ភ្នំពេញៈ កម្ពុជា​កំពុង​អនុវត្ត​ជា​ផ្លូវ​ការ​ផែន​ការ​សកម្ម​ភាព​សីត​កម្ម​ជាតិ​ដែល​ជា​ការ​បោះ​ជំហាន​ទៅ​មុខ​មួយ​យ៉ាង​សំខាន់​ក្នុង​ការ​ផ្តល់​ក្រប​ខ័ណ្ឌ​ដ៏​ចាំបាច់​ ឆ្លើយ​តប​នឹង​តម្រូវ​ការ​ថាម​ពល​ដែល​កំពុង​កើន​ឡើង​យ៉ាង​លឿន​ ដើម្បី​ដឹកនាំ​ប្រទេស​ជាតិ​ឆ្ពោះ​ទៅ​កាន់​អនា​គត​បៃ​តង និង​ស្អាត​ជាង​មុន​។​

​ផែន​ការ​សកម្ម​ភាព​សីតក​ម្ម​ជាតិ (​ការធ្វើ​ឱ្យ​ត្រជាក់​) របស់​កម្ពុជា​នេះ​ ត្រូវ​បាន​ដាក់​ឱ្យ​អនុវត្ត​ឡើង​កាល​ពី​ថ្ងៃទី​ ៩ ខែ​មីនា ​ឆ្នាំ​ ២០២៣​ កន្លង​មក ​ដោយមា​ន​ការ​គាំទ្រ​ពី​កម្មវិធី​បរិស្ថាន​របស់​អង្គ​ការ​សហ​ប្រជា​ជាតិ (UNEP) និង​គណៈ​កម្មការ​សេដ្ឋ​កិច្ច និង​សង្គម​របស់​អង្គ​ការ​សហ​ប្រជា​ជាតិ​ប្រចាំ​អាស៊ី ​និង​ប៉ាស៊ី​ហ្វិក (UNESCAP)​។​

​ផែ​នការ​សកម្ម​ភាព​នេះ គឺ​ស្វែងរក​ការ​កាត់​បន្ថយ​តម្រូវការ​សីត​កម្ម​ជាតិ ព​ង្រឹង​លទ្ធភាព​ទទួល​បាន​សេវា​សីតក​ម្ម​ជាតិ ​ដូច​ជា ខ្សែ​ចង្វាក់​ត្រជាក់​សម្រាប់​អាហារ​និង​ថ្នាំ ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ប្រសិទ្ធ​ភាព​ថាម​ពល​នៃ​គ្រឿង​ប្រើ​ប្រាស់ និង​លើក​ទឹក​ចិត្ត​ដល់​ការ​ប្រើប្រា​ស់​ទូទឹ​កក​ក​ដែល​មាន​សក្តានុ​ពល​កម្ដៅ​សកល​ទាប​។​

​លោក​ស្រី A​lissar Chaker ​អ្នក​សម្របស​ម្រួល​អង្គ​ការ​សហ​ប្រជា​ជាតិ​ស្ដីទី​ប្រចាំ​នៅ​កម្ពុជា ​បាន​ថ្លែង​ថា ​ការដាក់​ឱ្យ​ដំណើរ​ការ​ផែន​ការ​សកម្មភា​ព​សីតក​ម្ម​ជាតិ​របស់​កម្ពុជា ​ជាការ​បោះ​ជំហាន​មួយ​យ៉ាង​សំខាន់​ ដោយ​ផ្តល់​ក្រប​ខ័ណ្ឌ​ដ៏​ទូលំ​ទូលា​យ​សម្រាប់​តម្រូវ​ការ​ថាមពល​ដែល​កំពុង​កើន​ឡើង​យ៉ាង​លឿន​នៅ​កម្ពុជាគឺ​សកម្ម​ភាព​សីតកម្ម ឬ​ការ​ធ្វើ​ឱ្យ​ត្រ​ជាក់​ដែល​សកម្ម​ភាព​នេះ​រួម​ចំណែក​យ៉ាង​ចម្បង​លើ​ការ​បំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​។​

​លោក​ស្រី​បានបញ្ជាក់​​ថា កា​រទទួលបា​ន​សីតកម្ម​ជាតិ ឬ​ធ្វើ​ឱ្យ​ត្រជាក់ ​គឺមាន​សារៈ​សំខាន់​សម្រាប់​សុខ​ភាព​មនុស្ស និង​ផលិត​ភាព​។ ជា​មួយ​នឹង​អាកាស​ធាតុ​ត្រូពិក សីតុណ្ហ​ភាព​កើន​ឡើង​ និង​ការកើន​ឡើង​នៃ​ចំនួន​ប្រជា​ជន​ជាមួ​យនឹង​ការ​កើន​ឡើង​នៃ​ថាម​ពល ​ប្រទេស​កម្ពុជា​ត្រូវតែ​ដាក់​ភាព​ត្រជាក់​ប្រកប​ដោយ​និរន្តរ​ភាព​នៅ​ចំ​កណ្តាល​នៃ​របៀប​វារៈ​នៃ​ការ​អភិវឌ្ឍ​ និង​អាកាស​ធាតុ​។​

​លោក​ស្រី ​Alissar Chaker បាន​បញ្ជាក់​ថា វា​ជា​រឿង​សំខាន់​ដែល​ប្រទេស​កម្ពុជា​សម្លឹង​មើល​ការ​គ្រប់​គ្រង​តម្រូវ​ការ​ថាម​ពល​តាម​រយៈ​ការ​បង្កើន​ប្រសិទ្ធ​ភាព​នៃ​ម៉ាស៊ីន​ត្រជាក់​អវកាស ​និង​ទូ​ទឹក​កក ខណៈពេល​រួម​បញ្ចូល​ផងដែរ​នូវ​យុទ្ធ​សាស្ត្រ​រចនា​អកម្ម​សម្រាប់​អគារ ​និង​ទេសភា​ព​ទីក្រុង​។ ដូច្នេះ​ផែនការ​សកម្ម​ភាព​សីត​កម្ម​ជាតិ​របស់​កម្ពុជា​គឺ​ជា​មធ្យោ​បាយ​ដ៏​សំខាន់​មួយ​ដើម្បី​កាត់​បន្ថយ​ផល​ប៉ះ​ពាល់​អាកាស​ធាតុនិ​ង​សេដ្ឋ​កិច្ច​នៃ​ការកើន​ឡើង​តម្រូវ​ការ​សម្រាប់​ភាព​ត្រជាក់​។​

​លោក​ស្រីបា​ន​ថ្លែងថា​៖ «​អង្គការ​សហប្រ​ជាជាតិ​​ប្រចាំ​កម្ពុជា​នឹង​បន្តធ្វើ​ការងារ​ជា​មួយ​នឹង​រដ្ឋាភិ​បាល​ក​ម្ពុ​ជា វិស័យ​ឯកជន​ និង​អ្នក​ពាក់​ព័ន្ធ​ផ្សេង​ទៀត​ដើម្បី​ធានា​ថា ​ផែន​ការ​សកម្ម​ភាព​សីតកម្ម​ជាតិ ​ត្រូវ​បាន​អនុវត្ត​ ដើម្បី​ធានា​ថា​សកម្ម​ភាព​សីត​កម្ម​ត្រូវ​ធ្វើឡើ​ង​ប្រកបដោ​យ​និរន្តរភាព និង​ជា​ចំណុចក​ណ្តាល​នៃ​ការអភិវ​ឌ្ឍ ​និង​របៀបវារៈ​អាកាស​ធាតុ​របស់​ប្រទេស​កម្ពុជា​»​។​

​ជា​មួយ​គ្នានេះដែ​រ ​នាយក​ប្រចាំ​តំបន់ និង​ជា​តំណាង​របស់ UNEP ប្រចាំ​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិ​ក លោ​ក Dechen Tsering បានឱ្យ​ដឹងថា​ ប្រសិន​បើ​មនុស្ស​គ្រប់គ្នា​យក​ចិត្តទុ​កដា​ក់​លើ​ការ​បញ្ច្រាស់​និ​ន្នាការ​​អាកា​សធាតុ​បច្ចុ​ប្បន្ន វា​មិន​អាច​ធ្វើ​ឱ្យ​ភព​ផែនដី​ត្រជាក់​ជា​មួយ​នឹង​វិធីសាស្ត្រ​អាជីវក​ម្ម​ដូច​ធម្ម​តា​បាន​នោះទេ​​។

​លោក Dechen Tsering​ បាន​លើកឡើ​ងថា​​៖ «​នៅពេ​លដែល​តម្រូវការ​ភាព​ត្រជាក់ ឫ​សីត​កម្ម​ជាតិ​របស់​កម្ពុជា​កើន​ឡើង ​វា​មាន​ឱកាស​ដ៏​សំខាន់​មួយ​ក្នុង​ការ​អនុម័ត​ផ្លូវ​ថ្មី​មួយ​ស្តីពី​ភាព​ត្រជាក់ ​ដែល​បង្ហាញ​ពី​លទ្ធ​ភាព​ និង​សក្តានុ​ពល​នៃ​វិធី​សាស្ត្រ​ទាំង​មូល​នៃ​ប្រព័ន្ធ​សម្រាប់​ភាព​ត្រជាក់​ដែលជា​សម​ធម៌ ​ប្រសិទ្ធ​ភាព និង​ភាព​ធន់​នឹង​អាកាស​ធាតុ​»​។​

​ថ្លែង​ក្នុង​សិក្ខាសា​លា​ស្ដីពី «​ផែនការ​សកម្ម​ភាព​ប្រព័ន្ធ​ត្រជាក់​នៅ​កម្ពុជា (C​ambodia’s National Cooling Action Plan)» កាល​ពី​ថ្ងៃទី​ ១០ ​ខែមីនា​ ​ថ្មីៗនេះ​ លោក​ ប៉ាក សុខា​រ៉ាវុត អ​នុរដ្ឋ​លេខាធិ​ការ​ក្រសួង​បរិស្ថាន បាន​លើក​ឡើង​ថា​ កម្ពុជា​ជា​ប្រទេស​មួយ​ដែល​ងាយ​រង​គ្រោះ​ពី​ផល​ប៉ះពា​ល់​បណ្ដាល​មកពី​ការប្រែប្រួ​ល​អាកាស​ធាតុ​និង​បានដា​ក់​ការ​ប្ដេជ្ញា​ចិត្តខ្ពស់​ក្នុង​នាម​ជា​ប្រទេស​ឈាន​មុខ​ក្នុង​សកម្ម​ភាព​ប្រយុទ្ធ​ប្រឆាំងនឹ​ង​ការប្រែ​ប្រួល​អាកាស​ធាតុ​។​

​លោក​បាន​បន្ត​ថា ជាក់ស្ដែង នាពេល​នេះ កម្ពុ​ជា​បានរៀ​បចំ «​ផែនការ​សកម្ម​ភាព​ប្រព័ន្ធ​ត្រជាក់​នៅ​កម្ពុជា ​នេះ​ឡើង​ស្រ​បទៅនឹង​របាយកា​រណ៍​បច្ចុប្បន្ន​ភាព​ ការចូ​លរួ​មចំណែក​រប​ស់​ជាតិដើ​ម្បី​អនុវ​ត្ដ​អនុសញ្ញា​ក្របខ័​ណ្ឌ​សហប្រ​ជាជា​តិ​ស្ដីពី​ការប្រែ​ប្រួ​ល​អាកាស​ធាតុ (Updated NDC)» ដែល​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត និង​តម្រូវ​ការ​សម្រាប់​ទសវ​ត្ស​រ៍​បន្ទាប់ ​ដើម្បី​ធ្វើឱ្យ​សម្រេចបា​ន​ចក្ខុ​វិស័យ​នៃ​សង្គម​មួយ​ដែលមា​ន​ការ​បញ្ចេញ​កាបូន​តិច​ មាន​ភាព​ធន់​ទៅ​នឹង​ការ​ប្រែប្រួ​ល​អាកាស​ធាតុ និង​ការអ​ភិវឌ្ឍ​ប្រកប​ដោយ​ចីរ​ភាព​។​

​លោក​ ប៉ាក សុខា​រ៉ាវុត បាន​ថ្លែងថា ៖ «​កំណើន​សីតុ​ណ្ហភា​ព គឺជា​ផល​ប៉ះពា​ល់​មួយ​ដ៏​សំខា​ន់​ក្នុងចំ​ណោម​ផល​ប៉ះពា​ល់​ដែល​បណ្ដាល​មកពី​ការប្រែ​ប្រួល​​អាកាស​ធាតុ​។ ភ្នា​ក់ងារ​អង្គកា​រស​ហប្រជា​ជាតិ បាន​ចាត់ទុក​កម្ពុជា​ថា ​ជា​ប្រទេសមួ​យ​ដែល​ងាយ​ទទួល​រង​ផល​ប៉ះពា​ល់​ខ្លាំង​បំផុត​បណ្ដាលម​ក​ពីកំណើន​សីតុណ្ហ​ភាព ​ក្នុង​នោះ​ការ​កើ​នឡើង​សីតុណ្ហភា​ព នឹង​ជះ​ផល​អវិជ្ជ​មាន​ទៅលើ​សុខ​ភាព​ និង​ផលិត​ភាព​ការ​ងារ​របស់​ពលរដ្ឋ​»​។​

​លោក​បាន​បន្តថា​ ជា​លទ្ធផ​ល វា​នឹង​ជះ​ផល​អវិជ្ជមាន​ទៅលើ​ចរន្ត​សេដ្ឋ​កិច្ច​កម្ពុជា ដែល​ត្រូវ​បាន​ប៉ាន់​ស្មាន​ថា​ ជាង​ពាក់​កណ្តាល​នៃ​ការ​បាត់​បង់​និង​ការ​ខូច​ខាត​ទាំង​មូល​បណ្ដាល​មក​ពី​ការប្រែ​ប្រួល​អាកាស​ធាតុ​។ ហេតុ​ដូច​នេះ​ផែន​ការ​សកម្ម​ភាព​ប្រព័ន្ធ​ត្រជាក់​នេះគឺជា​ឧបក​រណ៍​ដ៏​សំខាន់​សម្រាប់​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​៕