កំពង់ឆ្នាំងៈ មនុស្ស ​៣ ​នាក់​បាន​សន្លប់​ហើយ​ផ្ទះ​ និង​តូប​លក់​​ដូរ​សរុប​ ៣០ ​ខ្នង​ បាន​រង​ការឆេះ​ខូចខាត​ទាំងស្រុង​នៅក្នុង​គ្រោះ​​អគ្គិភ័យ​មួយ​ដែល​បានកើត​ឡើង​នៅក្នុង​ភូមិ​-​សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង កាលពី​ព្រឹក​ថ្ងៃ​​ទី​ ១២ ខែមីនា ឆ្នាំ​ ២០២៣​។

​អភិបាលក្រុង​កំពង់ឆ្នាំង លោក ហ៊ីង ភ័ព្វ​មិនា ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា អគ្គិភ័យ​ត្រូវបាន​កម្លាំង​នគរ​​បាល​ជំនាញ​បាញ់​ទឹក​ពន្លត់​អស់​ដោយ​ជោគជ័យ​ហើយ ប៉ុន្តែ​អ្វីដែល​គួរឱ្យ​សោកស្ដាយ​នោះ​គឺ​ពលរដ្ឋ​ចំនួន​ ៤៣ ​គ្រួសារ ត្រូវ​រស់នៅ​ដោយ​ខ្វះ​ទីជម្រក​ស្នាក់អាស្រ័យ​សមរម្យ​ដោយ​ផ្ទះ​និង​តូប​លក់ដូរ​របស់​ពួកគេ សរុប​ ៣០ ​ខ្នង (​ផ្ទះ​ ២៧ និង​តូប​ ៣) រួមទាំង​ទ្រព្យ​សម្បត្តិ​ជាច្រើន​ទៀត ត្រូវបាន​ភ្លើង​ឆេះ​ខូចខាត​ទាំងស្រុង​។​

​លោក​ថា​៖ «​ប្រជាពលរដ្ឋ​ជា​ម្ចាស់ផ្ទះ​ចំនួន​ ៣​ នាក់ បាន​យំសោក​ស្ដាយ​ផ្ទះ និង​ទ្រព្យសម្បត្តិ​រហូតដល់​ស​ន្ល​ប់​»​។

​លោក​បន្ថែមថា​៖ «​តាម​ការសាកសួរ​ក្នុង​ជំហាន​បឋម អាជ្ញាធរ​យើង​សន្និដ្ឋានថា គ្រោះ​អគ្គិភ័យ​នេះ​បណ្ដាលមកពី​អ្នកភូមិ​ឆ្អើរ​​ត្រី​ខ្វះ​ការប្រុងប្រយ័ត្ន ព្រោះ​អ្នកភូមិ​ភាគច្រើន​នៅក្នុង​តំបន់​នេះ ជា​អ្នក​ប្រកបមុខរបរ​ឆ្អើរត្រី​លក់​។ ទោះយ៉ាងណា​នៅពេលនេះ មន្ត្រីនគរបាល​ជំនាញ​កំពុង​បន្តធ្វើ​ការស្រាវជ្រាវ​លើ​ករណីនេះ​ដើម្បី​ស្វែងរក​ការពិត​»​។​

ភ្លើង​កំពុងឆាបឆេះផ្ទះប្រជាពលរដ្ឋ នៅសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង​ កាលពីព្រឹកថ្ងៃទី ​១២ មីនា។ រូបថត សហ​ការី

​ចំណែក​លោក អៀ ប៊ុ​ន​ធឿន អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ក្នុង​ប្រតិបត្តិការ​ពន្លត់​អគ្គិភ័យ​នេះ សមត្ថកិច្ច​បាន​ប្រើពេល​ប្រមាណ​​ ៣ ម៉ោង និង​ប្រើ​ប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​សរុប ចំនួន​ ១០ ​គ្រឿង​។ ទន្ទឹមនឹងនេះ ក៏មាន​ការចូលរួម​អន្តរាគមន៍​ពី​ប្រជាពលរដ្ឋ​តាម​ដង​ទន្លេ​មួយ​ចំនួន ប្រើ​ម៉ាស៊ីន​កាណូត​របស់ពួកគេ​ជួយ​បូមទឹក​ពី​ទន្លេ​មកជួយ​បាញ់​ពន្លត់​ផងដែរ​។

​លោក​បាន​ថ្លែងថា​៖ «​នៅពេលនេះ សមត្ថកិច្ច​យើង​កំពុងធ្វើការ​ស្រាវជ្រាវ​និង​ប្រមូល​ទិន្នន័យ​បន្ថែម ពី​ក្រុមគ្រួសារ​ជនរងគ្រោះ ដើម្បី​វាយតម្លៃ​ពី​ផលប៉ះពាល់​និង​ខូចខាត​ជាក់ស្ដែង និង​ស្វែង​​រក​ការពិត​អំពី​មូលហេតុ ដែល​នាំ​ឱ្យ​កើតមាន​គ្រោះ​អគ្គិភ័យ​នេះ​បើទោះជា​មានការ​លើកឡើង​ថា អគ្គិភ័យ​នេះ​អាច​បណ្ដាលមកពី​អ្នកភូមិ​ឆ្អើរត្រី​ខ្វះ​ការប្រុងប្រយ័ត្ន​ក៏ដោយ​»​។

​បើតាម​លោក​ប៊ុនធឿន នៅ​គ្រប់​កម្មវិធី​ទាំងអស់​សមត្ថកិច្ច​តែងតែ​ធ្វើការ​អំពាវនាវ និង​ផ្សព្វផ្សាយ​អប់រំ អំពី​បញ្ហា​បង្ការ​ទប់ស្កាត់​គ្រោះ​អគ្គិភ័យ​ដល់​ប្រជាពលរដ្ឋ ដើម្បីឱ្យ​បង្កើន​ការប្រុងប្រយ័ត្ន ជាពិសេស​នៅក្នុង​រដូវក្ដៅ ដោយបាន​ណែនាំ​ឱ្យមាន​ការទិញ​នូវ​បំពង់​ពន្លត់​អគ្គិភ័យ​ទុក​នៅតាម​ផ្ទះ​ដើម្បី​ត្រៀម​បង្ការ​ក្នុង​គ្រា​មាន​គ្រោះ​អគ្គិភ័យ​កើតឡើង​។

​ប៉ុន្តែ​លោក​បញ្ជាក់ថា ប្រជា​ពលរដ្ឋ​មួយចំនួន​នៅតែ​ធ្វេស​ប្រហែស បង្ក​ឱ្យ​កើតមាន​គ្រោះ​អគ្គិភ័យ​ឡើង ដែល​មិន​គ្រាន់តែ​ប៉ះពាល់​ខូចខាត ផ្ទះសំបែង និង​ទ្រព្យធន​សម្រាប់តែ​ក្រុមគ្រួសារ​របស់ខ្លួន​ប៉ុណ្ណោះ​ទេ​ថែមទាំង​ប៉ះ​ពាល់​ដល់​សហគមន៍​និង​សង្គមជាតិ​ផងដែរ​៕