
លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រុមការងាររាជរដ្ឋាភិបាល ថតរូបអនុស្សាវរីយ៍ នៅថ្ងៃទី១៣ ខែមីនា ក្នុងពិធីអបអរសាទរការប្រកាសខេត្តកណ្ដាល អស់មីន។ រូបថត FB
កណ្ដាលៈ មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា ការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ជាការងារមួយដែលសំខាន់មិនអាចខ្វះបានក្នុងការកាត់បន្ថយគ្រោះថ្នាក់ ដោយប្រែក្លាយពីដីគ្រោះថ្នាក់ទៅជាដីសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់។
នេះជាការលើកឡើងរបស់លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកណ្ដាលនាថ្ងៃទី១៣ ខែមីនា ក្នុងពិធីអបអរសាទរការប្រកាសខេត្តកណ្ដាល អស់មីន។
ខេត្តកណ្តាលគឺជាខេត្តទី១០ ដែលត្រូវបានប្រកាសជាខេត្តអស់មីន នៅទូទាំងប្រទេស ដែលនេះគឺជាថ្ងៃប្រវត្តិសាស្ត្រសម្រាប់ប្រជាជនខេត្តកណ្តាលទាំងមូល បានទទួលនូវសេរីភាពរួចចាកផុតពីការគំរាមកំហែងដោយសារមីន។
លោក អូន ព័ន្ធមុនីរ័ត្ន បានថ្លែងនាឱកាសនោះថា៖ «កម្ពុជា បានប្រែក្លាយពីប្រទេសដែលរងគ្រោះដោយសារគ្រាប់មីនទៅជាប្រទេសដែលចែករំលែកបទពិសោធន៍ ក្នុងការបោសសម្អាតមីន លើឆាកអន្តរជាតិ។ចំនួនជនរងគ្រោះបាន ថយចុះយ៉ាងខ្លាំងពី ៤ ៣២០នាក់ក្នុងឆ្នាំ១៩៩៦ មកនៅត្រឹម៤១នាក់ ក្នុងឆ្នាំ២០២២»។
គិតត្រឹមខែធ្នូ ឆ្នាំ២០២២ ប្រតិបតិ្តករជាតិ និងអន្តរជាតិជាច្រើនបានបំពេញបេសកកម្មរបស់ខ្លួន តាមគម្រោងអាទិភាពរបស់សហគមន៍ លើផ្ទៃដីសង្ស័យមានមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ចំនួន ២ ៥៥៤ គីឡូម៉ែត្រការ៉េ។ ក្នុងនោះប្រតិបត្តិករទាំងនេះបានរកឃើញ និងកម្ទេចចោលមីនប្រឆាំងមនុស្ស ចំនួន ១ ១៥៣ ២១៧ គ្រាប់, មីនប្រឆាំងរថក្រោះ ចំនួន ២៦ ១៣៥ គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាម ចំនួន ៣ ០៣៤ ៧២៧គ្រាប់ ហើយបានផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនកម្ពុជា ប្រមាណជាង ៩លាននាក់។ នេះបើតាមការបញ្ជាក់ពីលោក អូន ព័ន្ធមុនីរ័ត្ន។
សូមបញ្ជាក់ថា ប្រតិបតិ្តករជាតិ និងអន្តរជាតិទាំងនោះរួមមាន កងយោធពលខេមរភូមិន្ទ, មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព, មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC), អង្គការហេឡូត្រាស់ (HALO Trust), អង្គការម៉ែក (MAG), អង្គការជំនួយប្រជាពលរដ្ឋន័រវែស (NPA), អង្គការដោះមីនកម្ពុជា (CSHD) និងអង្គការ APOPO។
យោងតាមអាជ្ញាធរមីន បានឱ្យដឹងថា សម្រាប់ខេត្តកណ្តាល ផ្ទៃដីសរុប ចំនួន ៩ ៧៨០ ២១០ ម៉ែត្រការ៉េ ត្រូវបានប្រតិបត្តិករបោសសម្អាតទាំងចម្ការមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដោយបានរកឃើញ និងបានកម្ទេចចោលមីនប្រឆាំងមនុស្ស ចំនួន ២ ៨៧៣ គ្រាប់, មីនប្រឆាំង រថក្រោះ ចំនួន ៤៩ គ្រាប់ និង សំណល់ជាតិផ្ទុះផ្សេងទៀតចំនួន ៩៤ ២៨៩ គ្រាប់ និងមានប្រជាពលរដ្ឋទទួលផលសរុប ចំនួន ១១ ៧៣៣នាក់។
កន្លងទៅ, អាជ្ញាធរមីនបានប្រកាសរាជធានី-ខេត្ត ចំនួន៩រួចហើយជាខេត្តអស់មីន ដែលមាន ខេត្តស្ទឹងត្រែង, ខេត្តកែប, ខេត្តព្រៃវែង, រាជធានីភ្នំពេញ, ខេត្តព្រះសីហនុ, ខេត្តត្បូងឃ្មុំ, ខេត្តកំពង់ចាម, ខេត្តស្វាយរៀង និងខេត្តកំពង់ឆ្នាំង។
លោក អូន ព័ន្ធមុនីរ័ត្ន ថ្លែងថា៖ «យើងនៅសល់តែ ១៥ខេត្តទៀតប៉ុណ្ណោះ ដែលនៅមានការគំរាម ដោយសារគ្រាប់មីន ហើយក្នុងឆ្នាំ ២០២៣ នេះ, កម្ពុជាគ្រោងនឹងប្រកាសខេត្តអស់មីនចំនួន៨ខេត្តបន្ថែមទៀត បន្ទាប់ពីខេត្តកណ្តាល ក្នុងនោះ រួមមាន ខេត្តតាកែវ, ខេត្តកំពត, ខេត្តកំពង់ស្ពឺ, ខេត្តកំពង់ធំ, ខេត្តសៀមរាប, ខេត្តក្រចេះ, ខេត្តមណ្ឌលគិរី និងខេត្តរតនគិរី»។
នាឱកាសនោះផងដែរ លោក លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានលើកឡើងថា កម្ពុជាស្ថិតក្នុងចំណោមប្រទេសលើពិភពលោកដំបូងគេដែលធ្វើការបោសសម្អាតមីនមនុស្សធម៌ជាទ្រង់ទ្រាយធំ ត្រូវបានទទួលស្គាល់ជាអន្តរជាតិ ជាប្រទេសឈានមុខគេក្នុងការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនិងជាប់ចំណាត់ថ្នាក់លេខ១ លើពិភពលោកជាប្រទេសដែលមានផ្ទៃដីបោសសម្អាតមីនរួច ធំជាងគេ។
លោកបានលើកឡើងថា ចាប់ពីឆ្នាំ១៩៩២ កម្ពុជា បានរំដោះផ្ទៃដីពីការគំរាមដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមបានចំនួន ២ ៥៥៤ គីឡូម៉ែត្រក្រឡា រកឃើញ និងកម្ទេចចោលគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម រាប់លានគ្រាប់ និងមានអ្នកទទួលផលជាង៩ លាននាក់។
លោក លី ធុជ ថ្លែងថា ៖ «កម្ពុជាស្ថិតក្នុងចំណោមប្រទេស លើពិភពលោកដំបូងគេ ដែលធ្វើការបោសសម្អាតមីនមនុស្សធម៌ជាទ្រង់ទ្រាយធំ ត្រូវបានទទួលស្គាល់ជាអន្តរជាតិ ជាប្រទេសឈានមុខគេក្នុងការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងជាប់ចំណាត់ថ្នាក់លេខ១ លើពិភពលោកជាប្រទេសដែលមានផ្ទៃដីបោសសម្អាតមីនរួច ធំជាងគេ»។
បើតាមលោក លី ធុជ ផ្ទៃដីមានមីន ៦៤៨ គីឡូម៉ែត្រក្រឡា ដែលកម្ពុជាមានមហិច្ឆតាត្រូវបោសសម្អាតឱ្យអស់ត្រឹមឆ្នាំ ២០២៥ ស្របតាមចក្ខុវិស័យរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ដោយឡែក ផ្ទៃដីសង្ស័យដែលមានគ្រាប់បែកចង្កោមមានចំនួន ៧៣៥ គីឡូម៉ែត្រក្រឡា និងផ្ទៃដីសង្ស័យមានយុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន ៥៩៣ គីឡូម៉ែត្រក្រឡានឹងត្រូវបន្តដោះស្រាយក្រោយឆ្នាំ២០២៥ បន្ទាប់ពីចប់ការងារបោសសម្អាតមីន។
លោកបានបញ្ជាក់ថា៖ «ខេត្តកណ្តាលមុននឹងឈានដល់ថ្ងៃនេះ គ្រាប់មីនប្រឆាំងមនុស្សចំនួន ២ ៨៧៣គ្រាប់, មីនប្រឆាំងរថក្រោះចំនួន ៤៩គ្រាប់ និងយុទ្ធភណ្ឌមិនទាន់ផ្ទុះដទៃទៀត ចំនួន ៩៤ ២៨៩ គ្រាប់ ត្រូវបានរកឃើញ និងកម្ទេចចោល ក្នុងទំហំផ្ទៃដីប្រមាណជិត១០គីឡូម៉ែត្រក្រឡា»។
អភិបាលខេត្តកណ្តាល លោក គង់ សោភ័ណ្ឌ បានថ្លែងបញ្ជាក់ដែរថា ប្រទេសកម្ពុជា ជាប្រទេសតូច ប៉ុន្តែមានបេះដូងធំ ដោយនៅក្នុងឆ្នាំ២០២២ ប្រទេសកម្ពុជាស្ថិតក្នុងលំដាប់លេខរៀងទី២ជាប្រទេសដែលបញ្ជូនកងកម្លាំងក្នុងបុព្វហេតុថែរក្សាសន្តិភាព នៅក្នុងបណ្តាប្រទេសសហគមន៍អាស៊ាន។
លោកបានបន្តថា កម្ពុជាក៏ស្ថិតក្នុងលំដាប់លេខរៀងទី១២ នៅទូទាំងពិភពលោក ក្នុងចំណោមប្រទេស ដែលបានបរិច្ចាគកងកម្លាំង នៅក្រោមបេសកកម្មកងទ័ពមួកខៀវរបស់អង្គការសហប្រជាជាតិ៕