ប៉ៃលិនៈ​ ពលរដ្ឋ​ជាង ១០០ គ្រួ​សារ​ បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ និង​ផ្តិត​មេដៃ​សុំ​អន្តរា​គមន៍​ដល់​អា​ជ្ញាធ​រខេត្ត​ជួយ​បញ្ឈប់​សក​ម្មភាព​បង្ហូរ​ទឹក​កាក​សំណល់​កខ្វក់​ចូល​អូរ​ធម្ម​ជាតិ​ចេញពី​ក្រុមហ៊ុន​ចិន​យីហោ​ឆៃ​សិន​ ផលិត​ដំណាប់​ស្វាយ ​នៅ​​ភូមិ​អូរ​រអិល ​ឃុំ​ស្ទឹង​កាច់​ ស្រុក​សាលា​ក្រៅ ខេត្ត​​ប៉ៃលិន​ ដែល​ធ្វើឱុ្យ​ប៉ះ​ពាល់​ដល់​ការ​រស់​នៅ ​ការធ្វើ​កសិ​កម្ម ​និង​ប៉ះពាល់​ដល់​សត្វ​ចិញ្ចឹម​របស់​ពួក​គាត់​។

​អ្នក​ស្រី ​បូរ ស្រីនាថ អាយុ​ជាង ៣០​ ឆ្នាំ​ ជា​ប្រជា​ពលរដ្ឋ​រស់នៅ​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី ១២ ​ខែមីនា​ថា ​កាក​សំណល់​ដែល​ហូរ​ចេញពី​ក្រុម​ហ៊ុន​ចិន​១​នេះ​ជា​កាក​សំណល់​កខ្វក់​ មាន​ក្លិន​ស្អុយ ​បណ្តាលឱ្យ​​ប្រជាព​លរដ្ឋ​ពិបាក​ដក​ដង្ហើម និង​កើត​ជំងឺ​ផ្សេងៗ​។ ម្យ៉ាង​វិញ​ទៀត​ពេល​ទឹកអូរ​កខ្វក់​ធ្វើឱ្យ​ប្រជា​ពលរដ្ឋ​ជួប​ការលំ​បាក​ដោយ​ខ្វះ​ទឹក​ប្រើ​ប្រាស់​សម្រាប់​ងូត​សម្អាត​រូប​កាយ​។ បន្ថែម​លើ​នេះ​សត្វ​ចិញ្ចឹម​របស់​ប្រជា​ពលរដ្ឋ​មាន​មាន់​ទា​ជាដើម​ប្រឈម​ការ​ឬឈឺ​ងាប់​ផ​ងដែរ​។

​អ្នក​ស្រី​ថ្លែងថា​៖«​បញ្ហា​នេះ​កើត​ឡើង​យូរ​ដែរ​ហើយ​ ហើយ​ឥឡូវ​ហ្នឹង​វា​នៅតែ​ធុំក្លិន​ស្អុយ​រហូត​ ធុំក្លិន​បែបនេះ​ធ្វើឱ្យប៉ះ​ពាល់​ដល់​សុខភាព​ក្មេងៗ​បណ្តាល​ឱ្យ​ឈឺ ហើយ​អ្នក​ស្រុក​រក​ទឹក​ប្រើ​ប្រាស់​[​សម្រាប់​ងូត​]​មិនបាន ​ព្រោះ​ពលរដ្ឋ​អាស្រ័យ​ទឹក​អូរ​ហ្នឹង​សម្រាប់​ងូត​ប្រចាំ​ថ្ងៃ​»​។​

​អ្នក​ស្រី បាន​ឱ្យ​ដឹង​ទៀត​ថា កន្លង​មក​អាជ្ញាធ​រ​មូលដ្ឋាន​បាន​ចុះ​សម្រប​សម្រួល​ជា​មួយ​ក្រុមហ៊ុន​នេះ ជា​បន្ត​បន្ទាប់ ប៉ុន្តែ​មិន​មាន​លទ្ធ​ផល​អ្វី​ល្អប្រសើរ​​ទេ​។ ក្នុងនាម​ព​លរដ្ឋ​​រង​ផល​ប៉ះពា​ល់​ម្នាក់ អ្នកស្រី​ បូរ ស្រី​នាថ បាន​សំណូម​ពរ​បន្ថែ​មដល់​អាជ្ញា​ធរ​ពាក់ព័ន្ធ​ឱ្យជួយ​ដោះស្រា​យ​បញ្ហា​នេះ​ដោយ​ឱ្យ​ក្រុម​ហ៊ុន​ឈប់​បង្ហូរ​កាក​សំណល់​ចូល​ក្នុង​អូរ​បន្ត​ទៀត​។

​លោក​ ហែម ជ័យ អាយុ​ជាង ៤០ឆ្នាំ ជា​ប្រជា​ពលរដ្ឋ​រស់នៅ​ភូមិ​អូរ​រអិល​ ឃុំ​ស្ទឹង​កាច់ ​ស្រុក​សាលា​ក្រៅ ប្រា​ប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី ១២​ ខែមីនា​ដែរថា ក្រោយពី​​រង​ផលប៉ះពា​ល់​ដោយ​សារ​ក្លិន​ស្អុយ​អស់​ជាច្រើន​ខែ​កន្លង​មក​ នៅ​ថ្ងៃទី ​៨ ខែមីនា​ ពលរដ្ឋ​ជាង ១០០ គ្រួសារ​ក្នុង​តំបន់​នោះ ​បាន​នាំគ្នា​ផ្តិត​មេដៃ​ស្នើសុំ​អាជ្ញាធរ​ខេត្ត​ជួយ​អន្តរា​គមន៍​បញ្ឈប់​សក​ម្ម​ភាព​បង្ហូរ​ទឹក​ដែល​មាន​ជាតិ​ពុល ​និង​ក្លិន​ស្អុយ​ចូល​អូរ​ធម្ម​ជាតិ​ពី​សំណាក់​ក្រុម​ហ៊ុន​ផលិត​ដំណាប់​ស្វាយ​ឆៃ​សិន​។​

​លោក​ហែម ជ័យ លើក​ឡើង​ថា ទឹក​មាន​ក្លិន​ស្អុយ​ដែល​ហូរ​ចេញ​ពី​ក្រុម​ហ៊ុន​ចិន​ខាងលើ​ ធ្វើ​ឱ្យ​ងាប់​ជីវ​ចម្រុះ​មាន​ត្រី​ក្នុង​ទឹក​​ជា​ដើម​។​ជា​មួ​យគ្នា​នោះ​ទឹក​កខ្វក់​នេះ​បាន​ធ្វើឱ្យ​ខូច​ដំណាំរបស់​ប្រជា​ពលរដ្ឋ​ដែល​អា​ស្រ័យ​ផល​ទឹក​នោះ​សម្រាប់​ស្រោច​ស្រព ​ក៏​ដូច​ជា​ធ្វើការ​បាញ់ថ្នាំ​ការ​ពារ​ដំណាំ​ផង​ដែរ​។

​លោក​ថ្លែង​ថា​«​ធុំ​ក្លិន​ស្អុយ​អ៊ីចឹង​វា​ខូច​បរិស្ថាន ​ធ្វើឱ្យ​យើង​ពិបាក​ដក​ដង្ហើម ​សូម្បី​ត្រី​តាម​អូរ​ហ្នឹង​ក៏​ងាប់​ដែរ​។​ទឹក​កខ្វក់​សូម្បី​ស្រោច​ដំណាំ​ក៏​មិន​កើត​ដែរ ​ព្រោះ​យើង​ប្រើប្រា​ស់​ទឹក​ហ្នឹង​យក​ទៅ​លាយ​បាញ់​ថ្នាំ​ស្មៅ​ចម្ការ​ដំឡូង​ជាដើម ​វា​ពិបាក​យក​មកប្រើ​ដោយ​សារ​វា​ស្អុយ ​ហើយ​ធ្វើ​ឱ្យ​ខូ​ចគុណ​ភាព​ដំណាំ​ទៀត​»​។​

​យ៉ា​ងណា​ក៏ដោយ លោក សាក់ សា​វរិ​ទ្ធិ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ប៉ៃលិន ប្រាប់​ភ្នំពេញ​​ប៉ុស្តិ៍​នៅ​ថ្ងៃទី ​១២​ ខែមីនា​ថា ​ ​បញ្ហា​ ​នេះ​ក្រុម​ហ៊ុន​បាន​សហ​ការ​ជាមួយ​មន្ត្រី​ជំនាញ​បរិស្ថាន​ដោះ​ស្រាយ​រួចរាល់​ហើយ​កាលពី​ថ្ងៃទី១១​ ខែមីនា​។ លោកថា ខាង​ក្រុម​ហ៊ុន​បាន​យល់ព្រ​ម​បញ្ឈប់​លែង​ឱ្យ​មាន​ទឹក​កខ្វក់​ហូរ​ចូល​ក្នុង​អូរ​ធម្មជាតិ​បន្តទៀ​ត ដោយ​ធ្វើ​អាង​ប្រព្រឹត្តិ​កម្ម​សំណ​ល់​រាវនិង​ជីក​ស្រះ​បន្ថែម​ទៀត​សម្រាប់​ស្តុក​ទឹក​កខ្វក់​។

​លោកសាក់ សា​វរិ​ទ្ធិ បាន​បន្ថែម​ថា ​ក្រុម​ហ៊ុន​បាន​ផលិត​ដំណាប់​ស្វាយ ​ប៉ុន្តែ​​មិន​បាន​ធ្វើ​ស្រះ​រំដោះ​ទឹក​កខ្វក់ ហើយ​បែរជា​បង្ហូរ​ចូល​អូរ​ធម្ម​ជាតិ​ទើប​បណ្តាល​ឱ្យ​មាន​បញ្ហា​ប៉ះ​ពាល់​ដល់​ការ​រស់​នៅ​របស់​ប្រជា​ពលរ​ដ្ឋ​។

​លោក​បញ្ជាក់​ថា​៖«​ចំពោះ​បញ្ហា​នេះ​យើង​ដោះស្រា​យ​រួចរាល់​អស់ហើយ​។​ខាង​ក្រុមហ៊ុ​ន​គាត់​ជីក​ស្រះ​សម្រាប់​ស្តុក​ទឹក​កាក​សំណល់​១​បន្ថែមទៀ​ត និង​បូម​កាកសំ​ណល់​[​សំណល់​ដែល​ហូរ​ចូល​អ​រូ​ធម្មជាតិ​]​ចេញ​អស់ហើយ​។​យើង​ដោះ​ស្រាយ​រួចរាល់​កាលពី​​ម្សិល​មិញ​ហើយ​[​ថ្ងៃទី១១​ ខែមីនា​]»​។​

​តាម​ការ​ផ្សាយ​លើ​គេហ​ទំព័រ​ក្រសួង​ព័ត៌​មាន​​ថ្ងៃទី១១ ​ខែមីនា បាន​ឱ្យដឹង​ថា កាលពី​ថ្ងៃទី១​០ ​ខែមីនា អាជ្ញា​ធរ​ខេត្ត​ប៉ៃលិ​ន ​ដឹកនាំ​ដោយ​លោក​ស្រី បាន ស្រីមុំ បាន​ចុះដោះ​ស្រាយ​បញ្ហា​នេះ​ជូន​ប្រជា​ពល​រដ្ឋ​ដល់​ទី​តាំង​ក្រុម​ហ៊ុន​ផ្ទាល់ ​និង​បាន​ណែនាំ​ដល់ក្រុម​ហ៊ុន​​ចិន «​ឆៃ​សិន​» ដែល​កំពុង​កែច្នៃ​ និង​វេច​ខ្ចប់​ផ្លែ​ស្វាយ​សម្រាប់​នាំ​ចេញឱ្យ​បញ្ឈប់​ការបង្ហូរ​កាក​សំណល់​ផ្លែស្វា​យ និ​ង​ទឹក​ស្អុយ​មាន​សារ​ធាតុ​គីមី​ពុល​ចូល​ទៅ​ក្នុង​ប្រឡាយ ​ឬ អូរ​ធម្ម​ជាតិ​បន្ត​ទៀត​។

​គ្រា​នោះ ​លោក​ស្រីបាន​ ស្រីមុំ បាន​ជំរុញ​ដល់​ក្រុម​ហ៊ុនត្រូវ​សហ​ការ​ជាមួយ​មន្ត្រី​ជំនាញ​ពាក់ព័​ន្ធដើ​ម្បី​​សិក្សា ​និង​រៀបចំ​​បំពាក់​អាង​ប្រ​ព្រឹត្តិកម្ម​សំណល់​រាវ​តាម​លក្ខណៈ​បច្ចេក​ទេស​ចៀសវា​ង​កា​របង្ហូរ​ទឹកស្អុ​យ​ និង​សារ​ធាតុ​គីមី​ចូល​ទៅក្នុ​ង​ប្រឡាយ ​ឬ អូរ​ធ​ម្មជាតិ​ និង ដី​កម្ម​សិទ្ធិ​ឯកជន​របស់​ប្រជា​ពលរ​ដ្ឋដែល​មាន​លំនៅឋា​ន​ក្បែរ​ទីតាំង​ក្រុម​ហ៊ុន ​ដោយ​បង្ក​ជា​ផល​ប៉ះពា​ល់​ដល់​ការ​រស់​នៅ​របស់​ប្រជា​ពល​រដ្ឋ និងការ​បំពុល​ប្រភព​ទឹក​សា​​ធារណៈ​​៕​