
គំនរឈើដែលសមត្ថកិច្ចរកឃើញនៅក្នុងភូមិសាស្ត្រស្រុកអណ្ដូងមាស។ រូបថត សហការី
រតនគិរីៈ កម្លាំងកងរាជអាវុធហត្ថខេត្តរតនគិរី បានអះអាងថា នឹងចាត់វិធានការតាមផ្លូវច្បាប់ ដោយគ្មានការលើកលែង ប្រសិនបើរកឃើញថា គំនរឈើដែលសមត្ថកិច្ចបានរកឃើញ នៅក្បែរទីតាំងក្រុមហ៊ុនចំការកៅស៊ូ Hoang Anh Gia LaI កាលពីពេលថ្មីៗនេះ គឺជាឈើរបស់ក្រុមឈ្មួញទុច្ចរិត ដែលបានលួចកាប់ចេញពីតំបន់ព្រៃការពារដោយខុសច្បាប់។
លោកថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា កាលពីពេលថ្មីៗនេះ កម្លាំងកងរាជអាវុធខេត្ត បានចុះធ្វើការស្រាវជ្រាវនិងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រស្រុកអណ្ដូងមាស ហើយបានរកឃើញគំនរឈើជាច្រើន នៅក្បែរទីតាំងក្រុមហ៊ុនចំការកៅស៊ូ Hoang Anh Gia Lai ។
ប៉ុន្តែក្រោយមកមានបុរសម្នាក់ បានចេញមុខមកអះអាងថា ជាឈើរបស់គាត់ ដែលកាប់ចេញពីក្នុងចម្ការរបស់គាត់ សម្រាប់យកទៅសាងសង់ទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំតាឡាវ និងបានបង្ហាញនូវលិខិតស្នាម ដែលគាត់ទទួលបានពីអាជ្ញាធរមូលដ្ឋានភូមិ ឃុំ និងអាជ្ញាធរស្រុកអណ្ដូងមាស។
លោកបានថ្លែងថា៖«នៅពេលនោះ កម្លាំងសមត្ថកិច្ចយើង មិនបានរឹបអូសឈើទាំងនោះទេ ដោយយល់ថា វាជាឈើរបស់អ្នកភូមិ ដែលកាប់ចេញពីក្នុងដីចម្ការរបស់ខ្លួន ហើយថែមទាំងមានលិខិតអនុញ្ញាតពីអាជ្ញាធរមូលដ្ឋាន។ ប៉ុន្តែថ្មីៗនេះ មានការអះអាងពីអ្នកភូមិមួយចំនួន ប្រាប់ទៅបណ្ដាញសារព័ត៌មានក្នុងស្រុកថា ឈើដែលសមត្ថកិច្ចយើងរកឃើញនោះ ជាឈើដែលក្រុមឈ្មួញទុច្ចរិតលួចកាប់ចេញពីក្នុងព្រៃនៃតំបន់អូរដំបូក ដែលគ្រប់គ្រងដោយមន្ត្រីបរិស្ថានទៅវិញ»។
លោកបានបញ្ជាក់ថា៖«ដើម្បីស្វែងរកការពិត នៅថ្ងៃចន្ទទី១៣ ខែមីនា ឆ្នាំ២០២៣នេះ ខ្ញុំនឹងបញ្ជាឱ្យកម្លាំងកងរាជអាវុធហត្ថខេត្តរបស់យើង ចុះទៅពិនិត្យសួរនាំអំពីរឿងឈើនោះជាថ្មីម្ដងទៀត ហើយបើរកឃើញថា ឈើទាំងនោះ ត្រូវគេលួចកាប់ចេញពីក្នុងតំបន់ព្រៃការពារដោយខុសច្បាប់មែន គឺយើងត្រូវតែដកហូត ហើយកសាងសំណុំរឿងបញ្ជូនជនប្រព្រឹត្តបទល្មើសទៅតុលាការ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ »។
កាលពីថ្ងៃទី ១២ មីនា លោក ខា ប៊ុនឡត មេឃុំតាលាវ បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ឈើដែលអ្នកភូមិកាប់ដើម្បីយកមកសង់ទីស្នាក់ការគណៈបក្សប្រជាជនកម្ពុជា ឃុំតាឡាវ គឺជាឈើដែលដុះនៅតាមព្រំចម្ការរបស់អ្នកភូមិពិតប្រាកដមែន ហើយឈើទាំងនោះមានចំនួនប្រមាណជាង៣ម៉ែត្រគុបប៉ុណ្ណោះ។
លោកនិយាយថា៖ «ឈើទាំងនោះ យើងដឹកវាមកទុកនៅសាលាឃុំអស់ហើយ វាមានចំនួនជាង៣ម៉ែត្រគុបប៉ុណ្ណោះ ព្រោះស្នាក់ការបក្ស ដែលយើងគ្រោងធ្វើនោះក៏មិនធំដែរ»។
បើតាមលោក ប៊ុនឡត គំនរឈើដែលកម្លាំងសមត្ថកិច្ចបានរកឃើញនៅក្បែរទីតាំងក្រុមហ៊ុនចម្ការកៅស៊ូ Hoang Anh Gia Lai ហើយត្រូវបាន អ្នកភូមិអះអាងប្រាប់បណ្ដាញសារព័ត៌មានក្នុងស្រុកថា ជាឈើដែលគេលួចកាប់ចេញពីតំបន់អូរដំបូក ដែលស្ថិតនៅក្នុងភូមិមុយនៃឃុំញ៉ាងនោះ គឺលោកមិនដឹងថា មានចំនួនប៉ុន្មាននោះទេ ព្រោះវាមិនស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់លោកឡើយ។
ជុំវិញករណីខាងលើនេះ លោក រម៉ាស ហ៊ិន មេឃុំញ៉ាង មិនអាចទាក់ទងស្នើសុំការអធិប្បាយបានទេ នៅថ្ងៃទី ១២ មីនា៕