
សំរាមប្រមូលពីទន្លេសាបក្នុងខេត្តសៀមរាបពីថ្ងៃ ១១ មីនា។ រូបថត អង្គការសម្អាតទន្លេ
ភ្នំពេញៈ រយៈពេល ១ ឆ្នាំ អង្គការសម្អាតទន្លេសមុទ្រ បានប្រមូលសំរាមជាង ៤៥០ តោនចេញពីទឹកទន្លេ និងសមុទ្រ ដើម្បីយកទៅរក្សាទុកសម្រាប់កែច្នៃឡើងវិញ ខណៈលោក នូ សុវណ្ណ នាយកប្រតិបត្តិអង្គការនេះ អំពាវនាវដល់ពលរដ្ឋឱ្យចូលរួមជាកម្លាំង និងថវិកាបន្តទៀត ដើម្បីឆ្លងកាត់ឧបសគ្គ និងភាពលំបាកក្នុងការសម្អាតសំរាមចេញពីក្នុងទឹក។
គិតពីខែមីនា ឆ្នាំ ២០២២ ដល់ខែមីនា ឆ្នាំ ២០២៣ បេសកកម្មសម្អាតទន្លេសមុទ្ររបស់អង្គការសម្អាតទន្លេសមុទ្រដែលមានរយៈពេល ១ ឆ្នាំ គឺបានប្រមូលសំរាមជាង ៤៥០ តោន ដែលមានការចូលរួមក្រសួងបរិស្ថាន ក្រសួងទេសចរណ៍ សាលារាជធានីភ្នំពេញ និងគ្រប់ខេត្តក្រុង រួមទាំងអ្នកស្ម័គ្រចិត្តជាច្រើនផងដែរ។ នេះគឺជាការអះអាងរបស់លោក នូ សុវណ្ណ នាយកប្រតិបត្តិអង្គការសម្អាតទន្លេសមុទ្រ។
លោកបានប្រាប់ ភ្នំពេញប៉ុ ស្តិ៍ នៅថ្ងៃទី ១២ មីនាថា ពី ១ ថ្ងៃទៅ ១ ថ្ងៃ សំរាមដែលត្រូវបានប្រមូលពីក្នុងទឹក ជាពិសេសក្នុងទឹកទន្លេ គឺមានតួលេខកើនឡើងរហូត និងមានឧបសគ្គច្រើន ដែលទាមទារការចូលរួមទាំងកម្លាំង និងថវិកា ដើម្បីបន្តបេសកកម្មដ៏លំបាកនេះ។
លោកបានបន្តថា៖ «បេសកកម្មរបស់យើង គឺព្យាយាមធ្វើយ៉ាងណាឱ្យទន្លេអស់សំរាម។ បើទោះជាក្នុងរយៈពេលឆ្នាំទី ១ ទី ២ ទី ៣ ការប្រមូលសំរាមមានចំនួនច្រើន ក៏ព្រោះតែសំរាមទាំងនោះ ត្រូវបានគេបោះចោលជាច្រើនឆ្នាំមកហើយ ហើយអត់មានអ្នកសម្អាតនៅក្នុងទន្លេ អ៊ីចឹងគឺឃើញច្រើនហើយ។ តែយើងមិនចង់ឃើញការសម្អាតនេះ ច្រើនទៅៗទេ គឺយើងចង់ឃើញសំរាមកាន់តិចទៅៗរហូតដល់លែងមានអីសម្អាត។ នោះទើបជោគជ័យរបស់យើង»។
ក្រៅពីបង្ហាញការតាំងចិត្តនេះ លោក នូ សុវណ្ណ បានឱ្យដឹងថា សំរាមទាំងជាង ៤៥០ តោននោះ ត្រូវបានប្រមូលដោយក្រុមការងាររបស់អង្គការសម្អាតទន្លេសមុទ្រជិត ២០០ នាក់ ដែលមានទាំងក្រុមការងារពេញសិទ្ធិ និងក្រុមការងារស្ម័គ្រចិត្ត ដើម្បីប្រមូលសំរាមទាំងនោះយកទៅរក្សាទុកសម្រាប់កែច្នៃឡើងវិញ។
លោកបានអះអាងថា៖ «យើងបានប្រមូលសំរាមជាង ៤៥០ តោននោះ។ យើងយកមកបំបែក និងញែកទៅតាមប្រភេទ បើសំរាមណាអាចប្រើបាន យើងយកទៅកែប្រែប្រើប្រាស់ឡើងវិញ។ អ្វីដែលពិសេសទៀតនោះ យើងកំពុងធ្វើការជាមួយបងប្អូនសិប្បករជាច្រើន ដើម្បីកែច្នៃរបស់ប្រើប្រាស់ឡើងវិញពីសំរាមនេះ»។
ក្រៅពីបេសកកម្មក្នុងរាជធានីភ្នំពេញ និងតំបន់សមុទ្រ អង្គការរបស់លោក ក៏បានពង្រីកបន្ថែមទៅកាន់តំបន់ទន្លេសាបក្នុងខេត្តសៀមរាប ដើម្បីចូលរួមសម្អាតបរិស្ថានក្នុងតំបន់ទេសចរណ៍ដើម្បីទាក់ទាញភ្ញៀវទេសចរផងដែរ។ នេះបើតាមលោក នូ សុវណ្ណ។
លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថានបានចាត់ទុកបេសកកម្មរបស់អង្គការនេះថា បានចូលរួមបង្ហាញពីអត្ថប្រយោជន៍របស់សំរាម ដែលអាចយកមកច្នៃជាប្រយោជន៍ និងប្រើប្រាស់ឡើងវិញបានដើម្បីលុបបំបាត់ផ្នត់គំនិតថា សំរាម គឺជារបស់គ្មានប្រយោជន៍។
លោកបានបន្តថា បច្ចុប្បន្នសំរាមដែលបង្កើតនៅកម្ពុជារាល់ថ្ងៃគឺមានជាង ១ ម៉ឺនតោន ហើយក្នុង ១ ឆ្នាំ មានជាង ៤ លានតោន ក្នុងនោះពី ៦៥ ទៅ ៦៨ ភាគរយ ជាសំណល់សរីរាង្គ ដែលអាចច្នៃជាជីកំប៉ុស និងសំរាមជាង ២០ ភាគរយ ជាសំណល់ប្លាស្ទិកដែលអាចច្នៃប្រើវិញបាន។
លោកបញ្ជាក់ថា៖ «ការគ្រប់គ្រងសំរាមនេះគឺជាចំណុចសំខាន់ ដែលយើងអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងញែកសំរាមឱ្យបានត្រឹមត្រូវទៅតាមប្រភេទរបស់វា។ ការងារនេះ មិនមែនជាការងារដោយឡែកណាមួយរបស់ស្ថាប័នពាក់ព័ន្ធនោះទេ គឺជាការរួមគ្នារបស់ប្រជាពលរដ្ឋ ស្ថាប័នពាក់ព័ន្ធ និងក្រុមហ៊ុនឯកជន ដែលទទួលសិទ្ធិក្នុងការប្រមូលសំរាម»។
តាមផែនការ និងទិសដៅរបស់អង្គការសម្អាតទន្លេសមុទ្រ បានប្រកាសថា សំរាមដែលប្រមូលបានពីទន្លេ និងសមុទ្រគឺត្រូវបានប្រមូលយកទៅរក្សាទុក ដើម្បីលើកកម្ពស់ការកែច្នៃប្លាស្ទិកប្រើប្រាស់ឡើងវិញ។ អង្គការនេះ បានប្រកាសកាលពីថ្ងៃទី ១២ ខែមីនា នៅក្នុងទំព័រហ្វេសប៊ុករបស់ខ្លួនថា អង្គការសម្អាតទន្លេសមុទ្រ បានទាក់ទងជាមួយម្ចាស់សិប្បកម្មកែច្នៃសំរាមក្នុងស្រុកតូចធំជាច្រើន ដើម្បីបង្កើតផលិតផលប្រើប្រាស់ឱ្យបានច្រើនមុខសម្រាប់ការប្រើប្រាស់របស់ប្រជាពលរដ្ឋ និងកាត់បន្ថយការផលិតដោយប្រើប្លាស្ទិកថ្មី។
អង្គការនេះ បង្ហាញការប្តេជ្ញាចិត្តថា «ទោះជាមហាលំបាក និងឧបសគ្គជាច្រើនក្នុងការសម្អាតសំរាមចេញពីទឹកទន្លេ សមុទ្រ ក៏ខ្ញុំនៅតែធ្វើ ព្រោះទន្លេជាពាងទឹករបស់ប្រជាពលរដ្ឋកម្ពុជាយើង ១៦ លាននាក់ និងទេសចររាប់លាននាក់»៕