបាល​សហ​ព័ន្ធ​អូស្ត្រាលី ប្រចាំ​តំបន់​អាស៊ី នៅ​កម្ពុជា​កន្លងទៅ​។ ជាក់ស្តែង​នៅ​ថ្ងៃទី​៨ ខែមីនា ឆ្នាំ​២០២៣ លោក Peter Sykora​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​កម្ពុជា ព្រមទាំង​បាន​សន្យា​បន្ត​ជួយ​កម្ពុជា​លើ​ការងារ​បណ្តុះបណ្តាល​ជំនាញ​និង​សមត្ថភាព​ជូន​ដល់​មន្ត្រីនគរបាល​កម្ពុ​ជា​ផង​។​

​លោកស្រី ព្រាប សូលី​ស៊ូ ទីប្រឹក្សា​ជាន់ខ្ពស់​ផ្នែក​ទំនាក់ទំនង​នៃ​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា​បាន​ប្រាប់ឱ្យដឹង​តាមរយៈ​អ៊ីមែល កាលពី​រសៀល​ថ្ងៃទី​១០ ខែមីនា ថា អូស្ត្រាលី​និង​កម្ពុ​ជាមាន​កិច្ចសហប្រតិបត្តិការ​ដ៏​យូរអង្វែង​មួយ​ជាស្រេច​លើ​ការងារ​រក្សា​សន្តិសុខ​តំបន់​ជុំវិញ​ការដោះស្រាយ​បញ្ហា​ឧក្រិដ្ឋកម្ម​ឆ្លងដែន និង​បញ្ហា​ក្តីបារម្ភ​នានា​ដូចជា​បញ្ហា​ការកេងប្រវ័ញ្ច​ផ្លូវភេទ​កុមារ បណ្តាញ​ឧក្រិដ្ឋ​ម្ម​ឆ្លងដែន ការលាង​លុយកខ្វក់ ឬ​ការសម្អាត​ប្រាក់ និង​បញ្ហា​ជួយ​ដូរ​គ្រឿងញៀន​ជាដើម​។​

​លោកស្រី ថ្លែងថា​៖ «​អូស្ត្រាលី​សូម​វាយតម្លៃ​ខ្ពស់​ចំពោះ​ភាពជា​ដៃគូ​របស់ខ្លួន​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​និង​ភ្នាក់ងារ​អនុវត្ត​ច្បាប់​កម្ពុជា​ដទៃទៀត ជាមួយ​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​ដែល​កំពុងដំណើរការ​រ​បស់​យើង​ក្នុងការ​ដោះស្រាយ​បញ្ហា​ឧក្រិដ្ឋកម្ម​ឆ្លងដែន និង​បញ្ហា​ពាក់ព័ន្ធ​ដែលជា​ការព្រួយបារម្ភ​រួម​»​។​

​លោកស្រី​ព្រាប សូលី​ស៊ូ បន្តថា អូស្ត្រាលី​មាន​កម្មវិធី​ពង្រឹងសមត្ថភាព​ដល់​មន្ត្រីនគរបាល​និង​អ្នកអនុវត្ត​ច្បាប់​នៅ​កម្ពុជា​ដែលជា​ផ្នែក​មួយ​នៃ​ការបង្កើន​កិច្ចសហប្រតិបត្តិការ​រួម​រវាង​កម្ពុជា​និង​អូស្ត្រាលី ដើម្បី​ពង្រឹង​ការប្រយុទ្ធ​ប្រឆាំងនឹង​ឧក្រិដ្ឋកម្ម​ឆ្លងដែន និង​សកម្មភាព​ផ្សេងៗ​ទៀត​ដែលជា​បញ្ហា​ក្តីបារម្ភ​ជារួម​។​

​សូមបញ្ជាក់ថា រដ្ឋាភិបាល​អូស្ត្រាលី​បានផ្តល់​ការបណ្តុះបណ្តាល​និង​ការពង្រឹង​សមត្ថ​ភាពជា​ច្រើន​ដល់​មន្ត្រីនគរបាល​កម្ពុ​ជា ដែល​ផ្តោតទៅលើ​ការស៊ើបអង្កេត​ដែល​គាំទ្រ​ដល់​ដំណើរការ​អនុវត្ត​ច្បាប់ ជំនាញ​សម្ភាស សិក្ខាសាលា​នានា​ទាក់ទង​នឹង​ការលាង​លុយកខ្វក់ ឧក្រិដ្ឋកម្ម​បច្ចេកវិទ្យា ការកេងប្រវ័ញ្ច​ផ្លូវភេទ​លើ​កុមារ ការធ្វើ​កោសល្យវិច័យ​តាម​ឌីជីថល និង​ភាពជា​អ្នកដឹកនាំ​ក្នុង​ជួរ​នគរបាល​ជាដើម​។

​ក្រៅពីនេះ អូស្ត្រាលី​ក៏មាន​ការជំរុញ​និង​លើកទឹកចិត្ត​ឱ្យមាន​ការចូលរួម​ពី​ស្ត្រីភេទ​ក្នុង​ជួរ​ប៉ូលិស​គ្រប់លំដាប់​ថ្នាក់​ផងដែរ​។ នេះ​បើ​យោងតាម​ការបញ្ជាក់​ពី​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា​។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក គិ​ន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា ថ្លែងថា កម្ពុជា​-​អូស្ត្រាលី​បាន​ពង្រីក​ទំនាក់ទំនង​នឹង​គ្នា​ទាំង​ក្របខ័ណ្ឌ​ទ្វេភាគី និង​ពហុភាគី​ច្រើន​ក្នុង​រយៈពេល​ចុងក្រោយ​នេះ​ដែល​ប្រទេស​ទាំង​២​ហាក់​យល់​គ្នា​ច្រើនជាង​មុន ដែល​គេ​កត់សម្គាល់ថា មាន​លក្ខណៈ​ល្អប្រសើរ រួមទាំង​វឌ្ឍនភាព​ទំនាក់ទំនង​ផ្លូវ​ពាណិជ្ជកម្ម ការវិនិយោគ ជាពិសេស​ការអភិវឌ្ឍ​ធនធានមនុស្ស​។​

​លោក គិ​ន ភា បាន​ថ្លែងថា​៖ «​ជា​យុទ្ធសាស្ត្រ​ប្រទេស​ទាំង​២​ត្រូវការ​គ្នា ជាពិសេស​កម្ពុជា​ក្នុង​ការធ្វើ​ពិពិធ​កម្ម​ការទូត ហើយ​អូស្ត្រាលី​ប្រទេស​អំណាចកណ្តាល​ក្នុង​តំបន់ ដូច្នេះ​ទំនាក់ទំនង​ល្អ​ជាមួយ​អូស្ត្រាលី​ជួយ​ដល់​នយោបាយ​ពិពិធ​កម្ម​ការទូត​របស់​កម្ពុ​ជា​។​ក្នុងន័យ​សេដ្ឋកិច្ច ទំហំ​ពាណិជ្ជកម្ម វិនិយោគ និង​ជំនួយ​របស់​អូស្ត្រាលី​ក៏មាន​ច្រើន​គួរសម​ដែរ សម្រាប់​កម្ពុជា​»​។​

​លោក សេង វណ្ណ​លី សាស្ត្រាចារ្យ​ទំនាក់ទំនង​អន្តរជាតិ ថ្លែងថា ទំនាក់ទំនង​រវាង​អូស្ត្រាលី​និង​កម្ពុ​ជាមាន​ស្ថាន​ភាពប្រសើរ​ជាធម្មតា ដែល​អាចមាន​កិច្ចសហប្រតិបត្តិការ​នា​នា រួមមាន​លើ​វិស័យ​សន្តិសុខ​នគរបាល ការបណ្តុះបណ្តាល​ផ្នែក​ឧក្រិដ្ឋកម្ម​បច្ចេកវិទ្យា ហើយ​ទាំង​ទៅលើ​វិស័យសេដ្ឋកិច្ច​ពាណិជ្ជកម្ម និង​ជំនួយ​នានា​ទៀតផង​។​

​ប៉ុន្តែ​លោក​ក៏​ថ្លែង​ឱ្យដឹងពី​សញ្ញា​អវិជ្ជមាន​មួយចំនួន​ដែល​អាច​ប៉ះពាល់​ដល់​ទំនាក់ទំនង​និង​កិច្ចសហប្រតិបត្តិការ​ក​ម្ពុ​ជា​-​អូស្ត្រាលី ជុំវិញ​ជំហរ​ម៉ឺងម៉ាត់​របស់​អ្នកនយោបាយ​នៃ​គណបក្ស​ពលករ​អូស្ត្រាលី សំឡេង​អ្នកគាំទ្រ​ចលនា​គណបក្សប្រឆាំង​នៅ​អូស្ត្រាលី ពោលគឺ​ពាក់ព័ន្ធ​នឹង​បញ្ហា​ការលើកកម្ពស់​សិទ្ធិមនុស្ស​និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​។​

​លោក​សេង វណ្ណ​លី បាន​ប្រាប់ថា​៖ «​ខ្ញុំ​មើលឃើញ​ពី​កត្តា​ធំៗ ៣ ដែល​អាច​ជះឥទ្ធិពល​អវិជ្ជមាន​ដល់​ទំនាក់ទំនង​កម្ពុជា​-​អូស្ត្រាលី នៅ​ថ្ងៃមុខ ដែល​ទី​១ ប្រជាជន​ខ្មែរ​នៅ​អូស្ត្រាលី​ភាគច្រើន​មាន​និន្នាការ​គាំទ្រ​គណបក្ស​ពលករ (Labour Party) ព្រោះ​កន្លងមក​ពួកគេ​មើលឃើញថា គណបក្ស​នេះ​មាន​ជំហរ​ម៉ឺងម៉ាត់​ចំពោះ​ស្ថានភាព​លទ្ធិ​ប្រជា​ធិ​តេ​យ្យ និង​ការគោរព​សិទ្ធមនុស្ស​នៅ​កម្ពុជា ជាង​គណបក្ស​សេរីនិយម (Liberal Party) របស់​អូស្ត្រាលី​»​។​

​លោក​បន្តថា​៖ «​ទី​២ អូស្ត្រាលី​បានក្លាយ​ជា​មូលដ្ឋាន​គាំទ្រ​ដ៏​សំខាន់បំផុត​នាពេល​ថ្មីៗ​នេះ​ក្រោយ​ចលនា​គាំទ្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​សហរដ្ឋអាមេរិក និង​បស្ចិម​លោក​ចាប់ផ្តើម​បែកបាក់ និង​ទី​៣ កំណើន​នៃ​អ្នកនយោបាយ​ពន្លក​ថ្មី​ភាគច្រើន បាន​បោះ​ទីតាំងនៅ​ប្រទេស​អូស្ត្រាលី​ផ្ទាល់​»​។​

​លោក សេង វណ្ណ​លី បាន​ថ្លែង ដោយ​ចង់ឱ្យ​រដ្ឋាភិបាល​កម្ពុជា​មានការ​កែប្រែ​និង​បន្ទន់ឥរិយាបថ​ដើម្បី​អាចជួយ​ជះឥទ្ធិពល​វិជ្ជមាន​លើ​ទំនាក់​ទំនាក់​នៃ​រដ្ឋ​ទាំង​២​ប្រឈម​នឹង​កត្តា​អវិជ្ជមាន​ដែល​បាន​រៀបរាប់​នោះ​៕